Wednesday, July 31, 2013

អាមេរិក​គាំទ្រ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​លើ​ការ​បោះឆ្នោត

ភ្នំពេញៈ ក្រសួង​ការ​បរទេស​អាមេរិក​កាល​ពី​ថ្ងៃ​ចន្ទ​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ កម្ពុជា​ធ្វើ​ការ​ស៊ើប​អង្កេត​ពេញ​លេញ​ទៅ​លើ «រាល់​របាយ​ការណ៍​ដែល​អាច​ជឿ​ជាក់​បាន» អំពី​ការ​ក្លែង​បន្លំ​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​។ ក្រសួង​ការ​បរទេស​អាមេរិក​បាន​សម្តែង​ក្តី​បារម្ភ​ដោយ​សារ​តែ​បញ្ហា​កើត​ឡើង ​ទាំង​នៅ​ថ្ងៃ​បោះឆ្នោត និង​មុន​ការ​បោះឆ្នោត។
នៅ​ក្នុង​សន្និសីទ​កាសែត​ខ្លី​មួយ​នៅ​ទីក្រុង វ៉ាស៊ីនតោន អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក លោក​ស្រី Jen Psaki បាន​សរសើរ​ប្រជាជន​កម្ពុជា​«ចំពោះ​ការ​ចូល​រួម​យ៉ាង​សកម្ម​និង​ដោយ​សន្តិភាព ​»​នៅ​ក្នុង​ការ​បោះឆ្នោត​នេះ មុន​ថ្លែង​ទៅ​ដល់​ការ​អំពាវនាវ​សុំ​ឲ្យ​មាន​ការ​ពិនិត្យ​ទៅ​លើ​បញ្ហា​មួយ​ ចំនួន​នៅ​ក្នុង​ដំណើរការ​បោះឆ្នោត​និង​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ទៅ ​លើ​ភាព​មិន​ប្រក្រតី។ ការ​អំពាវនាវ​នេះ​បាន​កើត​មាន​ភ្លាមៗ​បន្ទាប់​ពី​គណបក្ស​ប្រឆាំង​និង សង្គម​ស៊ីវិល​បាន​ធ្វើ​ការ​អំពាវនាវ​របស់​ខ្លួន​សុំ​ឲ្យ​មាន​ការ​ស៊ើប​ អង្កេត​ដូច​គ្នា​នោះ​ដែរ។

លោក​ស្រី Jen Psaki បាន​ថ្លែង​បន្ត​ថា​៖ «យើង​បាន​អំពាវនាវ​ជាប់​ជានិច្ច​ឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​ដោះស្រាយ​ គុណវិបត្តិ​ជា​ប្រព័ន្ធ​គុណវិបត្តិ​ជា​ប្រព័ន្ធ​មាន​ដូចជា បញ្ហា​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត និង​លទ្ធភាព​មិន​ស្មើ​ភាព​គ្នា​ចំពោះ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​»។ «យើង​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​តម្លាភាព​និង​ពេញ​លេញ​ទៅ​លើ​រាល់​ របាយ​ការណ៍​ដែល​អាច​ជឿ​ជាក់​បាន​ចំពោះ​ភាព​មិន​ប្រក្រតី​ដែល​កើត​ឡើង​នៅ​ ក្នុង​ដំណើរការ​បោះឆ្នោត»។
លោក​ស្រី Jen Psaki បាន​បន្ត​ទៀត​ថា ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​នឹង​«តាម​ដាន​យ៉ាង​ដិត​ដល់» ទៅ​លើ​ព័ត៌មាន​ដែល​ផ្សព្វ​ផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ បោះឆ្នោត និង​បាន​សង្កត់​ធ្ងន់​ថា ការ​ស៊ើប​អង្កេត​ណា​មួយ​ក៏​ដោយ ត្រូវ​តែ​មាន​លក្ខណៈ​សមរម្យ​មួយ​ដែល​អាច​ជឿ​ជាក់​បាន​ដោយ​ប្រជាជន​កម្ពុជា។
បើ​ទោះ​ជា​គណបក្ស​សង្គ្រោះ​ជាតិ​និង​អង្គការ​សង្គម​ស៊ីវិល បាន​អំពាវនាវ​ឲ្យ​មាន​ការ​បង្កើត​ស្ថាប័ន​ស៊ើប​អង្កេត​ឯករាជ្យ មាន​សមាសភាព​ចូល​រួម​ពី​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់ អ្នក​នាំ​ពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ក្រុង ភ្នំពេញ លោក Sean McIntosh បាន​ថ្លែង​ថា ៖ «ជា​គំនិត​ល្អ វា​គួរ​តែ​ជា គ.ជ.ប» ដែល​ធ្វើ​ការ​ស៊ើប​អង្កេត​នេះ។ តែ​ទោះ​យ៉ាង​ណា​ក្តី លោក Sean McIntosh បាន​បន្ថែម​ថា ស្ថានទូត​«កំពុង​ប្រាប់​ទៅ​កាន់​សង្គម​ស៊ីវិល​ដើម្បី​ប្រមូល​គំនិត​របស់​ពួក ​គេ​ផង​ដែរ​ហើយ...កំពុង​ទទួល​បាន​ព័ត៌មាន​ច្រើន​ឡើង»។
លោក​ស្រី មូរ សុខហួរ អ្នក​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា គណបក្ស​នឹង​នៅ​ស្នើ​សុំ​ឲ្យ​មាន​គណៈកម្មការ​ឯករាជ្យ​នៅ​ក្នុង​លិខិត​មួយ​ ផ្ញើ​ទៅ គ.ជ.ប នៅ​ថ្ងៃ​នេះ​ប៉ុន្តែ​បាន​បន្ថែម​ថា លោក​ស្រី​មាន​សេចក្តី​រីក​រាយ​ជាមួយ​នឹង​ជំហរ​របស់​អាមេរិក។ លោក​ស្រី ថ្លែង​ថា​៖ «សហរដ្ឋ​អាមេរិក​ឈរ​លើ​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ដំណើរការ​បោះឆ្នោត​សេរី និង​យុត្តិធម៌​ហើយ​អាមេរិក​តែង​តែ​ប្រកាន់​ជំហរ​បែប​នេះ យើង​គាំទ្រ​ជំហរ​នោះ​របស់​អាមេរិក»។
ការ​ទូរស័ព្ទ​ជា​បន្ត​បន្ទាប់​ទៅ​អ្នក​នាំ​ពាក្យ​នៃ​ទីស្តីការ​គណៈ​រដ្ឋ​ មន្ត្រី លោក ផៃ ស៊ីផាន និង​លោក ឯក ថា មិន​ទទួល​បាន​ការ​ឆ្លើយ​តប​ទេ កាល​ពី​ម្សិលមិញ ខណៈ​អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការ គណៈ​រដ្ឋ​មន្រ្តី​លោក ទិត សុធា បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ ដោយ​ថ្លែង​ថា «ជាប់​រវល់»។
លោក​ស្រី Catherine Ashton នៃ​ការិយាល័យ​តំណាង​ជាន់​ខ្ពស់​របស់​សហភាព​អឺរ៉ុប​សម្រាប់​កិច្ចការ​បរទេស បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​លើក​ឡើង​ថា ការ​បោះឆ្នោត​នេះ​រាង​មាន​សភាព​ស្ងប់​ស្ងាត់។
ប៉ុន្តែ​សេចក្តី​ថ្លែង​ការណ៍​នេះ​បន្ត​ថា​៖ «ទោះ​ជា​យ៉ាង​ណា​ក្តី តំណាង​ជាន់​ខ្ពស់​របស់​សហភាព​អឺរ៉ុប​មាន​ការ​សោក​ស្តាយ​ដែល​អាជ្ញាធរ មិន​បាន​ចាត់​វិធាន​ការ​ចាំ​បាច់​ទាំង​ឡាយ​ដើម្បី​ដោះស្រាយ​បញ្ហា​មួយ​ចំនួន ​ដូចជា​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ភាព​ជឿ​ជាក់​បាន ចំពោះ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ការ​ធានា​ឲ្យ​មាន​លទ្ធភាព​ស្មើ​ភាព​គ្នា​ ចំពោះ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​ការ​ការពារ​មិន​ឲ្យ​មាន​ការ​ប្រើ​ធនធាន​រដ្ឋ​រួម​មាន​ដូចជា ការ​ប្រើ​ក្នុង​សកម្មភាព​ឃោសនា​ការ​បោះឆ្នោត​ដោយ​មន្រ្តី​រាជការ និង​យោធា»។
ឯក​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក Jean-Francois Cautain បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​ថា តើ​សហភាព​អឺរ៉ុប​នឹង​គាំទ្រ​ការ​ស៊ើប​អង្កេត​ប្រភេទ​នេះ ឬ​យ៉ាង​ណា បន្ទាប់​ពី​មាន​ការ​អំពាវនាវ​ដោយ​សហរដ្ឋ​អាមេរិក។
ស្ថានទូត​បារាំង​ក៏​បាន​បដិសេធ​មិន​ផ្តល់​អត្ថាធិប្បាយ​ដូច​គ្នា​ដែរ​ អំពី​ការ​ស៊ើប​អង្កេត​នេះ បើ​ទោះ​បី​ជា​អ្នក​នាំ​ពាក្យ​ស្ថានទូត​នេះ លោក Nicolas Baudouin នៅ​ក្នុង​អ៊ីមែល​កាល​ពី​ម្សិលមិញ​បាន​សម្តែង​នូវ «ការ​សោក​ស្តាយ​ដែល​មាន​ឧប្បត្តិហេតុ​មួយ​ចំនួន​បាន​កើត​ឡើង» ហើយ​បាន​អំពាវនាវ​ឲ្យ​ភាគី​ទាំង​អស់ «ដោះស្រាយ​ជម្លោះ​តាម​ផ្លូវ​ច្បាប់ និង​ដោយ​សន្តិវិធី»៕ PS
រាយការណ៍​បន្ថែម​ដោយៈ KEVIN PONNIAH

3 comments:

Anonymous said...

Hun Sen puts security guards to block the streets leading to his house in PP.
The truth is these pitiful guards are protecting the empty house without Hun Sen and his family in it. It is just a decoy.
His family and he are hiding in their many other houses in Cambodia or they may not be even in the country.
Guards if you see Hun Sen, turn your guns toward him instead of to the innocent people. You have let him using you long enough.

Anonymous said...

TO ALL REPORTERS,
FOR ANY ISSUES RELATED TO CAMBODIAN POLITICAL DOWNFALL, PLEASE DO NOT ASK MR. PHAY SIPHAN FOR COMMENTS BECAUSE HE MAY REVERSE YOUR QUESTIONS OR ALL HE HAS TO SAY IS "WAY PRAHA". THANK YOU.

Anonymous said...

ការសង្ឃឹមអំពីជ័យជម្នៈរបស់គណបក្សសង្គ្រោះជាតិ
គឺជាការសង្ឃឹមខ្យល់លើមេឃតែប៉ុណ្ណោះ!
ពួកនេះសុទ្ធតែជាពួកកាន់មាត់បាវអោយចោរ
និងជាអ្នកជួយទប់ជើងគ្រែអោយអា ហ៊ន សែន!
ហើយពួកប្រឆាំងផ្កាប់មុខទាំងនេះគឺគ្មានបំណងធ្វើការ
ផ្លាស់ប្តូរពិតប្រាកដទេ ក្រៅពីកៅអី និងងារជាឯកឧត្ដមតែប៉ុណ្ណោះ។