|
លោក ប៊ុន ហុន ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុងកម្មវិធីផ្សព្វផ្សាយក្រមសីលធម៌មេធាវីថ្មី។ រូបថត គេហទំព័រគណៈមេធាវី |
Friday, 05 April 2013
លាង ផាន់ណារ៉ា
ភ្នំពេញប៉ុស្តិ៍
គណៈកម្មការអ្នកច្បាប់អន្តរជាតិ (ICJ) បានជម្រុញឲ្យគណៈមេធាវីកម្ពុជាចាត់វិធានការឲ្យបានច្បាស់លាស់ថា ក្រមសីលធម៌វិជ្ជាជីវៈមេធាវីថ្មីដែលដាក់ឲ្យប្រើប្រាស់នៅថ្ងៃសុក្រ ទី០៥ ខែមេសានេះ មិនបានដាក់កម្រិតលើសេរីភាពរបស់មេធាវី ក្នុងបញ្ចេញមតិរបស់ពួកគេទេ។
គណៈមេធាវីកម្ពុជាបានធ្វើពិធីផ្សព្វផ្សាយក្រមសីលធម៌មេធាវីថ្មី ដែលមាន៨ ជំពូក និង ៥២មាត្រាត្រូវ ជូនដល់មេធាវី និងសិស្សមេធាវីនៅព្រឹកថ្ងៃសុក្រនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងរបស់ គណៈកម្មការអ្នកច្បាប់អន្តរជាតិ លោក Emerlynne Gil ទីប្រឹក្សាច្បាប់អន្តរជាតិរបស់ ICJ ប្រចាំតំបន់អាស៊ីអគ្នេយ៍ បាននិយាយថា «ភាសានៃក្រមសីលធម៌មេធាវីថ្មីមាត្រា ១៧ គឺជាភាពប្រសើរឡើងនៃក្រមចាស់ ប៉ុន្តែវាមិនមានន័យច្បាស់លាស់ និងបានបង្កើនភាពភ័យខ្លាចដល់ មេធាវីនឹងមិនអាច ប្រើប្រាស់សិទ្ធិរបស់ពួកគេក្នុងបញ្ចេញមតិដោយសេរីឡើយ»។
«គណៈមេធាវីកម្ពុជាត្រូវតែបញ្ជាក់ឲ្យបានច្បាស់ថា លើមាត្រា ១៧ មេធាវី ក៏ដូចជាអ្នកពាក់ព័ន្ធផ្នែកនេះទាំងអស់ អាចបញ្ចេញមតិលើបញ្ហា ច្បាប់សំខាន់ៗ និងគោលនយោបាយជាសាធារណៈ និងបើកចំហរ»។
មាត្រា ១៧ នៃក្រមសីលធម៌វិជ្ជាជីវៈមេធាវីថ្មី បានចែងថា «គ្រប់អន្តរាគមន៍សាធារណៈ ឬតាមប្រព័ន្ធផ្សាយព័ត៌មានជាសាធារណៈរបស់មេធាវី ក្នុងឋានៈខ្លួនជាមេធាវី អាចអនុញ្ញាតឲ្យបានតែក្នុងក្របខ័ណ្ឌនៃការគោរពដោយម៉ឺងម៉ាត់នូវកាតព្វកិច្ចនៃវិជ្ជាជីវៈ។ អន្តរាគមន៍បែបនេះ ទាមទារឲ្យមានការប្រុងប្រយ័ត្នខ្ពស់»។
ខ្លឹមសារនេះបានជំនួសឲ្យមាត្រា ១៥ នៃក្រមឆ្នាំ ១៩៩៥, ដែលទាមទារឲ្យមេធាវីទាំងអស់នៅក្នុងប្រទេសកម្ពុជា ត្រូវតែជូនដំណឹង ឬទទួលពិគ្រោះយោបល់ជាមុន ជាមួយប្រធានគណៈមេធាវី មុនពេលផ្តល់ទស្សនៈជាមួយប្រព័ន្ធផ្សាយព័ត៌មាន។
គណៈកម្មការអ្នកច្បាប់អន្តរជាតិ (ICJ) សង្ឃឹមយ៉ាងមុតមាំ ថា គណៈមេធាវីកម្ពុជាត្រូវតែចែងឲ្យបានច្បាស់លាស់ និង ជាសាធារណៈថា មាត្រា ១៧ នឹងមិនបានបកស្រាយក្នុងន័យថា មេធាវីត្រូវតែរកការអនុញ្ញាតសិន មុនពេលចូលរួម ឬបញ្ចេញយោបល់ក្នុងសកម្មភាពសាធារណៈ ក្នុងឋានៈជាមេធាវី ពេលបំពេញវិជ្ជាជីវៈខ្លួន។
ICJ ក៏បានសម្តែងនូវការព្រួយបារម្ភលើសេចក្តីថ្លែងការណ៍មុនរបស់គណៈមេធាវីកម្ពុជា ក្នុងការសង្កត់ន័យថា មេធាវីនឹងត្រូវដាក់ទណ្ឌកម្មចំពោះការបញ្ចេញទស្សនៈជាក់លាក់នៃច្បាប់កម្ពុជា ឬកំណែទម្រង់ច្បាប់។ ក្នុងអំឡុងសន្និសិទ្ធិសារព័ត៌មានកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣ គណៈមេធាវីបាននិយាយថា គោលបំណងនៃមាត្រា១៧ ធ្វើឡើងក្នុងការពារមេធាវី ពីការបកស្រាយច្បាប់ខុស ដូច្នេះ «អាចធ្វើឲ្យសង្គមច្របូលច្របល់»។
លោក ប៊ុន ហុន ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងឲ្យដឹងក្នុងកម្មវិធីព្រឹកមិញថា វិជ្ជាជីវៈមេធាវី ជាវិជ្ជាជីវៈឯករាជ្យ និងសេរី ក្នុងការចូលរួមបម្រើវិស័យយុត្តិធម៌ ហេតុនេះ មេធាវីមានសេរីភាព គ្រប់គ្រាន់ក្នុងការអនុវត្ត សកម្មភាពវិជ្ជាជីវៈ របស់ខ្លួនដោយមិនមានការ រឹតត្បិតអ្វីឡើយ ឲ្យតែការអនុវត្តនោះធ្វើឡើង ស្របតាមច្បាប់ ព្រមទាំង បទដ្ឋាន និងបញ្ញាត្តិក្រមសីលធម៌ វិជ្ជាជីវៈដែលត្រូវបាន ទទួលស្គាល់ ហើយចំណុច សំខាន់ៗមួយចំនួននៃក្រមសីលធម៌នេះមានគោលដៅធ្វើយ៉ាងណា កុំឲ្យមេធាវីធ្វើទៅហួសហេតុ ប៉ះពាល់ទៅដល់តម្លៃ វិជ្ជាជីវៈ ។
លោក James Heenan អ្នកតំណាងស្តីទីនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានថ្លែងក្នុងពិធីនោះដែរ ថាមេធាវីក៏មានតួនាទី សំខាន់ដូចចៅក្រម និងព្រះរាជអាជ្ញាដែរ មេធាវីគឺមានសារសំខាន់ណាស់ក្នុងការលើកកម្ពស់ ធ្វើយ៉ាងម៉េចឲ្យទទួលបានសិទ្ធិក្នុងការជំនុំជម្រះ ប្រកបដោយយុត្តិធម៌ ហើយមេធាវីមានតួនាទីនិងកាតព្វកិច្ចលើកជាទឡ្ហីករណ៍ បង្ហាញទៅចៅក្រម និងការពង្រឹងសិទ្ធិទទួល បានយុត្តិធម៌របស់ ជនត្រូវចោទ។
លោក Emerlynne Gil បានបន្តថា «មធ្យោបាយដែលល្អបំផុត ក្នុងបង្កើនការយល់ដឹងជាសាធារណៈលើច្បាប់ និងពង្រឹងនីតិរដ្ឋ គឺត្រូវជម្រុញឲ្យមានការពិភាក្សាជាសាធារណៈឲ្យធំទូលំទូលាយ។ ការមិនយល់ស្របនៃអត្ថន័យច្បាប់ គឺជាផ្នែកនៃធម្មជាតិ នៃដំណើរការតាក់តែងច្បាប់ និងគួរតែជម្រុញធ្វើជាសាធារណៈ»។
គណៈកម្មការអ្នកច្បាប់អន្តរជាតិ ទទួលស្គាល់ភាពលំបាកក្នុងប្រឈមក្នុងប្រព័ន្ធច្បាប់កម្ពុជានៅកម្ពុជា ដែលមេធាវីសកម្មតិចជាង ១០០០នាក់ ដែលត្រូវផ្តល់សេវាកម្មច្បាប់ដល់ប្រជាពលរដ្ឋជាង ១៤លាននាក់។
លោក Emerlynne Gil បានបញ្ជាក់ថា «ពួកយើងសូមជួយចែករំលែកក្តីបារម្ភជាមួយគណៈមេធាវីចំពោះ តម្រូវការក្នុងការពារភាពថ្លៃថ្នូរ និងសមត្ថភាពវិជ្ជាជីវៈលើគ្រប់មេធាវី។ តែទោះជាយ៉ាងណាក្តី ក្តីបារម្ភនេះគួរតែត្រូវបានបង្ហាញតាមរយៈកិច្ចប្រឹងប្រែង ក្នុងធ្វើឲ្យប្រសើរឡើង ក្នុងអនុវត្ត និងអប់រំច្បាប់ ជាជាងដាក់កម្រិតសិទ្ធិមេធាវី ក្នុងការបញ្ចេញមតិ»។
No comments:
Post a Comment