ការបោះឆ្នោតនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៨ខែកក្កដាឆ្នាំនេះ |
នៅក្នុងពេលនេះគណបក្សមួយចំនួនបានប្រុងប្រៀបខ្លួនរួចជាស្រេចដើម្បីឡើងសង្វៀនប្រកួត។
02.04.2013
ដោយ ស៊ុយ ហ៊ាមខេមរា
VOA Khmer
ភ្នំពេញ៖ ការចុះបញ្ជីឈ្មោះបេក្ខជនបោះឆ្នោតនៃគណបក្សនយោបាយ ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៥ នៅឆ្នាំ២០១៣នឹងចាប់ផ្តើមនៅថ្ងៃទី ២៩ ខែមេសាខាងមុខនេះពោលគឺនៅសល់មិនដល់មួយខែទៀតប៉ុណ្ណោះ។ នៅក្នុងពេលនេះគណបក្សមួយចំនួនបានប្រុងប្រៀបខ្លួនរួចជាស្រេចដើម្បីឡើងសង្វៀនប្រកួត។ មេដឹកនាំគណបក្សជំទាស់ដ៏ធំជាងគេក្នុងប្រទេសកម្ពុជាគឺលោកសម រង្ស៉ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសក្រោយពេលដែលតុលាការកាត់ទោសកំបាំងមុខឲ្យជាប់ពន្ធនាគារជាង១០ឆ្នាំពីបទដកតម្រុយបង្គោលព្រំដែនកាលពីឆ្នាំ២០១០។
ប្រធានគណបក្សសង្គ្រោះជាតិរូបនេះបានប្រាប់វីអូអេជាខេមរៈភាសាតាមទូរស័ព្ទពីប្រទេសបារាំងថា សម្រាប់ការបោះឆ្នោតខាងមុខនេះគណបក្សរបស់លោកបានត្រៀមផែនការឃោសនាដែលទាក់ទងនឹងបញ្ហាសង្គមដែលកំពុងកើតក្នុងប្រទេសកម្ពុជា។ លោកសម រង្ស៊ីបានបញ្ជាក់បន្ថែមថា៖«ឱ្យដីធ្លីស្រែចំការផ្ទះសម្បែងប្រជារាស្ត្រវិញពីព្រោះយើងយល់ឃើញថាប្រជារាស្ត្រខ្មែរគឺជាម្ចាស់ដើមនិងជាម្ចាស់ទឹកម្ចាស់ដី។ ហើយយើងនឹងរៀបចំសង្គមឱ្យមានភាពយុត្តិធម៌ លុបបំបាត់នូវអំពើពុករលួយ ប្រមូលទ្រព្យសម្បត្តិរដ្ឋ ទ្រព្យសម្បត្តិជាតិ ថវិការដ្ឋ មកដាក់ក្នុងឃ្លាំងរដ្ឋវិញដើម្បីប្រមូលថវិកាមកកសាងជាតិ ជួយអ្នកក្រ ដើម្បីយកមកដំឡើងប្រាក់ខែដល់មន្ត្រីរាជការ។ យើងនឹងការពារផលប្រយោជន៍ជាតិខ្មែរ។ យើងមិនបម្រើផលប្រយោជន៍បរទេសទៀតទេ»។ គណបក្សសង្គ្រោះជាតិជាគណបក្សដែលបង្កើតឡើងដោយគណបក្សប្រឆាំងពីរគឺគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស។ គណបក្សនេះដាក់ទិសដៅប្រជែងខ្លាំងក្លាជាមួយគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចជាង៣០ឆ្នាំមកហើយ។
លោកគង់ គាំ ដែលឡើងធ្វើជាប្រធានបក្សសមរង្ស៊ី ជំនួសលោកសម រង្ស៊ី ឲ្យដឹងថា សម្រាប់ការបោះឆ្នោតឆ្នាំ២០១៣នេះ ទាំងគណបក្សសមរង្ស៊ីនិងគណបក្សសិទ្ធិមនុស្សនឹងមិនឈរបោះឆ្នោតទេគឺគណបក្សរបស់លោក បានសម្រេចយកតែគណបក្សសង្គ្រោះជាតិតែមួយទេសម្រាប់ចូលប្រកួតប្រជែងដណ្តើមសំឡេងឆ្នោត។ សម្រាប់ការបោះឆ្នោតឆ្នាំ ២០០៨ មានគណបក្សចំនួន ១១បានចុះបញ្ជីចូលរួមការបោះឆ្នោត។ ក៏ប៉ុន្តែមានតែ ៥គណបក្ស ប៉ុណ្ណោះដែលទទួលបានអសនៈនៅក្នុងរដ្ឋសភាក្នុងនោះគណបក្សប្រជាជនកម្ពុជា បានទទួលសំឡេងគាំទ្រច្រើនជាងគេគឺ៩០អសនៈ រីឯ គណបក្សសមរង្សីវិញទទួលបាន អសនៈចំនួន ២៦។ គណបក្សសិទ្ធិមនុស្សស្ថិតនៅលេខរៀងទី ៣ដែលមាន៣អសនៈ។
គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សនរោត្តមរណប្ញទ្ធិវិញទទួលបានអសនៈ ២ដូចគ្នា។ នៅមុនការបោះឆ្នោតមកដល់គណបក្សទាំងពីរដែលមានអសនៈតិចជាងគេក្នុងរដ្ឋសភាបានច្របាច់បញ្ចូលគ្នាទៅជាគណបក្សហ្វ៊ុនស៊ិនប៉ិចតែមួយ។ លោក ញ៉ឹក ប៊ុនឆៃ ប្រធានប្រតិបត្ដិនៃគណបក្សហ្វ៊ុនស៊ិនប៉ិចបានឱ្យដឹងថា បានត្រៀមដាក់ចេញនូវគោលនយោបាយធំៗដូចជា ការប្រកាន់នូវរបបសីហនុនិយម សនិ្តភាពនិងសហប្រតិបត្តិការបង្កើតសង្គមដែលស្អាតស្អំ និងការប្រឆាំងទៅនឹងអំពើពុករលួយ ការគោរពសិទ្ធិមនុស្សនិងផ្តោតលើវិស័យកសិឧស្សហកម្មជាធំ។ លោក ញ៉ឹក ប៊ុនឆៃបន្ថែមថា៖«សីហនុនិយមការបង្រួបបង្រួមផ្សះផ្សារជាតិដោយឯករាជ្យ និងអព្យាក្រិត សន្តិភាពនិងសហប្រតិបត្តិការ សង្គមដ៏ត្រឹមត្រូវ។ ទី៣ហ្នឹងគឺការប្រឆាំងអំពើពុករលួយ និងការផ្តោតលើវិស័យកសិឧស្សាហកម្មធ្វើឱ្យជីវភាពប្រជាពលរដ្ឋហ្នឹងប្រសើរឡើង»។ ចំណែកលោក ខឹម វាសនាប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានឱ្យដឹងថា គណបក្សរបស់លោកបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត។ ហើយគណបក្សរបស់លោកបានរៀបចំសមាជិកតំណាងរាស្ត្រសម្រាប់ឈរឈ្មោះបោះឆ្នោតគ្រប់ខេត្តក្រុង។
លោកខឹម វាសនាបញ្ជាក់ថា៖«ការអនុវត្តច្បាប់ទៅលើគ្រប់មនុស្សទាំងអស់គឺមិនមែនមកពីអ្នកគ្រប់គ្រងអំណាចទេគឺដោយសារតែអំណាចវាប្រមូលផ្តុំអីចឹងការអនុវត្តច្បាប់មិនអាចទៅរួចទេ»។ លោក គង់ ប៊ុនធឿនប្រធានគណបក្សចលនាប្រជាធិបតេយ្យដែលបានប្រែឈ្មោះពីហង្សដារ៉ាចលនាប្រជាធិបតេយ្យ។ លោក និយាយថាគណបក្សរបស់លោកក៏បានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការចុះបញ្ជីបក្សនយោបាយនៅចុងខែនេះដែរ។ «តាមការពិតទៅខ្ញុំបានត្រៀមសមាជិកក្នុងការប្រកួតប្រជែងក្នុងការបោះឆ្នោតរួចរាល់ហើយ។ប៉ុន្តែរង់ចាំពេលវេលាដែលគជបដែលគេកំណត់»។ លោក ប៊ុនធឿនបានថ្លែងប្រាប់ថាគណបក្សចលនាប្រជាធិបតេយ្យនឹងផ្តោតសំខាន់ការពាររបបរាជានិយម បណ្តេញអន្តោរប្រវេសន៍ខុសច្បាប់ចេញប្រទេសកម្ពុជា និងទាមទារទឹកដីដែលបាត់បង់។ លោក សេង សុខេង គឺជាប្រធានគណបក្សសញ្ជាតិកម្ពុជាដែលទើបតែបង្កើតឡើងកាលពីឆ្នាំ ២០១១។ មិនខុសអ្វីទៅហ្នឹងលោក ប៊ុន ធឿនដែរ លោកសុខេងបានបញ្ជាក់ដែរថារហូតមកទល់ពេលបច្ចុប្បន្ននេះបក្សរបស់គាត់បានរៀបចំខ្លួនហើយសម្រាប់ការឈរឈ្មោះបោះឆ្នោតនាពេលខាងមុខ។ ដោយបន្ថែមថាគណបក្សសញ្ជាតិកម្ពុជាផ្តោតសំខាន់ក្នុងការលុបបំបាត់ភាពក្រីក្រនៅក្នុងប្រទេស។
មានប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតជាង៩លាននាក់សម្រាប់ការបោះឆ្នោតខាងមុខនេះ។ វីអូអេសំឡេងសហរដ្ឋអាមេរិកបានព្យាយាមទាក់ទងមន្ត្រីផ្លូវការគណបក្សប្រជាជនកម្ពុជាជាច្រើនក្នុងសប្តាហ៍នេះប៉ុន្តែពួកគាត់មិនអាចផ្តល់សេចក្តីអត្ថាធិប្បាយណាមួយនោះទេ។ កាលពីពេលថ្មីៗនេះ លោក ជា ស៊ីមប្រធានគណបក្សប្រជាជនកម្ពុជាថ្លែងក្នុងសុន្ទរកថាបូកសរុបសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទសរបស់គណបក្សថា មហាសន្និបាតបានសម្រេចអនុម័តកម្មវិធីនយោបាយ ដើម្បីកសាង និងការពារមាតុភូមិប្រចាំឆ្នាំ ២០១៣-២០១៨ ដោយរួមមានការកសាងប្រទេសឱ្យជឿនលឿន មានវឌ្ឍន៍ភាពលើគ្រប់វិស័យ មានសាមគ្គីភាព ការគោរពសិទ្ធិមនុស្ស គ្រប់គ្រងអធិបតេយ្យភាព និងបូរណភាពទឹកដីជាដើម។
លោក អ៊ុក ភូរិ ប្រធានគណបក្សប្រជាធិបតេយ្យខ្មែរដែលធ្លាប់ចូលរួមប្រកួតក្នុងការបោះឆ្នោតចាប់តាំងពីឆ្នាំ១៩៩៣មក។ លោក អ៊ុក ភូរិ ឱ្យដឹងថា គណបក្សរបស់គាត់នឹងមិនចូលរួមការបោះឆ្នោតឆ្នាំ២០១៣នេះទៀតទេដោយសារលោកមិនសូវ មានជំនឿទុកចិត្តលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។«ច្បាប់បោះឆ្នោតអី្វ គជបអី្វមើលទៅមិនសមប្រកបឱ្យគណបក្សខ្ញុំវិនិយោគទេ។ ប៉ុន្តែយើងគ្រាន់តែមិនចូលរួមមិនមែនថាយើងបិទគណបក្សនោះទេ។ យើងចង់ផ្តល់ឱកាសដល់ក្មេង។ ចាំមើលទៅមុខមើល»។ ចំណែកឯប្រធានគណបក្សសង្គមយុត្តិធម៌វិញ លោក បាន សុផល បានប្រាប់ឱ្យដឹងដែរថា គណបក្សរបស់លោកនឹងមិនចូលរួមការបោះឆ្នោតខាងមុខនេះទេ។ លោកបានពន្យល់ថាមូលហេតុគឺមកពីលោកមិនចង់ឱ្យមានការបែកចែកនូវសំឡេងអ្នកប្រជាធិបតេយ្យហើយចង់ឃើញការប្រកួតប្រជែងរវាងគណបក្សធំៗពីរគឺបក្សប្រជាជនកម្ពុជានិងបក្សសង្គ្រោះជាតិ។
លោកហង្ស ពុទ្ធា នាយកប្រតិបត្តិអង្គការនិកហ្វិក បាននិយាយថា ចំនួនគណបក្សនយោបានចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅថ្ងៃទី២៨ខែកក្កដាឆ្នាំនេះទំនងជាមានការធ្លាក់ចុះដោយសារតែមានគណបក្សមួយចំនួនបានរួមបញ្ជូលគ្នាជាគណបក្សមួយនិងគណបក្សមួយចំនួនទៀតដកខ្លួនចេញពីការបោះឆ្នោត៕
No comments:
Post a Comment