Wednesday, April 03, 2013

សហជីព​ខ្លះ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ភាគី​រោងចក្រ​ថា មិន​នាំ​កម្មករ​កូដកម្ម​

សហជីព ដែល​គេ​ស្គាល់​ថា មាន​និន្នាការ​​គាំទ្រ​​រដ្ឋាភិ​បាល បាន​​ចុះ​​អនុស្សារណៈ​​(MOU)​​ជាមួយ​នឹង​​សមាគម​​រោង​ចក្រ​​​កាត់​ដេរ​នៅ​​ កម្ពុជា​ក្នុង​​អ្វី​ដែល​ពួក​គេ​អះអាង​ថា ដើ​ម្បី​​​កាត់បន្ថយ​ការផ្ទុះ​កូដកម្ម​ក្នុង​វិស័យ​កាត់ដេរ​។​
ប្រធាន​ក្រុមប្រឹក្សាភិបាល​សហជីព​​ជាតិ​​កម្ពុជា លោក សោម អូន មានប្រសាសន៍​ក្នុង​ពិធី​ចុះហត្ថលេខា​អនុស្សរណៈ​យោគយល់​រវាង​សហជីព​លោក និង​សមាគម​រោង​ចក្រ​​កាត់ដេរ​នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ពុធ​ ទី​០៣ ខែ​​មេសា​​នេះ​​ថា បច្ចុប្បន្ន​វិស័យ​វាយនភ័ណ្ឌ​កាត់​ដេរ​នៅ​កម្ពុជា មាន​ការផ្ទុះ​កូដកម្ម​ជា​បន្តបន្ទាប់ ដោយសារតែ​កម្មករ និង​ថៅ​​កែ​​​រោងចក្រ​មិនសូវ​យោគយល់​គ្នា​។ ​លោក​ថា​ការ​ចុះ MOU ជា​មធ្យោបាយ​មួយ​ដ៏​សំខាន់​ដែល​អាច​កាត់បន្ថយ​បញ្ហា​ទាំងនេះ​បាន ៖ "នៅក្នុងMOUនេះ គោល​បំណង​សំខាន់​ទី១ គឺយើង ស​ហប្រតិបត្តិការគ្នា គោរពច្បាប់ទាំអស់គ្នា ហើយទី២ យើងជំរុញការ​​​បង្កើតអនុសញ្ញារួម នៅ​តាម​​បណ្ដា​​រោង​​ចក្រ​សហ​គ្រាស​ ពី​ព្រោះ​​​មានតែ​អនុសញ្ញា​រួមទេ​ដែល​​ ធ្វើ​ឲ្យ​រោង​ចក្រ​មួយ​មាន​សហ​ជីព​មួយ​​ ហើយ​សហ​ជីព​ដែល​មាន​សំឡេង​ភាគ​តិច​ ត្រូ​វគោរពសហជីព​សំឡេង​​ភាគ​​ច្រើន​ យើង​អនុ​វត្តន៍​​​កូដ​កម្ម​ គឺធ្វើស្រប់តាមនីតិវិធីច្បាប់ យើង​​រួមគ្នា​សិក្សា ពិភាក្សា ទៅលើ​អ្វី​ដែល​ជា​គោល​ន​យោបាយ​ថ្នាក់​ជាតិ ដូចជាអ្វីដែលពាក់​ព័ន្ធ​ទៅនឹងលក្ខខណ្ឌ​ការ​ងារ​ បញ្ហា​ប្រាក់​ឈ្នួល​ជាតិ​ដើម​ គឺយើង​ជជែក​គ្នា​រ​ហូត​"។
​ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) លោក វ៉ាន់ ស៊ូ​អៀង មានប្រសាសន៍ថា GMAC ជឿជាក់ថា ទស្សនវិស័យ​លើ​ទំនាក់ទំនង​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់​ដេរ​កម្ពុ​ជា នឹង​មាន​ភាព​វិជ្ជមាន ហើយ​​យើង​ទន្ទឹង​​រង់ចាំ​នូវ​ការអនុវត្ត​ដោយ​ប្រសិទ្ធ​ភាព​​​នៃ​​អនុស្សារណៈ ​នេះ។​
ស្ដាប់សំឡេង៖   
ការ​ព្រៀម​ព្រៀង​គ្នា  ដែល​ធ្វើឡើង​ដោយ​មាន​វត្តមាន លោក​ ហ៊ុន ម៉ា​នី នៅ​ថ្ងៃ​ពុធ​នេះ​ ​ធ្វើឡើង​បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន ​ចេញ​បទបញ្ជា​ឲ្យ​មន្ត្រី​ក្រោម​ឱ​វាទ​​រឹត​បន្តឹ​ង  និង​រក​វិធី​​ទប់ស្កាត់ មិនឲ្យ​មាន​ការផ្ទុះ​បាតុកម្ម កូដកម្ម​គ្រប់​រូបភាព​ក្នុង​វិស័យ​​​កាត់​​ដេរ ខណៈ​​សហជីព​ឯក រាជ្យ​ខ្លះ​ព្រមាន​កូដកម្ម​   មិន​ទទួល​យក​ការដំឡើង​​ប្រាក់​​​​ឈ្នួល​គោល ៧៥​ដុល្លារ​។

​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា ការ​ចុះ​​MOU នេះ​មិន​មាន​សារៈប្រយោជន៍​​អ្វី​​ដល់​​កម្មករ​​ទេ ព្រោះ​​កន្លងមក​សហជីព​នេះ​ ​តែងតែ​នៅ​ខាង​ថៅកែ​រោងចក្រ​។ លោក​ថា​បើ​​ប្រាក់​​ឈ្នួល​កម្មករ​សព្វ​ថ្ងៃ​​អាច​ផ្គត់ផ្គង់​ជីវភាព​ពួកគាត់ ​បាន​ស​ម​ស្រប បញ្ហា​កូដកម្ម​ ក៏​​មិន​​អាច​កើត​មាន​ដែរ​ ៖ "អញ្ចឹងវាអត់មាន​អ្វី​​ចំ​លែក​​ទេអារឿង​ការចុះ MOU នោះ វាគ្រាន់​តែ​ធ្វើ​ដើម្បី​​ឲ្យតែល្អមើល​ទេ តាម​ពិតទៅ​យើង​ដឹង​ថា​សហជីព​ហ្នឹង​ភាគច្រើន គឺមិនបានគិតគូពី ផល​ប្រយោជន៍​កម្មក​ច្រើន ប៉ុន្មាន​ទេ ភាគ​ច្រើន​គឺផលប្រយោជន៍ថៅកែ ហើយជំលោះ​កន្លងមក​ដែល​ យើងបាន​ជួប​ ប្រ​ទះ​​ហ្នឹង​ គឺខាងពួកហ្នឹងគឺធ្វើការអោយថៅកែ​តែ​ម្ដង​ "។
សូមបញ្ជាក់​ថា ភាគី​ថៅកែ​រោងចក្រ និង​​រាជរដ្ឋាភិបាល ព្រម​ទាំង​​សហជីព​​ខ្លះ បាន​​ឯកភាព​​ទទួល​​ការដំឡើង​​ប្រាក់​​ឈ្នួល​​គោល​កម្មករ​ចំនួន​៨០​ដុល្លារ​ ដោយ​រាប់បញ្ចូល​ទាំង​ប្រាក់​សុខ​ភាព​៥​ដុល្លារ​ក្នុង​នោះ​ដែរ​។ ​ប៉ុន្តែ​ក្រុម​សហជីព​ឯករាជ្យ​មួយចំនួន មិនទាន់​ទទួល​យក​ភ្លាមៗ​លើ​ការសម្រេច​នោះទេ​៕

No comments: