ដោយ មណ្ឌល កែវ 2013-05-03 RFA
អ្នកភូមិជាច្រើននាក់ បានចោទប្រកាន់អាជ្ញាធរឃុំ និងស្រុក
ថាបានបង្ខំឲ្យគាត់ស្បថថាត្រូវតែស្មោះត្រង់ជាមួយគណបក្សប្រជាជន
កម្ពុជា ជាថ្នូរនឹងការទទួលអំណោយជួយសង្គ្រោះពីកាកបាទក្រហម។
ស្ត្រីអ្នកភូមិឈ្មោះ ស មឿន អាយុ ៤៨ឆ្នាំ
គាត់បានឲ្យដឹងនៅព្រឹកថ្ងៃទី៣ ខែឧសភា ថា
ក្នុងពេលចែកអំណោយឲ្យប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់ព្យុះក្នុង
ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង អាជ្ញាធរដែនដីឃុំ
និងស្រុក ដែលនាំយកអំណោយកាកបាទក្រហមខេត្តមកចែកនោះ
បានបង្ខំឲ្យប្រជាពលរដ្ឋស្បថស្បែថា
ត្រូវតែស្មោះត្រង់ជាមួយគណបក្សប្រជាជនកម្ពុជា។
ស្ត្រីអ្នកភូមិរូបនេះ បន្តថា អ្នកភូមិមានការភ័យខ្លាច ហើយខ្លះមិនព្រមស្បថទេ៖ «គេ
ឲ្យស្បថអ៊ីចឹង អារម្មណ៍មិនល្អសោះ
យើងស្បថទៅដល់ពេលយើងមិនបោះឲ្យគណបក្សគេទៅ
យើងខ្លាចងាប់ចោលកូនចោលចៅណា៎! ឲ្យស្បថជ្រៅៗយ៉ាងនេះ។
បើបានអំណោយជួយប្រជាពលរដ្ឋ ហើយកុំឲ្យប្រជាពលរដ្ឋស្បថ
បើឲ្យស្បថអ៊ីចឹង ប្រជាពលរដ្ឋញ៉ាកដែរហ្នឹង។ ខ្លាចងាប់ចោលកូនចៅ
បើត្រឹមតែឲ្យពរជ័យសូមឲ្យអ្នកផ្ដល់អំណោយទទួលបានអាយុយឺនយូរនោះ
បានហើយ»។
បុរសអ្នកភូមិម្នាក់ទៀត
សម្ដែងការមិនពេញចិត្តដែលអាជ្ញាធរបានយកអំណោយរបស់កាកបាទក្រហមទៅ
ប្រើប្រាស់សម្រាប់ជាផលប្រយោជន៍នយោបាយឲ្យគណបក្សកាន់អំណាចយ៉ាង
ដូច្នេះ៖ «គេថា បើមិនបោះឆ្នោតឲ្យគណបក្សប្រជាជនទេនោះ ត្រូវងាប់ចោលកូនចៅ ឲ្យស្បថអ៊ីចឹងវាមិនស្រួលទេ...»។
ទាក់ទិនចំពោះការចោទប្រកាន់របស់អ្នកភូមិ មេឃុំផ្លូវទូក លោក ចេង
ភាក មានប្រសាសន៍ថា
ពុំមានបញ្ហាដូចការចោទប្រកាន់របស់អ្នកភូមិនោះទេ។ លោកថា
អ្នកភូមិដែលមាននិន្នាការគាំទ្របក្សប្រឆាំង
បានឆ្លៀតឱកាសប្រើប្រាស់ចន្លោះប្រហោងក្នុងការថ្លែងជាសាធារណៈរបស់
អាជ្ញាធរ ដើម្បីបង្ខូចកិត្តិយសមន្ត្រីនៃគណបក្សកាន់អំណាច៖ «យើង
គ្រាន់តែនិយាយថា កាកបាទក្រហម និងឧកញ៉ា អ៊ឹង ប៊ុនហូវ គាត់បានជួយ
យើងត្រូវដឹងគុណគាត់ប៉ុណ្ណឹង
យើងអត់បានឲ្យស្បថស្បែថាបោះឆ្នោតឲ្យគណបក្សប្រជាជនទេ។
គាត់ចេះតែចចាមអារ៉ាមអ៊ីចឹង។ ស្រុកគេប៉ុណ្ណេះហើយ
មានអ្នកណាឲ្យស្បថអីទៀត...»។
យ៉ាងនេះក្ដី
នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រិតដើម្បីការបោះឆ្នោតដោយសេរី
និងយុត្តិធម៌នៅកម្ពុជា បណ្ឌិត ហង្ស ពុទ្ធា មានប្រសាសន៍ថា
ការបង្ខំឲ្យប្រជាពលរដ្ឋស្បថស្បែថាត្រូវតែស្មោះត្រង់ចំពោះគណបក្ស
ណាមួយ គឺជាសកម្មភាពរំលោភសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋ។ លោកថា
អ្នកនយោបាយខ្មែរទាំងអស់គួរតែបង្ហាញពីភាពថ្លៃថ្នូររបស់ខ្លួន
ដោយមិនត្រូវធ្វើសកម្មភាពណាមួយដែលរំលោភច្បាប់
ឬរំលោភក្រមសីលធម៌នៃអ្នកនយោបាយនោះឡើយ៖ «ជាផ្លូវច្បាប់
បើមានការបង្ខំឲ្យស្បថនោះ
គឺជាការរំលោភសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋហើយ។ ប៉ុន្តែ
ការរំលោភនេះពុំមានចែងច្បាស់ថា ត្រូវទទួលទោសបែបណានោះទេ។
រហូតមកទល់បច្ចុប្បន្ន
យើងពុំទាន់ឃើញមានការដាក់ទោសនរណាម្នាក់ពីបញ្ហានេះទេ»។
ក្នុងក្រមសីលធម៌សម្រាប់គណបក្សនយោបាយ បេក្ខជន
និងតំណាងគណបក្សនយោបាយ បានហាមប្រាមមិនឲ្យធ្វើការគាបសង្កត់
ឬគំរាមកំហែង
ឬបង្ខំឲ្យគេស្បថបោះឆ្នោតឲ្យគណបក្សនយោបាយរបស់ខ្លួនឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
1 comment:
នៅពេលដែលហ៊ុនសែន និងគណបក្សប្រជាជន ធ្វើអ្វីក៏ធ្វើ ដែរ(គ្មានព្រំដែន) យកតែពីឈ្នះ
បក្សដ៏ទៃទៀត ដែលចង់ឈ្នះ ត្រូវតែហ៊ានធ្វើអ្វីៗទាំងអស់ ដើម្បីឈ្នះ កុំឲ្យយួនត្រួត !
លេងឲ្យវាដឹងដៃម្តងទៅ កុំឲ្យស្តាយក្រោយ !
Do whatever you can to win over CPP.
And don't you be sorry,
for haven't done enough !!!
Post a Comment