Thursday, May 16, 2013

កម្លាំងកងអង្គរក្ស សមត្ថកិច្ចខេត្ត និងអាជ្ញាធរ រាប់រយនាក់ កំពុងប្រតិបត្តិការ ជួយជនរងគ្រោះ នៅរោងចក្រ «វីងស្តាស៊ូ»

Thursday, 16 May 2013
ដោយៈ សយ សុភាព
ដើមអម្ពិល
  • តុល្យការនៃការបាក់ប្លង់សេអគារ កម្មករស្លាប់៣នាក់ និងរងរបួសធ្ងន់ស្រាល៤នាក់
  • មន្ត្រីខេត្តកំពង់ស្ពឺៈ អគារដែលបាក់ប្លង់សេនេះ ជាអគារលួចសាងសង់ គ្មានច្បាប់អនុញ្ញាត
កំពង់ស្ពឺៈ កម្លាំងកងអង្គរក្ស សមត្ថកិច្ចចម្រុះ ទាំងនគរបាល និងកងរាជអាវុធហត្ថ ព្រមទាំងអាជ្ញាធរជាច្រើនរយ នាក់ កំពុងចុះប្រតិបត្តិការយ៉ាងញាប់ដៃញាប់ជើងរុករក និងជួយសង្រ្គោះជនរងគ្រោះ នៅក្នុងគំនរប្លង់សេអគាររោង ចក្រ «វីងស្តាស៊ូ» ដែលបានបាក់កាលពីព្រឹកមិញនោះ។ នេះបើតាមសេចក្តីរាយការណ៍ពី លោក សយ សុភាព អគ្គ នាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដែលកំពុងចុះយកព័ត៌មាននៅកន្លែងកើតហេតុ។

លោក សយ សុភាព ក៏បានធ្វើសេចក្តីរាយការណ៍ឲ្យដឹងផងដែរថា ក្រៅពីកម្លាំងកងអង្គរក្ស សមត្ថកិច្ច និងអាជ្ញាធរ នោះ គេនៅសង្កេតឃើញមានរថយន្តសង្រ្គោះ រថយន្តដឹកជញ្ជូនជនរងគ្រោះជាច្រើនគ្រឿងទៀត បានប្រចាំការនៅ កន្លែងកើតហេតុដើម្បីជួយដឹកជញ្ជូនជនរងគ្រោះ។ នៅទីកើតហេតុ គេក៏បានសង្កេតឃើញ លោក អ៊ិត សំហេង រដ្ឋ មន្រ្តីសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ក៏បានអញ្ជើញចុះទៅពិនិត្យស្ថានភាព នៅកន្លែងកើតហេតុផង ដែរ។


លោកអភិបាលខេត្តកំពង់ស្ពឺ លោក អ៊ូ សំអួន កំពុងស្ថិតនៅកន្លែងកើតហេតុ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលថា ហេតុការណ៍បាក់ប្លង់សេអគាររោងចក្រស្បែកជើង «វីងស្តាស៊ូ»នេះ បណ្តាលឲ្យកម្មករ២នាក់ស្លាប់ ប្រុស ម្នាក់ ស្រីម្នាក់ ដោយម្នាក់ស្លាប់នៅនិងកន្លែងកើតហេតុ និងម្នាក់ទៀត ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ និងរងរបួស ៥នាក់ សុទ្ធ តែស្រីៗ ក្នុងនោះមានជនជាតិចិនម្នាក់ផងដែរ តែត្រូវបានបញ្ជូនទៅមន្ទីរពេទ្យអស់ហើយ។

បើតាមលោក អ៊ូ សំអួន បានឲ្យដឹងថា អគារដែលបាក់ប្លង់សេនេះ ជាអគារស្តុកសម្ភារៈ ហើយលួចសាងសង់បន្ត នៅចន្លោះអគារ ពីរផ្សេងទៀត ហើយវាមិនមែនជាកន្លែងកម្មករធ្វើការនោះទេ គឺគ្រាន់តែជាកន្លែងដែលកម្មករដើរ ឆ្លងកាត់ប៉ុណ្ណោះ ។ កម្មករដែលរងគ្រោះទាំងអស់នោះ ជាកម្មករកំពុងដើរឆ្លងកាត់អគារ កន្លែងកើតហេតុ។

លោកមេបញ្ជការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោកផ្កាយ១ ម៉ែន ស៊ីប៊ន បានឲ្យដឹងថា នៅវេលាម៉ោង ១១ថ្ងៃ ដដែលនេះ កម្មករិនីម្នាក់ទៀត បានស្លាប់ពេលកំពុងជួយសង្រ្គោះនៅមន្ទីរពេទ្យ។ លោកក៏បានបញ្ជាក់ផងដែរ ជា តុល្យការរហូតដល់ម៉ោង១១ មានកម្មករ៣នាក់បានស្លាប់ ស្រី២នាក់ ប្រុស១នាក់។

លោកមេបញ្ជាការរូបនេះ ក៏បានអំពាវនាវឲ្យសាធារណជន កុំមានការភ័ន្តច្រឡំដូចការផ្សព្វផ្សាយមួយចំនួនថា មានកម្មករស្លាប់រហូតដល់ ៥០-៦០នាក់នោះ។

កម្មកររងគ្រោះដោយគ្រោះអកុសលខាងលើនេះ មានឈ្មោះ ស៊ីម ស្រីតូច ភេទស្រី និងម្នាក់ទៀត ឈ្មោះ រឹម រឿន ភេទប្រុស។ ជាមួយគ្នានេះ លោកអភិបាលខេត្តកំពង់ស្ពឺ ក៏បានអញ្ជើញចូលរួមរំលែកទុក្ខ និងនាំយកថវិកាចូល បុណ្យ ជាមួយក្រុមគ្រួសារសពជនរងគ្រោះនៅគេហដ្ឋានផងដែរ។

លោកអភិបាលខេត្ត អ៊ូ សំអួន ក៏បានបញ្ជាក់ផងដែរថា ដោយសារតែអគារគ្មានបច្ចេកទេសត្រឹមត្រូវ ពោលការចាក់ ប្លង់សេ បានប្រើសរសៃដែកតូចៗ ស្របពេលដែលផ្ទុកសម្ភារៈ លើសចំណុះទើបបណ្តាលឲ្យបាក់ធ្លាក់តែម្តង។

បើតាមមន្រ្តីជំនាញរបស់ខេត្តកំពង់ស្ពឺ ដែលកំពុងស្ថិតនៅកន្លែងកើតហេតុដែរនោះ បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលថា អគារដែលបាក់ប្លង់សេនេះ ជាអគារលួចសាងសង់ ដោយមិនស្ថិតនៅក្នុងគម្រោងសុំច្បាប់ អនុញ្ញាតនោះទេ។ មន្រ្តីជំនាញរូបនេះ បន្តថា អគារនេះ មិនត្រឹមត្រូវតាមមាត្រដ្ឋានបច្ចេកទេស ពោលគឺជា ការ លើកបន្តុបដែក រីឯទឹកអន្សាផ្សារភ្ជាប់រវាងដែក និងដែកទៀតសោត មិនជាប់លាប់ឲ្យល្អត្រឹមត្រូវនោះទេ។ នេះគឺ ជាកំហុសបច្ចេកទេសទាំងស្រុង ហើយក៏ជាការធ្វេសប្រហែសរបស់ថៅកែរោងចក្រ។

សាធារណជនទូទៅ ក៏បានកោតសរសើរផងដែរ នូវសកម្មភាពពួតដៃគ្នារបស់កម្លាំងសមត្ថកិច្ចជំនាញកម្ពុជា ជា ច្រើនស្ថាប័ន ទាំងកងកម្លាំងអង្គរក្សសម្តេចតេជោ ហ៊ុន សែន កងកម្លាំងនគរបាល កងរាជអាវុធហត្ថ ព្រមទាំងអាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធ បានសហការគ្នាប្រកបដោយភាពរហ័សរហួន និងញាប់ដៃញាប់ជើង ក្នុងការជីក កាយគំនរបាក់បែក ស្វែងរកជនរងគ្រោះ ព្រមទាំងបញ្ជូនកម្មករ កម្មការិនី ទៅកាន់មន្ទីរពេទ្យ។

ក្នុងនោះ បញ្ជាការកងពលតូចលេខ៧០ លោកផ្កាយ៣ ម៉ៅ សុផាន់ ក៏បានបញ្ជូនកម្លាំងជំនាញជាច្រើននាក់ ជា មួយរថយន្តសង្រ្គោះជាច្រើនគ្រឿង ដឹកនាំផ្ទាល់ដោយលោកផ្កាយ២ សូយ ណារិទ្ធ មេញ្ជាការងកងពលតូចលេខ ៧០ និងជាប្រធានក្រុមជួយសង្រ្គោះ បានចុះជួយប្រកបដោយភាពជំនាញ ដែលបានហ្វឹកហ្វឺននាពេលកន្លងមក នោះ។

ជាមួយគ្នានេះ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកផ្កាយ៣ វង្ស ពិសេន ក៏បានដឹកនាំកម្លាំងចុះ ជួយអន្តរាគមន៍នៅកន្លែងកើតហេតុផងដែរ។

នៅព្រឹកថ្ងៃដដែលនេះ កម្លាំងកងរាជអាវុធ ក៏បានឃាត់ខ្លួនជាបណ្តោះអាសន្នផងដែរ នូវតំណាងថៅកែរោងចក្រ ព្រមទាំងអ្នកម៉ៅការសាងសង់សំណង់ ដើម្បីសួរនាំបន្តពាក់ព័ន្ធនឹងការសាងសង់ដោយគ្មានច្បាប់អនុញ្ញាតបណ្តា លឲ្យមានគ្រោះថ្នាក់បែបនេះ។

សូមបញ្ជាក់ថា កាលពីព្រឹកព្រលឹមថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៣នេះ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបាក់ប្លង់ សេរអគាររោងចក្រស្បែកជើង «វីងស្តាស៊ូ» ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ នៅគីឡូម៉ែត្រលេខ ៤៩ ក្នុងស្រុក គងពិសី ខេត្តកំពង់ស្ពឺ។

អគាររោងចក្រស្បែកជើង «វីងស្តាស៊ូ» នេះ មានកម្មករបម្រើការងារហូតដល់ទៅ ៨ពាន់នាក់ និងមានថៅកែជាជន ជាតិចិនតៃវ៉ាន់។

គួររំលឹកផងដែរ កាលពីចុងខែមេសាកន្លងទៅនេះ នៅឯប្រទេសបង់ក្លាដេស បានមានហេតុការណ៍លំអគាររោង ចក្រកម្ពស់៨ជាន់ បណ្តាលឲ្យកម្មកររាប់ពាន់នាក់ បានស្លាប់និងរងរបួស។ បន្ទាប់ពីហេតុការណ៍នោះ ក្រុមកម្មករ និងប្រជាពលរដ្ឋបង់ក្លាដេស បានធ្វើបាតុកម្មទាមទារឲ្យត្រួតពិនិត្យគុណភាពសំណង់ ក៏ដូចជាទាមទារឲ្យដាក់ ទោសទណ្ឌយ៉ាងធ្ងន់ធ្ងរដល់ប្រធានរងចក្រនោះផងដែរ៕

1 comment:

Anonymous said...

នៅ​ពេល​នោះក្នុង​សាលា​ប្រជុំមាន​​បុរស​ម្នាក់ដែល​មាន​វិញ្ញាណល្អ​នៅ​ក្នុង​ខ្លួន ស្រែក​ឡើង​ថា៖ កក្តាន់! កក្តាន់!