Sunday, August 25, 2013

កំណែទំរង់អាចនាំទៅដល់ការចូលរួមនិងឱកាសសំរាប់ ប្រជាជនកម្ពុជាទាំងអស់





លោក William E. Todd ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​

ថ្ងៃទី 25 សីហា 2013, ម៉ោង 07:06:AM) | ដោយ: លោក William E. Todd
ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​


ភ្នំពេញ: ​តាំងពី​ការបោះឆ្នោត​មក សំណួរ​ជាច្រើន​ដែល​ខ្ញុំ​បានទទួល​បង្ហាញអោយឃើញ​ការចាប់អារម្មណ៍​ខ្លាំង​ក្នុងចំណោម​មិត្ត​អ្នកអាន​លើ​ការ​ស្វែងយល់ថា តើ​កម្ពុជា​អាចធ្វើ​ដូចម្តេច​បាន​ក្នុង​ការដើរ​ទៅមុខ​ជាមួយ​នឹង​កំណែ​ទំរង់​សំខាន់ៗ មិនមែន​ត្រឹមតែ​ទៅលើ​ប្រព័ន្ធ​បោះឆ្នោត​តែប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ក្នុង​វិស័យ​ជា​គន្លឹះ​ដទៃទៀត​ផងដែរ​។ តាម​មតិ​របស់ខ្ញុំ ការ​មាន​រដ្ឋាភិបាល​ថ្មី​មួយ​គឺជា​ឱកាសល្អ​សំរាប់​ដាក់ចេញ​នូវ​កំណែ​ទំរង់​ដែល​នាំមក​នូវ​ការចូលរួម និង​ឱកាស​ផ្នែក​សេដ្ឋកិច្ច​កាន់តែ​ច្រើនឡើង សំរាប់​ប្រជាជន​កម្ពុជា​ទាំងអស់​។


បន្ថែម​លើ​ការកែ​ទំរង់​ប្រជាធិបតេយ្យ​ដ៏​មានន័យ វា​មានការ​ចាំបាច់​ក្នុង​ការកែ​ទំរង់​ដែល​ផ្តោតទៅលើ​ការឆ្លើយតប​ចំពោះ​តំរូវការ​ផ្នែក​សេដ្ឋកិច្ច​សំរាប់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ ជាពិសេស​យុវជន ស្ត្រី​និង ពលរដ្ឋ​ក្រីក្រ​ដែលជា​ផ្នែក​ដ៏​សំខាន់​។ តាម​ការសិក្សា​ស្រាវជ្រាវ​ជាច្រើន​បានបង្ហាញ​អោយឃើញថា វា​មានការ​ទាក់ទង​គ្នា​ទៅវិញទៅមក​រវាង​អារម្មណ៍​មិន​សប្បាយចិត្ត​របស់​យុវជន​ដែល​គេ​គិតថា គេ​មិន​បានទទួល នូវ​ចំណែក​ស្មើភាព​នៃ​ការរីកចំរើន​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស និង​ការជំរុញអោយ​មានការ​ផ្លាស់ប្តូរ​របស់ ពួកគេ​។ ខ្ញុំ​ជឿជាក់ថា នេះ​ជា​ឱកាស​មួយ​សំរាប់​គណបក្ស​ដ៏​សំខាន់​ទាំងពីរ​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី ធ្វើការ​រួមគ្នា​និង​យល់ព្រម​លើ​កំណែ​ទំរង់​សេដ្ឋកិច្ច​និង​ប្រជាធិបតេយ្យ ដែល​អាច​នាំទៅដល់​ការចូលរួម​និង ឱកាស​សំរាប់​ប្រជាពលរដ្ឋ​ទាំងអស់ ដោយ​ផ្តល់អោយ​ក្រុមយុវជន អ្នកក្រីក្រ និង​ស្រី្ត​ភេទ​នូវ​ចំណែក​នៃ​ភាព ជោគជ័យ​ផ្នែក​សេដ្ឋកិច្ច​ដែលមាន​ការរីកចំរើន​។

 ក្នុងពេល​កន្លងមក​ក្នុង​សបា្តហ៍​នេះ ខ្ញុំ​មានការ​លើកទឹកចិត្ត​ដោយ​ដឹងថា តំណាង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា បាន​ជួបគ្នា​កាលពី​ថ្ងៃ​អង្គារ​កន្លងទៅនេះ​ដើម្បី​ពិភាក្សា​ពី​ផ្លូវត្រូវ​ដើរទៅ​មុខ ថ្វីបើ​ភាគី​ទាំង​ពីរបាន​បាត់បង់​ឱកាស​ដោយ​មិនអាច​ឈានដល់​កិច្ចព្រមព្រៀង​មួយ​ក្តី​ស្តីពី ការស៊ើបអង្កេត​ភាពមិនប្រក្រតី​ក្នុងការ​បោះឆ្នោត​ដែល​ត្រូវបាន​រាយការណ៍​។ វា​នៅតែ​ជាការ​សំខាន់​ចាំបាច់ ដែល​ភាគី​ទាំងពីរ​ត្រូវ​ត្រឡប់មក​តុ​ចរចា ហើយ​ធ្វើការ​ជាមួយគ្នា​ដើម្បី​សំរេចបាន​នូវ​លទ្ធផល​មួយ ដែល​បំរើ ឧ​ត្ត​ម​ប្រយោជន៍​របស់​ប្រជាជន​កម្ពុជា​។ ថ្វីបើ​ដំណើរ​ទៅមុខ​អាច​យឺត​មែន តែ​ខ្ញុំ​សង្ឃឹមថា​ភាគី​ទាំងពីរ​អាច ជំនះបាន​លើ​ការខ្វែងគំនិត​គ្នា អនុវត្ត​ដំណើរការ​ស៊ើបអង្កេត​ប្រកបដោយ​តំលាភាព​និង​យុត្តិធម៌ ហើយ​ដើរ ទៅមុខ​ជាមួយនឹង​របៀប​វារៈ​កែ​ទំរង់​ដែល​ផ្តល់​ប្រយោជន៍​ដល់​ប្រទេស​កម្ពុជា​។ រហូតដល់​ពេលនេះ ខ្ញុំ​តែង តែ​លើកទឹកចិត្ត​ដល់​គណបក្ស​ទាំងពីរ​និង​អ្នកគាំទ្រ​របស់គេ អោយ​រក្សា​ភាពស្ងប់ស្ងាត់​និង​សន្តិភាព ហើយ បន្ត​កិច្ចពិភាក្សា​គ្នា​តទៅទៀត​។​

​ទាក់ទង​នឹង​រឿង​មួយទៀត មិត្ត​អ្នកអាន​ម្នាក់​បាន​សួរថា “​ខ្ញុំ​បានដឹងថា បុគ្គលិក​ជនជាតិខ្មែរ​នៅ​សាលាក្តី​ខ្មែរក្រហម​មិន​បានទទួល​ប្រាក់ខែ ហើយ​គេ​អាច​នឹងត្រូវ​ចាកចេញ​ពី​ការងារ​របស់គេ​។ ខ្ញុំ​បាន​បាត់បង់​សមាជិកគ្រួសារ​ជាច្រើន​នៅ​សម័យ​ខ្មែរក្រហម ហើយ​ចង់ឃើញ​យុត្តិធម៌​សំរាប់​ពួកគេ​។ តើ​សហរដ្ឋអាមេរិក​អាចធ្វើ​ដូចម្តេច​បាន​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​?”​។ នេះ​ជា​សំណួរ​សំខាន់​មួយ​ដោយ​យោល​ទៅលើ​ការវិវត្ត​ថ្មីៗ​ជាមួយ​សាលាក្តី​នេះ ហើយ​និង​ការ​ជិត​មកដល់​នៃ​ការបញ្ចប់​ដំណាក់កាល​ដំបូង​ក្នុងការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម ខៀវ សំផន និង​នួន ជា​។​

​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​មាន​មោទនភាព​ដោយបាន​ផ្តល់​អំណោយ​ដល់​សាលាក្តី​ខ្មែរក្រហម ដែល​គេ​ស្គាល់​ជា​ផ្លូវការ​ថា​ជា​អង្គ​ជំនុំ​ជំ​រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (ECCC) ។ នៅក្រោម​កិច្ចព្រមព្រៀង​ជាមួយ​អង្គការសហប្រជាជាតិ​ដែល​បាន​បង្កើត ECCC នេះ​ឡើង សហគមន៍​អន្តរជាតិ​បាន​ប្តេជ្ញា​ផ្តល់ជំនួយ​ថវិកា​សំរាប់​ប្រតិបត្តិការ​របស់​តុលាការ​នេះ​ខាង​ផ្នែក​សហប្រជាជាតិ ចំណែក​ប្រទេស​កម្ពុជា​ព្រម​ទទួលខុសត្រូវ​លើ​ការចំណាយ និង​ប្រាក់ខែ​របស់​បុគ្គលិក​ផ្នែក​ខាង​កម្ពុជា​នៃ ECCC ឬមួយ​តាមរយៈ​វិភាគទាន​បាន​ពី​ថវិកាជាតិ ឬមួយ​តាមរយៈ​អំណោយ​ពី​អ្នកផ្តល់​អំណោយ​ដទៃទៀត​។ ការធ្វើ​បែបនេះ​ផ្តល់អោយ​ទាំង​រដ្ឋាភិបាល​កម្ពុជា ទាំង​សហគមន៍​អន្តរជាតិ​នូវ​ស្មារតី​ម្ចាស់ការ​យ៉ាងសកម្ម នៅក្នុង​តុលាការ​នេះ​។ ដូច្នេះ វា​ជាការ​សំខាន់​ណាស់​ដែល​ភាគី​ទាំងពីរ​ត្រូវបំពេញ​តួនាទី និង​ការប្តេជ្ញា​របស់ខ្លួន​ផ្នែក​ថវិកា​។

​ក្នុងពេល​ប៉ុន្មាន​ខែ​កន្លងមកនេះ ខ្ញុំ​មាន​កង្វល់​ចំពោះ​សេចក្តីរាយការណ៍​មក​ថា​មាន “​វិបត្តិ​ថវិកា​” នៅ​ខាង​ភាគី​កម្ពុជា​។ កង្វះ​ថវិកា​បានធ្វើអោយ​បុគ្គលិក​ជនជាតិខ្មែរ​មិនអាច​ទទួល​ប្រាក់ខែ​របស់គេ​បាន ដោយពេល​ខ្លះ ការមិន​បានទទួល​ម្តងៗ​មាន​រាប់​ខែ ដែលជា​ការធ្វើ​អោយគេ​មានការ​ពិបាក​ក្នុងការ​ចិញ្ចឹម​គ្រួសារ​របស់គេ​។ ភាពមិនប្រាកដប្រជា​ចំពោះមុខ​ពួកគេ ដែល​កំពុង​ខិតខំ​ធ្វើការ​ដើម្បី​ស្វែងរក​យុត្តិធម៌​សំរាប់​ជនរងគ្រោះ​ដោយ​អំពើ​ព្រៃផ្សៃ​របស់​ពួក​ខ្មែរក្រហម គំរាមកំហែង​បំផ្លាញ​ដំណើរការ​របស់​តុលាការ ។ តែ​ការវិវត្ត​វិជ្ជមាន​មួយ​ក្នុងពេល​ថ្មីៗ​នេះ​គឺថា តំណាង​ជាន់ខ្ពស់​របស់​ក្រុមប្រឹក្សារដ្ឋមន្ត្រី​កំពុង​អមដំណើរ​អ្នកជំនាញ​ពិសេស​របស់​អង្គការសហប្រជាជាតិ ក្នុង​ដំណើរ​រៃអង្គាសប្រាក់​ទៅកាន់​ប្រទេស​ចំនួន ៥ ក្នុង​សមាគម​អាស៊ាន​។

​ខ្ញុំ​សូម​សរសើរ​រាជរដ្ឋាភិបាល​ចំពោះ​ចំណាត់ការ​នេះ​ដើម្បី​ស្វែងរក​ជំនួយ​ពី​ប្រទេស​ដទៃ​សំរាប់​ភាគី​កម្ពុជា​នៃ​តុលាការ​នេះ​។ ការខិតខំ​ដំបូងៗ​គឺជា​ការចាប់ផ្តើម​ល្អ​ក្នុងការ​ធ្វើការ​ដើម្បី​ធានាអោយមាន​ស្ថេរភាព​ថវិកា​ដែល​ចាំបាច់​សំរាប់​ជោគជ័យ​របស់​តុលាការ​។ បន្ទាប់មក រដ្ឋាភិបាល​កម្ពុជា​ត្រូវមាន​ការប្តេជ្ញាចិត្ត​ជាប់​លាប់​មួយ​ក្នុងការ​រកប្រាក់​ជា​បន្ត ដែល​ទំនងជា​តំរូវអោយ​មានការ​រៃអង្គាស​ពី​ម្ចាស់​អំណោយ​ថ្មីៗ​ផង ការរួមចំណែក​ថវិកា​ពី​ខ្ទង់​ថវិកាជាតិ​របស់​រដ្ឋាភិបាល​ផង​។ ថ្វីបើ​ការខិតខំ​បែបនេះ​គឺជា​ការពិបាក​ក្តី តែ​វា​ជា​ឱកាសល្អ​ប្រសើរ​មួយ​សំរាប់​អោយ​រាជរដ្ឋាភិបាល​កម្ពុជា​ស្តែងចេញ​នូវ​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ចំពោះ​យុត្តិធម៌ និតិរដ្ឋ និង​ការបំពេញ​កាតព្វកិច្ច​ជា​អន្តរជាតិ​របស់ខ្លួន​។

​ស្ថានទូត​សហរដ្ឋអាមេរិក​នៅតែ​ជា​អ្នកគាំទ្រ​យ៉ាងរឹងមាំ​ចំពោះ​ការខិតខំ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ព្រមទាំង​ការខិតខំ​របស់​អង្គការសហប្រជាជាតិ និង​អ្នកពាក់ព័ន្ធ​ដទៃទៀត ដើម្បី​ធានា​អោយ ECCC ដំណើរការបាន​ត្រឹមត្រូវ​។ យើង​ជឿថា ការដែល ECCC អាចបំពេញ​បាន​តាម​កា​រ​សន្យា​របស់ខ្លួន​ជាយា​ន​សំរាប់​ជំរុញ​យុត្តិធម៌ និតិរដ្ឋ និង​ការផ្សះផ្សា​ជាតិ គឺមាន​សារៈសំខាន់​ណាស់​សំរាប់​ប្រទេស​កម្ពុជា​។

​នៅ​ទីបញ្ចប់ ខ្ញុំ​មាន​សេចក្តី​រីករាយ​សូម​ប្រកាសថា ទំព័រ Facebook របស់​ស្ថានទូត (www.facebook.com/us.embassy.phnom.penh) នៅពេលនេះ​មាន​អ្នក​ចូលចិត្ត “Like” ចំនួន ជាង ១០០ ០០០ (​មួយ​សែន​)​នាក់ ហើយ​ខ្ញុំ​សូម​អរគុណ​ចំពោះ​អ្នកអាន​ខ្ទង់​សារព័ត៌មាន​នេះ ដែល​បាន ផ្តល់​មតិ​និង​ចំលើយ​តប​សំរាប់​យើង​ប្រើប្រាស់ មិន​ត្រឹមតែ​ក្នុង Facebook ប៉ុណ្ណោះ​ទេ តែ​ក៏​នៅក្នុង​គេ​ទំព័រ Twitter និង Blog របស់ខ្ញុំ​ផងដែរ​។ ខ្ញុំ​សង្ឃឹមថា យើង​នឹង​ទទួលបាន​អ្នក​ចូលចិត្ត “Like”  ចំនួន ២០០ ០០០ (​ពីរ​សែន​)​នាក់ នៅ​ឆ្នាំក្រោយ​ក្នុង​ពេលនេះ ដូច្នេះ​សូម​បន្ត​ផ្ញើ​សំណួរ​និង​មតិយោបល់​។ ដូច​ធម្មតា លោកអ្នក​អាចទាក់ទង​ខ្ញុំ​តាម អ៊ីម៉េល AskAMBToddPP@state.gov៕

5 comments:

Anonymous said...

Jendhamuni, English version too please.

Anonymous said...

ចិន ជាមេខ្លោងនិងចៅហ្វាយធំនៃរបបចោរហារយ ម៉្លោះហើយរឿងអ្វីៗ បើគ្មានបញ្ជាពីចិន ឬ យួន
ទេ របបខ្មែរក្រហមទី២ភ្នំពេញ គឺពិតអសម្ថភាព
ទាំងស្រុង។សូមគាំទ្រនូវមតិរបស់លោក William
E. Todd ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​
ព្រះរាជាណាចក្រ​កម្ពុជា​!។

Anonymous said...

Please request that China withdraw its statement. The statement that they said they would side with the ruling cpp and help this party with any outside involvement is in itself an act of interference.

They should support for a fair and neutral approach to resolve these complaints of vote irregularities.

Anonymous said...

សូមអរគុណចំពោះមតិរបស់លោក William
Todd ឯកអគ្គរដ្ឋទូតសហរដ្ឋប្រចាំប្រទេសកម្ពុជា។
យើងខ្ញុំត្រេកអរណាស់ដែលសហរដ្ឋ និង ប្រទេស
ខាងលិចមួយចំនួនមានសុភវិនិច្ឆ័យដ៍ត្រឹមត្រូវមកលើបញ្ហារបស់កម្ពុជាបច្ចុប្បន្ននេះ ហើយ នៅតែ
គាំទ្រ និង នៅពីក្រោយពួកយើងជានិច្ច ។

យើងខ្ញុំយល់ឃើញថា លោកឯកអគ្គរដ្ឋទូត ដែល
នៅប្រចាំក្នុងប្រទេសកម្ពុជា លោកបានឃើញ និង ដឹងច្បាស់ អំពីការដឹកនាំរបស់ពួគគណៈបក្សកាន់អំ
ណាចគន្លងមក ។ តើវាត្រូវនឹងរបបលទ្ធិប្រជាធិប
តិយ្យដែលសហគមអន្តរជាតិចង់បានឬទេ ? តើវា
ត្រូវនឹងអ្វីដែលបានចែងនៅក្នុងកិច្ចព្រមព្រៀងទី
ក្រុងប៉ារិសដែរឬទេ ? ។

និយាយឲចំទៅ របបភ្នំពេញសព្វថ្ងៃគឺរបបផ្តាច់
ការមួយជ្រកក្រោមផ្លាកយីហោ ប្រជាធិបតិយ្យ ហើយ ដែលមានលំនាំ ដូចកាលពីដើមទសវត្សត៍
ទី​ ៦០ ដល់ចុងទសវត្សត៍ទី​៦០​ អញ្ចឹង ។ គឺអ្វី ៗ
សុទ្ធតែក្រោមរណបរបស់យួនខាងជើង និង ចិន
កុម្មុយនិស្តទាំងអស់ ។

កាលណោះ គ្មានទេអ្នកវិនិយោគ ពាណិជ្ជកម្ម និង ជំនួយរបស់សហរដ្ឋអាមេរិក និង ប្រទេស
សេរីមួយចំនួនផ្សេងទៀត ។ ការទំនាក់ទំនង
អ្វី ៗ សុទ្ធតែបានត្រូវផ្តាច់អស់ នៅមានតែជាមួយ
ចិន និង យួន តែប៉ុណ្ណោះ ។

ពេលនេះចិន និ យួនក៍ចង់ធ្វើដូចកាលណោះទៀត
ដើម្បីដណ្តើមយកប្រទេសកម្ពុជាដូចកាលពីឆ្នាំ ១៩៧៥ ដល់ ១៩៨៩ ។ មើលចុះ តើមានអ្នកវិនិ
យោគធំ ៗ មកពិប្រទេសខាងលិចបានប៉ុន្មានអ្នក
ដែរ នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ ? ។ មានតែ
ចិន និង យួនទេដែលអាចធ្វើកើត តើហេតុអ្វី
ដែរ ? សូមជួយពិចារណាផង ។

ដូច្នេះ យើងខ្ញុំជាកូនខ្មែរ និង ជាម្ចាស់ស្រុក យល់
ឃើញថា បើចង់ឲលទ្ធិប្រជាធិបតិយ្យពិតប្រាកដ
មាននៅក្នុងប្រទេសកម្ពុជា និង បានគង់វង់ តាម
ការចង់បានរបស់សហគមអន្តរៈជាតិ ដែលបានចំ
ណាយប្រាក់ជាច្រើន ដើម្បីផ្លាស់ប្តូររបបនៅកម្ពុជា
កាលណោះនោះ គឺត្រូវតែមានរដ្ឋាភិបាលមួយ
ដែលមានសមាជិកសុទ្ធតែស្រឡាញ់ និង ប្រកាន់
លទ្ធិប្រជាធិបតិយ្យពិតប្រាកដ ។ មានទំនាក់
ទំនងជិតស្និទជាមួយប្រទេសកាន់លទ្ធិប្រជាធិប
តិយ្យ និង គោរពគោលការណ៍ និង ច្បាប់លទ្ធិប្រ
ជាធិបតិ្យយឲបានខ្ជាប់ខ្ជួន ទើបបាន ។ បើពុំនោះ
ទេ ប្រទេសកម្ពុជានឹងធ្លាក់ចូលទៅក្នុងកណ្តាប់ដៃ
បាតដៃប្រឡាក់ឈាមកុម្មុយនិស្តទៀត ដល់ពេល
នោះ មានតែរស្រ្គខ្មែរទេដែលទទួលរងគ្រោះ ។

ដូច្នេះ សូមលោកដែលជាតំណាងសហរដ្ឋ ជួយ
អញ្ចើញ សហគមអន្តរៈជាតិទាំងអស់ និង អង្គការ
សហប្រជាជាតិ ជួយរកយុត្តិធម៌ក្នុងការដោះស្រាយ
បញ្ហាមិនប្រក្រតីនៃការបោះឆ្នោតនេះផង ទើបកម្ពុ
ជាអាចរកលទ្ថីប្រជាធិបតិយ្យពិតប្រាកដឃើញ។ ។ ​

Anonymous said...

Mr. William E. Todd

You have done a great job in order to bring democracy to our Khmer people.

You're absolutely our Khmer hero.

We really appreciate for your time and concern.

Khmer USA