Wednesday, June 05, 2013

Opposition Lawmaker will file complaint against environmental destruction

 តំណាង​រាស្ត្រ​ បក្ស​ប្រឆាំង​ នឹង​ដាក់​ពាក្យ​ប្ដឹង​ ឲ្យ​បញ្ឈប់​វិនាសកម្ម​ ព្រៃ​ឈើ 

តំណាង​រាស្ត្រ​ គណបក្ស​ប្រឆាំង កំពុង​រៀបចំ ​របាយការណ៍​ ស្ដីពី​ ការ​កាប់​រាន​ព្រៃ​ឈើ និង​ពាក្យ​បណ្ដឹង​ របស់​ ជនជាតិ​ដើម​ភាគ​តិច​ នៅ​ខេត្ត​រតនគិរី ទៅ​រដ្ឋសភា និង​រដ្ឋាភិបាល បន្ទាប់​ពី​បាន ​រក​ឃើញ​ថា ក្រុមហ៊ុន​វៀតណាម ចំនួន​ពីរ​ ធំៗ​ កំពុង​ធ្វើ​សកម្មភាព​ កាប់​ឈើ និង​ប៉ះពាល់​លើ​ដី​ ប្រជាពលរដ្ឋ​ ជនជាតិ​ភាគ​តិច ដើម្បី​ ឲ្យ​រដ្ឋាភិបាល​ មាន​វិធាន​ការ ​ផ្លូវ​ច្បាប់ ចាត់​ការ​ ទៅ​លើ​ ក្រុមហ៊ុន​ ទាំង​នោះ។
Radio Free Asia | 5 June 2013 
សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​របស់​ក្រុមហ៊ុន​វៀតណាម ឈ្មោះ ហ័ង អាញ យ៉ាឡាយ (Hoang Anh Gia Lai) នៅ​កម្ពុជា ក្នុង​អំឡុង​ឆ្នាំ​២០១៣។
តំណាង​រាស្ត្រ​ គណបក្ស​ប្រឆាំង លោក សុន ឆ័យ បាន​ឲ្យ​ដឹង ​កាល​ពី​ថ្ងៃ ​ទី៤ មិថុនា ថា, លោក​ នឹង​ដាក់​របាយការណ៍ និង​បណ្ដឹង ​របស់ ​ប្រជាពលរដ្ឋ​ ជាង ១០​បណ្ដឹង​ទៀត ស្ដីពី​ ការ​កាប់​ព្រៃ​ឈើ ​នៅ​ខេត្ត​រតនគិរី​ ទៅ​រដ្ឋសភា និង​រដ្ឋាភិបាល នៅ​ថ្ងៃ​ច័ន្ទ ទី១០ សប្ដាហ៍​ក្រោយ។

លោក សុន ឆ័យ មាន​ប្រសាសន៍​ថា, លោក ​បាន​ប្រមូល​ ភស្តុតាង​ ជាច្រើន​ អំពី​ ការ​កាប់​ព្រៃ​ឈើ និង​ការ​រំលោភ​ដី ​ប្រជាពលរដ្ឋ​ ជនជាតិ​ដើម​ភាគ​តិ ច​ចារាយ និង​ទំពួន ដែល​បង្ក​ឡើង ​ដោយ​ក្រុមហ៊ុន​វៀតណាម ឈ្មោះ ហួង អាញ់ យ៉ាឡាយ (Hoang Anh Gia Lai = HAGL) និង​ក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប (Vietnam Rubber Group = VRG)។  លោក សុន ឆ័យ បញ្ជាក់​ថា របាយការណ៍​នោះ ​មាន​ទាំង​រូបថត, វីដេអូ​ឃ្លីប, និង​ខ្សែ​អាត់​សំឡេង, និង​សាក្សី​ពលរដ្ឋ​ រងគ្រោះ​ផ្ទាល់ ដែល​ត្រូវ ​ក្រុមហ៊ុន​វៀតណាម រំលោភ​យក​ដី និង​ប្រើ​អំពើ​ហិង្សា ​រឿង​ទំនាស់​ដីធ្លី និង​កាប់​បំផ្លាញ​ព្រៃ​ឈើ ក្រោម​រូបភាព ​វិនិយោគ​ ដី​សម្បទាន​ សេដ្ឋកិច្ច។

ការ​គ្រោង​ដាក់​របាយការណ៍ និង​ពាក្យ​បណ្ដឹង​នេះ ធ្វើ​ឡើង​ នៅ​បន្ទាប់​ ពី​លោក សុន ឆ័យ បាន​ដឹកនាំ​ មន្ត្រី​បក្ស​មួយ​ក្រុម ទៅ​ខេត្ត​រតនគិរី រយៈពេល ៤​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី១៩ ដល់​ថ្ងៃ​ទី២២ ខែ​ឧសភា ដើម្បី ​ធ្វើ​ការ​ស្រាវជ្រាវ​ អំពី​ ករណី​កាប់​ឈើ​នេះ។

អង្គការ​ឃ្លាំ​មើល​ពិភពលោក (Global Witness) បាន​ចេញ​របាយការណ៍​ នៅ​ក្នុង​ខែ​ឧសភា បាន​រក​ឃើញ​ថា, មក​ដល់​ចុង​ ឆ្នាំ​២០១២ រដ្ឋាភិបាល​ បាន​ជួល​ដី​ ជា​លក្ខណៈ ​សម្បទាន​សេដ្ឋកិច្ច​ ចំនួន ២​លាន ៦​សែន​ ហិកតារ ទៅ​ឲ្យ​ក្រុមហ៊ុន ​ជាច្រើន។  ក្នុង​នោះ ក្រុមហ៊ុន​វៀតណាម ធំ​២, គឺ​ ក្រុមហ៊ុន ហួង អាញ់ យ៉ាឡាយ ដែល​មាន ​ទំនាក់ទំនង​ ជិតស្និទ្ធ​ ជាមួយ​ ឧកញ៉ា ទ្រី ភាព ទទួល​បាន​ជិត ៥​ម៉ឺន​ហិកតារ (៤៧.៣៧០​ហិកតារ)។  រីឯ​ ក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប ដែល​អង្គការ​ឃ្លាំ​មើល​ពិភពលោក សង្ស័យ​កំពុង​រក​ស៊ី ​ជា​ដៃគូ​ ជាមួយ​អ្នកស្រី សេង គាង អតីត​ភរិយា​របស់​លោក ឌី ចូច ជា​បងប្អូន​ជីដូន​មួយ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទទួល​បាន​ជាង ១​សែន ៦​ម៉ឺន​ហិកតារ (១៦១.៣៤៤​ហិកតារ)។  ក្រុមហ៊ុន​ទាំង​ពីរ​នេះ កំពុង​តែ ​មមាញឹក ​របរ​កាប់​រាន​ព្រៃ និង​ដឹក​ជញ្ជូន​ឈើ ​ចេញ​ពី​តំបន់​សម្បទាន។

ប្រធាន​កម្មវិធី​ដីធ្លី នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​ សម្រាប់​ សហគមន៍, លោក ជុំ ណារិន, មាន​ប្រសាសន៍ ​នៅ​ក្នុង​នាទី ​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​ អាស៊ីសេរី កាល​ពី​រាត្រី ​ថ្ងៃ​ទី២ មិថុនា ថា, ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ ដែល​ធ្វើ​ ឲ្យ​ប៉ះពាល់ ដល់​ប្រជាពលរដ្ឋ​នោះ ជា​ការ​ទទួល​ខុស​ត្រូវ ​របស់​ រដ្ឋាភិបាល។


លោក សុន ឆ័យ អះអាង​ថា, លោក ​បាន​ដាក់​លិខិត​ អញ្ជើញ​រដ្ឋមន្ត្រី ​ក្រសួង​កសិកម្ម និង​តំណាង​ ក្រសួង​មហាផ្ទៃ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទៀត​ ឲ្យ​មក​ឆ្លើយ​បំភ្លឺ​ នៅ​រដ្ឋសភា នៅ​ក្នុង​កិច្ច​ប្រជុំ​ នៅ​ថ្ងៃ​សុក្រ ទី៧ មិថុនា ចំពោះ ការ​ផ្ដល់​ ដី​សម្បទាន​សេដ្ឋកិច្ច​នេះ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី រដ្ឋាភិបាល​ នៅ​តែ​ បន្ត​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ ឲ្យ​ទៅ​ក្រុមហ៊ុន​ ឯកជន​ ដដែល នៅ​ក្នុង​រយៈពេល​ថ្មីៗ​នេះ, ទោះ​បី​ ជា​រដ្ឋាភិបាល​ ធ្លាប់​ប្រកាស​ថា, គោល​នយោបាយ ​របស់ ​រដ្ឋាភិបាល ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ រដ្ឋាភិបាល​ បាន​ផ្អាក​ហើយ ​ក៏ដោយ។

ឯកសារ​ ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន, គឺ​ លោក ឡោ រស្មី, ជា​អគ្គលេខាធិការ​ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ យោង​តាម​ចំណារ ​របស់ ​រដ្ឋមន្ត្រី ​ក្រសួង​កសិកម្ម បាន​សម្រេច​ ឲ្យ​ក្រុមហ៊ុន អឹម.ឌី.អេស (MDS) របស់ ​លោក​ឧកញ៉ា ទ្រី ភាព ទីប្រឹក្សា​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រមូល និង​កែច្នៃ​វល្លិ​រមៀត នៅ​ក្នុង​អាង​ស្តុក​ទឹក ​វារីអគ្គិសនី​ស្ទឹងអាតៃ ស្ថិត​ក្នុង​ជួរ​ភ្នំ​ ក្រវាញ ភាគ​កណ្ដាល ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ និង​អនុញ្ញាត ​ឲ្យ​បង្កើត​ រោងចក្រ ​កែច្នៃ​រមៀត ​ដែល​មិន​ធ្វើ ឲ្យ​ប៉ះពាល់​ ព្រៃ​ឈើ និង​បរិស្ថាន។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី អង្គការ​សង្គម​ស៊ីវិល​ មួយ​ចំនួន មាន​បណ្ដាញ​យុវជន​កម្ពុជា សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា និង​អង្គការ​មួយ​ចំនួន​ទៀត បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​គ្នា ស្ដីពី​ការ​ព្រួយ​បារម្ភ​របស់​យុវជន ចំពោះ​វិនាសកម្ម​ព្រៃ​ឈើ។ អង្គការ​ទាំង​នេះ​នឹង​ប្រារព្ធ​ទិវា​បរិស្ថាន​ពិភពលោក​លើក​ទី៤១ នៅ​ថ្ងៃ​ទី៥ មិថុនា ក្រោម​ប្រធាន​បទ​ស្ដីពី​ព្រៃ​ឈើ​យើង បរិស្ថាន​យើង ដើម្បី​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ចំពោះ​វិនាសកម្ម​ព្រៃ​ឈើ​កំពុង​កើត​ឡើង​ នៅ​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ចុង​ក្រោយ​នេះ ដែល​កំពុង​ប៉ះពាល់​បរិស្ថាន​យ៉ាង​ធ្ងន់ធ្ងរ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ ក៏​គ្រោង​ដាក់​ញត្តិ​ទៅ​រដ្ឋសភា ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធាន​ការ​ចំពោះ​ការ​ការពារ​បរិស្ថាន និង​ត្រួត​ពិនិត្យ​ទៅ​លើ​ក្រុមហ៊ុន​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា កំពុង​កាប់​បំផ្លាញ​ព្រៃ​ឈើ ក្រោម​រូបភាព​ដី​សម្បទាន​សេដ្ឋកិច្ច សម្បទាន​រ៉ែ និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច សម្បទាន​រ៉ែ ចំពោះ​ក្រុមហ៊ុន​ណា​ដែល​មិន​គោរព​ច្បាប់​កម្ពុជា នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


3 comments:

Anonymous said...

Ah Yuon doesn't cares about Cambodia that they destroyed,they come to get rich destroyed whatever in its path and get out wipe their hands clean and says Screw Cambodia and her citizens.

Anonymous said...

ចុះហេតុអ្វី អន្តរជាតិ នៅតែមើលមិនឃើញពីការ
បន្តកាប់សម្លាប់របស់យួន មកលើជនជាតិខ្មែរ
ដ៏ស្លូតត្រង់?

Anonymous said...

ឈប់ប្រើពាក្យពុត (ខ្មែរស្លូតត្រង់) ទៅ
ព្រោះខ្មែរសព្វថ្ងៃ
មានអាខ្មែរកាចហាវ ក្បាលយួនច្រើនណាស់!

អាខ្មែររន្ទះបាញ់ហ៊ុន សែន ក៏វាថាខ្លួនវាត្រង់ដែរ!