Saturday, June 29, 2013

សហរដ្ឋ​អាមេរិក​និង​សង្គម​ស៊ីវិល​ថ្កោលទោស​ទង្វើ​ក្រសួង​ព័ត៌មាន

ស្លាក​សញ្ញា​ក្រសួង​ព័ត៌មាន
Photo: RFA
ចុច​ត្រង់​នេះ​ដើម្បី​អាន​សេចក្ដី​ណែ​នាំ​របស់​ក្រសួង​ព័ត៌មាន
 ស្ថានទូត​សហរដ្ឋ​អាមេរិក មន្ត្រី​សង្គម​ស៊ីវិល និង​តំណាង​គណបក្ស​នយោបាយ​មួយ​ចំនួន ព្រម​ទាំង​ប្រជាពលរដ្ឋ បាន​រិះគន់​សេចក្តី​សម្រេច​របស់​ក្រសួង​ព័ត៌មាន ដែល​បាន​ប្រកាស​ឲ្យ​ម្ចាស់​ស្ថានីយ​វិទ្យុ​អែហ្វអឹម (FM) ក្នុង​ស្រុក​ផ្អាក​កម្មវិធី​ផ្សាយ​បន្ត​ជា​ខេមរភាសា​របស់​វិទ្យុ​បរទេស​ ទាំងអស់ ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត ៣១​ថ្ងៃ ថា​ជា​ទង្វើ​ផ្ទុយ​នឹង​ច្បាប់។ ជា​ពិសេស ខណៈ​ដែល​កម្ពុជា រៀបចំ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នៅ​ចុង​ខែ​កក្កដា ខាង​មុខ។
ដោយ ជីវិតា 2013-06-28 RFA
វាគ្មិន​កិត្តិយស ៣​រូប ដែល​បាន​មក​ចូលរួម​ក្នុង​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី បាន​បកស្រាយ​អះអាង​ដូចៗ​គ្នា​ថា ទង្វើ​របស់​ក្រសួង​ព័ត៌មាន បិទ​កម្មវិធី​ផ្សាយ​បន្ត​ជា​ភាសា​ខ្មែរ​របស់​វិទ្យុ​អន្តរជាតិ គឺ​ជា​ការ​ដើរ​បញ្ច្រាស​ទិស​ប្រជាធិបតេយ្យ និង​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ និង​ច្បាប់​បោះឆ្នោត។ ជា​ពិសេស ផ្ទុយ​នឹង​គោលការណ៍​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ក្នុង​ឱកាស​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​សកល​នៅ​ខែ​កក្កដា ខាង​មុខ។
បន្ថែម​ពី​នេះ វាគ្មិន​ទាំង​នោះ​ក៏​បញ្ជាក់​ដែរ​ថា ការ​ផ្អាក​កម្មវិធី​ផ្សាយ​វិទ្យុ​បរទេស​ជា​ភាសា​ខ្មែរ រួម​មាន​វិទ្យុ​អាស៊ីសេរី (RFA) និង​វិទ្យុ​វីអូអេ (VOA) គឺ​បង្ហាញ​យ៉ាង​ច្បាស់​ក្រឡែត​ថា រដ្ឋាភិបាល​កម្ពុជា កំពុង​រំលោភ​បំពាន​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មាន​ភាព​ឯករាជ្យ ផ្សាយ​ព័ត៌មាន​ពិត និង​ទាន់​ពេល​វេលា​សម្រាប់​ការ​ចង់​បាន​របស់​ពលរដ្ឋ​ម្ចាស់​ឆ្នោត ដែល​ត្រូវ​ការ​ចង់​ដឹង​អំពី​កម្មវិធី​នយោបាយ​របស់​គណបក្ស​នយោបាយ​ដែល​ចូលរួម ​បោះឆ្នោត។
ប្រធាន​ផ្នែក​អង្កេត​របស់​សមាគម​អាដហុក (Adhoc) លោក នី ចរិយា ដែល​ជា​វាគ្មិន​មួយ​រូប បាន​គូស​បញ្ជាក់​ថា សេចក្តី​ណែនាំ​របស់​ក្រសួង​ព័ត៌មាន គឺ​មិន​ស្រប​តាម​ច្បាប់​កំពូល​របស់​ប្រទេស​កម្ពុជា និង​ច្បាប់​បោះឆ្នោត​ដែល​បាន​ចែង​ច្បាស់​អំពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់ ​ពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត។
វាគ្មិន​មួយ​រូប​ទៀត កញ្ញា ចាន់ ម៉ាឡៃ និស្សិត​ឆ្នាំ​ទី៤ ឯកទេស​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ និង​ការទូត ក៏​បាន​មាន​ប្រសាសន៍​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​សារៈសំខាន់​ណាស់​សម្រាប់​សង្គម​ប្រជាធិបតេយ្យ។ ដូច​នេះ ប្រការ​ដែល​ក្រសួង​ព័ត៌មាន ផ្អាក​ការ​ផ្សាយ​កម្មវិធី​វិទ្យុ​ទាំង​នោះ គឺ​មាន​ន័យ​ថា កម្ពុជា កំពុង​ដើរ​ថយ​ក្រោយ។
កាល​ពី​កន្លង​មក សង្គម​ស៊ីវិល​ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ រួម​ទាំង​សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក និង​អង្គការ​សហប្រជាជាតិ បាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា ថា ប្រព័ន្ធ​ផ្សព្វផ្សាយ រួម​មាន​ស្ថានីយ​វិទ្យុ ទូរទស្សន៍ ភាគ​ច្រើន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។ រដ្ឋាភិបាល​ពុំ​បាន​គិតគូរ​អំពី​សមធម៌ ឬ​ភាព​ស្មើ​គ្នា​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​គណបក្ស ​នយោបាយ​ផ្សេង​ទៀត ដែល​ចូលរួម​ការ​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​សកល​នា​ចុង​ខែ​កក្កដា ខាង​មុខ។
ទាក់ទង​នឹង​ការ​ផ្អាក​ការ​ផ្សាយ​របស់​វិទ្យុ​បរទេស ដែល​ផ្សាយ​ជា​ភាសា​ខ្មែរ តាម​ស្ថានីយ​វិទ្យុ​ក្នុង​ស្រុក​នានា មាន​វិទ្យុ​សំបុក​ឃ្មុំ អែហ្វអឹម១០៥ (FM105) វិទ្យុ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា អែហ្វអឹម១០២ (FM102) និង​វិទ្យុ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ទៀត​នៅ​ក្នុង​អំឡុង​ឃោសនា​ បោះឆ្នោត និង​នៅ​ថ្ងៃ​បោះឆ្នោត មាន​រយៈពេល ៣១​ថ្ងៃ​នេះ លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ (CCIM) ដែល​ជា​វាគ្មិន​មួយ​រូប​ដែរ បាន​មាន​ប្រសាសន៍​សង្កត់​ធ្ងន់​ថា ទង្វើ​របស់​ក្រសួង​ព័ត៌មាន​នេះ គឺ​មាន​គោលដៅ​ចង់​បិទ​វិទ្យុ​ទាំង​នេះ​ដែល​រដ្ឋាភិបាល​ចោទ​ថា ជា​ស្ថានីយ​វិទ្យុ​គាំទ្រ​គណបក្ស​ប្រឆាំង។
ចំណែក​ឯ​លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង បាន​មាន​ប្រសាសន៍​ប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្រកាស​នេះ។ លោក​បាន​ចោទ​ទង្វើ​នេះ​ថា មាន​លក្ខណៈ​មិន​ត្រឹមត្រូវ និង​មិន​សមស្រប​តាម​កាលៈទេសៈ​ឡើយ។
តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី នាយក​ស្ថានីយ​វិទ្យុ​សំបុក​ឃ្មុំ លោក ម៉ម សូណង់ដូ បាន​ឲ្យ​ដឹង​ថា ស្ថានីយ​លោក​នឹង​ត្រូវ​បិទ​ទ្វារ​ផ្អាក​កម្មវិធី​ផ្សាយ​របស់​វិទ្យុ​ អាស៊ីសេរី និង​វិទ្យុ​វីអូអេ តែ​ម្តង។
ក្នុង​សេចក្តី​ណែនាំ​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក អ៊ុក ប្រាថ្នា រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​ព័ត៌មាន ផ្សាយ​ជា​សាធារណៈ​ចុះ​កាល​បរិច្ឆេទ​ថ្ងៃ​ទី២៥ មិថុនា ឆ្នាំ​២០១៣ បាន​ព្រមាន​ថា នឹង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​ម្ចាស់​ស្ថានីយ​អែហ្វអឹម ទាំង​ឡាយ​ណា​ដែល​មិន​គោរព​តាម​សេចក្តី​ណែនាំ​របស់​ក្រសួង​ព័ត៌មាន៕

សហរដ្ឋ​អាមេរិក​ចេញ​សេចក្តី​ថ្លែងការណ៍​រិះគន់​រដ្ឋាភិបាល​កម្ពុជា

កាល​ពី​ថ្ងៃ​សុក្រ ទី២៨ ខែ​មិថុនា សហរដ្ឋ​អាមេរិក បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​រិះគន់​យ៉ាង​ខ្លាំង​ដល់​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ប្រកាស​ផ្អាក​ស្ថានីយ​វិទ្យុ​ក្នុង​ស្រុក ដែល​បាន​ផ្សព្វផ្សាយ​កម្មវិធី​បន្ត​របស់​វិទ្យុ​បរទេស​ផ្សាយ​ជា​ភាសា​ខ្មែរ ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត សម្រាប់​ការ​បោះឆ្នោត​សកល​នៅ​ចុង​ខែ​កក្កដា ខាង​មុខ។
អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក លោក ប៉ាទ្រីក វ៉ឺនត្រែល (Patrick Ventrell) បាន​មាន​ប្រសាសន៍​ថា ទង្វើ​ក្រសួង​ព័ត៌មាន​នេះ គឺ​ជា​ការ​រំលោភ​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​សេរីភាព​សារព័ត៌មាន។ ការ​រឹត​បន្តឹង​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​នេះ ជំរុញ​ឲ្យ​មាន​សំណួរ និង​ចម្ងល់​ថា តើ​ការ​បោះឆ្នោត​សកល​នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា ខាង​មុខ អាច​មាន​ភាព​សេរី និង​យុត្តិធម៌​ដែរ​ឬ​ទេ?
ក្នុង​សេចក្តី​ណែនាំ​ចុះ​ថ្ងៃ​ទី២៥ ខែ​មិថុនា ប៉ុន្តែ​ផ្សាយ​ជា​សាធារណៈ កាល​ពី​ថ្ងៃ​ទី២៨ មិថុនា ចុះ​ហត្ថលេខា​ដោយ​លោក អ៊ុក ប្រាថ្នា រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​ព័ត៌មាន បាន​ព្រមាន​ថា នឹង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​ម្ចាស់​ស្ថានីយ​វិទ្យុ​អែហ្វអឹម (FM) ទាំង​ឡាយ​ណា​ដែល​មិន​គោរព​តាម​ការ​ចង្អុល​បង្ហាញ​របស់​ក្រសួង​ព័ត៌មាន ហើយ​ចចេស​បន្ត​ចាក់​ផ្សាយ​កម្មវិធី​វិទ្យុ​បរទេស​ជា​ភាសា​ខ្មែរ​ត​ទៅ​ទៀត​ នោះ។
សេចក្តី​សម្រេច​របស់​ក្រសួង​ព័ត៌មាន​នេះ បណ្ដាល​ឲ្យ​វិទ្យុ​អាស៊ីសេរី ផ្នែក​ខេមរភាសា ត្រូវ​ផ្អាក​កម្មវិធី​ផ្សាយ​របស់​ខ្លួន​តាម​ការ​ផ្សាយ​បន្ត​របស់​ស្ថានីយ​ វិទ្យុ​អែហ្វអឹម ចំនួន ១០​ស្ថានីយ។ វិទ្យុ​អាស៊ីសេរី បាន​ចាត់​ទុក​ទង្វើ​នេះ​ថា ជា​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​ កម្ពុជា ដែល​គួរ​អោយ​ភ្ញាក់​ផ្អើល​ក្រៃលែង​នៅ​ក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ ដែល​មិន​អាច​បំភ្លេច​បាន​ទេ។ ស្ថានីយ​វិទ្យុ​វីអូអេ សហរដ្ឋ​អាមេរិក ក៏​បាន​ថ្កោលទោស​ទង្វើ​នេះ​ផង​ដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

2 comments:

Anonymous said...


This shit communist regime will ban us to listen the radio VOA & RFA like they did during 1979 and 1992. Please all Khmer must to know this and vote they out from Khmer land.

Anonymous said...

    ​ ចុះវិទ្យុភាសារយួនក្នុងស្រុក បិទឬអត់?