Wednesday, June 26, 2013

សហគមន៍​ខ្មែរ​អាមេរិកាំង​រក​អន្តរាគមន៍​ជួយ​អ្នក​បឹងកក់

លោកស្រី ទេព វន្នី (ពាក់​អាវ​ខ្មៅ) ឈរ​លើក​បដា​នៅ​មុខ​ស្នាក់​ការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ពន្លឿន​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​អន្តរាគមន៍​ដោះស្រាយ​ដី​ជាង ១២​ហិកតារ កាល​ពី​ថ្ងៃ​ទី១៧ ខែ​មករា ឆ្នាំ​២០១៣។
RFA/Morm Moniroth 
 
តំណាង​អ្នក​ភូមិ​បឹងកក់ អ្នកស្រី ទេព វន្នី ដែល​កំពុង​បំពេញ​ដំណើរ​ទស្សនកិច្ច​នៅ​រដ្ឋ​កាលីហ្វញ៉ា (California) សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ច័ន្ទ ទី២៤ មិថុនា មាន​ប្រសាសន៍​ថា អ្នកស្រី​បាន​ជួប​ខ្មែរ​អាមេរិកាំង នៅ​បី​ទីក្រុង ក្នុង​រដ្ឋ​កាលីហ្វញ៉ា ដើម្បី​ស្វែង​រក​ការ​គាំទ្រ និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​អ្នក​ភូមិ និង​ដោះលែង​សកម្មជន​ដីធ្លី អ្នកស្រី យ៉ោម បុប្ផា។
ដោយ យន់ សាមៀន 2013-06-25 RFA
អ្នកស្រី​បន្ត​ថា ពលរដ្ឋ​ខ្មែរ​អាមេរិកាំង កំពុង​ចាប់​អារម្មណ៍ និង​តាម​ដាន​ជម្លោះ​ដីធ្លី និង​ការ​រំលោភ​សិទ្ធិ​ដីធ្លី​របស់​អ្នក​ភូមិ​បឹងកក់។ ពួក​គេ​បាន​ផ្តល់​ការ​លើក​ទឹក​ចិត្ត និង​ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន។
អ្នកស្រី ទេព វន្នី៖ «ពួក​គាត់​ជា​ពលរដ្ឋ​ខ្មែរ​ដែរ គាត់​មាន​មោទនភាព និង​សប្បាយ​ចិត្ត​ដែល​យើង​ចេះ​ងើប​ឡើង​ការពារ​សិទ្ធិ​ការពារ សិទ្ធិ​រស់នៅ​មាន​ជីវិត និង​សិទ្ធិ​លំនៅឋាន។ ពួក​គាត់​អាណិត​អាសូរ​យ៉ាង​ខ្លាំង គាត់​ស្រក់​ទឹក​ភ្នែក។ គាត់​មិន​នឹក​ស្មាន​ថា រដ្ឋាភិបាល​ធ្វើ​បាប​ពលរដ្ឋ​ខ្លួន​ឯង គាត់​ថា​ជំនាន់ ប៉ុល ពត គាត់​រង​ការ​ឈឺ​ចាប់​ឆ្អែត​ហើយ គាត់​មិន​ចង់​ឃើញ​រូបភាព​ហ្នឹង​មក​លើ​បងប្អូន​ខ្មែរ​យើង»
សហគមន៍​ខ្មែរ​អាមេរិកាំង ប្រមាណ ១០០​នាក់ នឹង​ដាក់​ញត្តិ​ទៅ​គ្រប់​ស្ថាប័ន​សហរដ្ឋ​អាមេរិក ទាំងអស់ ដើម្បី​សុំ​ឲ្យ​អន្តរាគមន៍​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដោះស្រាយ​ជម្លោះ​ដីធ្លី និង​ដោះលែង​អ្នកស្រី យ៉ោម បុប្ផា។ អ្នកស្រី​នឹង​ចាក​ចេញ​ពី​សហរដ្ឋ​អាមេរិក ទៅ​ប្រទេស​កម្ពុជា វិញ នៅ​ថ្ងៃ​ទី២៨ មិថុនា ខាង​មុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 
 

No comments: