Monday, March 11, 2013

ដំឡើង​ប្រាក់​ខែ​កម្មករ​ថ្ងៃ​នេះ​អាច​ជាប់​គាំង

កម្មករធ្វើ​ការ​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ខែ​ ១៥០ ដុល្លារ នៅ​សួន​សេរី​ភាព​កាល​ពី​ចុង​ឆ្នាំ​មុន​។ រូប​ថត ម៉ៃ វីរៈ
Monday, 11 March 2013
Shane Worrell និង មុំ គន្ធា
ភ្នំពេញប៉ុស្តិ៏

ភ្នំពេញៈ​អ្នក​ផ្ទៃ​ក្នុង​ ក្នុង​ឧស្សាហកម្ម​កាត់​ដេរ​ ​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ​កិច្ច​ប្រជុំ​​ចុង​ក្រោយ​ស្តីពី​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​​ កម្មករ នៅ​ថ្ងៃ​នេះ នឹង​ពុំ​អាច​សម្រេច​បាន​នូវ​កិច្ច​ព្រមព្រៀង​ណា​មួយ​ឡើយ ខណៈ​ចំនួន​ប្រាក់​ខែ​ដែល​កម្មករ​បាន​ទាមទារ​នៅ​មាន​គម្លាត​ឆ្ងាយ ពី​ចំនួន​ដែល​តំណាង​រោង​ចក្រ​កាត់​ដេរ ចង់​ផ្តល់​ឲ្យ​។

នៅរសៀលថ្ងៃចន្ទ ទី១១ ខែមីនានេះ តំណាងសហជីពកម្មករ តំណាង​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​​កម្ពុជា​ និង​មន្ត្រី​រាជ​រដ្ឋាភិបាល នឹង​បើក​កិច្ច​ចរចា​​សារជា​ថ្មី អំពី​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករ​រោងចក្រ​កាត់ដេរ និង ស្បែកជើង។

ភាគី​ទាំង ​ពីរ​បាន​បញ្ជាក់​ពី​គោល​ជំហរ​រៀងៗ​ខ្លួន​ជា​ថ្មី​ម្តង​ទៀត គឺ​លោក ខេន លូ អគ្គលេខាធិការ​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា ពុំ​មាន​អ្វី​កែ​ប្រែ​ទេ​ហើយ​សមាគម​របស់​លោក​នឹង​ចូល​រួម​កិច្ច​ប្រជុំ ដោយ​ផ្តល់​ប្រាក់​ឈ្នួល ៧០ ដុល្លារ​ក្នុង​មួយ​ខែ​ដល់​កម្មករ​កាត់​ដេរ និង​ស្បែក​ជើង​ ចំណែក​ឯ​លោក រ៉ុង​ ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​វិញ បាន​ថ្លែង​ថា សហជីព​ពុំ​មាន​គោល​បំណង​ទទួល​យក​ប្រាក់​ខែ​ថ្មី នៅ​​ក្រោម ១០០ ដុល្លារ​ឡើយ។

លោក រ៉ុង ឈុន បាន​បញ្ជាក់​ថា៖ «យើង​គិត​ថា នេះ​ជា​តួលេខ​សម​ស្រប​សម្រាប់​និយោជក​បង់​ប្រាក់​ឲ្យ​កម្មករ​របស់​ខ្លួន​»

យោង​តាម​អ្នក​ផ្ទៃ​ក្នុង​ឧស្សាហកម្ម ដែល​ពុំ​ចង់​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា ​ពុំ​មាន​លទ្ធភាព​ដែល​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ត្រូវ​បាន​លួង​លោម​ឲ្យ​ផ្តល់​ប្រាក់​ខែ​ដល់​កម្មករ​លើស​ពី​៩​ដុល្លារ​អាមេរិក​ ឡើយ​ក្នុង​អំឡុង​កិច្ច​ប្រជុំ​ថ្ងៃ​នេះ។​ ​ប្រភព​ថា​៖ «តួ​លេខ​នេះ ជា​តួ​លេខ​ខ្ពស់​បំផុត​ដែល​ពួក​គេ​ចង់​បង់​»

លោក Dave Welsh អ្នក​គ្រប់​គ្រង​ប្រចាំ​ប្រទេស​នៃ​មជ្ឈមណ្ឌល​អាមេរិក​ដើម្បី​សាមគ្គីភាព​ពលកម្ម​អន្តរជាតិ ក៏​បាន​ថ្លែង​ផង​ដែរ​ថា សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ ពុំ​មាន​ឆន្ទៈ​ផ្តល់​ប្រាក់​ខែ​បន្ថែម​ជូន​ដល់​កម្មករ​ជាង ៤០​ម៉ឺន​នាក់​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ​នេះ​ឡើយ​។ ​លោក​បាន​បន្ត​ថា៖ «ជា​សាធារណៈ​និង​ឯកជន​និយោជក​ពុំ​មាន​ឆន្ទៈ​កែប្រែ​ឡើយ។ ភាគី​ទាំង​ពីរ​ហាក់​ដូច​ជា​នៅ​ឆ្ងាយ​ពី​គ្នា​ណាស់​»

កិច្ច​ពិភាក្សា កាល​ពី​ខែ​មុន​បាន​ធ្វើ​ឲ្យ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ផ្តល់​ ប្រាក់​ឈ្នួល ៦៧ ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ ហើយ​សហជីព បាន​បដិសេធ​មិន​ទទួល​យក​ប្រាក់​ឈ្នួល​ក្រោម ១០០ ដុល្លារ​ឡើយ។ កាល​ពី​សប្តាហ៍​មុន សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​បាន​ដំឡើង​ដល់​៧០ ដុល្លារ​អាមេរិក។

លោក Welsh បាន​បញ្ជាក់​ថា៖ «ប្រសិន​បើ​ចន្លោះ​នេះ​ពុំ​អាច​បិទ​បាន​នោះ​សេនារីយោ​ដែល​អាច​មាន គឺ​រដ្ឋាភិបាល​ដាក់​កំណត់​នូវ​ប្រាក់​ឈ្នួល​អប្បបរមា។ គេ​បាន​ដាក់​សម្ពាធ​ពី​១៥ ដុល្លារ​ដល់ ៣០ ដុល្លារ​»។ លោក​បាន​បន្ថែម​ថា ទោះ​ជា​យ៉ាង​ណា រដ្ឋាភិបាល​មិន​ចង់​ដាក់​កំណត់​ប្រាក់​ឈ្នួល​ខ្ពស់​ទេ​ក្រែង​លោ​វា បណ្តេញ​ក្រុម​ហ៊ុន​ម៉ាក​ល្បី​ៗ​ចេញ​។ «វា​គួរ​ឲ្យ​ចង់​សើច ពេល​អ្នក​ពិនិត្យ​មើល​លើ​ប្រាក់​ចំណេញ។ វា​គួរ​ឲ្យ​ចង់​សើច​ ដែល​គេ​នឹង​ដក​ខ្លួន​ចេញ ព្រោះ​គេ​មិន​អាច​បង់​ប្រាក់​១០០ ដុល្លារ​​បាន​នោះ​»

លោក វង្ស សុវណ្ណ អគ្គ​លេខាធិការ​រង​នៃ​គណៈកម្មាធិការ​ដោះ​ស្រាយ​បាតុកម្ម​នៃ​ក្រសួង​សង្គម​ កិច្ច បាន​ថ្លែង​ថា ការ​លើក​លែង​ថា កិច្ច​ប្រជុំ​ថ្ងៃ​នេះ​ ពុំ​អាច​សម្រេច​បាន​នូវ​អ្វី​មួយ​នោះ វា​គ្រាន់​តែ​ជា​ការ​សន្មត​ប៉ុណ្ណោះ​។​ ​លោក​បាន​បន្ត​ថា៖ «ខ្ញុំ​មិន​អាច​និយាយ​ថា​តើ ភាគី​ទាំង​ពីរ​ នឹង​បន្ថយ ឬ​បង្កើន​ការ​ទាម​ទារ​របស់​ខ្លួន​ឬ​យ៉ាង​ណា​ទេ។ យើង​នឹង​រង់ចាំ​មើល​»។ លោក​បាន​បន្ថែម​ថា រដ្ឋាភិបាល​នឹង​ចាត់​វិធានការ ប្រសិន​បើ​មិន​ឈាន​ដល់​ការ​ព្រមព្រៀង​ទេ​នោះ​។

លោក​បន្ត​ថា​៖«ខ្ញុំ​ មិន​ទាន់​ច្បា​ស់​ទេថា​ តើ​យើង​ស្នើ​ទៅ​សម្តេច​នាយក​រដ្ឋ​មន្រ្តី​ដើម្បី​កំណត់​ឬ​អនុម័ត​លើ​ប្រាក់​ ឈ្នួល​អប្បបរមា​ថ្មី ឬ​យ៉ាង​ណា​ទេ

No comments: