ដោយ អ៊ុក សាវបូរី 2013-06-07 RFA
ការតវ៉ានោះ ព្រោះមាត្រាមួយចំនួនក្នុងសេចក្តីព្រាងច្បាប់នោះ
បានចែងដាក់ទោសកសិករពី ១ខែ ទៅ ១ឆ្នាំ
និងពិន័យជាប្រាក់ច្រើនលានរៀល បើកសិករណាពង្រីក
ឬបម្លែងដីដាំដំណាំដោយមិនបានសុំច្បាប់អនុញ្ញាតពីក្រសួងកសិកម្ម
ជាមុនសិនជាដើម។
ប្រជាកសិករជាង ២០០នាក់
មកពីគ្រប់ខេត្តរាជធានីនៅក្នុងប្រទេសកម្ពុជា
គំរាមបោះឆ្នោតទម្លាក់អ្នកតំណាងរាស្ត្រដែលលើកដៃអនុម័តសេចក្តី
ព្រាងច្បាប់ស្ដីពីការគ្រប់គ្រង និងប្រើប្រាស់ដីកសិកម្មនោះ។
ការគំរាមនេះបានធ្វើឡើងនៅថ្ងៃទី៧ ខែមិថុនា
នៅមុខទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
និងនៅមុខរដ្ឋសភា។
ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ញិល ភាព ថ្លែងថា
នៅក្នុងសេចក្តីព្រាងច្បាប់នោះ មាត្រា៥៤
បានចែងពីការដាក់ទោសកសិករដែលបម្លែងដីកសិកម្ម
បើគ្មានការអនុញ្ញាតពីក្រសួងកសិកម្ម។ បញ្ហានេះ
នាំឲ្យកសិករព្រួយបារម្ភ ទើបមានការតវ៉ាប្រឆាំងមាត្រាខ្លះនោះ៖ «តំណែងរបស់អស់លោកគង់វង្ស ឬមិនគង់វង្ស ស្ថិតនៅលើសេចក្តីព្រាងច្បាប់នេះឯង»។
កសិករមកពីខេត្តកណ្ដាល ដែលមានវិបត្តិដីដាំដុះជាមួយក្រុមហ៊ុន
ហេង អភិវឌ្ឍន៍ ថ្លែងថា គណបក្សប្រជាជនកម្ពុជា
បានរំដោះពលរដ្ឋពីការកាប់សម្លាប់ក្នុងរបបខ្មែរក្រហម
តែមកសម្លាប់ប្រជាពលរដ្ឋដោយប្រយោល
តាមរយៈការរឹបយកដីធ្លីដាំដុះពីកសិករ
ប្រគល់ទៅឲ្យក្រុមហ៊ុនវិនិយោគ៖ «រំដោះយើងហើយ
មិនមែនឲ្យយើងបាននៅរស់ស្រួលទេ រំដោះឲ្យយើងវេទនា
យកពីមាត់ខ្លាហើយ មកហុចឲ្យមាត់ក្រពើ
ដកដីប្រជាពលរដ្ឋឲ្យទៅក្រុមហ៊ុន ឲ្យប្រជាជនវេទនា
អាហ្នឹងខ្ញុំអត់ឯកភាពទេ
ខ្ញុំមិនគាំទ្រគាត់ជានាយករដ្ឋមន្ត្រីតទៅទៀត ខ្ញុំនិយាយអីចឹង
អាណត្តិនេះ ខ្ញុំបោះឆ្នោតទម្លាក់ហើយ ខ្ញុំសូមជម្រាបអីចឹង
ខ្ញុំសូមនិយាយត្រង់តែម្តង»។
កសិករមកពីខេត្តកំពង់ស្ពឺ និងខេត្តកោះកុង
ដែលរងគ្រោះដីធ្លីក្រោមការអភិវឌ្ឍចម្ការអំពៅ ថ្លែងថា
ពួកគាត់នឹងបន្តធ្វើមហាបាតុកម្ម ពីកសិករចំនួនតិច ទៅរាប់សែននាក់
ប្រសិនបើសេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង
និងប្រើប្រាស់ដីកសិកម្ម ត្រូវរដ្ឋមន្ត្រីក្រសួងកសិកម្ម
បន្តយកសេចក្តីព្រាងច្បាប់នោះបញ្ជូនឲ្យសមាជិកសភាអនុម័ត៖ «ច្បាប់ចេញមក គឺអត់មានកំណត់ថាឲ្យយើងនេះមានសេរីភាពសោះ»។
ស្ត្រីមកពីខេត្តឧត្តរមានជ័យ ឃុំគោកមក ស្រុកបន្ទាយអំពិល ឈ្មោះ ប៉ោ
អឿន អាយុ ៥២ឆ្នាំ ថ្លែងថា ដីគាត់បានកាប់រាននៅតាមព្រំដែនខ្មែរ-ថៃ
ត្រូវថៃ ទប់ស្កាត់ ហើយប្រាប់ថាដីគាត់ដាំដុះនោះជាដីរបស់ថៃ។
បញ្ហានេះ គាត់ទាមទារឲ្យអ្នកតំណាងរាស្ត្រជួយពិនិត្យ
និងដោះស្រាយបញ្ហាចម្រូងចម្រាសលើដីកសិកម្មនៅតាមព្រំដែននោះ។
ក្រោយពីមានការធ្វើកូដកម្មដោយមានលើកបដាសរសេរពាក្យស្លោកដែល
មានអត្ថន័យការពារដីកសិកម្មនោះ មន្ត្រីក្រសួងកសិកម្ម
បានអញ្ជើញតំណាងកសិករ ៦នាក់ ចូលពិភាក្សា និងដាក់ញត្តិ
បន្ទាប់មកក្រុមកសិករបានដើរដោយថ្មើរជើងពីក្រសួងកសិកម្ម
ឆ្ពោះទៅកាន់រដ្ឋសភា និងបានដាក់ញត្តិនៅទីនោះទៀត។
ញត្តិទាមទាររបស់កសិករ គឺមិនទទួលយកសេចក្តីព្រាងច្បាប់លើកទី១
ស្ដីពីការគ្រប់គ្រង និងប្រើប្រាស់ដីកសិកម្ម ដែលក្រសួងកសិកម្ម
រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការស្បៀងអាហារ
និងកសិកម្មសហប្រជាជាតិ (FAO = ហ្វាវ)
ដែលគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)
ចំពោះសេចក្តីពង្រាងច្បាប់នេះ។ កសិករស្នើសុំឲ្យក្រសួងកសិកម្ម
និងស្ថាប័នពាក់ព័ន្ធ
បញ្ឈប់ការប៉ុនប៉ងចេញច្បាប់ដែលបង្កផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរ
ដល់ជីវិតរស់នៅប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
កសិករទាមទារឲ្យកែប្រែ និងលុបចោលចំណុចមួយចំនួនក្នុងសេចក្តីព្រាងច្បាប់នោះដូចជា៖
-បទបញ្ញត្តិអំពីបទល្មើសព្រហ្មទណ្ឌ ដែលមាននៅក្នុងសេចក្តីព្រាងច្បាប់នេះ ត្រូវតែដកចេញ។
-សូមបញ្ជាក់ឲ្យច្បាស់ថាមិនមែនអ្នកកាន់កាប់ដី ដែលអាចត្រូវគេបង្ខំឲ្យចូលរួមក្នុងតំបន់អភិវឌ្ឍន៍កសិកម្មទេ។
-ច្បាប់ នេះបានអះអាងថា តំបន់អភិវឌ្ឍន៍កសិកម្ម មានគោលបំណងជួយដល់កសិករខ្នាតតូច ដូច្នេះបង្កើតតំបន់ទាំងនេះត្រូវតែចេញមកពីកសិករ សហគមន៍ សមាគម ខ្លួនគេផ្ទាល់ មិនមែនចេញពីក្រសួងកសិកម្ម ឬស្ថាប័ននៅក្រោមក្រសួងកសិកម្មទាំងស្រុងតែម្នាក់ឯងទេ។
-រាល់បញ្ញត្តិទាក់ទងនឹងអាជ្ញាប័ណ្ណបម្លែងដីចំពោះម្ចាស់ដីឯកជន ត្រូវដកចេញ។
-ក្រសួងកសិកម្មត្រូវដកចេញនូវជំពូកទី៧ ទាក់ទងផលិតកម្មកសិកម្ម តាមកិច្ចសន្យានៅក្នុងសេចក្តីព្រាងច្បាប់នេះចេញ។
-ក្រសួង កសិកម្ម ព្រមទាំងអង្គការ ហ្វាវ ត្រូវធ្វើការពិភាក្សាពិគ្រោះយោបល់ឲ្យបានទូលាយ ជាពិសេសជាមួយប្រជាពលរដ្ឋ កសិករ សហគមន៍ សមាគម បណ្ដាញ និងអង្គការនានា មុននឹងចូលជាធរមាន។

សេចក្តីព្រាងច្បាប់នេះ បច្ចុប្បន្ននៅក្នុងអគ្គនាយកដ្ឋានកសិកម្មរបស់ក្រសួងកសិកម្ម នោះនៅឡើយ។
ក្រុមកសិករបានរំសាយការតវ៉ានៅម៉ោងជិត ១២ថ្ងៃត្រង់
ហើយសន្យាថានឹងបន្តធ្វើកូដកម្មជាថ្មីទៀត
នៅគ្រាដែលញត្តិរបស់គេនោះ ស្ថាប័នរដ្ឋសភា និងក្រសួងកសិកម្ម
មិនបានហៅពួកគេទៅពិភាក្សាត្រឹមត្រូវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
No comments:
Post a Comment