.........................................
ដោយ៖ ញឹម សុខន និងដួង សុខា | ថ្ងៃចន្ទ័ ទី5 ខែសីហា ឆ្នាំ2013 | 4 ម៉ោង មុន VOD
មេដឹកនាំគណបក្សសង្គ្រោះជាតិ នឹងចុះជួបអ្នកមានជម្លោះដីធ្លី នៅតំបន់បឹងកក់ ក្នុងសង្កាត់ស្រះចក រាជធានីភ្នំពេញ នាល្ងាចថ្ងៃចន្ទនេះ ដើម្បីស្វែងយល់ពីបញ្ហារបស់ពួកគាត់។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៉ី បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ថា នៅប្រហែលម៉ោង៥ល្ងាចនេះ គណបក្សប្រឆាំងមួយនេះ នឹងចុះជួបអ្នករងគ្រោះដីធ្លីនៅសហគមន៍បឹងកក់ ដើម្បីរួមគ្នាក្រោកទ្បើងសង្គ្រោះជាតិ។
គណបក្សសង្គ្រោះជាតិ អះអាងថា ខ្លួនទទួលបានអាសនៈយ៉ាងតិច៦៣ ក្នុងចំណោមអាសនៈរដ្ឋសភាទាំង១២៣ ដែលអាចបង្កើតរាជរដ្ឋាភិបាលដឹកនាំប្រទេសបានក្នុងអាណត្តិទី៥នេះ ទោះបីគណបក្សប្រជាជនកម្ពុជា អះអាងដូចគ្នា ថា បានឈ្នះការបោះឆ្នោតដែរក៏ដោយ។
តំណាងអ្នកភូមិបឹងកក់ និងជាម្ចាស់ពានរង្វាន់ ស្ត្រីភាពជាអ្នកដឹកនាំពិភពលោក អ្នកស្រី ទេព វន្នី ថ្លែងថា ពួកគាត់នឹងឈរអមផ្លូវទទួលស្វាគមន៍ការចុះជួបរបស់ លោក សម រង្ស៊ី។ អ្នកភូមិក៏ត្រៀមដាក់ញត្តិឲ្យមេគណបក្សប្រឆាំងរូបនេះ ឆ្លើយតបតាមគោលនយោបាយ៧ចំណុច ដែលសន្យាក្នុងពេលយុទ្ធនាការបោះឆ្នោត ៖ "និយាយរួមទៅគណបក្សប្រឆាំងគាត់មានការឃោសនាមួយ ថា ជាពិសេសលោកប្រធាន សម រង្ស៊ី តែម្ដង គាត់និយាយថា នៅពេលដែលគណបក្សសង្រ្គោះជាតិឈ្នះឆ្នោត គាត់នឹងយកដីធ្លីប្រជាពលរដ្ឋ ដែលក្រុមហ៊ុន រំលោភបំពាន យកទៅហ្នឹងមកឲ្យប្រជាពលរដ្ឋវិញ ចាអានេះហើយគឺជាថ្នាំសម្រាប់ព្យាបាលសម្រាប់ពួកខ្ញុំទាំងអស់គ្នាដែល មានជង្ងឺរ៉ាំរ៉ៃ រឿងដីធ្លីហ្នឹងណាស់ ចាត្រូវការព្យាបាល ហើយនឹងឲ្យដោះលែងអ្នកស្រី យ៉ោម បុប្ផា " ។
តំណាងអ្នកភូមិម្នាក់ទៀត អ្នកស្រី ហេង មុំ ជាជនរងគ្រោះ ធ្លាប់ជាប់ពន្ធាគារជាងមួយខែ ដោយសារការតវ៉ា ប្រឆាំងនឹងការបណ្តេញចេញ ហើយពេលនេះ បានបែកបាក់ពីក្រុម អ្នកស្រី ទេព វន្នី ដោយងាកមកបង្កើតទំនាក់ទំនងល្អជាមួយអាជ្ញាធរវិញនោះ ហាក់មិនចាប់អារម្មណ៍ពីការចុះជួប របស់មេបក្សប្រឆាំងនេះទេ បើទោះការសន្យាដោះស្រាយ ពីមន្ត្រីរាជរដ្ឋាភិបាល មិនទាន់លិចចេញជាផ្លែផ្កាក៏ដោយ ៖ "ខ្ញុំមិនមានប្រតិកម្មអីប្រឆាំង ហើយខ្ញុំក៏មិនចូលរួមដែរ នេះស្រាចលើគាត់ គាត់ចង់ចុះទៅកន្លែងណាជារឿងរបស់គាត់ក្នុងតួនាទីគាត់ ក្នុងនាមគាត់ជាតំណាងរាស្ដ្រ អញ្ចឹងណាស់" ។
កាលពីថ្ងៃសុក្រសប្តាហ៍មុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានចុះជួយភ្ជួររាស់ និងដកស្ទូង ជាមួយពលរដ្ឋនៅខេត្តកណ្តាលដែរ ដើម្បីបង្ហាញពីការដឹងគុណដល់ម្ចាស់ឆ្នោត ដែលបានគាំទ្រ បើទោះបីលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន បង្ហាញថា ចំនួនអាសនៈគណបក្សលោកធ្លាក់ចុះ២២អាសនៈ ក៏ដោយ។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅអង្គការ លីកាដូ លោក អំ សំអាត យល់ថា ពេលនេះអ្នកនយោបាយចាប់ផ្តើមឲ្យតម្លៃដល់ម្ចាស់ឆ្នោតហើយ។ លោកថា ពលរដ្ឋគួរតែចេះប្រើប្រាស់សិទ្ធិរបស់ខ្លួន ជំរុញឲ្យមានការយកចិត្តទុកដាក់ បន្ថែមទៀត ដើម្បីជាសារបង្ហាញថា បើគ្មានការដោះស្រាយប្រកបដោយប្រសិទ្ធិភាព រាល់ផលប៉ះពាល់ទេ នោះពួកគេនឹងបាត់បង់ការគាំទ្រ រហូតដល់អស់អាសនៈ នៅអាណត្តិក្រោយទៀត៕
សូមសរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com
2 comments:
ហ៊ុន សែន! មិនអាចបន្តកាន់អំណាចតាមការលួចបន្លំសន្លឹកឆ្នោតបានទេ នៅពេលអន្តរជាតិនិងរាស្ត្រខ្មែរឈរជាមួយគណបក្សសង្គ្រោះជាតិ
CNRP live with own people forver!!!!!!
Post a Comment