រដ្ឋាភិបាល បំភ្លឺពីអត្ថបទកាសែតថា សម្តេច ហ៊ុន សែន ពាក់ព័ន្ធនឹង ការចរចាលុយទឹកតែ ពីក្រុមហ៊ុនរុករករ៉ែ អូស្ត្រាលី
ថ្ងៃទី 28 មីនា 2013 | ដោយ: លី សិលា
Cambodia Express News
កុំផ្តាស អាវ៉ា មិនមែន លុយទឹកតែទេ តែជាលុយ មូលនិធិ គណបក្ស ស្រីលើកជើង!
ភ្នំពេញ: អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញផ្សាយនូវសេចក្តីបំភ្លឺ ២ ទំព័រ ជាភាសាខ្មែរ ទាក់ទងអត្ថបទរបស់កាសែតអូស្ត្រាលី ចុះផ្សាយដំណឹងថា សម្តេច ហ៊ុន សែន ជាប់ពាក់ព័ន្ធនឹងការចរចាលុយទឹកតែពីក្រុមហ៊ុនរុករករ៉ែ BHP Billiton ដែលជាក្រុមហ៊ុនសាជីវកម្មរុករករ៉ែអូស្ត្រាលី ធំជាងគេបំផុតលើពិភពលោក។ តាមសេចក្តីបំភ្លឺ ការផ្សាយនោះជាព័ត៌មានមិនពិត ដោយមានគោលបំណងទុច្ចរិតយ៉ាងច្បាស់ក្រឡែត ដើម្បីបំផ្លើសការពិត សំដៅបំផ្លាញកេរ្តិ៍ឈ្មោះរបស់សម្តេចតេជោ ហ៊ុន សែន។
សេចក្តីបំភ្លឺ ដែលបានផ្សព្វផ្សាយដល់អ្នកកាសែតនៅព្រឹកថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៣ បានបង្ហាញថា អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី មានការភ្ញាក់ផ្អើល និងស្រងាកចិត្តយ៉ាងខ្លាំង ដោយសារភាពខ្វះខាតនៃវិជ្ជាជីវៈ នៃអត្ថបទរបស់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដែលក្នុងនោះមានអត្ថបទមួយ ដែលមានចំណងជើងថា “នាយករដ្ឋមន្ត្រីកម្ពុជា បានជាប់ពាក់ព័ន្ធទៅនឹងការចរចា” ដែលបានសរសេរដោយលោក Richard Baker និងលោក Nick McKenzie។ បណ្តាញផ្សព្វផ្សាយព័ត៌មានទាំងនេះ បានផ្សាយព័ត៌មានមិនពិត ដោយមានគោលបំណងទុច្ចរិតយ៉ាងច្បាស់ក្រឡែត ដើម្បីបំផ្លើសការពិត សំដៅបំផ្លាញកេរ្តិ៍ឈ្មោះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលពាក់ព័ន្ធនឹងករណីក្រុមហ៊ុន BHP Billiton ដែលជាក្រុមហ៊ុនសាជីវកម្មរុករករ៉ែអូស្ត្រាលីធំជាងគេបំផុតលើពិភពលោក។
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស មានកាតព្វកិច្ចជម្រាបជូនដល់សាធារណជនជាតិ និងអន្តរជាតិ នូវការពិត ដែលលាតត្រដាងអំពីការភូតភររបស់ប្រព័ន្ធផ្សព្វផ្សាយខាងលើ និងសូមបកស្រាយបំភ្លឺចំពោះការចោទប្រកាន់ទាំងអស់ប្រឆាំងនឹងសម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងករណីអំពើពុករលួយជាមួយក្រុមហ៊ុន BHP។
១. គួរកត់សម្គាល់ថា សម្តេចតេជោ ហ៊ុន សែន តែងតែចំណាយពេលវេលាជួបជាមួយវិនិយោគិននានាដែលចាប់អារម្មណ៍ក្នុងការវិនិយោគក្នុងប្រទេសកម្ពុជា និងដែលមានបំណងចង់ជួបសម្តែងការគួរសម ឬជម្រាបជូនសម្តេច អំពីទិដ្ឋភាពផ្សេងៗនៃការវិនិយោគបរទេស ឬក្នុងស្រុក។ ជំនួបបែបនេះ មិនគួរត្រូវបានគិតថា ជាការគាំទ្រមិនប្រក្រតីចំពោះក្រុមហ៊ុន BHP នៅពេលដែលសម្តេចតេជោ បានទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុន BHP ដែលបានមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាទេ ប៉ុន្តែនេះជាផ្នែកមួយនៃការងាររបស់សម្តេចតេជោ ដើម្បីលើកទឹកចិត្តដល់ការវិនិយោគ។
២. កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន BHP តម្រូវឱ្យក្រុមហ៊ុនអូស្ត្រាលីនេះផ្តល់មូលនិធិសង្គមចំនួន ២,៥លានដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា ជាបីដំណាក់កាល៖ ក្នុង ១៨ខែដំបូង ចំនួន ០,៥ លានដុល្លារអាមេរិក នៅ ២ឆ្នាំបន្ទាប់ ចំនួន ១លានដុល្លារអាមេរិក និងនៅ ២ឆ្នាំបន្ទាប់ទៀតនៃសកម្មភាពរុករករ៉ែចំនួន ១លានដុល្លារអាមេរិកទៀត។ តាមការពិត ក្រុមហ៊ុន BHP បានផ្តល់មូលនិធិសង្គមបានតែចំនួនសរុប ១,៥ លានដុល្លារអាមេរិកតែប៉ុណ្ណោះ ពីព្រោះក្រុមហ៊ុន BHP បានសម្រេចចិត្តដកការវិនិយោគរបស់ខ្លួនវិញក្រោយរយៈពេល ៣ឆ្នាំកន្លះ ដែលនោះ គឺនៅដំណាច់ដំណាក់កាលទីពីរនៃការសិក្សាសមិទ្ធិលទ្ធភាពបឋម (នៅឆ្នាំ២០០៩)។ ប៉ុន្តែក្រុមហ៊ុន BHP បានផ្តល់ប្រាក់តែចំនួន ១,៣៥ លានដុល្លារអាមេរិកប៉ុណ្ណោះ ទៅក្នុងគណនីថវិការបស់រាជរដ្ឋាភិបាលកម្ពុជា (ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)។ ដោយមានការឯកភាពពីរាជរដ្ឋាភិបាលកម្ពុជា ទឹកប្រាក់ដែលនៅសល់ ១០% នៃ ១,៥ លានដុល្លារអាមេរិក ឬ ១៥០.០០០ ដុល្លារអាមេរិក បានត្រូវរក្សាទុកនិងប្រើប្រាស់ ដោយក្រុមហ៊ុន BHP ផ្ទាល់ សម្រាប់ដោះស្រាយផលប៉ះពាល់សង្គម និងបរិស្ថាននៅក្នុងខេត្តមណ្ឌលគិរី ដែលជាទីតាំងរុករករ៉ែ។
៣. យោងតាមអត្ថបទខាងលើ មន្ត្រីរាជរដ្ឋាភិបាលមួយរូប ត្រូវបានគេស្រង់សំដីរបស់គាត់ដែលបាននិយាយថា រាជរដ្ឋាភិបាលកម្ពុជាបានទទួលនូវអ្វីដែលគេហៅថា “ប្រាក់ទឹកតែ” ចំនួន ២,៥លានដុល្លារអាមេរិក ពីក្រុមហ៊ុន BHP។ ចំនួនទឹកប្រាក់ដែលលើកឡើងនេះ តាមការពិតគឺសំដៅទៅលើ “មូលនិធិសង្គម” ដែលត្រូវបានរំពឹងទុកដូចដែលមានចែងនៅក្នុងកិច្ចព្រមព្រៀង។ ក៏ប៉ុន្តែគួរឱ្យសោកស្តាយ បណ្តាញផ្សព្វផ្សាយព័ត៌មានមួយចំនួនបានប្រើប្រាស់ពាក្យ “ប្រាក់ទឹកតែ” គឺជាប្រាក់សំណូក។
៤. ក្រុមហ៊ុន BHP បានទទួលអាជ្ញាប័ណ្ណក្នុងការរុករករ៉ែប៉ុកស៊ីតលើផ្ទៃដី ៩៩.៦០០ហិកតា ដូចបានចែងនៅក្នុងកិច្ចព្រមព្រៀង មិនមែនលើផ្ទៃដី “១លានហិកតា” ដែលបានបញ្ជាក់នៅក្នុងអត្ថបទសារព័ត៌មាននោះឡើយ។
៥. វាជាការប្រឌិត និងបំភ្លៃការពិតនៅពេលដែលបណ្តាញផ្សព្វផ្សាយព័ត៌មានមួយចំនួន បានអះអាងថា ការដកខ្លួនរបស់ក្រុមហ៊ុន BHP បានធ្វើឡើងភ្លាមៗបន្ទាប់ពីមានការចេញផ្សាយរបាយការណ៍មួយរបស់អង្គការ Global Witness ស្តីពី “ការបាត់បង់ទឹកប្រាក់ ៣,៥ លានដុល្លារអាមេរិក” នោះ។ តាមការពិត ដោយផ្អែកលើការវិភាគយ៉ាងល្អិតល្អន់របស់ក្រុមហ៊ុន BHP ក្រុមហ៊ុន បានពន្យល់យ៉ាងច្បាស់អំពីមូលហេតុនៃការដកខ្លួនរបស់ក្រុមហ៊ុន ដែលហេតុផលមួយក្នុងចំណោមហេតុផលដទៃទៀតនោះ គឺកំណប់រ៉ែបុកស៊ីត មានបរិមាណមិនគ្រប់គ្រាន់សម្រាប់ធ្វើអាជីវកម្ម ដែលធ្វើឱ្យគម្រោងនេះពុំមានផលចំណេញសេដ្ឋកិច្ច។
៦. អត្ថបទខាងលើ ក៏សរសេរមិនត្រឹមត្រូវត្រង់ចំណុចមួយទៀត ដោយហេតុថា លោកមេធាវី Bretton Sciaroni មិនបានធ្វើជាតំណាងឱ្យក្រុមហ៊ុន BHP ឬក៏រាជរដ្ឋាភិបាលកម្ពុជាទេ ហើយក៏មិនបានពាក់ព័ន្ធនៅក្នុងគម្រោងនេះដែរ។
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី សម្តែងនូវការសោកស្តាយនិងបដិសេធចំពោះគោលបំណងអាក្រក់ និងការបំភ័ន្តព័ត៌មានបែបនេះដោយបណ្តាញផ្សព្វផ្សាយ ព័ត៌មានមួយចំនួន ក្នុងន័យប៉ុនប៉ងបង្ខូចកេរ្តិ៍ឈ្មោះ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា ជាប់ពាក់ព័ន្ធនឹងករណីចោទប្រកាន់អំពីអំពើពុករលួយជាមួយក្រុមហ៊ុន BHP នៅមុនពេលដែលនឹងឈានដល់ការបោះឆ្នោតសកលនៅកម្ពុជា។
ទោះជាយ៉ាងណាក្តី អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស របស់ទីស្តីការគណៈរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ព័ត៌មានដែលបំភ្លៃការពិតទាំងនេះនឹងមិនអាចរារាំង ដល់ការប្តេជ្ញាចិត្តដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញវិនិយោគទុនបន្ថែមទៀត ទាំងក្នុងប្រទេស និងក្រៅប្រទេស ដែលមានសារសំខាន់បំផុត សម្រាប់ការអភិវឌ្ឍ កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន៕
4 comments:
ពួកអស់ឯង ល្ងង់ណាស់ មិនដឹងថា ដំរីងាប់យក
ចង្អេរទៅបាំងទេដឹងមើលទៅ!ទោះបីពួកឯងទៅពួន
ផោមក្នុងទឹកដល់ជម្រៅណាក៏នៅតែស្អុយដែរ៕
បើហ៊ុន សែនជាមនុស្សត្រឹមត្រូវ ប្រហែលជាលោតជាងនេះ។ នាយករដ្ឋមន្រ្តីគំរក់ ពុករលួយគ្រប់ទិស សួរពូជ៕
យីអើហ្ន៎!ចាំដល់ណាទៀតសម្ដេចតេជោដ៏មហិមា
ម៉េចមិនប្ដឹងសារព័ត៌មានអូស្រ្តាលីThe Ageទៅចាំ
ដល់ណាទៀត?អាហ្នឹងបទបរិហារកេរ្តិ៍ហើយ!!!
យើងខ្ញុំ ចង់ឃើញ លោកសម្ដេចដៃចោរ ប្រតិកម្ម
តបទៅនឹងសារព័ត៌មាន The Age ។
តែយើងខ្ញុំ ស្ដាយណាស់ កាលពីរយៈមុន ហេតុ
អ្វី THe Age បែរជាមិនហ៊ានតបតជាមួយជន
ទុច្ចរិត ហ៊ុនតូ ក្មួយប្រុសហ៊ុនសែន ទាំក់ទងរឿង
ជួញអាភៀនរាប់តោន!
Post a Comment