Sunday, April 28, 2013

បទ​វិភាគ៖ ខ្មែរ​នៅ​តែ​រង​គ្រោះ​ដោយសារ​ឈើ​គ្រញូង​ឬ​យ៉ាង​ណា?

កម្មករ​ដាប់​ឈើ​គ្រញូង​ធ្វើ​គ្រឿង​លម្អ នៅ​ស្រុក​គូលែន ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១២។
RFA/Keo Nimol
ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែល​ពលរដ្ឋ​ខ្មែរ​ចំណាក​ស្រុក​ពី​ខេត្ត​ ផ្សេងៗ ទៅ​រស់​នៅ​តំបន់​ទល់​ដែន​ខ្មែរ-​ថៃ នៅ​តែ​ចិញ្ចឹម​ចិត្ត​ឆ្លង​ដែន​ខុស​ច្បាប់ ទៅ​ស៊ី​ឈ្នួល​កាប់​ឈើ​គ្រញូង​ក្នុង​ទឹក​ដី​ថៃ ជាប់​ព្រំដែន​ខ្មែរ​ដដែល បើ​ទោះ​បី​ជា​របរ​នេះ​ប្រឈម​នឹង​ការ​ស្លាប់​រស់​យ៉ាង​ណា​ក៏ដោយ។
ដោយ សេក បណ្ឌិត 2013-04-28 RFA
នៅ​ប៉ុន្មាន​ខែ​មុន​នេះ នាយករដ្ឋមន្ត្រី​ខ្មែរ​ក៏​ធ្លាប់​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​បញ្ឈប់​សកម្មភាព​ រក​ស៊ី​ឆ្លង​ដែន​ខុស​ច្បាប់ ឬ​រក​ស៊ី​ប្ដូរ​ជីវិត​នឹង​គ្រាប់​កាំភ្លើង​របស់​ថៃ​នេះ។ គ្រញូង​ជា​ឈើ​ប្រណិត​មួយ​ប្រភេទ​ដែល​គេ​ឲ្យ​តម្លៃ​ស្ទើរ​តែ​ស្មើ​នឹង​មាស ឬ​ក្រុម​ឈ្មួញ​គេ​ឲ្យ​ឈ្មោះ​ថា "មាស​ខ្មៅ"។
បញ្ហា​ឈើ​គ្រញូង​នេះ​នៅ​តែ​បន្ត​ឆក់​យក​អាយុ​ជីវិត​ពលរដ្ឋ​ខ្មែរ​ដែល​ ផ្សង​វាសនា​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ថៃ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ឥត​ឈប់​ឈរ។
ដោយសារ​ឃើញ​ក្រុម​ទាហាន​ថៃ បាញ់​ពលរដ្ឋ​ខ្មែរ​ស្លាប់ និង​របួស​មិន​ស្វាង ដោយ​ចោទ​ថា ឆ្លង​ដែន​ចូល​ទឹក​ដី​ថៃ ខុស​ច្បាប់​ដើម្បី​ស៊ី​ឈ្នួល​កាប់​ឈើ​គ្រញូង​នោះ យូរៗ​ម្ដង​រដ្ឋាភិបាល​ខ្មែរ​បាន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​ការ​បាញ់​សម្លាប់​ នេះ ដោយ​​អំពាវ​នាវ និង​ផ្ញើ​កំណត់ទូត​​ជា​ហូរហែ​ទៅ​រដ្ឋាភិបាល​ថៃ ឱ្យ​អនុវត្ត​​តាម​ច្បាប់កុំ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ត​ទៅ​​ទៀត។ ចំណែក​ភាគី​ថៃ​វិញ ហាក់​មិន​អើពើ​ ឆ្លើយ​តប​ជា​ផ្លូវការ​ណា​មួយ​​ទេ ចំពោះ​ប្រតិកម្ម​នានា​ទៅ​នឹង​សំណើ​របស់​រដ្ឋាភិបាល​ខ្មែរ​នោះ​ឡើយ។

ក្រុម​ទាហាន​ថៃ ហាក់​មិន​ខ្វល់​នឹង​គិត​ពី​ផ្លូវ​ច្បាប់​ជាមួយ​នឹង​ប្រទេស​ជិត​ខាង​កម្ពុជា​ ទេ។ ទាហាន​ថៃ លើក​កាំភ្លើង​បាញ់​ពលរដ្ឋ​ខ្មែរ​ដូច​បាញ់​កូន​ចាប ធ្វើ​យ៉ាង​ណា​ឲ្យ​តែ​ការពារ​ធនធាន​ធម្មជាតិ​របស់​គេ​ឲ្យ​បាន​គង់វង្ស។
ថៃ​សម្រេច​ចិត្ត​ធ្វើ​បែប​នេះ ក៏​ព្រោះ​តែ​ថៃ ធ្លាប់​ចោទ​ប្រកាន់​មក​អាជ្ញាធរ​ខ្មែរ​នៅ​តាម​ព្រំដែន​មួយ​ចំនួន​ថា ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​ជួយ​ទប់ស្កាត់​ចរន្ត​បទល្មើស​កាប់​ឈើ​គ្រញូង​នៅ​ តំបន់​ព្រំដែន​នោះ​ទេ ផ្ទុយ​ទៅ​វិញ មាន​លេចឮ​ថា សមត្ថកិច្ច​ខ្មែរ​ខ្លះ​បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​ជួញដូរ​ឈើ​គ្រញូង ដោយ​ជួយ​បើក​ផ្លូវ​ឲ្យ​ជួល​ពលរដ្ឋ​ខ្មែរ​ក្រីក្រ​លួច​ឆ្លង​ដែន​ខុស​ច្បាប់​ ចូល​កាប់​ឈើ​ក្នុង​ទឹក​ដី​ថៃ ថែម​ទៀត។
រដ្ឋាភិបាល​ខ្មែរ​ដែល​ទំនង​ជា​ជា​អស់​ក្រឡា​លោត​ជាមួយ​ភាគី​ថៃ និង​ហាក់​ដូច​ជា​គ្មាន​វិធី​នឹង​បោស​សម្អាត​មន្ត្រី​ពុករលួយ​បាន​នោះ ក៏​បាន​ងាក​មក​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ប្រកប​របរ​បែប​ប្រថុយ​ ប្រថាន ប្រឈម​នឹង​គ្រោះថ្នាក់ បាត់បង់​ជីវិត​បែប​នេះ​ទៀត។
តាម​មើល​ទៅ ការ​អំពាវនាវ​របស់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល ហាក់​ពុំ​មាន​អានុភាព​មក​លើ​ភាព​ទី​ទាល់ក្រ​របស់​ពួក​គាត់​ទេ ពីព្រោះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ អត្រា​ពលរដ្ឋ​រង​បួស និង​ស្លាប់​ដោយសារ​ការ​បាញ់​ប្រហារ​ពី​ក្រុម​ទាហាន​ថៃ ពុំ​បាន​ថយ​ចុះ​នោះ​ទេ។
ថ្មីៗ​នេះ​មន្ត្រី​សិទិ្ធ​មនុស្ស​អាដហុក ប្រចាំ​ខេត្ត​ឧត្តរមានជ័យ ជាប់​នឹង​ព្រំប្រទល់​ប្រទេស​ថៃ បាន​បង្ហាញ​របាយការណ៍​ថា ចាប់​ពី​ដើម​ឆ្នាំ​រហូត​ដល់​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៣ មាន​ពលរដ្ឋ​ខែ្មរ​ចំនួន ៨​នាក់ ត្រូវ​បាន​ទាហាន​ថៃ បាញ់​សម្លាប់​ដោយ​ចោទ​ថា ជន​រងគ្រោះ​ទាំង​នោះ​ឆ្លងដែន​ចូល​ទៅ​កាប់​ឈើ​គ្រញូង​ក្នុង​ដី​ថៃ​ ហើយ​នេះ​ជា​ករណី​ទី​៨​ហើយ ដែល​បាន​កើត​នៅ​តំបន់​ព្រំដែន​ក្នុង​ភូមិសាស្ត្រ ស្រុក​ត្រពាំងប្រាសាទ ស្រុក​អន្លង់វែង និង​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ នៅ​ឆ្នាំ​២០១៣ នេះ។
ទាក់ទង​បញ្ហា​នេះ​ដែរ កាល​ពី​ថ្ងៃ​ទី​២៤ មេសា មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ផ្ញើ​លិខិត​ជា​លើក​ទី​២ ទៅ​រដ្ឋាភិបាល​ថៃ ដើម្បី​ឲ្យ​បំភ្លឺ​បញ្ហា​ទាហាន​ថៃ បាញ់​សម្លាប់ និង​ដុត​សាកសព​ជន​ស៊ីវិល​កម្ពុជា នៅ​ក្នុង​ទឹក​ដី​ថៃ នៅ​ឆ្នាំ​២០១១ មាន​ចំនួន ១៥​នាក់ ហើយ​នៅ​ឆ្នាំ​២០១២ កន្លង​ទៅ​ បាន​កើន​ឡើង​ចំនួន ៤៥​នាក់។
ជា​ការពិត​ក្រុម​គ្រួសារ​ប្រជាពលរដ្ឋ​ស៊ី​ឈ្នួល​កាប់​ឈើ​គ្រញូង​ក្នុង​ ទឹក​ដី​ថៃ​នោះ ប្រាកដ​ជា​ស្ដាយ​អាយុ​ជីវិត​របស់​ខ្លួន ភ័យ​រន្ធត់​នឹង​ស្នូរ​គ្រាប់​កាំភ្លើង​ថៃ​ណាស់ ប៉ុន្តែ​ដោយ​ភាព​ទី​ទាល់ក្រ​ពេក ពួក​គាត់​មិន​ខ្លាច​នឹង​បាត់បង់​ជីវិត​ឡើយ។ ពួកគាត់​តែងតែ​ពោល​លួង​ចិត្ត​ខ្លួន​ឯង​ថា ទឹក​ដោះ​ម្ដាយ​ថ្លៃ​កូន​នឹង​រស់​វិល​មក​ផ្ទះ​វិញ​ជួប​ម្ដាយ ប្រពន្ធ​កូន បង​ប្អូន និង​បាន​លុយ​កាក់​ខ្លះ​មក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ​បាន​មួយ​ ពេលៗ ព្រម​ទាំង​បាន​ដោះ​បំណុល​គេ​ខ្លះ។
របាយការណ៍​របស់​អ្នក​សិក្សា​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​នៅ​តាម​ជនបទ​បាន​ បង្ហាញ​ថា ប្រជាពលរដ្ឋ​នៅ​តាម​ជនបទ ប្រមាណ ៧០% បាន​ជំពាក់​បំណុល​ធនាគារ ហើយ​ភាគ​ច្រើន​ពុំ​មាន​លទ្ធភាព​ដោះ​បំណុល​នោះ​បាន​ឡើយ។
ប្រសិន​ជា​ឲ្យ​ពួក​គាត់​សម្រេច​ចិត្ត​ឈប់​ប្រកប​របរ​ចូល​កាប់​ឈើ​គ្រញូង​ ក្នុង​ទឹក​ដី​ថៃ​នោះ តើ​ពួក​គាត់​ត្រូវ​ពឹង​ទៅ​លើ​អ្វី បើ​ដី​ស្រែ​ចម្ការ​មិន​មាន ឬ​ក៏​មាន​តិចតួច សមាជិក​គ្រួសារ​ចេះ​តែ​កើន​ឡើង​ជា​បន្តបន្ទាប់។  ចំណេះ​ដឹង​ក៏​មាន​តិចតួច មុខ​របរ​ការងារ​អាជីវកម្ម​ផ្សេងៗ​ក្នុង​សហគមន៍​ដែល​ពួក​គាត់​ចង់​ធ្វើ តែ​ពុំ​មាន​ដើម​ទុន។
បើ​ងាក​ទៅ​ខ្ចី​លុយ​ពី​ធនាគារ ក៏​ពុំ​អាច​រក​ផល​ចំណេញ​ដើម្បី​សង​ទៅ​ម្ចាស់​បំណុល​វិញ​បាន ដោយ​ពុំ​មាន​ជំនាញ​ខាង​អាជីវកម្ម​ផង និង​ពុំ​មាន​លទ្ធភាព​ប្រកួតប្រជែង​ជាមួយ​អ្នក​មាន​លុយ​កាក់​ដើម​ទុន​ច្រើន​ ផង។ លំបាក​ជាង​នេះ​ទៅ​ទៀត ផ្ទះសម្បែង​របស់​ពួក​គាត់​ម្នាក់ៗ​កំពុង​ប្រឈម​នឹង​ការ​រឹប​អូស​ពី​ស្ថាប័ន​ មីក្រូហិរញ្ញវត្ថុ បើ​សិន​ជា​មិន​អាច​បង់​ការ​ប្រាក់​បាន​ទាន់​ពេល​វេលា​ទេ​នោះ។ បើ​ពឹង​លើ​តំណាងរាស្ត្រ ឬ​រដ្ឋាភិបាល ទាល់តែ​ជិត​ដល់​ពេល​បោះ​ឆ្នោត​ទើប​លេច​មុខ​មក​ជួប​រាស្ត្រ​ចែក​អំណោយ ប៊ីចេង សារុង​មួយ ឬ​ពីរ​​ក្នុង​រយៈពេល ៥​ឆ្នាំ​ម្ដង។
ចំណែក​ផែនការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​បង្កើត​មុខ​របរ អាជីវកម្ម​ខ្នាត​តូច ខ្នាត​មធ្យម​ក្នុង​សហគមន៍ ដែល​សំដៅ​ជួយ​ពលរដ្ឋ​ឲ្យ​មាន​ការងារ​ធ្វើ​ក្នុង​ស្រុក ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​តាម​ជនបទ កាត់​បន្ថយ​ចំណាក​ស្រុក​នោះ ហាក់​ពុំ​មាន​ការ​ជឿន​លឿន​ទៅ​មុខ ដែល​អាច​ឲ្យ​ជឿ​ទុក​ចិត្ត​បាន​ឡើយ។
បញ្ហា ​ប្រឈម​សំខាន់ៗ​ទាំង​ប៉ុន្មាន​នេះ តាម​មើល​ទៅ​មិន​អាច​ឲ្យ​ពួក​គាត់​លា​ឈប់​ពី​របរ​ដែល​យក​ជីវិត​ទៅ​ប្រថុយ ហើយ​សម្ងំ​រស់​នៅ​របៀប​កាប់​បំពង់​រង់ចាំ​ទឹក​ភ្លៀង​នោះ​ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: