Monday, April 08, 2013

កុំមើលរំលងហានិភ័យចំពោះកុមារបម្រើតាមផ្ទះ

ស្នាមរបួសលើខ្នងក្មេងស្រីដែលត្រូវភរិយាឧកញ៉ាវាយ។ រូបថត សហការី

MONDAY, 08 APRIL 2013
តុង សុប្រាជ្ញ
The Phnom Penh Post

កាលពីសម័យ ដើម គ្រូបង្រៀនដែលល្អ ហើយគេឲ្យតម្លៃទៅលើគ្រូណាដែលពូកែវ៉ៃកូនសិស្សនឹង រំពាត់ និងធ្វើទារុណកម្មកូនសិស្ស គេថាគ្រូនោះបង្រៀនសិស្សឆាប់ចេះ។ ទម្លាប់ដ៏អាក្រក់របស់គ្រូបង្រៀនប្រើអំពើហិង្សាបែបនេះហើយ ធ្វើឲ្យប៉ះពាល់សង្គមសម័យនោះ គឺចាស់ៗមួយចំនួនធំកាលពី សម័យកាលដើមនោះយកតម្រាប់តាម តាមរយៈបទពិសោធគ្រូវាយពួកគាត់ ឬក៏ពួកគាត់ឃើញគ្រូវាយសិស្សដទៃ គឺឲ្យតែភ្លែតឡើង ប្រើអំពើហិង្សាដោយពាក្យសម្តី ដោយកាយវិការ នៅក្នុងគ្រួសារ ជាពិសេសអ្នកដែលរងគ្រោះជាងគេគឺកុមារបម្រើការតាមផ្ទះ គឺងាយស្រួលជះកំហឹង។

បច្ចុប្បន្ន គ្រូបង្រៀនមិនត្រូវបានអនុញ្ញាតឲ្យប្រើអំពើហិង្សាលើកូនសិស្ស ហើយ ចុះហេតុអ្វីបានជា កុមារនៅតាមផ្ទះ នៅតែប្រឈមនឹងអំពើហិង្សាគ្រប់រូបភាពដោយម្ចាស់ផ្ទះទៀត? អ៊ីចឹងតើពេលណាបានម្ចាស់ផ្ទះ បញ្ឈប់ការរំលោភបំពានសិទ្ធិកុមារតាមផ្ទះ?

ដោយសារតែភាព ក្រីក្រ ធ្វើឲ្យឪពុកម្តាយមួយចំនួន ដាច់ចិត្តឲ្យកូនស្រីមកធ្វើការតាមផ្ទះនៅតាមទីក្រុង។ កុមារខ្លះក៏មានសំណាងបានរស់នៅជាមួយម្ចាស់ផ្ទះដែលមានចិត្ត ធម៌ តែបើស៊យប៉ះម្ចាស់ផ្ទះចិត្តអាក្រក់វិញ ទោះបីជាម្ចាស់ផ្ទះដែលជាអ្នកធំ ឬអ្នកមានប៉ុនណាក៏ដោយ គឺរស់នៅដូចក្នុងគុកអ៊ីចឹង ធ្វើការគ្មានពេលសម្រាកទេ បោកគក់ខោអាវ ជូតផ្ទះ ដាំបាយ លាងឡាន និងធ្វើកិច្ចការរាប់សិបមុខទៀត។ ពេលខ្លះអ្នកបម្រើ ឬឈ្នួលទាំងនោះត្រូវគេជេរ ប្រមាថ ត្មះដៀល ព្រោះម្ចាស់ផ្ទះស្រីភាគច្រើនយល់ថា កុមារទាំងនោះគឺជាកញ្ជះ ចង់វាយដំស្រេចតែនឹងចិត្ត ខ្លះក៏វាយនឹងអំបោស ឬក៏ស្បែកជើងក៏មានដែរ។ រីឯកុមារខ្លះ មិនត្រឹមតែម្ចាស់ផ្ទះជាប្តីវាយដំទេ តែលួងលោមផង និងគំរាមផងដើម្បីរំលោភសេពសន្ថវៈកុមារីបម្រើការតាមផ្ទះទៀតផង ។


ជាក់ស្តែងករណីគ្រួសារធូរធារមួយ នៅពេលដែលប្រពន្ធ កំពុងជាប់ពន្ធធនាគារគឺប្តីឆ្លៀតឱកាសដែលកូនៗមិននៅផ្ទះទៀត គឺបុរសជាប្តី ក៏រំលោភសេពសន្ថវៈស្ទើរតែរាល់ថ្ងៃ ទៅលើកុមារីដែលធ្វើការនៅផ្ទះនោះតាំងពីនាងអាយុជិតដប់ឆ្នាំ ។ តែនៅពេលដែលប្រពន្ធត្រូវបានតុលាការឲ្យនៅក្រៅឃុំវិញកាលពី ឆ្នាំទៅ សកម្មភាពរួមភេទជាមួយក្មេងស្រីនោះនៅតែបន្ត ប្រពន្ធក៏តាមទាន់ គឺបានត្រឹមតែបណ្តេញ ប្តី និងក្មេងស្រីបម្រើនោះចេញពីផ្ទះប៉ុណ្ណោះ។

ករណីមួយទៀត នៅពេលដែលប្រពន្ធមកលក់នៅផ្សារ ឯប្តីចេញពីផ្សារទៅផ្ទះសម្រាកពេលថ្ងៃត្រង់នោះ គឺជាឱកាសរបស់ប្តី នៅហូបបាយថ្ងៃត្រង់ហើយ ក៏ឆ្លៀតរំលោភសេពសន្ថវៈ ទៅលើក្មេងស្រីដែលដំាស្ល បោសជូតផ្ទះរាល់ថ្ងៃ។ នៅពេលដែលក្មេងស្រីនោះ មានផ្ទៃពោះ ទើបប្រពន្ធដឹងហើយសួរនាំទៅ ក៏ឲ្យលុយទៅយកកូនចេញ និងឲ្យទៅផ្ទះនៅស្រុកវិញទៅ។

នេះគឺជាអំពើដ៏គម្រក់របស់ ម្ចាស់ផ្ទះមួយចំនួន ដែលបង្ខូចវាសនាអនាគតកុមារី ដោយចង់បានសេចក្តីសុខខ្លួនឯង លើគំនរទុក្ខអ្នកដទៃ។ តើមានអ្នកណាទៅជួយ ក្មេងស្រីទាំងនេះបាន បើគេធ្វើអ្វីនៅក្នុងផ្ទះរបស់គេនោះ? ហើយវាកាន់តែលំបាកទៅទៀតបើផ្ទះនោះ ជាផ្ទះអ្នកមានអំណាច ដែលមានសន្តិសុខ ឈរយាម ២៤ ម៉ោង។

រឿងករណីរំលោភសេពសន្ថវៈ និងការធ្វើទារុណកម្មទៅលើកុមារបម្រើតាមផ្ទះនេះ គឺជាបញ្ហាមួយដែលពិបាកដឹងច្បាស់លាស់ណាស់។ អ្វីដែលអាចធ្វើបាននោះ លុះត្រាតែមានកុមារខ្លួនឯងលួចរត់ចេញពីផ្ទះ ឬក៏ប្រាប់អ្នកជិតខាងឲ្យជួយ បានទៅរួច។ កាលពីឆ្នាំទៅ សាលាឧទ្ធរណ៍ បានកាត់ទោសអ្នកគ្រូបង្រៀនម្នាក់ឲ្យជាប់ពន្ធនាគារដល់ទៅ២០ ឆ្នាំឯណោះ ពីបទធ្វើទារុណកម្មទៅលើកុមារដែលធ្វើការនៅផ្ទះ។ ហើយករណីទារុណកម្មក្មេងស្រី២នាក់បងប្អូនអាយុ ១៧ឆ្នាំមួយទៀត កាលពីខែមុននេះ ព្រះរាជអាជ្ញាបានចោទប្រកាន់ភរិយាឧកញ៉ាដោយ ទាមទារជំងឺចិត្ត១០០លានរៀល។ ករណីបែបនេះគឺតុលាការអាចចោទ តាមរយៈច្បាប់ប្រឆំាងនឹងអំពើហិង្សាក្នុងគ្រួសារបាន ព្រោះកុមារបម្រើការនៅតាមផ្ទះគឺ ស្ថិតនៅក្រោមដំបូលផ្ទះរបស់ម្ចាស់ផ្ទះ។

បើទោះបីជាការ បម្រើការតាមផ្ទះនេះ ត្រូវបានគេចាត់ទុកជាការងារស្របច្បាប់ នៅក្នុងការសិក្សាស្រាវជ្រាវអង្កេតអំពីសង្គមសេដ្ឋកិច្ចនៅ កម្ពុជា តែការងារបម្រើតាមផ្ទះមិនត្រូវបានគេចាត់ចូលទៅក្នុង ច្បាប់ការងារជាតិនៅឡើយទេ។ កាលពីឆ្នាំ២០១១ ប្រទេសកម្ពុជា មិនបានចុះហត្ថលេខាធ្វើសច្ចាប័នទទួលយកអនុសញ្ញាលេខ ១៨៩ របស់អង្គការពលកម្មអន្តរជាតិស្តីពីស្តង់ដារការងារបម្រើតាម ផ្ទះ។ មានតែប្រទេសហ្វីលីពីនទេដែលទទួលយកអនុសញ្ញាលេខ១៨៩ នោះ ហើយក៏បានបញ្ចូលការងារបម្រើតាមផ្ទះទៅក្នុងច្បាប់ការងារ ជាតិរបស់គេផងដែរ។ ការដែលទទួលយកអនុសញ្ញាលេខ១៨៩ គឺមានន័យថា អ្នកបម្រើតាមផ្ទះគឺធ្វើការតែ៨ម៉ោងក្នុងមួយថ្ងៃទេ ហើយមានថ្ងៃឈប់សម្រាក១ថ្ងៃក្នុង១សប្តាហ៍ ហើយក៏ឈប់សម្រាកថ្ងៃដែលរដ្ឋាភិបាលកំណត់ប្រចាំឆ្នាំផងដែរ។ ពលករជាតិហ្វីលីពីន ត្រូវបានការពារពេញលេញដោយច្បាប់ ហេតុដូច្នោះហើយទើប ពលករចំណាកស្រុកហ្វីលីពីន កម្រត្រូវបានគេរាយការណ៍អំពី អំពើហិង្សាកើតឡើងលើពួកគេខ្លាំងណាស់។ ដោយឡែកនៅកម្ពុជាកុមារបម្រើការតាមផ្ទះនៅតែប្រឈមនឹងហានិភ័យ ខ្ពស់ដដែល គឺដឹងតែធ្វើការឲ្យម្ចាស់ផ្ទះ គ្មានច្បាប់ទេ គឺមានតែទម្លាប់ចាស់ហ្នឹងឯង។ បើនិយាយពីអង្គការដែលជួយកុមារបម្រើការតាមផ្ទះវិញគឺសឹងតែគ្មានទេ មានតែក្រុមបណ្តាញអ្នកធ្វើការតាមផ្ទះទេដែលជួយទប់ស្កាត់ការ ធ្វើទារុណកម្ម តែមានតែអង្គការដែលជួយពេលអ្វីៗកើតឡើងរួចហើយ។ ឯរាជរដ្ឋាភិបាលវិញ ក៏ដូចគ្នាដែរ គឺពុំបានអនុម័តច្បាប់ការពារកុមារបម្រើតាមផ្ទះទេ គឺទាល់តែមានពាក្យបណ្តឹង ការធ្វើទារុណកម្ម រំលោភសេពសន្ថវៈទើបមានចំណាត់ការ។

ជាផលវិបាកនៃការធ្វើ បាបកុមារបម្រើតាមផ្ទះគ្រប់រូបភាពបែបនេះ គឺក្មេងស្រីដែលស្វែងរកការងារធ្វើ គឺគេទៅធ្វើការនៅរោងចក្រ ឬក៏ធ្វើការចំណាកស្រុកវិញមានសេរីភាពជាង និងប្រាក់កម្រៃខ្ពស់ជាងបម្រើការតាមផ្ទះ។ ហេតុដូច្នេះហើយ អ្វីដែលអាចជួយកុមារបម្រើការតាមផ្ទះ ដោយការពារពីការរំលោភបំពានបាននោះ គឺមានតែទី ១) ម្ចាស់ផ្ទះ ត្រូវតែផ្តល់ភាពកក់ក្តៅ និងការផ្តល់ឱកាសឲ្យទៅសាលារៀន និងឈប់សម្រាក សម្រាប់ពួកគេឲ្យដូចកូនខ្លួនឯងអ៊ីចឹង។ ទី២) រាជរដ្ឋាភិបាល គួរតែចុះហត្ថលេខាលើអនុសញ្ញាលេខ ១៨៩ របស់អង្គការពលកម្មអន្តរជាតិ ដើម្បីទទួលសច្ចាប័ន ឲ្យអ្នកធ្វើការតាមផ្ទះមាននៅក្នុងច្បាប់ការងារជាតិផងដែរ។ ទី៣) គណៈមេធាវី ត្រូវតែបញ្ឈប់បង្កការលំបាក និងភាពសាំញ៉ាំដល់មេធាវីក្នុងការបកស្រាយអំពីច្បាប់នានា នៅតាមបណ្តាញសារព័ត៌មាន ដើម្បីឲ្យម្ចាស់ផ្ទះមានឱកាសទទួលចំណេះដឹងផ្នែកច្បាប់មួយចំនួន ដែលពាក់ព័ន្ធនឹងអំពើហិង្សា និងរំលោភបំពានលើកុមារជាដើម៕

3 comments:

Anonymous said...

The abuser will keep abusing if their barbarous action goes unpunished.
It is so sick to see this kind of mistreatment to the poor people.
Put those asshole abusers in prison to help alleviate the unfortunate Khmer people who work as slave and got beaten.

Anonymous said...

គួរឱ្យអាសូរកុមារក្នុងប្រទេសកម្ពុជាដែលបានឆ្លងកាត់បទពិសោធពោរពេញដោយសោកនាដកម្មបែបនេះ។ នេះហើយជាសញ្ញាបញ្ជាក់ដ៏ច្បាស់ពីការដឹកនាំដ៏ខ្សោយរបស់រដ្ឋាភិបាល ដែលមិនបានចាត់យុវជន យុវនារី កុមារា កុមារី ទុកជាទ្រព្យដ៏ពិសេសកាត់ថ្លៃមិនបានដូចអារ្យប្រទេស និងប្រទេសមហាអំណាចនានា។

ពី កូនខ្មែរដែលស្នេហាមាតុភូមិ

Anonymous said...

Gov't needs to follow up the process of adopting or fostering children. e.g where do they go, family background and how are they being treated, looking for all signs of abuses e.g.must respect and follow this rule of love and compassion e.g, 'everyone is equally important' and 'zero tolerant for bulling' that is, if anyone found guilty of breaking such a rule, they must be jailed plus compensate the victim and also removing them out of that family into a better facility or other family who is willing to love them they way they love their own children. Gov't needs to provide such a familly with both social and financial support because such incentive will promote good moral for our society since nothing is for free. Because when people don't have enough help and support, they will go crazy, simple as that, and you have no one to blame but the gov't itself is to blame.

The question can be, where do we get such money to support program? the answer is, money can be collected from temples churches, tax payers etc.

my conclusion is, the country is not poor but rather, poor management, that is all.