Monday, March 25, 2013

NDI បដិសេធ មិន​ផ្តល់​អត្តសញ្ញាណ​អ្នកបោះឆ្នោត ទៅកាន់ គ​.​ជ​.​ប​.

 ថ្ងៃទី 23 មីនា 2013 | ដោយ: លី សិលា
 Cambodia Express News

ភ្នំពេញ: ​បន្ទាប់ពី​មាន​ការសង្ស័យ​លើ​លទ្ធផល​នៃ​ការធ្វើ​សវនកម្ម​លើ​បញ្ជី​ឈ្មោះ​បោះឆ្នោត​របស់​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៣ ដែល​រួមមាន​ទាំង NDI ផង​នោះ គ​.​ជ​.​ប​. បាន​ធ្វើលិខិត​ស្នើសុំ​ឲ្យ​អង្គការ NDI ផ្តល់​ឯកសារ​ភស្តុតាង និង​អត្តសញ្ញាណ​អ្នកបោះឆ្នោត ដើម្បីឲ្យ គ​.​ជ​.​ប​. ធ្វើការ​ផ្ទៀងផ្ទាត់​ក៏ប៉ុន្តែ​ភ្លាមៗ​នោះ កាលពី​ថ្ងៃ​ទី​២២​មីនា ប្រធាន NDI បាន​បដិសេធ មិន​ផ្តល់​ឲ្យ​គ​.​ជ​.​ប​. តាម​សំណើ​ទេ ដោយ​ថា ជា​ការរក្សា​ការសម្ងាត់ សម្រាប់​អ្នក​បោះឆ្នោត​។​

ក្នុង​លិខិត​ផ្ញើ​ជូន​អគ្គលេខាធិការ គ​.​ជ​.​ប​. និង​ចំលង​ជូន​ប្រធាន និង​អនុប្រធាន គ​.​ជ​.​ប​. លោកស្រី Laura L. Thornton នាយិកា​ជាន់ខ្ពស់​របស់​វិទ្យាស្ថាន​ជាតិ សម្រាប់​លទ្ធិ​ប្រជា​ធិបតេយ្យ NDI បាន​លើកឡើង​ថា៖
"​ក្រុមការងារ​របស់​យើងខ្ញុំ មិន​អាច​ផ្តល់​ព័ត៌មាន​​ជូនដូច ដែល​ឯកឧត្តម បាន​ស្នើសុំ​ឡើយ ដោយសារតែ​មាន​ការយល់ព្រម​ជា​មួយអ្នកផ្តល់ចំលើយថា រាល់ព័ត៌របស់ពួកគាត់ត្រូវរក្សាជាការ
សំងាត់ទាំងព័ត៌មានទាំងអ្នកផ្តល់​ព័ត៌មាន​​​"​។


​លោកស្រី បន្តថា "​បន្ថែម​ពី​នេះ​ទៀត ដោយសារ​តែ​នេះ គ្រាន់តែ​ជា​ការស្រាវជ្រាវ​ផ្អែក​លើ​សំណាក ដោយ​មាន​ការសិក្សា​ទៅលើ​គ្រប់​អ្នកផ្តល់​ចំលើយ​ទាំងអស់ ក្នុង​ការស្រាវ​ជ្រាវ ដូច្នេះ​ទោះបីជា​មាន​ការបញ្ចេញ​នូវព័​ត៌​ទាំងនោះ ខ្ញុំ​គិតថា​ក៏​មិន​អាច​ធ្វើ​ការ​ដោះ​ស្រាយ​​នូវ​បញ្ហា​ណាមួយ ក្នុង​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​ផង​ដែរ​"​។​
លិខិត​របស់​លោកស្រី Laura Thornton បាន​បន្ថែមថា "​នៅក្នុង​ឆ្នាំ​២០០៨ ទិន្នន័យ​អ្នក​ដែល​ត្រូវបាន​លុបឈ្មោះ​ចេញពី​បញ្ជី​អ្នកបោះឆ្នោត ដោយ​មិន​ត្រឹមត្រូវ​នោះ ត្រូវ​បាន​ផ្តល់ជូន គ​.​ជ​.​ប ដើម្បី​បង្ហាញ​នូវ​ការសិក្សា​វាស់វែង​បន្ថែម​តែប៉ុណ្ណោះ ព្រោះ​ការ​បោះឆ្នោត គឺមាន​តែ​រយៈពេល​មួយ​ខែ​ប៉ុណ្ណោះ គិតពី​ថ្ងៃ​ផ្តល់​ទិន្នន័យ ហើយ​ពេលនោះគ​.​ជ​.​ប ក៏​មិន​អាច​ធ្វើ​ការចុះ​ឈ្មោះ​អ្នក​ទាំងនោះ​វិញ​បានដែរ​ប៉ុន្តែ​នៅក្នុង​ឆ្នាំនេះ គ​.​ជ​.​ប នៅមាន​ពេលវេលា​ច្រើន​ទៀត​ក្នុងការ​ធ្វើ​សកម្មភាព​ដើម្បី​ចុះ​ឈ្មោះ​អ្នកបោះឆ្នោត​ដែល​លុប​ដោយ​មិន​ត្រឹមត្រូវ​ទាំងនោះ​ឡើងវិញ​នៅ​ថ្នាក់​ជាតិ មិនមែន​គ្រាន់តែ​ចុះ​ឈ្មោះ​អ្នក​ដែល​មាន​នៅក្នុង​ទិន្នន័យ​របស់ NDI ប៉ុណ្ណោះទេ​"​។
ប្រធាន​អង្គការ NDI របស់​សហរដ្ឋអាមេរិក ក៏​បាន​បន្ថែមថា "​ដូចដែល​បាន​បញ្ជាក់​នៅក្នុង​អនុសាសន៍ ការបើក​អោយ​មាន​ពេលវេលា​ធ្វើ​ការពិនិត្យ​-​ផ្ទៀងផ្ទាត់ និង​តវ៉ា​ចំពោះ​បញ្ជី​លុបឈ្មោះ គឺ​អាច​ផ្តល់ឱកាស​អោយ​អ្នក​ដែល​ត្រូវបាន​គេ​លុបឈ្មោះ​នោះ នឹង​អាច​ចូលរួម​នៅក្នុង​ការបោះឆ្នោត​ឡើងវិញ​"​។​
លោកស្រី Laura Thornton បាន​លើកឡើង​ថា "​ខ្ញុំ​គ្រាន់តែ​សូម​បញ្ជាក់​បន្ថែមថា ចំពោះ​ចំនុច​ទី​២ ពួក​ខ្ញុំ​មិន​អាច​បញ្ជាក់​ថា អ្នកបោះឆ្នោត​ទាំង​នោះ បាន​ទៅ​ចុះ​ឈ្មោះ​ឬ​យ៉ាងណាទេ ដោយ​ពួកគាត់​បាន​ឆ្លើយថា ខ្លួន​គាត់​ត្រូវបាន​គេ​ចុះឈ្មោះ​ក្នុង​បញ្ជី​រួចហើយ​។ ចំពោះ​បញ្ជី​សំនួរ​វិញ ពួក​ខ្ញុំ​មាន​សេចក្តី​រីករាយ ក្នុង​ការ​ផ្តល់​ជូន​ទៅ​ឯកឧត្តម នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា​"​។​
​យ៉ាងណាក៏ដោយ ឆ្លើយតប​ចំពោះ​ការចេញ​នូវ​លិខិត​របស់​អគ្គលេខាធិការ គ​.​ជ​.​ប​. លោកស្រី Laura Thornton សូម​បំភ្លឺ​នូវ​ចំនុច​ដូចខាងក្រោម​៖

-​
ចំពោះ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​សំរាប់​បម្រី​អោយ​ការបោះឆ្នោត​៖ ទិន្នន័យ​របស់ខ្ញុំ គឺ​ទទួលបាន​ពី​អ្នកផ្តល់​ចំលើយ​ប៉ុណ្ណោះ ដែល​ពួកគាត់​បាន​ប្រាប់ថា ប្រើប្រាស់​នូវ​លិខិត​បញ្ជាក់​អត្តសញ្ញាណ សំរាប់​បម្រើអោយ​ការបោះឆ្នោត យក​ទៅ​ចុះ​ឈ្មោះ​។ ចំណុច​នេះ លោកស្រី លើកឡើងថា មិនបាន​ធ្វើ​ការតាមដាន ថា​តើ​មាន​លិខិត​ប៉ុន្មាន ដែល​បាន​ចេញ ឬ​ក៏​សួរ​ទៅ​អ្នក​ផ្តល់​ចំលើយ ថា​តើ​គាត់​មាន​បានទទួល​លិខិត​នេះ​ឬទេ​។​

-​
ចំពោះ​ការប្រៀបធៀប​តេស្ត៍​មនុស្ស​ទៅ​បញ្ជី និង​ពី​បញ្ជី​ទៅ​មនុស្ស​៖ ការប្រៀបធៀប​នេះ គឺ​មិន​អាច​ធ្វើ​ទៅ​បាន​ទេ​។ ទី​មួយ​គឺ​យើង​ធ្វើ​ការសំភាស៍​អ្នក​មាន​សិទ្ធិ​បោះឆ្នោត ដើម្បី​អោយដឹងថា តើ​ពួកគាត់​មានឈ្មោះ​ក្នុង​បញ្ជី​ឬទេ ដើម្បី​រក​ភាព​ពេញលេញ​។ បន្ទាប់មក​យើង​ធ្វើ​ការស្វែងរក​មនុស្ស ដែល​មានឈ្មោះ​ក្នុង​បញ្ជី​រួចហើយ ដើម្បី​ថា​តើ​ជា​មនុស្ស​ពិត​ឬ​យ៉ាងណា​ដើម្បី​រក​សុពលភាព​។ ដូច្នេះ​ហើយ​ទិន្នន័យ​ទាំងពីរ មិន​អាច​ធ្វើ​ការប្រៀបធៀប​គ្នា ឬ​បូក​បញ្ចូល​គ្នា​ឡើយ​។​

លោកស្រី Laura Thornton បាន​លើកឡើង​ថា "​ដូច​ដែល​ឯ​ឧត្តម បាន​ជ្រាប នៅក្នុង​ការធ្វើ​សវនកម្ម​ឆ្នាំ​២០០៨ ទិន្នន័យ​របស់​ភាព​ពេញលេញ និង​ភាពត្រឹមត្រូវ​ក៏​ខុស​គ្នា​ដែរ ហើយ​នេះ ករណី​នេះ​តែងតែ​រកឃើញ​នៅក្នុង​ការធ្វើ​សវនកម្ម​នៅ​ទូទាំង​ពិភព​លោក​"​។​
​លោកស្រី ឡូ​រ៉ា ថន​ថុន បាន​បញ្ជាក់បន្ថែម​ថា "​ចំពោះ​អ្នក​បោះឆ្នោត​មិនដឹង (១០.៤%) គឺ​អ្នកបោះឆ្នោត ដែល​ពួក​យើង​ព្យាយាម​រក តែ​មិនឃើញ​។ ជាដំបូង​ពួកយើង​បាន​ធ្វើ​ការ​​បញ្ជាក់​ដោយ​ជួប​ជាមួយ​ប្រធានភូមិ អ្នក​នៅ​ក្នុង​សហគមន៍ រួមមាន អ្នក​នៅ​ទី​វត្ត​អារាម មន្ត្រីប៉ូលិស ក៏ដូចជា​ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍​។ បន្ទាប់មក​យើង បាន​ធ្វើ​ការស្វែងរក ឬ​ពិនិត្យ​ឡើងវិញ ដោយ​ដាក់​ពង្រាយ​អ្នក​ចុះ​សំភាស៍​ម្តងទៀត ឬ​ដោយ​ទូរស័ព្ទ ទៅកាន់​ប្រធានភូមិ ដើម្បី​ធ្វើ​ការបញ្ជាក់​ចុងក្រោយ​"​។​
លោកស្រី បន្តថា ចំពោះ​ការយល់ឃើញ​របស់​អ្នកឆ្លើយ​ដែលថា ការចុះឈ្មោះ គឺ​មាន​លក្ខណៈ​ងាយស្រួល និង​សាមញ្ញ​៖ ប្រសិន​បើ​មើល​អោយ​ជាក់ស្តែង ទិន្នន័យ ៩៧% គឺ​សំដៅលើ​អ្នក​ដែល​មានឈ្មោះ​នៅក្នុង​បញ្ជី មិនមែន​អ្នក ដែល​មាន​សិទ្ធិ​បោះឆ្នោត​ទាំងអស់​នោះ​ទេ​។
​លោកស្រី បាន​បន្ថែមថា ការយល់ឃើញ​រក​ប្រជាពលរដ្ឋ គឺជា​ចំនុច​ខុស​គ្នា​ជាមួយនឹង​ការវាស់វែង​បែប​វិទ្យាសាស្ត្រ ទៅលើ​គុណភាព​នៃ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត ដែល​ធ្វើការ​វិភាគ​ទៅលើ ៣ ចំនុច ក្នុង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត (​ភាព​ពេញលេញ ភាព​សុពលភាព និង​ភាពត្រឹមត្រូវ​)​។​
​សូម​រម្លឹកថា ការលើកឡើង​របស់​ប្រធាន​អង្គការ NDI ខាងលើនេះ បាន​ធ្វើឡើង​ភ្លាមៗ បន្ទាប់ពី​លោក ទេព នីថា បាន​សរសេរ​លិខិត​ពីរ​ដាច់​ដោយឡែក​ពីគ្នា ពាក់ព័ន្ធ​នឹង​សវនកម្ម​លើ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត ឆ្នាំ​២០១២ ដែល​រៀបចំ​ដោយ​អង្គការ នី​កហ្វិច អង្គការ NDI និង​វិទ្យាស្ថាន​សិក្សា​ជាន់ខ្ពស់ ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៣​។​
​គ​.​ជ​.​ប​. បាន​ស្នើសុំ​ទិន្នន័យ​មួយចំនួន ទាក់ទង​នឹង​ការធ្វើ​សវនកម្ម​បញ្ជី​បោះឆ្នោត ឆ្នាំ​២០១២ ដែល​វិទ្យាស្ថាន NDI បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​។ ចំណែក​លិខិត​មួយទៀត គ​.​ជ​.​ប​. ចាត់ទុកថា លទ្ធផល​នៃ​ការធ្វើ​សវនកម្ម​បញ្ជី​បោះឆ្នោត ឆ្នាំ​២០១២ នាំ​ឲ្យ​ខ្លួន​មាន​មន្ទិលសង្ស័យ លើ​របាយការណ៍​នោះ​។​
​សេចក្តីប្រកាស​របស់ គ​.​ជ​.​ប​. ចុះ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៣ បង្ហាញថា ក្នុង​លិខិត​របស់ គ​.​ជ​.​ប​. ដាក់​ទៅ​កាន់​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ សម្រាប់​កិច្ចការ​អន្តរជាតិ NDI គឺ​គ​.​ជ​.​ប​. បានសរសេរថា ដើម្បី​ផ្ទៀងផ្ទាត់​ភាពត្រឹមត្រូវ នៃ​របាយការណ៍​សវន​កម្ម ជាមួយនឹង​បញ្ជី​បោះឆ្នោត គ​.​ជ​.​ប​. ស្នើសុំ​ពី​អង្គការ NDI នូវ​របាយការណ៍ ដូចខាងក្រោម​៖
១-​ឈ្មោះ និង​ទិន្នន័យ​អ្នកបោះឆ្នោត ដែល​ត្រូវបាន​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត ដោយ​មិន​ត្រឹមត្រូវ​។​
២-​ឈ្មោះ និង​ទិន្នន័យ​អ្នក​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត ប៉ុន្តែ​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​។​
៣-​ឈ្មោះ និង​ទិន្នន័យ​អ្នក​ដែល​ធ្លាប់​បាន​បោះឆ្នោត​ពីមុន ប៉ុន្តែ​រក​មិនឃើញ​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​។​
៤-​ឈ្មោះ និង​ទិន្នន័យ​អ្នក​ដែល​មានឈ្មោះ ក្នុង​បញ្ជី​បោះឆ្នោត ប៉ុន្តែ​រក​មនុស្ស​មិន​ឃើញ​។​
៥-​កម្រង​សំណួរ ដែល​បាន​ប្រើ​ក្នុងការ​ធ្វើ​សវនកម្ម​បញ្ជី​បោះឆ្នោត​។​
​គ​.​ជ​.​ប​. សង្ឃឹមថា អង្គការ NDI នឹង​សម្រួល​ផ្តល់​នូវ​ទិន្នន័យ​ខាងលើ ដូច​ដែល​អង្គការ​របស់​សហរដ្ឋអាមេរិ​ក​នេះ ធ្លាប់បាន​ផ្តល់​មក គ​.​ជ​.​ប​. កាលពី​ឆ្នាំ​២០០៨ កន្លងមក​។​
​កាលពី​ព្រឹក​ថ្ងៃទី​២១​មីនា ឆ្នាំ​២០១៣ អង្គការ​ឃ្លាំមើល​ការបោះឆ្នោត និ​កហ្វិច រួម​ជាមួយ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ សម្រាប់​កិច្ចការ​អន្តរជាតិ របស់​អាមេរិក NDI និង​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​ជាន់ខ្ពស់ CAS បានរួម​គ្នា​ធ្វើ​បង្ហាញ​ពី​លទ្ធផល​នៃ​ការធ្វើ​សវនកម្ម​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត ឆ្នាំ​២០១២​។ ជា​លទ្ធផល អង្គការ​សង្គម​ស៊ីវិល​ទាំងបី រកឃើញ​នូវ​ភាពមិនប្រក្រតី​មួយចំនួន ដូចជា ការ​លុបឈ្មោះ​អ្នកបោះឆ្នោត មិន​ត្រឹមត្រូវ និង​មាន​ឈ្មោះ​ខ្មោច ក្នុង​បញ្ជី​បោះឆ្នោត ជាដើម​។
​អង្គការ​ទាំងនោះ ក៏​បាន​សម្តែង​ការព្រួយបារម្ភ អំពី​គុណភាព​បញ្ជី​ឈ្មោះ​បោះឆ្នោត ដែល​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​ការបោះឆ្នោតជាតិ នៅ​ខែ​កក្កដា​ខាងមុខ​។
​លទ្ធផល នៃ​ការធ្វើ​សវនកម្ម​លើ​បញ្ជី​ឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១២ ត្រូវបាន​អង្គការ​ទាំង​បី រកឃើញ​នូវ​ការធ្លាក់ចុះ នៃ​គុណភាព​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត បើ​ធៀប​នឹង​ឆ្នាំ​បោះឆ្នោត កាលពី​ឆ្នាំ​២០០៨​។
​លទ្ធផល​នៃ​សវនកម្ម​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត បង្ហាញថា អ្នក​មាន​សិទ្ធិ​បោះឆ្នោត ៨២,៩% បាន​ចុះឈ្មោះ​បោះឆ្នោត​។ ក្នុងនោះ អ្នក​មាន​ឈ្មោះ​បោះឆ្នោត ត្រឹមតែ ៦៣,៦% ប៉ុណ្ណោះ ដែល​រស់​នៅ​ទីកន្លែង ដែល​ពួកគេ​បាន​ចុះឈ្មោះ​។ ចំណែក ១០,៤% មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត តែ​រក​មនុស្ស​មិន​ឃើញ​។ រីឯ​អ្នក​មាន​សិទ្ធិ​បោះឆ្នោត ចំនួន ៩,៤% ក្នុង​បញ្ជី​លុបឈ្មោះ គឺ​ត្រូវបាន​លុបចេញ មិន​ត្រឹមត្រូវ​។​
​លទ្ធផល​នៃ​ការធ្វើ​សវនកម្ម​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត របស់​អង្គការ​សង្គម​ស៊ីវិល​ខាងលើនេះ ត្រូវបាន​បង្ហាញ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​. កាលពី​រសៀល​ថ្ងៃ​ទី​២០​មីនា​ម្សិលមិញ​។
​ក៏​ប៉​ន្តែ​ក្នុង​សេចក្តីថ្លែងការណ៍ ចុះ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៣ គ​.​ជ​.​ប​. បាន​លើកឡើង​ថា ខ្លួន​បាន​រកឃើញ​នូវ​ចំណុច​មួយចំនួន ដែល​មាន​ភាពមិនច្បាស់លាស់ ហើយ​គួរឲ្យ​មាន​ការសង្ស័យអំ​ពី​ភាពត្រឹមត្រូ​វ​នៃ​ការធ្វើ​សវនកម្ម​លើ​បញ្ជី​បោះឆ្នោត​នេះ​។​
​សេចក្តីថ្លែងការណ៍​ដដែល ត្រូវបាន គ​.​ជ​.​ប​. លើកឡើងថា ចំណុច​មួយចំនួន មាន​ភាព​មិន​ច្បាស់លាស់​នោះ គឺ​របាយការណ៍​សវន​កម្ម​បង្ហាញថា ការ​ចេញ​លិខិតបញ្ជាក់​អត្តសញ្ញាណ សម្រាប់​បម្រើ​ឲ្យ​ការបោះឆ្នោត ១,៨% ស្មើនឹង​ជាង ១ ម៉ឺន​សន្លឹក​។ តាមពិត​ជាក់ស្តែង ក្នុង​អំឡុង​ពេល​ចុះ​ឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១២ កន្លងមកនេះ មេឃុំ ចៅសង្កាត់ បាន​ចេញ​លិខិតបញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការបោះឆ្នោត​នេះ រហូត​ទៅ​ដល់​ជាង ៤២ ម៉ឺន​សន្លឹក​។ តួលេខ​មិន​ត្រឹមត្រូវ​នៃ​របាយការណ៍​សវនកម្ម​របស់​អង្គការ​ទាំង​បី​នេះ អាច​នាំឲ្យ​មាន​ការភ័ន្តច្រឡំ នឹង​ជះ​ឥទ្ធិពល​មិន​ល្អ​ទៅ​លើ​ការបោះឆ្នោត​។​
​គ​.​ជ​.​ប​. ក៏បាន​លើកឡើង​ទៀត​ថា របាយការណ៍​សវនកម្ម​របស់​អង្គការ​ទាំង​បី ដែល​ធ្វើ​សវនកម្ម​ពី​មនុស្ស​ទៅ​បញ្ជី​បោះឆ្នោត បង្ហាញថា អ្នក​មាន​ឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត មាន​ត្រឹមតែ ៨២,៩%​។ ប៉ុន្តែ​របាយការណ៍​សវ​ន​កម្ម​ពី​បញ្ជី​បោះឆ្នោត ទៅ​មនុស្ស បង្ហាញថា អ្នកបោះឆ្នោត បាន​រកឃើញ ៦៣,៦% រស់​នៅក្នុង​ឃុំ​សង្កាត់​, អ្នក​បោះឆ្នោត​បាន​រកឃើញ ប៉ុន្តែ​ច្រើនតែ​អត់​នៅ​កន្លែង​នោះ ១៧,១%, អ្នក​បោះឆ្នោត​បាន​រកឃើញ ផ្លាស់ប្តូរ​ទីលំនៅ ៧,៤% និង​អ្នកបោះឆ្នោត ដែល​មិន​ស្គាល់ ១០,៤% ( ដែល​អ្នក​ធ្វើ​សវនកម្ម បាន​ទូរស័ព្ទ សួរ​ទៅ​មេភូមិ )​។
​ដូច្នេះ​គ​.​ជ​.​ប​. បាន​ទាញ​ការសន្និដ្ឋាន​ថា ផ្នែក​តាម​របាយការណ៍​ខាងលើ ប្រជាពលរដ្ឋ​បាន​ចុះ​ឈ្មោះ​បោះឆ្នោត និង​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត មាន​ចំនួន​ជាង ៩០%​។​
​គ​.​ជ​.​ប​. បាន​សរសេរ​ក្នុង​សេចក្តីប្រកាស​របស់​ខ្លួន​ថា "​បើ​ប្រៀបធៀប​តួលេខ​ទាំងពីរ​នេះ ដែល​មាន​ភាពខុស​គ្នា​ឆ្ងាយ​នោះ ឃើញថា មិន​អាច​គួរឲ្យ​ជឿ​បាន​"​។​
​គ​.​ជ​.​ប​. ក៏​បាន​បន្ថែមទៀតថា របាយការណ៍​សវនកម្ម​របស់​អង្គការ​ទាំង​បី​នោះ ក៏​បាន​បង្ហាញថា ៩៧% នៃ​អ្នកបោះឆ្នោត មាន​យោបល់​ថា នីតិវិធី​ចុះឈ្មោះ​បោះឆ្នោត​សាមញ្ញ និង​ងាយស្រួល ក្នុង​ការចុះឈ្មោះ​បោះឆ្នោត ហើយ​មាន​តែ ១,៣% នៃ​អ្នកបោះឆ្នោត​តែប៉ុណ្ណោះ គ្មាន​ការជឿជាក់​ក្នុង​ដំណើរការ​នៃ​ការចុះឈ្មោះ​បោះឆ្នោត​។ យោបល់​អ្នកបោះឆ្នោត​ខាងលើនេះ បញ្ជាក់​ឲ្យឃើញថា គុណភាព​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០១២ ដែល​រៀបចំ​ដោយ គ​.​ជ​.​ប​. ពុំ​មាន​ភាពអន់ថយ ជាង​បញ្ជី​បោះឆ្នោត ឆ្នាំ​២០០៨ ដូច​ការសន្និដ្ឋាន​របស់​អង្គការ​ទាំង​បី​នោះ​ឡើយ​៕​

No comments: