គ.ជ.ប. បើកកញ្ចប់សុវត្ថិភាព ផ្ទៀងផ្ទាត់ លទ្ធផលឆ្នោត នៅក្រចេះ
ដោយ វណ្ណ វិចារ Radio Free Asia | 25 August 2013

សកម្មភាពមន្ត្រី គ.ជ.ប បើកកញ្ចប់សុវត្ថិភាព "ក"
ដើម្បីផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោតនៅតាមការិយាល័យមួយចំនួនក្នុង
ខេត្តក្រចេះ នៅថ្ងៃទី២៥ សីហា ឆ្នាំ២០១៣។
បន្ទាប់ពីការត្រួតពិនិត្យ កញ្ចប់សុវត្ថិភាព «ក» ទាំង ១៣នោះ, គេ រកឃើញ ថា, ចំនួនសន្លឹកឆ្នោត មិនបានការ ត្រូវ បានបាត់។ សន្លឹកឆ្នោត មិនបានការ ដែលបាត់នោះ ត្រូវ បានចំណេញ ទៅគណបក្សតូចៗ ផ្សេងៗទៀត ដែលខុស ពីលទ្ធផល បឋម ដែលការិយាល័យ បោះឆ្នោត ទាំង១៣ ប្រកាស កាលពីថ្ងៃ បោះឆ្នោត។
ក្រៅពីនេះ ក៏មានករណី បំពេញសំណុំ ឯកសារ មិនគ្រប់ទម្រង់, ការខុសគ្នា រវាង ទិន្នន័យ លើតារាង រាប់សន្លឹកឆ្នោត, ភាពខុសគ្នា រវាង ទិន្នន័យសន្លឹកឆ្នោត បានការ និងមិនបានការ, ប្រើប្រាស់ប៊ិច ពីរពណ៌ សរសេរ លើតារាង កត់លទ្ធផល បោះឆ្នោត, និងបញ្ហា មួយចំនួនទៀត។
តំណាង គណបក្ស សង្គ្រោះជាតិ ដែលចូលរួម ពិនិត្យមើល កញ្ចប់សុវត្ថិភាព, លោក គូយ ប៊ុនរឿន, មានប្រសាសន៍ ក្រោយពេលបើក កញ្ចប់សុវត្ថិភាព «ក» ថា, ខេត្តក្រចេះ ជាខេត្តពិសេស ជាងគេ ដែលជាខេត្ត ប្រកួតប្រជែង, ហើយ សំឡេងឆ្នោត របស់ គណបក្ស កាន់អំណាច និងបក្សប្រឆាំង ប្រដំប្រសងគ្នា ទៀតផង។
លោក បន្តថា, ភាពមិនប្រក្រតី ទាំងនេះ អាចប៉ះពាល់ ដល់ការបែងចែក អាសនៈសភា នៅខេត្តនេះ និងបញ្ជាក់ ថា, សមាជិក គណៈកម្មការ រៀបចំ ការបោះឆ្នោត ខេត្តក្រចេះ អាចជាប់សង្ស័យ ថា, បានបន្លំទិន្នន័យ ទាក់ទង នឹងដំណើរការ បោះឆ្នោត។ លោក បញ្ជាក់ថា, គណបក្ស សង្គ្រោះជាតិ សង្ឃឹម ថា, ក្រុមប្រឹក្សាធម្មនុញ្ញ នឹងសម្រេច រឿងនេះ ដោយយុត្តិធម៌។
កញ្ចប់សុវត្ថិភាព «ក» ជាកញ្ចប់ ដែលដាក់ ឯកសារដើម ជាច្រើន មកពីការិយាល័យ បោះឆ្នោត, ដូចជា ទម្រង់ ១១០១ (ជាកំណត់ហេតុ នៃការបោះឆ្នោត), ទម្រង់ ១១០២ (ជាកំណត់ហេតុ នៃការរាប់សន្លឹកឆ្នោត), ទម្រង់ ១១០៤ (ជាក្រដាស លទ្ធផល បឋម នៃការបោះឆ្នោត និងការរាប់ សន្លឹកឆ្នោត), ទម្រង់ ១១០៨ (ជាតារាង រាប់សន្លឹកឆ្នោត) និងឯកសារ មួយចំនួនទៀត, ដូចជា បញ្ជីបោះឆ្នោត ដែលត្រូវ បានប្រើ ក្នុងថ្ងៃបោះឆ្នោត, ត្រាសម្ងាត់, សន្លឹកឆ្នោតខូច, សន្លឹកឆ្នោត មិនបានប្រើ, និងគល់បញ្ជី សន្លឹកឆ្នោត ដែលបានប្រើ, សន្លឹកឆ្នោត បានការ, សន្លឹកឆ្នោត មិនបានការ, និងផ្ទាំងក្រដាសធំ សម្រាប់ កត់ត្រា សំឡេងឆ្នោត ជាដើម។
បន្ទាប់ ពីរកឃើញ ថា កញ្ចប់សុវត្ថិភាព ទាំង១៣ សុទ្ធតែ មានបញ្ហានោះ, សមាជិក ក្រុមប្រឹក្សាធម្មនុញ្ញ, លោក ព្រហ្ម ញាណវិចិត្រ, មានប្រសាសន៍ ថា, ការបើកកញ្ចប់ «ក» នេះ ជាការធ្វើ ឲ្យមានតម្លាភាព និងបង្ហាញ ពីការពិត។ លោក បញ្ជាក់ថា ពលរដ្ឋខ្មែរ គ្រប់រូប ពិតជាអាច វាយតម្លៃបានហើយ បន្ទាប់ពីការបើក កញ្ចប់សុវត្ថិភាពនេះ។ ប៉ុន្តែ លោក បញ្ជាក់ថា លទ្ធផល បើកកញ្ចប់ «ក» នេះ មិនប៉ះពាល់ ដល់លទ្ធផល បោះឆ្នោតទេ។
ទោះយ៉ាងណា ក៏ដោយ, នាយកប្រតិបត្តិ នៃអង្គការ តម្លាភាពកម្ពុជា, លោក ព្រាប កុល, មានប្រសាសន៍ ថា ការរកឃើញ ពីភាពមិនប្រក្រតី នៅខេត្តក្រចេះ អាចឲ្យគេ សង្ស័យថា នឹងមាន ភាពមិនប្រក្រតី នៅកន្លែង ផ្សេងទៀត ដែលមិនអាច មើលរំលងបាន។
ទាក់ទង នឹងបញ្ហានេះ, មិនមានមន្ត្រី គណៈកម្មាធិការជាតិ រៀបចំ ការបោះឆ្នោត ចេញមុខ និយាយ ជាមួយ អ្នកកាសែត នោះទេ។ មន្ត្រីខ្លះ ដែលអង្គុយចាំ បើកកញ្ចប់សុវត្ថិភាព «ក» នោះ មានមុខស្ងួត, ជ្រួញចិញ្ចើម, មុខឡើងខ្មៅ, និយាយ ក៏មិនសូវចេញ ថែមទៀត។ នៅពេល ដែលមន្ត្រី គណបក្ស សង្គ្រោះជាតិ លើកឡើង ពីចំណុច ខុសឆ្គង ម្តង១ ការិយាល័យៗ, មន្ត្រី គ.ជ.ប. បានចេញមុខ បដិសេធភ្លាមៗ។ ប៉ុន្តែ ត្រូវ ស្ងាត់មាត់ ទៅវិញ ដោយសារ សមាជិក ក្រុមប្រឹក្សាធម្មនុញ្ញហាម មិនឲ្យតវ៉ា។
ផ្អែកតាម នីតិវិធីច្បាប់, ក្រុមប្រឹក្សាធម្មនុញ្ញ នឹងពិនិត្យលម្អិត លើបណ្ដឹង គណបក្ស សង្គ្រោះជាតិ, លើបញ្ហានេះ ជាបន្តទៀត, មុន នឹងចេញ សេចក្ដីសម្រេច នៅថ្ងៃខាងមុខ។
ប្រតិកម្ម របស់ គ.ជ.ប.
គណៈកម្មាធិការជាតិ រៀបចំ ការបោះឆ្នោត បានធ្វើ សន្និសីទកាសែតមួយ កាលពីយប់ថ្ងៃ ទី២៥ ខែសីហា ដើម្បី បំភ្លឺ ចំពោះ ការចោទប្រកាន់ ថា កញ្ចប់សុវត្ថិភាព «ក» មានភាពមិនប្រក្រតី។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប. មានប្រសាសន៍ដោយបំភ្លឺចំពោះការរិះគន់ របស់ គណបក្ស ប្រឆាំង ដែលថា កញ្ចប់សុវត្ថិភាព «ក» មានភាពមិនប្រក្រតីនោះ គឺ ជាកំហុស បច្ចេកទេស និងមិនធ្វើ ឲ្យប៉ះពាល់ ដល់លទ្ធផល បោះឆ្នោតទេ៕
1 comment:
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប. មានប្រសាសន៍ដោយបំភ្លឺចំពោះការរិះគន់ របស់ គណបក្ស ប្រឆាំង ដែលថា កញ្ចប់សុវត្ថិភាព «ក» មានភាពមិនប្រក្រតីនោះ គឺ ជាកំហុស បច្ចេកទេស និងមិនធ្វើ ឲ្យប៉ះពាល់ ដល់លទ្ធផល បោះឆ្នោតទេ។
ឣង្គការ គ.ជ.ប.បានរៀបចំបោះឆ្នោត៥លើកហើយ គួរតែមានការស្ទាត់ជំនាញ ជាបន្តបន្ទាប់ ហើយនៅលើក ទី៥នេះ គឺត្រូវមានការស្ទាត់ជំនាញ កាន់តែខ្ពស់មែនទែន។ បើបច្ចេកទេស ប្រើក្នុងការរក្សាការពារ កញ្ចប់ សុវត្ថិភាព «ក» លើកនេះ មានភាពមិនប្រក្រតីបែបនេះ យើងសន្និដ្ឋានថា ក្នុងការបោះឆ្នោត ៤លើកមុន ក៏រឹតតែមាន ភាពមិនប្រក្រតីច្រើន ឬខ្លាំងជាងនេះ ទៅទៀតផង ហើយមានការរំលោភកែ លទ្ធផលបោះឆ្នោតទាំងឣស់។
បើកញ្ចប់សុវត្ថិភាព "ក" ត្រូវបានគេបើក ឯកសារខាងក្នុង ត្រូវគេកែបន្ថែម ក្នុងរយៈពេលដែល គ.ជ.ប មើលថែទាំ ទទួលខុសត្រូវ តាមតួនាទី របស់គ.ជ.ប គឺ គ.ជ.ប ត្រូវទទួលខុស ពេញទីនៅចំពោះមុខច្បាប់។ បុគ្គលិក គ.ជ.ប ក្រុមនេះ ត្រូវទទួលទោស ឯ គ.ជ.ប ក្រុមនេះត្រូវរំលាយចោល រួចជ្រើសរើស តាមលក្ខខ័ណ្ឌថ្មឹ រួចឈានទៅដល់ ការបោះឆ្នោត សាជាថ្មី ទូទាំងប្រទេស។
Post a Comment