Saturday, June 29, 2013

ទស្សនៈ​ពលរដ្ឋ​ចំពោះ​ការ​ហាម​វិទ្យុ​FM​ផ្សាយ​បន្ត​វិទ្យុ​បរទេស​ជា​ខេមរភាសា

ទាក់ទង​ទៅ​នឹង​រឿង​ផ្អាក​មិន​ឲ្យ​វិទ្យុ​អែហ្វអឹម (FM) ក្នុង​ស្រុក​ផ្សាយ​បន្ត​កម្មវិធី​ផ្សាយ​ជា​ខេមរភាសា​របស់​វិទ្យុ​បរទេស​ ក្នុង​រយៈពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត និង​ថ្ងៃ​បោះឆ្នោត​នេះ​ដែរ ប្រជាពលរដ្ឋ​វិញ​ក៏​បាន​បញ្ចេញ​ទស្សនៈ​ខុសៗ​គ្នា​ដែរ។ ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​សម្ដែង​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ក្រសួង​ ព័ត៌មាន ប៉ុន្តែ​ពលរដ្ឋ​ខ្លះ​វិញ​ក៏​មិន​ចាប់​អារម្មណ៍​ចំពោះ​ការ​បិទ​មិន​ឲ្យ​ផ្សាយ ​បន្ត​នេះ​ដែរ។

ដោយ ខែ សុណង 2013-06-28 RFA
ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ប្រតិកម្ម​ចំពោះ​ក្រសួង​ព័ត៌មាន ដែល​បាន​ផ្អាក​មិន​ឲ្យ​វិទ្យុ​អែហ្វអឹម ក្នុង​ស្រុក​បន្ត​ផ្សាយ​កម្មវិធី​របស់​វិទ្យុ​បរទេស​ដែល​ផ្សាយ​ជា​ខេមរភាសា ក្នុង​ពេល​ឃោសនា និង​ថ្ងៃ​បោះឆ្នោត។
ពលរដ្ឋ​រស់នៅ​ម្ដុំ​ផ្សារ​ដើមគរ គឺ​អ្នកស្រី ចាន់ សុធា បាន​ថ្លែង​នៅ​ថ្ងៃ​ទី២៨ មិថុនា ថា នេះ​ជា​ការ​រឹតត្បិត​ចំពោះ​ប្រជាពលរដ្ឋ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន។

យុវជន​មួយ​រូប​រស់នៅ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ បាន​អះអាង​ថា ការ​បិទ​មិន​ឲ្យ​ផ្សាយ​កម្មវិធី​វិទ្យុ​បរទេស នឹង​ធ្វើ​ឲ្យ​បាត់​ព័ត៌មាន​ទាក់ទិន​ទៅ​នឹង​ការ​ពិចារណា​ពី​ការ​បោះឆ្នោត។ យុវជន​ដដែល​បាន​បន្ត​ថា បើ​សិន​ជា​មិន​មាន​ការ​បិទ​ទេ​នោះ នឹង​អាច​ឲ្យ​ពលរដ្ឋ​ទទួល​បាន​ការ​យល់​ដឹង​ច្រើន។ ជាង​នេះ​ទៅ​ទៀត គឺ​ការ​ស្វែង​យល់​ពី​គោល​នយោបាយ​របស់​គណបក្ស​នីមួយៗ​ក្នុង​ពេល​បោះឆ្នោត​មក​ ដល់។
យ៉ាង​ណា​ក៏​ដោយ ពលរដ្ឋ​មួយ​ចំនួន​បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ដំណឹង​នេះ។ ប៉ុន្តែ​ក៏​មាន​ពលរដ្ឋ​មួយ​ចំនួន​មិន​ចាប់​អារម្មណ៍​ចំពោះ​បញ្ហា​នេះ​ដែរ។
នៅ​ថ្ងៃ​ទី២៥ ខែ​មិថុនា ក្រសួង​ព័ត៌មាន បាន​ចេញ​សេចក្ដី​ណែនាំ​មួយ​ចុះ​ហត្ថលេខា​លោក អ៊ុក ប្រាថ្នា រដ្ឋមន្ត្រី​ស្ដីទី​ក្រសួង​ព័ត៌មាន បាន​ប្រាប់​ទៅ​នាយក​នាយិកា​ស្ថានីយ​វិទ្យុ​អែហ្វអឹម ត្រូវ​ផ្អាក​ការ​ផ្សាយ​បន្ត​ពី​វិទ្យុ​បរទេស​ដែល​ផ្សាយ​ជា​ខេមរភាសា​ទាំងអស់ ក្នុង​រយៈពេល​ឃោសនា និង​ពេល​បោះឆ្នោត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: