ព្រហស្បតិ៍ 21 មីនា 2013
អង្គការឃ្លាំមើលការបោះឆ្នោតនិកហ្វិច រួមជាមួយអង្គការរបស់អាមេរិក NDI និងមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវជាន់ខ្ពស់ បានរួមគ្នាធ្វើសវនកម្មបញ្ជីឈ្មោះអ្នកបោះឆ្នោត។ ជាលទ្ធផល អង្គការសង្គមស៊ីវិលទាំងបី រកឃើញនូវភាពមិនប្រក្រតីមួយចំនួន ដូចជា ការលុបឈ្មោះអ្នកបោះឆ្នោត មិនត្រឹមត្រូវនិងមានឈ្មោះខ្មោច ក្នុងបញ្ជីបោះឆ្នោត ជាដើម។ អង្គការទាំងនោះ ក៏បានសម្តែងការព្រួយបារម្ភ អំពីគុណភាពបញ្ជីឈ្មោះបោះឆ្នោត ដែលនឹងត្រូវប្រើប្រាស់សម្រាប់ការបោះឆ្នោតជាតិ នៅខែកក្កដាខាងមុខ។ យ៉ាងណាក៏ដោយ អគ្គលេខាធិការ គ.ជ.ប. បានចាត់ទុកថា សវនកម្មនោះ មិនទាន់គ្រប់ជ្រុងជ្រោយ ដែលអាចជឿជាក់បានទេ។
គណៈកម្មាធិការអព្យាក្រឹតនិងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និកហ្វិច រួមជាមួយមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវជាន់ខ្ពស់ CAS និងវិទ្យាស្ថានជាតិសម្រាប់កិច្ចការអន្តរជាតិ NDI បានធ្វើសវនកម្មរួមគ្នាលើបញ្ជីឈ្មោះអ្នកបោះឆ្នោត ឆ្នាំ២០១២។
បញ្ជីបោះឆ្នោត ប្រចាំឆ្នាំ២០១២ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជាតិ នៅខែកក្កដា ត្រូវបាន គ.ជ.ប. ប្រកាសថា មានអ្នកបោះឆ្នោតសរុប ៩.៦៧៥.៤៥៣ នាក់។ លទ្ធផលនៃការធ្វើសវនកម្មលើបញ្ជីឈ្មោះបោះឆ្នោត ដែលបានបង្ហាញនៅព្រឹកថ្ងៃទី២១មីនានេះ ត្រូវបានអង្គការទាំងបី រកឃើញនូវការធ្លាក់ចុះនៃគុណភាពបញ្ជីឈ្មោះអ្នកបោះឆ្នោត បើធៀបនឹងឆ្នាំបោះឆ្នោតកាលពីឆ្នាំ២០០៨។
លទ្ធផលនៃសវនកម្មបញ្ជីឈ្មោះអ្នកបោះឆ្នោត បង្ហាញថា អ្នកមានសិទ្ធិបោះឆ្នោត ៨២,៩% បានចុះឈ្មោះបោះឆ្នោត។ ក្នុងនោះ អ្នកមានឈ្មោះបោះឆ្នោត ត្រឹមតែ ៦៣,៦% ប៉ុណ្ណោះ ដែលរស់នៅទីកន្លែង ដែលពួកគេបានចុះឈ្មោះ។ ចំណែក ១០,៤% មានឈ្មោះក្នុងបញ្ជីបោះឆ្នោត តែរកមនុស្សមិនឃើញ។ រីឯអ្នកមានសិទ្ធិបោះឆ្នោត ចំនួន ៩,៤% ក្នុងបញ្ជីលុបឈ្មោះ គឺត្រូវបានលុបចេញ មិនត្រឹមត្រូវ។
ការធ្វើសវនកម្មបញ្ជីឈ្មោះអ្នកបោះឆ្នោត ឆ្នាំ២០១២ ត្រូវបានសម្ភាសន៍លើអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត អាយុចាប់ពី ១៨ ដល់ ៤៥ ឆ្នាំ ចំនួន ៤.៨៩៣ នាក់ ដែលត្រូវបានជ្រើសរើសដោយចៃដន្យ នៅ ៤១៤ ឃុំ ក្នុង ៩ ខេត្ត។
លោកហង្ស ពុទ្ធានាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោត និកហ្វិចបានឲ្យដឹងថា អង្គការសង្គមស៊ីវិល រកឃើញថា អ្នកបោះឆ្នោតជាង ១០% គឺមានតែឈ្មោះ នៅក្នុងបញ្ជីបោះឆ្នោត តែគ្មានមនុស្សពិតទេ។ ដូច្នេះសង្គមស៊ីវិលមានការព្រួយបារម្ភ ចំពោះការធ្លាក់ចុះនៃកំរិតនៃភាពត្រឹមត្រូវ និងសុពលភាពនៃបញ្ជីឈ្មោះអ្នកបោះឆ្នោត ព្រមទាំងលទ្ធភាពសម្រាប់អ្នកបោះឆ្នោត ក្នុងការប្រើប្រាស់សិទ្ធិបោះឆ្នោតរបស់ពួកគាត់ នៅក្នុងការបោះឆ្នោតខែកក្កដាខាងមុខនេះ។
ចំណែកលោកស្រី ឡូរ៉ា ថនថុន នាយិកាជាន់ខ្ពស់នៃវិទ្យាស្ថានជាតិ NDI បានលើកឡើងថា ការរកឃើញលើសវនកម្មបញ្ជីឈ្មោះអ្នកបោះឆ្នោត បានបង្ហាញនូវភាពមិនប្រក្រតី ដែលទាក់ទងទៅនឹងគុណភាព និងធម្មនុញ្ញភាពនៃការបោះឆ្នោត។ លោកស្រី មានការព្រួយបារម្ភលើបញ្ជីបោះឆ្នោតដោយសារតែចំនួនអ្នកមានសិទ្ធិបោះឆ្នោតមួយចំនួនធំ មិនអាចរកឃើញឈ្មោះ ហើយនឹងមិនអាចបោះឆ្នោតបាន។ក្នុងនោះក៏ការលុបឈ្មោះអ្នកបោះឆ្នោតដោយមិនត្រឹមត្រូវ។
លទ្ធផលនៃការធ្វើសវនកម្មបញ្ជីឈ្មោះអ្នកបោះឆ្នោត របស់អង្គការសង្គមស៊ីវិលខាងលើនេះ ត្រូវបានបង្ហាញដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប. កាលពីរសៀលថ្ងៃទី២០មីនាម្សិលមិញ។ លោក ទេព នីថាអគ្គលេខាធិការ គ.ជ.ប. បានប្រាប់វិទ្យុបារាំងថា លទ្ធផលនៃការរកឃើញនោះ មិនទាន់គ្រប់ជ្រុងជ្រោយ ហើយរបៀបនៃការធ្វើសវនកម្ម គួរឲ្យសង្ស័យនិងមិនគួរឲ្យជឿបានទេ។
តាមលោក ទេព នីថា ដើម្បីផ្ទៀងផ្ទាត់ និងដើម្បីកុំឲ្យមានការយល់ច្រលំ លើបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលរៀបចំដោយ គ.ជ.ប. គ.ជ.ប.បានស្នើឲ្យអង្គការទាំងបីនោះ បញ្ជូនទិន្នន័យ៤ សំខាន់ៗ មកកាន់គ.ជ.ប. រួមមាន ឈ្មោះអ្នកដែលអង្គការអះអាងថា បាត់ឈ្មោះនិងឈ្មោះអ្នកបោះឆ្នោតដែលថា គ.ជ.ប. លុបចេញពីបញ្ជី មិនត្រឹមត្រូវ ជាដើម៕
No comments:
Post a Comment