Monday, April 15, 2013

Cambodians plan to evacuate from border areas near Thailand

១២-តុលា-២០១១៖ ប្រជាពលរដ្ឋខ្មែរនៅច្រករបៀងតំបន់ជប់គគីរ ក្នុងខេត្តឧត្ដរមានជ័យ នាំគ្នាចូលទៅក្នុងព្រំដែនថៃ ដើម្បីទិញទំនិញ និងវិលត្រឡប់មកក្នុងទឹកដីខ្មែរវិញ។ (RFA/Hang Savyouth)

ពលរដ្ឋត្រៀមជម្លៀសចេញពីតំបន់ព្រំដែនថៃ

ដោយ ម៉ម មុនីរតន៍
2013-04-14
Radio Free Asia

រូបថត៖

មន្ត្រីអាជ្ញាធរនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានឲ្យដឹងថា នៅពេលនេះ ពលរដ្ឋខ្មែរត្រៀមខ្លួនរួចជាស្រេច ដើម្បីជម្លៀសចេញ ឬរៀបចំទីតាំងសុវត្ថិភាព ដូចជាត្រង់សេ និងគោលដៅសុវត្ថិភាព ប្រសិនជា អាចមាន ករណីផ្ទុះ អាវុធ កើតឡើង ដោយ ចៃដន្យ ក្នុងរយៈ ពេល នៃការ បកស្រាយ ឡើងវិញ របស់ តុលាការ យុត្តិធម៌ អន្តរជាតិ អាយ.ស៊ី.ជេ (ICJ) ស្ដីពី បញ្ហា ប្រាសាទ ព្រះវិហារ នោះ។

ចំណែកភាគីថៃ វិញ ត្រូវគេទម្លាយឲ្យដឹងថា ពលរដ្ឋថៃ ក្នុងខេត្តស៊ីសាកេត ជាប់ព្រំដែនប្រាសាទព្រះវិហារ ក៏ត្រូវជម្លៀសពលរដ្ឋរបស់ខ្លួនដែរ ដើម្បីការពារសុវត្ថិភាពចំពោះការប៉ះទង្គិចណាមួយដែលអាចកើតមានឡើងដោយពុំបានព្រាងទុកនោះ។

ក្នុងរយៈពេលរង់ចាំលទ្ធផលការបកស្រាយឡើងវិញរបស់តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ទៅតាមសំណើរបស់កម្ពុជា នោះ ពលរដ្ឋនៃប្រទេសទាំងពីរ គឺកម្ពុជា និងថៃ ដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែន ក៏ត្រូវរដ្ឋាភិបាលបានត្រៀមការពារសុវត្ថិភាពរួចជាស្រេច ក្នុងការបញ្ចៀសពីបញ្ហានៃការផ្ទុះអាវុធកើតឡើង។


មេឃុំគោកមន នៃស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ លោក អួន វី មានប្រសាសន៍នៅថ្ងៃទី១៤ មេសា ថា ស្ថានភាពនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅពេលនេះពុំមានអ្វីប្រែប្រួលទេ។ លោកបន្តថា បើទោះជាស្ថានការណ៍មានភាពស្ងប់ស្ងាត់ក្ដី ក៏ប៉ុន្តែពលរដ្ឋនៅតាមជាយដែន ត្រូវបានជូនដំណឹងឲ្យមានការប្រុងប្រយ័ត្ន និងត្រូវត្រៀមលក្ខណៈសង្គ្រោះ និងជម្លៀសចេញ ក្នុងហេតុការណ៍ផ្ទុះអាវុធកើតឡើងដោយចៃដន្យណាមួយ៖ «លោកអភិបាលស្រុក លោកជម្រាបពីថ្ងៃប្រជុំនោះ លោកជម្រាបពីព្រឹត្តិការណ៍ព្រំដែន ហើយនិងឲ្យបណ្ដាគ្រប់ឃុំ ក្នុងស្រុកបន្ទាយអំពិល នោះ ជម្រាបដល់ប្រជាពលរដ្ឋ។ ទីមួយ យើងត្រៀមលក្ខណៈប្រុងប្រយ័ត្នត្រង់សេ យើងជីកត្រង់សេណាស់។ ជីកត្រង់សេ ដើម្បីថាក្រែងលោ ថាថៃ វាបាញ់ផ្លោងមកអ៊ីចឹងទៅ យើងរត់លូនអត់ទាន់អ៊ីចឹងទៅ ហើយយើងក្រាបបណ្ដោះអាសន្នសិន។ ហើយអើកន្លែងចាត់ចែងដើម្បីជម្លៀសប្រជាពលរដ្ឋយើង ប្រសិនបើមានហេតុកើតឡើងនោះ យើងបានរៀបរួចអស់ហើយ»។

មេឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ លោក មូល ម៉ាប់ ឲ្យដឹងថា គិតមកដល់ពេលនេះ ពុំមានបទបញ្ជាណាមួយដើម្បីឲ្យពលរដ្ឋត្រៀមជម្លៀសចេញ ឬរៀបចំរកទីតាំងសុវត្ថិភាពនៅឡើយទេ។ ប៉ុន្តែ លោកអះអាងថា យ៉ាងណាក៏ដោយ ពលរដ្ឋខ្លួនឯងត្រៀមរួចជាស្រេច ប្រសិនបើមានគោលការណ៍ដើម្បីជម្លៀសចេញនោះ៖ «យើងអត់ទាន់មានអើខាងស្រុកខេត្តអី គាត់ផ្ដល់ព័ត៌មានទេ។ ប៉ុន្តែ ការប្រុងប្រយ័ត្នចេះតែប្រុងប្រយ័ត្នអ៊ីចឹង។ ប៉ុន្តែបើត្រៀមអីដូចមិនទាន់មានបទបញ្ជាទេ»។

កាលពីថ្ងៃទី១១ មេសា ក្នុងពិធីសម្ពោធវត្តមួយក្នុងខេត្តព្រៃវែង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យពលរដ្ឋ និងយោធា បន្តភាពស្ងប់ស្ងាត់ក្នុងរយៈពេលនៃការបកស្រាយឡើងវិញរបស់តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ មេសា ស្ដីពីជម្លោះប្រាសាទព្រះវិហារ។

ចំណែកកាសែតឌឹ ណេសិន (The Nation) របស់ថៃ ចុះផ្សាយកាលពីថ្ងៃទី១៣ មេសា ថា ពលរដ្ឋរបស់ខ្លួននៅជាយដែនជាប់ខេត្តព្រះវិហារ បានត្រៀមខ្លួនជាស្រេចដើម្បីជម្លៀសចេញ ដោយបារម្ភពីសុវត្ថិភាពមិនល្អកើតឡើង បន្ទាប់ពីពួកគេឃើញមានការចល័តទ័ព និងសព្វាវុធនៅតាមព្រំដែន។

ដោយឡែក ស្ថានការណ៍ក្នុងខេត្តកោះកុង ត្រូវបានស្នងការខេត្ត លោក សំ ឃីសវៀន អះអាងថា ក្នុងអំឡុងពេលបុណ្យចូលឆ្នាំនេះ ពលរដ្ឋនៃប្រទេសទាំងពីរនៅតែបន្តចេញចូល និងប្រាស្រ័យទាក់ទងគ្នាជាធម្មតា ក៏ប៉ុន្តែយោធាកម្ពុជា នៅតែបន្តត្រៀមការពារអធិបតីភាពរបស់ខ្លួនរួចជាស្រេច ដូចពេលកន្លងទៅ៖ «ជាទូទៅ ដូចជាមិនទាន់មានអីប្រែប្រួលទេ ការចេញចូលរបស់បងប្អូន គឺថ្ងៃនេះនៅតែមានការចេញចូលជាធម្មតា»។

ជុំវិញជម្លោះនៅតាមព្រំដែននេះដែរ កាលពីថ្ងៃទី១៦ កុម្ភៈ លោក ចន បើកហ្គេស (John Burgess) អ្នកស្រាវជ្រាវ និងជាអ្នកនិពន្ធសៀវភៅជនជាតិអាមេរិកាំង គិតថា រដ្ឋាភិបាលទីក្រុងបាងកក គួរប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការទាមទារ និងការកាន់កាប់ប្រាសាទព្រះវិហារ ក្រោយពីមានសេចក្ដីសម្រេចភ្លាមៗរបស់អាយ.ស៊ី.ជេ កាលពីឆ្នាំ១៩៦២។ លោកបន្តថា គេពុំគួរជំទាស់ចំពោះសេចក្ដីសម្រេចរបស់អាយ.ស៊ី.ជេ នៅពេលនេះនោះទេ។

លោក ចន បើកហ្គេស ពន្យល់ថា ប្រាសាទព្រះវិហារ គឺជារបស់កម្ពុជា ហើយគេហាក់ពុំឃើញមានឯកសារណាមួយដែលមាននិយាយអំពីតំបន់ ៤,៦ ដូចភាគីថៃ បានលើកឡើងនោះឡើយ។ លោកបន្តថា ស្ថិតក្រោមហេតុផលនេះហើយ ដែលជម្លោះនៅតាមព្រំដែននៅតែបន្តអូសបន្លាយ៖ «អស់រយៈពេលជាច្រើនឆ្នាំ ថៃ មិនដែលជំទាស់នឹងផែនទីនេះទេ។ ការពិត ថៃ ទទួលស្គាល់ផែនទីដែលបង្ហាញថាប្រាសាទព្រះវិហារ ស្ថិតនៅក្នុងទឹកដីកម្ពុជា។ នៅឆ្នាំ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិអាយ.ស៊ី.ជេ បានសម្រេចរឿងក្ដីប្រាសាទព្រះវិហារ ហើយប្រទេសថៃ បានទទួលស្គាល់ថា ប្រាសាទមិនមែនស្ថិតនៅក្នុងទឹកដីថៃ នោះទេ។ ដូច្នេះ វាហួសអាជ្ញាអាយុកាលក្នុងការសើរើរឿងក្ដីនេះហើយ»។

ក្រុមអ្នកវិភាគបញ្ហាសង្គម មើលឃើញថា កម្ពុជា នឹងមានប្រៀបលើគូរជម្លោះរបស់ខ្លួន គឺប្រទេសថៃ ចំពោះការបកស្រាយឡើងវិញពីសាលដីកាឆ្នាំ១៩៦២ ស្ដីពីប្រាសាទព្រះវិហារ ជារបស់កម្ពុជា នេះ។

រដ្ឋមន្ត្រីការបរទេសថៃ អំពាវនាវសុំឲ្យពលរដ្ឋរបស់ខ្លួននៅក្នុងប្រទេសដែលកំពុងបន្តតាមដានការបកស្រាយឡើងវិញស្ដីពីជម្លោះប្រាសាទព្រះវិហារ ជាមួយកម្ពុជា កុំឲ្យមានការព្រួយបារម្ភចំពោះការតតាំងតាមផ្លូវច្បាប់នៅទីក្រុងឡាអេ នោះ។

កាសែតបាងកកប៉ុស្តិ៍ របស់ថៃ ចុះផ្សាយថ្ងៃទី១៤ មេសា ដោយស្រង់សម្ដីរបស់លោក ស៊ូរ៉ាពង់ តូវីចុកចាយគុល (Surapong Towichukchaikul) រដ្ឋមន្ត្រីការបរទេសថៃ ប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា ប្រជាពលរដ្ឋថៃ គ្រប់រូប កុំមានការព្រួយបារម្ភណាមួយចំពោះសេចក្ដីសម្រេចរបស់អាយ.ស៊ី.ជេ នោះឡើយ។ រដ្ឋមន្ត្រីការបរទេសរូបនេះ អំពាវនាវសុំឲ្យពលរដ្ឋរបស់ខ្លួន ត្រូវបន្តការអត់ធ្មត់ និងគោរពតាមសេចក្ដីសម្រេចរបស់តុលាការអន្តរជាតិមួយនេះ។

លោក ស៊ូរ៉ាពង់ បន្តថា រដ្ឋាភិបាលទីក្រុងបាងកក របស់លោកស្រី យីង ឡាក់ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមផ្លូវច្បាប់ ក្នុងការតតាំងដោយផ្ទាល់មាត់ប្រឆាំងនឹងដៃគូរបស់ខ្លួន គឺកម្ពុជា ហើយរាល់ខ្លឹមសារនៅក្នុងសវនាការនេះ នឹងត្រូវគេផ្សព្វផ្សាយជាសាធារណៈ និងតាមរយៈប្រព័ន្ធផ្សព្វផ្សាយមាន វិទ្យុ ទូរទស្សន៍ និងកាសែត ថែមទៀត៕

1 comment:

Takeo said...

Hun Sen evacuted the very poor Khmer people and will become homeless inside Cambodia. Hun Sen will sell the land to the foreigner and make big money. Hun Sen is making Khmer people into homeless, hardship, starvation to death and wipe out the Khmer population inside Cambodia 1 step at a time, so the Viet people can live in peace and prosperity in Cambodia. Eventually Hun Sen will forced evicts all Cambodian because he said "Khmer people are illegal alien only the Viet people are legal and ownership of the Cambodian territory".
My predictation in 2008 are always correct since the KHMER ROUGE TRIALS will never find justice and Hun Sen interferred and money laundering until the funds are exhaust. Until all senior Khmer Rouge leaders die and the trials will be closed without finding anyone conviction. It is big waste of hundred millions dollars by the International funding and the final resolve is zero. Hun Sen former Khmer Rouge comrade is making big money and a free man.