ផាក់ ស៊ាងលី
ភ្នំពេញ ប៉ុស្តិ៍
រតនគិរីៈ អង្គការក្រៅរដ្ឋាភិបាល និងប្រជាពលរដ្ឋ ព្រមទាំងក្រុមអាជ្ញាធរមូលដ្ឋាន បាននាំគ្នាដើរល្បាតព្រៃកាលពីម្សិលមិញ ហើយបានប្រទះឃើញឈើជាង ១ ម៉ឺន ៦ ពាន់ដើមនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ក្នុងស្រុកកូនមុំដែលឈើទាំងនេះ ត្រូវគេដឹកចូលទៅក្នុងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច វៀតណាម និងចិន។
លោក ឆាយ ធី អ្នកសម្របសម្រួលសមាគមសិទិ្ធមនុស្សអាដហុក បានឲ្យដឹងថា៖
«ប្រជាពលរដ្ឋដែលធ្លាប់ដើរដងជ័រទឹកតាមដើមឈើក្នុងតំបន់នោះបានរកឃើញថាដើមឈើប្រមាណជាង១ម៉ឺន ៦ ពាន់ដើមត្រូវបានកាប់បំផ្លាញនៅលើផ្ទៃដីសរុបប្រមាណ១៥គីឡូម៉ែត្រការ៉េ »។
លោក ឆាយ ធី បានបន្តថាប្រភេទដើមឈើទាំងនោះ មានដូចជា គគីរ ឈើទាល ត្រាច ផ្តៀក និងសុក្រំជាដើម ដែលមានមុខកាត់ចាប់ពីកន្លះម៉ែត្រឡើងទៅ ហើយចំនួនប៉ាន់ប្រមាណលើការកាប់នេះ មិនទាន់គិតលើផ្ទៃដីសរុបដែលក្រុមហ៊ុនវៀតណាម និងចិនបានកាប់នោះនៅឡើយទេ។
លោក ឆាយ ធីបានបន្ថែមថា៖«ពួកឈ្មួញពីរបីក្រុមបានដណ្តើមគ្នាកាប់ និងដឹកតាមឡានពី២០ ទៅ ៣០ គ្រឿងចូលទៅក្នុងក្រុមហ៊ុនក្នុងមួយថ្ងៃៗ។ តែគេបានផ្អាកសកម្មភាពហើយនៅពេលរឿងនេះបែកធ្លាយកាលពី ២ អាទិត្យមុន »។ លោកបន្តថាជាក់ស្តែងគ្រាន់តែមួយកន្លែងអ្នកចុះពិនិត្យទាំងអស់បានឃើញដើមឈើជាង៣ពាន់ដើម ត្រូវបានគេកាប់ផ្តួល ហើយដឹកចេញមិនទាន់។ នៅសល់បីកន្លែងផ្សេងទៀតដែលពួកលោកពិបាកធ្វើដំណើរចូលទៅដល់។
ប្រជាពលរដ្ឋម្នាក់ដែលជួយជូនក្រុមអាជ្ញាធរមូលដ្ឋាន នៅក្នុងការចុះត្រួតពិនិត្យនេះ បានឲ្យដឹងថាដើមឈើច្បោះជ័រ ចំនួន ៤០០ ដើម ដែលគ្រួសាររបស់លោក ធ្លាប់ចោះយកជ័រត្រូវបានគេកាប់ផ្តួលទាំងអស់ ។ បុរសដែលបដិសេធមិនបញ្ចេញឈ្មោះរូបនេះ បានបញ្ជាក់ថា៖ឈ្មួញអ្នកកាប់និងទិញម្នាក់ឈ្មោះ ថា បានកាប់ដើមច្បោះជ័ររបស់ខ្ញុំអស់។គេថាឲ្យកាប់ក៏កាប់ មិនឲ្យកាប់ក៏កាប់ដែរ។ ពេលនេះ អ្នកភូមិយើងអស់មុខរបរអីរកហើយ។ ពលរដ្ឋយើងអស់ជម្រើសហើយទើបហ៊ាននិយាយនេះ »។
កាលពីថ្ងៃអាទិត្យ ទី២១ខែមេសាអាជ្ញាធរមូលដ្ឋាន និងមន្រ្តីក្រសួងកសិកម្មក៏បានចុះទៅពិនិត្យព្រៃឈើ ក្នុងដែនជម្រកសត្វព្រៃលំផាត់ ក្នុងស្រុកកូនមុំនេះដែរ បន្ទាប់ពីមានព័ត៌មានពីការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់នោះ។ លោកឈឹម សុឃឹម មេឃុំស្រែអង្គ្រង បានមានប្រសាសន៍កាលពីម្សិលមិញថា លោកបានជូនមន្រ្តីពីក្រសួងកសិកម្មទៅត្រួតពិនិត្យ ហើយបានឃើញថាពិតជាមានការកាប់បំផ្លាញព្រៃឈើក្នុងដែនជម្រកសត្វព្រៃនោះមែន។
លោកឈឹម សុឃឹមបានបញ្ជាក់ថា៖«យើងឃើញជនជាតិវៀតណាមបួននាក់ កំពុងដឹកឈើចូលទៅក្នុងដីក្រុមហ៊ុនហុងអាញអណ្តូងមាស។ ពួកគេនិយាយភាសាវៀតណាម។ យើងមិនចេះស្តាប់ទេ ទើបមិនដឹងសួរនាំយ៉ាងម៉េច តែខ្ញុំគិតថាពួកគេជាបុគ្គលិករបស់ក្រុមនេះហើយ »។ ទោះយ៉ាងណាលោកស៊ឹម រឹទ្ធិ មន្ត្រីក្រសួងកសិកម្មដែលបានចុះទៅជាមួយលោកមេឃុំរូបនេះ បានអះអាងផ្ទុយគ្នាទៅវិញ។ លោកស៊ឹម រឹទ្ធិបានថ្លែងដូច្នេះថា៖ « យើងឃើញពលរដ្ឋខ្មែរយើងកាប់ឈើនៅទីនោះយកទៅធ្វើផ្ទះ។ មានកាប់តិចតួចប៉ុណ្ណោះ។ យើងបានហាមឃាត់ពួកគេមិនឲ្យកាប់បន្តទៀត »។
ភ្នំពេញ ប៉ុស្តិ៍ មិនអាចទាក់ទងសុំការបំភ្លឺពីក្រុមហ៊ុនហុងអាញអណ្តូងមាសបានទេ។ អនុក្រឹតរបស់រដ្ឋាភិបាលដែលចុះហត្ថលេខា ដោយលោកនាយរដ្ឋមន្ត្រីហ៊ុន សែន បានឲ្យដឹងថាក្រុមហ៊ុន នេះ បានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលទំហំ ៩៧៨៥ ហិកតាកាលពីឆ្នាំ ២០១១។
លោក យី សុខសាន្ត មន្ត្រីស៊ើបអង្កេតដីធ្លីនិងធនធានធម្មជាតិ នៃសមាគមអាដហុកនៅការិយាល័យភ្នំពេញ ដែលបានចុះទៅពិនិត្យដែរនោះបានឲ្យដឹងថាលោកនឹងធ្វើរបាយការណ៍ពីករណីកាប់បំផ្លាញព្រៃឈើនេះទៅរដ្ឋាភិបាល ដើម្បីឲ្យមានចំណាត់ការបន្ទាន់ទប់ស្កាត់និងចាប់ជនល្មើសបញ្ជូនទៅតុលាការ។
លោកចាន់ សុវ៉េត មន្រ្តីស៊ើបអង្កេតជាន់ខ្ពស់របស់សមាគមសិទិ្ធមនុស្សអាដហុកបានលើកឡើងថារដ្ឋាភិបាលកម្ពុជាស្ទើរតែបរាជ័យទាំងស្រុងនៅក្នុងការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ។ លោកចាន់ សុវ៉េត បានថ្លែងដូច្នេះថា៖ «បើរដ្ឋាភិបាលគ្រាន់តែចេញបទបញ្ជាដោយគ្មានការអនុវត្តជាក់ស្តែង ប្រកបដោយប្រសិទ្ធភាពបែបនេះ នោះព្រៃឈើស្រុកខ្មែរនឹងត្រូវវិនាសអស់គ្មានសល់ នៅពេលឆាប់ៗខាងមុខ »។
ដែនជម្រកសត្វព្រៃលំផាត់ ស្ថិតនៅក្នុងខេត្តរតនគិរី មណ្ឌលគិរី និងស្ទឹងត្រែង ដែលមានទំហំប្រមាណជា ២៥០០ គីឡូម៉ែត្រការ៉េ។
លោកប៉ាវ ហមផាន អភិបាលខេត្តរតនគិរី បានថ្លែងថា លោកមិនទាន់បានដឹងព័ត៌មានអំពីការកាប់ឈើនេះឡើយ ហើយនៅពេលដែលលោកទទួលបានព័ត៌មាននេះ ពីអាជ្ញាធរមូលដ្ឋានលោកនឹងធ្វើការត្រួតពិនិត្យមើល៕
No comments:
Post a Comment