Monday, March 18, 2013

ពាលស៊ីពាល៖ យាយក្រពើ ប្តឹង កែបជក់ម៉ា

ឃ្លាំង និង ផ្ទះ​របស់​លោក​ស្រី ឈិន សុគន្ថារី ត្រូវ​បាន​រុះរើ កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ៕ រូបថត ប៊ុត រស្មីគង្គា
លោក​ស្រី​ឈិន សុគន្ធារី ប្តឹង លោក​អភិបាល​រាជធានី​ភ្នំពេញ កែប ជុតិមា ទារ​ជម្ងឺ​ចិត្ត ១០០ លាន​ដុល្លារ​អាមេរិក

Sunday, 17 March 2013
ប៊ុត រស្មីគង្គា
ភ្នំពេញប៉ុស្តិ៍


លោក​ស្រី​ឈិន សុគន្ធារី ហៅ យាយ​ក្រពើ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុមហ៊ុន ឡាយីម៊ិច ហូលឌីងគ្រុប គ្រោង​នឹង​ដាក់​ពាក្យ​បណ្តឹង​ព្រហ្មទណ្ឌ​មួយ​ទៅ​សាលា​ដំបូង​រាជធានី ភ្នំពេញ នៅ​ថ្ងៃ ចន្ទ ស្អែក​នេះ ប្តឹង​លោក​អភិបាល​រាជធានី​ភ្នំពេញ កែប ជុតិមា និង គូកន ពី​បទ «ក្លែង​បន្លំ ការ​សាង​ប័ណ្ណ​ដោយ​បំពាន ដើម្បី​កាន់កាប់​និង រឹបអូស​ដី​ជាង​៣៤​ហិកតា»របស់​គាត់ ស្ថិត​នៅ ភូមិ​បាយ៉ាប សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ និង ទារ​ជម្ងឺ​ចិត្ត ១០០​លាន​ដុល្លារ​អាមេរិក។

នៅ​ក្នុង​ពាក្យ​បណ្តឹង​មួយ​ច្បាប់​របស់​លោក​សុគន្ធារី ហៅ យាយ​ក្រពើ ដែល ភ្នំពេញប៉ុស្តិ៍ ទទួល​បាន កាល​ពី​ថ្ងៃ អាទិត្យ​នេះ លោក​ស្រី ឈិន សុគន្ធារី បាន​ចោទ​ប្រកាន់​ថា កាលពី​ថ្ងៃ ទី ៣០ ខែ សីហា ឆ្នាំ ២០១២ លោក​កែប ជុតិមា អភិបាល​នៃ គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង គូកន បាន​ប្រើ​អំណាច​ដោយ​រំលោភ និង បាន​ដក​ហូត​ដី​របស់​គាត់​ចំនួន ៣៤២,២៣៦.៨៩ ម៉ែត្រ​ការ៉​រេ (ប្រហែល​ជាង​៣៤ ហិកតា) ដែល​លោក​ស្រី​បាន​កាន់​កាប់​ដោយ​សន្តិភាព តាំងពី​ឆ្នាំ ១៩៩៩ ព្រម​បាន បង់ពន្ធ​ជូន​រដ្ឋ ជា​រៀងរាល់​ឆ្នាំ​ទៀត​ផង ។ ដី​ នោះ​ស្ថិត​នៅ​ក្នុង សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។

លោក​ស្រី​ឈិន សុគន្ធារី បាន​ថ្លែង​ថា៖ «ចាប់​តាំង​ពី​ឆ្នាំ ១៩៩៩ ក្រុមហ៊ុន​នាង​ខ្ញុំ បាន​ប្រមូល ទិញ​ដី​ពី​ប្រជាពលរដ្ឋ​បាន​ផ្ទៃ​ដី​សរុប​ជាង ៣៤ ហិកតា ដោយ​មាន​លិខិត ផ្ទេរ​សិទ្ធិ កាន់​កាប់​ដី​ដែល​ទទួល​ស្គាល់​ដោយ អាជ្ញាធរ​មូលដ្ឋាន​ចំនួន​១៨ ច្បាប់។ អាជ្ញាធរ​មូលដ្ឋាន​បាន​ចេញ​លិខិត​អនុញ្ញាត​ឲ្យ​ចាក់​ដី​បំពេញ និង បាន​អនុញ្ញាត ឲ្យ​សាងសង់ ទីស្នាក់ការ​នៅ​លើ​ដី​នោះ នាង​ខ្ញុំ​បាន​បង់ពន្ធ​លើ អចលនទ្រព្យ​ប្រចាំ​ឆ្នាំ ២០១១ ជូន​រដ្ឋ​រួច​ជា​ស្រេច​ទៅ​ហើយ ចំពោះ​ដី​ដែល​មាន​ទីតាំង​ក្នុង​កម្មវត្ថុ​ខាង​លើ​នេះ»

លោក​ស្រី​ឈិន សុគន្ធារី បាន​បន្ត​ថា៖ «ទោះ​បី​ជា​បាន​ដឹង​ច្បាស់​ថា ដី​ខាង​លើ​នេះ នាង​ខ្ញុំ​បាន​កាន់​កាប់ ដោយ​ស្រប​ច្បាប់ ហើយ ក៏​ដោយ ក៏​លោក​កែប ជុតិមា និង គូកន​នៅ​តែ​បំពាន រំលោភ​ដោយ​គ្មាន​ក្រែង រអែង​ច្បាប់​បន្តិច​ណា​ឡើយ ពួក​គាត់​ថែម​ទាំង​បាន​ធ្វើ របាយការណ៍​ភូត​កុហក សមេ្តច នាយក​រដ្ឋ​មន្រ្តី ថា នាង​ខ្ញុំ​រំលោភ​កាន់​កាប់​ដី​សាធារណៈ​របស់​រដ្ឋ​ទៅ​វិញ»

«អាស្រ័យ​ហេតុ​នេះ នាង​ខ្ញុំ សូម​ប្តឹង​លោក​កែប ជុតិមា និង គូកន ពី​ការ​ប្រើ​អំណាច ដោយ​រំលោភ ការ​ក្លែង​បន្លំ ការ​កសាង​ប័ណ្ណ​ដោយ​បំពាន និង ការ​ធ្វើ របាយការណ៍​ភូត​កុហក សមេ្តច នាយក​រដ្ឋ​មន្រ្តី​ ដើម្បី​រឹបអូស​យក​ដី របស់​នាង​ខ្ញុំ​ស្រប​ច្បាប់ ចំនួន​ជាង ៣៤ ហិកតា​។ នាង​ខ្ញុំ សូម​សំណូមពរ ឲ្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទាទោស លោក កែប ជុតិមា និង គូកន​តាម​ច្បាប់​។ សុំ​ឲ្យ​រដ្ឋ​ប្រគល់​ដី​ខាង​លើ​មក នាង​ខ្ញុំ​វិញ និង បង្ខំ​ឲ្យ​លោក​កែប ជុតិមា និង គូកន សង​ជម្ងឺ​ចិត្ត​មក​នាង​ខ្ញុំ ១០០ លាន​ដុល្លារ​អាមេរិក»

2 comments:

Anonymous said...

ពាលស៊ីពាល

Anonymous said...

​ពពួកពាលវាអញ្ចឹង!
ដល់តែវាអត់អីលេង វាលេងគ្នាវា​ម្តង...
ហា!....ហា...ហាហាហា!