កម្មករ រោងចក្រ អែស អិល តវ៉ា បិទផ្លូវ ទាមទារ ឲ្យរោងចក្រ ដោះស្រាយ លក្ខខណ្ឌការងារ
ដោយ សូត សុខប្រាថ្នា | Radio Free Asia | 20 August 2013
តំណាងកម្មករ រោងចក្រ បានបញ្ជាក់ ថា, ការសម្រេច បិទផ្លូវ ក៏ដោយសារ តែ ភាគីរោងចក្រ នៅតែ មិនមាន ដំណោះស្រាយ សមស្រប ជូនកម្មករ, ហើយ ប្រសិនបើ ភាគីរោងចក្រ នៅតែ មិនមាន ដំណោះស្រាយ ទៀតនោះ, ពួកគាត់ នៅតែ បន្តការបិទផ្លូវ តទៅទៀត។
កម្មករ រោងចក្រ អែស អិល ប្រមាណជិត ៥ពាន់នាក់ នៅថ្ងៃ ទី២០ សីហានេះ នៅតែ បន្តធ្វើកូដកម្ម នៅមុខ រោងចក្រ បន្តទៀត។ ការធ្វើកូដកម្ម ពេលនេះ គឺ ឈានទៅដល់ ការបិទ ផ្លូវ៣៧១ ភូមិឫស្សី, សង្កាត់ ស្ទឹងមានជ័យ, ដែលស្ថិត នៅមុខ រោងចក្រ តែម្តង។ មូលហេតុ ដែលធ្វើកម្មករ ទាំងអស់ សម្រេចចិត្ត ក្នុងការបិទផ្លូវ មិនឱ្យ មានការ ធ្វើចរាចរណ៍នោះ គឺ ដោយសារ តែ ភាគី ខាងរោងចក្រ មិនបានដោះស្រាយ នូវអ្វី ដែលភាគី ខាងកម្មករ បានស្នើសុំ នោះឡើយ។
តំណាងកម្មករ រោងចក្រ អែស អិល, អ្នកស្រី ប៉ាវ ផាន់ណា, បានឱ្យដឹង ថា, ក្នុងការ តវ៉ា ពេលនេះ គឺ ដើម្បី ជាប្រយោជន៍ របស់ កម្មករ ទាំងអស់គ្នា។ អ្នកស្រី បន្តថា, ក្នុងការ ធ្វើកូដកម្មនេះ គឺ មាន ៩ចំណុច ដែលភាគី ខាងកម្មករ បានជូន ឱ្យភាគី រោងចក្រ ធ្វើការដោះស្រាយ។ ប៉ុន្តែ នៅក្នុងចំណុច ទាំងអស់ គឺ មាន ៣ចំណុច ដែលតម្រូវ ឱ្យភាគី ខាងរោងចក្រ ត្រូវតែ ដោះស្រាយ ជាបន្ទាន់, រួមមាន៖ ការស្នើ ឱ្យរោងចក្រ ដកលោក មាស សុថា ដែលជាទីប្រឹក្សា រោងចក្រ ចេញ; ទីពីរ តម្រូវ ឱ្យរោងចក្រ បន្ថែមលុយបាយ មួយថ្ងៃ ៣ដុល្លារ ជាថ្នូរ នឹងការ ឱ្យពួកគាត់ ហូបបាយ នៅក្នុងរោងចក្រ; និងចុងក្រោយ គឺ ឱ្យរោងចក្រ ដំឡើង ប្រាក់ខែគោល ១៥០ដុល្លារ។
អ្នកស្រី បន្តថា, រយៈពេល ជាង ១០ថ្ងៃ មកហើយ នៅតែ មិនមានភាគី ខាងរោងចក្រ ឬអាជ្ញាធរ ចេញមុខដោះស្រាយ សមស្រប ជូនកម្មករ នោះឡើយ។ អ្នកស្រី បន្ថែមទៀត ថា, ប្រសិនបើ នៅតែ មិនមាន ដំណោះស្រាយទៀត, ពួកកម្មករ នៅតែ បន្តធ្វើកូដកម្ម រហូត ដល់មាន ដំណោះស្រាយ។
ដូចគ្នានេះដែរ, មន្ត្រីច្បាប់ នៃសម្ព័ន្ធសហជីព ប្រជាធិបតេយ្យ កម្មករកាត់ដេរ កម្ពុជា ប្រចាំរោងចក្រ អែល អិល, លោក ប៊ុត ប៊ុនឈាន, បានបញ្ជាក់ដែរ ថា, គោលបំណង សំខាន់ របស់ កម្មករ ពេលនេះ គឺ ដើម្បី ឱ្យរោងចក្រ អនុវត្តគោលការណ៍ នៃច្បាប់ការងារ ដូចពីមុន។ លោក បន្ថែមទៀត ថា, កត្តា ដែលជំរុញ ឱ្យកម្មករ ធ្វើការតវ៉ា រហូត ដល់មាន ការបិទផ្លូវពេល នេះ ដោយសារតែ កម្មករ ព្យាយាម ដាក់សំណើ ជាច្រើនលើក មកហើយ, ប៉ុន្តែ មិនមាន ការឆ្លើយតប នោះទេ។
លោក បន្តទៀត ថា, ដំណោះស្រាយ នៅពេលនេះ ខាងភាគី កម្មករ ទើបតែ ទទួលដំណឹង នៃការអញ្ជើញ របស់ ក្រសួងការងារ ឱ្យទៅធ្វើការ ចរចា នៅថ្ងៃស្អែក។
សកម្មភាព តវ៉ា របស់ កម្មករ នៅរោងចក្រ អែស អិល ចាប់ផ្ដើម តាំងពីថ្ងៃ ទី៨ សីហា រហូត ឈានទៅដល់ ការបិទផ្លូវ ទាំងស្រុង នៅថ្ងៃ ទី២០ សីហា ដែលកើតឡើង នៅភូមិ ឫស្សី, សង្កាត់ ស្ទឹងមានជ័យ, រាជធានី ភ្នំពេញ៕
2 comments:
HUN NAL must go uncle HO is waiting.
Bravo Khmer people!!!
Hun Sen must go!!!
Post a Comment