skip to main |
skip to sidebar
ចម្លើយពី ម្ចាស់សន្លឹកឆ្នោត ទៅ ហ៊ុន សែន
លោក ហ៊ុន សែន ធ្វើការព្រមានដល់ម្ចាស់សន្លឹកឆ្នោត
Wednesday, 06 March 2013
វង្ស សុខេង
ភ្នំពេញប៉ុស្តិ៏
ភ្នំពេញៈ រយៈពេល៤ខែនៅមុនការបោះឆ្នោតជាតិ ខែកក្កដា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីម្សិលមិញ បានព្រមានដល់អ្នកបោះឆ្នោតថា គម្រោងអភិវឌ្ឍន៍រាប់ម៉ឺននឹងត្រូវលុបចោល ប្រសិនបើគណបក្សប្រឆាំងនឹងឈ្នះការបោះឆ្នោត ហើយឡើងកាន់អំណាចនោះ។
ថ្លែងទៅកាន់សិស្ស ប្រជាជន និងព្រះសង្ឃប្រហែល ៤០០០ នាក់-អង្គ នៅពិធីបញ្ចុះខណ្ឌសីមាពង្រីកផ្លូវជាតិលេខ ៦អា នៅថ្នល់កែង ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម លោកនាយករដ្ឋ មន្រ្តីហ៊ុន សែនបានបញ្ជាក់ថា ឧបករណ៍មានត្រៀមស្រាប់ដូចជា ម៉ាស៊ីនបូមទឹក ម៉ាសូត សាំងដែលកំពុងប្រើ ដើម្បីផ្គត់ផ្គង់ទឹកទៅក្នុងវាលស្រែ នឹងរឹបអូសយកវិញ ដោយមន្រ្តីគណបក្សប្រជាជនកម្ពុជា ប្រសិនបើគណបក្សនេះចាញ់ក្នុងការបោះឆ្នោតខាងមុខនេះ។ លោកបានបន្តថា ក្រុមហ៊ុន Shanghai Construction General របស់ចិន ជាក្រុមហ៊ុនទទួលខុសត្រូវចំពោះការសាងសង់ផ្លូវ ដែលត្រូវបានរំពឹងថានឹងបញ្ចប់ក្នុងរយៈពេល៤២ ខែ ដែលចំណាយទឹកប្រាក់ចំនួន២៤៨ លានដុល្លារ ដែលជាកម្ចីសម្បទានពីរដ្ឋាភិបាលចិន។ លោក បន្ថែមថា រហូតមកដល់ពេលនេះ ចិនបានសាងសង់ផ្លូវកៅស៊ូសរុបប្រហែលជាង ២០០០ គីឡូម៉ែត្រ ក្នុងនោះមានស្ពាន៧កន្លែង ឆ្លងកាត់ទន្លេដែលបានសាងសង់ ឬកំពុងសាងសង់ ធ្វើឲ្យចិន ក្លាយជាម្ចាស់ជំនួយធំបំផុតលើការអភិវឌ្ឍផ្លូវនៅប្រទេសកម្ពុជា។ លោកបានឲ្យដឹងទៀតថា ផែនការអភិវឌ្ឍន៍ស្ពានជាច្រើនទៀត ក៏នឹងត្រូវលុបចោលផងដែរប្រសិនបើ បក្សប្រជាជនចាញ់ក្នុងការបោះឆ្នោត។ លោកបញ្ជាក់ថា ស្ពានដែលកំពុងសាងសង់មានដូចជា ព្រែកក្តាម ជ្រោយចង្វារ តាខ្មៅ និងស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែងនិងផែនការ សាងសង់ស្ពាននៅកោះកុងនិងគម្រោងសាងសង់ដទៃទៀត។
លោកបានមាន ប្រសាសន៍ថា៖ «ខ្ញុំច្បាស់ថា ប្រសិនបើប្រជាជនលែងត្រូវការខ្ញុំ ខ្ញុំក៏គ្មានមូលហេតុអីជួយអ្នកដែរ នៅថ្ងៃអនាគត ប៉ុន្តែ ខ្ញុំជឿថា ប្រជាជននឹងមិនលះបង់សមិទ្ធផលដែលមានស្រាប់ក្នុងដៃទេ ព្រោះគណបក្សប្រឆាំង ពុំដែលបានធ្វើអ្វីឲ្យប្រជាជនទេ»។ លោក ហ៊ុន សែន បានសំដៅលើសមិទ្ធផលដែលមានស្រាប់ជាច្រើន ដូចជា អគារ សាលារៀន វត្តអារាម ដែលមន្ត្រីគណបក្សប្រជាជនបានធ្វើបន្ទាប់ពីគណបក្សនេះ បានផ្តួលរំលំរបបប៉ុលពត។ លោកបានបញ្ជាក់ថា រដ្ឋាភិបាលចម្រុះរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្ស ហ៊្វុនស៊ិនប៉ិចបាននាំយកវត្តអារាមជាច្រើនតាមរយៈពិធីបុណ្យ កឋិននិងទានវស្សា។ លោកនាយករដ្ឋមន្រ្តីក៏បានសម្តែងនូវក្តីបារម្ភផងដែរ ចំពោះរយៈពេលយុទ្ធនាការឃោសនាបោះឆ្នោត ១ ខែ ដែលកើតឡើង ទន្ទឹមនឹងពេលចូលវស្សាដែលអាចនឹងបង្កឲ្យកើតមានវិវាទជា ច្រើនទាក់ទងនឹងការទិញសន្លឹកឆ្នោត ខណៈដែលមន្រ្តីគណបក្ស នាំចូលទៀនធូប និងប្រគេនប្រាក់មួយចំនួន ដល់ព្រះសង្ឃ និងប្រជាជននៅតាមវត្តនានា។ លោកបានប្រាប់លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឲ្យត្រួតពិនិត្យឡើងវិញលើកម្មវិធីបោះឆ្នោត។
ប៉ុន្តែ លោក ទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានថ្លែងថា រយៈពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត គ្រោងធ្វើឡើងពីថ្ងៃទី ២៧ ខែមិថុនា ដល់ថ្ងៃទី ២៦ ខែកក្កដា ដែលជារយៈពេលពុំមានពិធីបុណ្យទេ។ លោក បន្តថា៖ «គណបក្សនយោបាយនីមួយៗ មានសិទិ្ធធ្វើសេចក្តីថ្លែងការណ៍មុនរយៈពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត តាមច្បាប់ស្តីពីគណបក្សនយោបាយ»។
លោក អ៊ូ ចាន់រិទ្ធ មន្រ្តីនៅគណបក្សសិទិ្ធមនុស្សបានថ្លែងថា គោលនយោបាយរបស់គណបក្សសិទិ្ធមនុស្ស គឺសន្យាប្រាប់ប្រជាជនថា ខ្លួននឹងផ្តល់ប្រាក់៤០០០០ រៀលក្នុងមួយខែ ដល់ជនចាស់ជរា នៅពេលខ្លួនឡើងកាន់អំណាច បន្ទាប់ពីការបោះឆ្នោត។ លោក ថ្លែងថា៖ «ខ្ញុំគិតថា គណបក្សប្រជាជន ព្រងើយកន្តើយ មិនយកចិត្តទុកដាក់លើជនចាស់ជរាទេ ហើយវាជាចំណុចខ្សោយរបស់គណបក្សកាន់អំណាច ដូច្នេះ ការសន្យានេះ ធ្វើឲ្យលោកនាយករដ្ឋមន្រ្តីភ្ញាក់ផ្អើល ហើយត្រូវការពារ វាជារឿងធម្មតារបស់គណបក្សនយោបាយនីមួយៗ»។
លោក សុន ឆ័យ តំណាងរាស្រ្តគណបក្សប្រឆាំង បានថ្លែងតាងនាមគណបក្សសង្គ្រោះជាតិដែលបានបង្កើតថ្មីរវាងគណបក្ស សមរង្ស៊ីនិង គណបក្សសិទិ្ធមនុស្ស ថា
សាររបស់លោកនាយករដ្ឋមន្រ្តីជាការបំភិតបំភ័យ ដើម្បីទទួលបានសំឡេងឆ្នោត ព្រោះគ្មានប្រទេសណាមួយ នៅលើពិភពលោក លុបចោលគម្រោងអភិវឌ្ឍន៍ ដែលមានស្រាប់ ពេលផ្លាស់ប្តូរមេដឹកនាំឡើយ។ លោកបានបន្តថា៖ «ប្រសិនបើគណបក្សសង្គ្រោះជាតិកម្ពុជាកាន់អំណាចនឹងពង្រឹង និងធ្វើឲ្យគម្រោងទាំងអស់ ដែលមានស្រាប់ឲ្យមានតម្លាភាព។ គណបក្សប្រជាជនបច្ចុប្បន្ន មិនអាចលុបចោលកិច្ចសន្យា ពេលខ្លួនទទួលបរាជ័យឡើយ»។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យ បានថ្លែងដូចលោក សុន ឆ័យ ដែរថា គម្រោងអភិវឌ្ឍន៍ជាតិ មិនអាចលុបចោលបានឡើយ ពេលមានការផ្លាស់ប្តូរមេដឹកនាំថ្មី។ លោកបញ្ជាក់ថា៖ «នេះជាការគំរាម និងការបំភិតបំភ័យ។ វាហាក់ដូចជាភាពល្ងង់ខ្លៅ ក្នុងការលុបចោលគម្រោងអភិវឌ្ឍន៍ជាតិដែលមានស្រាប់»។
លោក គល់ បញ្ញា នាយកប្រតិបតិ្តនៃអង្គការខុម ហ្វ្រែល បានថ្លែងថា អង្គការលោកគាំទ្រចំពោះការបន្តបរិយាយ អំពីសារនយោបាយរបស់គណបក្សនយោបាយនីមួយៗ។ លោកបានថ្លែងថា៖«វាជាការល្អដែលគណបក្សនយោបាយនីមួយៗពន្យល់គ្នាអំពីគោលនយោបាយរបស់ខ្លួនដល់ពលរដ្ឋ»៕
4 comments:
លោកហ៊ុនសែន ស្មានខុសថា គណបក្សប្រឆាំង
គ្មានសមត្ថភាព នឹង អភិវឌ្ឍន៍ហើយទើបនិយាយ
ដូចកូនក្មេង។
ស្នាដៃគណបក្សប្រឆាំងមានសមត្ថភាព១00% នឹង អភិវឌ្ឍន៍អានិគមយួនតាំងពីគ្មានយួន រហូតយួនជាង៨លាននាក់ ក្នុងស្រុកខ្មែរ។
ជិតដល់ពេលក្បាលវារបូតពីស្មាហើយ។វាត្រូវតែគម្រាមស្មារតីរាស្រ្តឱ្យភ័យព្រួយបើវាចាញ់ឆ្នោតវានឹងលុបគម្រោងអភិវឌ្ឍន៍ទាំងអស់។នេះហើយចរិកអាពាលឬក៏ចរិកអាយង់ឃ្នង។
អ្នកដឹកនាំដែលមានគំនិតបែបនេះដូចជាមិនមែនជាអ្នកស្រឡាញ់ជាតិទាល់តែសោះ។ទៅរៀនធម្មថែមទៀតទៅសម្ដេច។
Post a Comment