Thursday, May 09, 2013

ម្ចាស់​មូលនិធិ​ទៅ​មើល​ការ​កាប់​ព្រៃ​នៅ​លំផាត់

ឈើ​ត្រូវ​គេ​កាប់​នៅ​ក្នុង​តំបន់​អភិរក្ស​សត្វ​ព្រៃ​លំផាត់​។ រូបថត អង្គការ​អាដ​ហុក
Wednesday, 08 May 2013
ផាក់ ស៊ាងលី និង Shane Worrell
ភ្នំពេញ ប៉ុស្តិ៍

រតនគិរីៈ នៅ​ថ្ងៃ​នេះ ម្ចាស់​មូលនិធិ​ពី​បរទេស​ដែល​ផ្តល់​ប្រាក់​ឲ្យ​ក្រុមហ៊ុន​វៀតណាHAGL និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​នឹង​ចុះ​ទៅ​ពិនិត្យ​តំបន់​អភិរក្ស​សត្វ​ព្រៃ​លំផាត់​ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា ត្រូវ​បាន​ក្រុមហ៊ុន​វៀតណាម​មួយ​នេះ​កាប់​បំផ្លាញ​ដោយ​ខុស​ច្បាប់​អស់​ព្រៃ​ឈើ​ជិត​១ម៉ឺន​ហិកតា​ចាប់​តាំង​ពី​ខែ​តុលា​មក។ នេះ​បើ​តាម​មន្រ្តី​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ។

លោកស៊ុម ភារុណ មន្រ្តី​គម្រោង​របស់​អង្គការ​ជីវិត​បក្សី​អន្តរជាតិ​សម្រាប់​កម្ពុជា​មាន​ប្រសាសន៍​ថា លោក​បាន​ចុះ​ទៅ​កន្លែង​នោះ​កាល​ពី​ខែ​មុន​ម្តង​ហើយ​និង​មាន​ការ​ភ្ញាក់​ផ្អើលយ៉ាងខ្លាំង​ចំពោះ​ទំហំ​នៃ​ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្រៅ​តំបន់​ដែល​ផ្តល់​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​វៀតណាម Hoang Anh Gia Lai (HAGL)

លោក​បាន​ថ្លែង​ថា​៖ «តំបន់​អភិរក្ស​សត្វ​ព្រៃ គឺជា​ជម្រក​មួយ​សម្រាប់​សត្វ​ព្រៃ​គ្រប់​ប្រភេទ​ប៉ុន្តែ​អ្វី​ដែល​ខុស​គឺ​ថា ការ​កាប់​ឈើ​ខុស​ច្បាប់​ដែល​កំពុង​ធ្វើ​ឡើង​ចំពោះ​ព្រៃ​នេះ​និង​ធនធាន​ធម្មជាតិ​របស់​វា​គឺជា​សោកនាដកម្ម​មួយ»។ 


លោក​បន្ត​ថា​៖ «វា​ស្ទើរ​មិន​អាច​ជឿ​ទៅ​រួច​»។ លោក ភារុន បាន​ថ្លែង​ថា លោក​បាន​ដាក់​របាយ​ការណ៍​អំពី​ការ​កាប់​ឈើ​ខុស​ច្បាប់​នេះ ទៅ​ប្រធាន​របស់​លោក​ដែល​បន្ទាប់​មក​លោក​បាន​ទៅ​ទីក្រុង​ហាណូយ(Hanoi)ដើម្បី​និយាយ​ជាមួយ​ក្រុមហ៊ុន HAGL។ លោក​បាន​ថ្លែង​បន្ត​ថា​៖ «ថៅកែ​ក្រុមហ៊ុន Hoang Anh Gia Lai បាន​បដិសេធ​ថា​ក្រុមហ៊ុន​របស់​គាត់​មិន​មែន​កំពុង​កាប់​ឈើ​ខុស​ច្បាប់​ទេ​។ គាត់​និយាយ​ថា គាត់​មិន​ពាក់​ព័ន្ធ​ទេ​ប៉ុន្តែ​ប្រហែល​ជា​អ្នក​ដទៃ​ទៀត[​នៅ​ក្នុង​ក្រុមហ៊ុន​] ដែល​អាច​ធ្វើ»

ភ្នំពេញ ប៉ុស្តិ៍ បាន​រាយការណ៍ កាល​ពី​សប្តាហ៍​មុន​ថា ក្រុមហ៊ុន HAGL មាន​កម្មសិទ្ធិ​លើ​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​កាន់​កាប់​ដី​សម្បទាន​សេដ្ឋកិច្ច​យ៉ាង​ហោច​ណាស់​ចំនួន ៣​ដែល​សរុប​ទៅ​មាន​ផ្ទៃ​ដី​ជិត ៣ ម៉ឺន​ហិកតា ស្ថិត​នៅ​ក្នុង​តំបន់​។ តាម​ច្បាប់​ភូមិបាល​ក្រុមហ៊ុន​បុគ្គល​មួយ​អាច​កាន់​កាប់​ដី​សម្បទាន​សេដ្ឋកិច្ច​មិន​ឲ្យ​លើស​ពី​១ម៉ឺន ហិកតា​ឡើយ។

ក្រុម​ការងារ​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​មន្រ្តី​មួយ​ចំនួន​បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន​ចំនួន ៣ គឺ ក្រុមហ៊ុន Hoang Anh អណ្តូង​មាស ក្រុមហ៊ុន Hoang Anh លំផាត់ និង​ក្រុមហ៊ុន Hoang Anh អូរយ៉ាដាវ របស់​ក្រុមហ៊ុន​ធំ HAGL ថា បាន​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ខែ​កន្លង​មក​ដោយ​ផ្អែក​ទៅ​លើ​ភ័ស្តុតាង​ផ្ទាល់​ភ្នែក​និង​ការ​រឹប​អូស​ឈើ​ប្រណីត។

ក្រុមហ៊ុន HAGL មិន​បាន​ផ្តល់​អត្ថាធិប្បាយ​ទេ​រីឯ​តំណាង​នៅ​ក្រុមហ៊ុន Hoang Anh អណ្តូង​មាស បាន​ថ្លែង​ថា​ជាប់​រវល់។

លោក ឆាយ ធី នៅ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​បាន​ប៉ាន់​ប្រមាណ​ថា​ព្រៃឈើ​ប្រហែល​១៦ ០០០ ដើម​ត្រូវ​បាន​គេ​កាប់​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​អភិរក្ស​សត្វ​ព្រៃ​លំផាត់។

កម្មករ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ថ្លែង​ថា ការ​កាប់​ឈើ​ខុស​ច្បាប់​និង​អំពើ​ពុក​រលួយ ពាក់​ព័ន្ធ​គឺ​កំពុង​កើត​មាន​រាល​ដាល​នៅ​ក្នុង​តំបន់​ព្រៃ​អភិរក្ស​។​កម្មករ​រូប​នោះ​និយាយ​ថា​៖«ខ្ញុំ​បាន​ឃើញ​ឈើ​ហ៊ុប​ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​ចេញ​»។ លោក​បន្ថែម​ថា​៖ «ពួក​គេ​ក៏​បាន​បាញ់​សត្វ​ព្រៃ​ផង​ដែរ​។​ពួក​គេ​ហ៊ាន​កាប់​ឈើ​ខុស​ច្បាប់ ដូច្នេះ​ហេតុ​អ្វី​ថា​ពួក​គេ​មិន​ហ៊ាន​បាញ់​សត្វ​រស់​នៅ​ក្នុង​ព្រៃ​នោះ

លោក ធូ វាសនា​នៅ​អង្គការ​ជីវិត​បក្សី​អន្តរជាតិ បាន​ថ្លែង​ថា ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខុស​ច្បាប់​កំពុង​គំរាម​កំហែង​ដល់​បក្សី​គ្រប់​ប្រភេទ​នៅ​ក្នុង​តំបន់​អភិរក្ស​សត្វ​ព្រៃ​លំផាត់៕

No comments: