Monday, August 12, 2013

បក្សប្រឆាំង ៖ គ.ជ.ប ត្រូវទទួលខុសត្រូវ បើមានបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោត



.........................................
ដោយ៖ សេង ម៉ូលីនី និង អ៊ឹង ប៊ុនថន | ថ្ងៃចន្ទ័ ទី12 ខែសីហា ឆ្នាំ2013 | 2 ម៉ោង មុន VOD
គណបក្សសង្គ្រោះជាតិ នៅថ្ងៃចន្ទនេះ បានទម្លាក់ការទទួលខុសត្រូវទាំងស្រុងទៅលើគ.ជ.ប ប្រសិនបើមានមហាបាតុកម្មកើតឡើង ប្រឆាំងនឹងលទ្ធផលបោះឆ្នោតបណ្តោះអាសន្ននោះ។
ការព្រមានរបស់មន្ត្រីបក្សប្រឆាំង កើតឡើងភ្លាមៗ ក្រោយពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រេចប្រកាសលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតសម្រាប់នីតិកាលទី៥នេះ ដោយបង្ហាញថា គណបក្សកាន់អំណាចបន្តឈ្នះទៀត បើទោះជាមិនទាន់បានស៊ើបអង្កេតពីភាពមិនប្រក្រតី។

ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងក្នុងសន្និសិទសារព័ត៌មាននៅស្នាក់ការបក្សថា ការប្រកាសរបស់គ.ជ.ប គឺជាការកាត់ផ្តាច់ស្ពានចរចាគ្នា រវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ស្តីពីការបង្កើត គណៈកម្មការឯករាជ្យ ស៊ើបអង្កេតពីភាពមិនប្រក្រតីនៃការបោះឆ្នោត ដើម្បីឲ្យម្ចាស់ឆ្នោតទទួលយកបានទាំងសងខាង ៖ “គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវទទួលខុសត្រូវទាំងស្រុង ចំពោះការកើតឡើង នូវការបះបោរ ឬការតវ៉ាដែលនាំឲ្យមានអស្ថិរភាពនយោបាយ ពីសំណាក់ប្រជាពលរដ្ឋ ដែលម្ចាស់ឆ្នោត ដែលគាត់ទទឹងចាំ រកយុត្តិធម៌ឲ្យគាត់ ហើយការមានះរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនេះ គឺមានន៍យថាមានះប្រឆាំងនឹង ឆន្ទៈរបស់ប្រជាពលរដ្ឋ ដែលកំពុងតែចង់ដឹងរកយុត្តិធម៌ បែរជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បញ្ចេញនូវលទ្ធផលបណ្តោះអាសន្នមួយ ដែលធ្វើឲ្យ កាត់ផ្តាច់ ដូចកាត់ផ្តាច់ស្ពានទំនាក់ទំនងគណបក្សទាំងពីរ ដែលជាប់ឆ្នោតនោះ ក្នុងការរកច្រកដោះស្រាយទៅវិញ”។


អគ្គលេខាធិការ គ.ជ.ប អះអាងថា ការលើកឡើងបែបណាជាសិទ្ធិរបស់អ្នកនយោបាយ ប៉ុន្តែលោកនៅតែការពារចំណាត់ការរបស់គ.ជ.ប ចំពោះលទ្ធផលបោះឆ្នោតនេះ ថាធ្វើឡើ់ងតាមនីតិវិធីច្បាប់ ៖ “យើងប្រកាសលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតថ្ងៃនេះ ឲ្យគណបក្សនយោបាយ ដែលប្រកួតប្រជែងក្នុងការបោះឆ្នោត បើមិនពេញចិត្តឬមិនយល់ព្រម លទ្ធផលបណ្តោះអាសន្ននេះទេ គឺអាចប្តឹងតាមផ្លូវច្បាប់មក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងរយៈពេល ៧២ម៉ោង”។

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ជាម យៀប បានគាំទ្រលទ្ធផលបោះឆ្នោតដែលគ.ជ.ប ប្រកាសថា បក្សកាន់អំណាចជិត៣០ឆ្នាំនេះ នៅតែមានសំឡេងឆ្នោតនាំមុខ គណបក្សប្រឆាំង ៖ “ខាងគណៈបក្សសង្គ្រោះជាតិ គេចង់ឲ្យទាត់ គជប ចេញ ហើយឲ្យអង្គការសហប្រជាជាតិ មកធ្វើជាប្រធាន ជាមេ ខ្ញុំថាកុំស្អីបន្តិច យកបរទេសមកជាន់ក្បាលនោះ យើងធ្លាប់ឲ្យបារាំងជាន់ក្បាលជិតមួយសតវត្សហើយៗ កន្លងមកទៀតយើងឃើញថា មានអង្គការសហប្រជាជាតិមកជួយតាំងពី១៩៩៣ហើយ ពេលនេះគួរតែខ្មែរ ប្រឈមមុខគ្នា និយាយគ្នាទៅចរចាគ្នាទៅ យកច្បាប់ធ្វើជាមូលដ្ឋាន”។

នាយកប្រតិបត្តិ អង្គការឃ្លាំមើលការបោះឆ្នោតមួយហៅកាត់ថា និចហ្វិច លោក ហង្ស ពុទ្ធា អះអាងថា សង្គមស៊ីវិលកំពុងព្រួយបារម្ភពីករណីនេះ និងបានស្វែងរកកិច្ចអន្តរាគមន៍បន្ថែមទៀត ពីតំណាងអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។

បើទោះជាមានការព្រមាន ធ្វើមហាបាតុកម្មបរឆាំងលទ្ធផលបោះឆ្នោតក៏ដោយ តែគណបក្សសង្គ្រោះជាតិ មិនទាន់កំណត់ពេលជាក់លាក់ឡើយ ខណៈលោក សម រង្ស៊ី គ្រោងមកដល់កម្ពុជាវិញ នៅថ្ងៃទី១៥ ខែសីហានេះ។

យ៉ាងណាក៏ដោយនៅថ្ងៃចន្ទនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោត លោក ស ខេង អំពាវនាវឲ្យកងកម្លាំងទាំងអស់ គោរពតាមក្រមសីលធម៌ គុណធម៌ និងរក្សាភាពអត់ធ្មត់ ដើម្បីបញ្ជៀស នូវការប៉ះទង្គិចណាមួយដោយយថាហេតុ។ ក្នុងលិខិតនោះលោក ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ ប្រកបរបររកស៊ីតាមធម្មតា ទុកពេលឲ្យគណបក្សនយោបាយ ដែលទទួលបានអាសនៈក្នុងសភា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចរចាគ្នាដោយសន្តិវិធី៕

សូមសរសេរមកកាន់កញ្ញា សេង ម៉ូលីនី តាមរយៈ sengmoliny@gmail.com

3 comments:

Anonymous said...

Short process with NEC!

Anonymous said...

mr. kim sokha, i thought you are casted in stone. your gang must be elated with 55 seats, which you had never dreamed of. let's see will you fight for us in the senate?

Anonymous said...

Talk Is Cheap Action Is Loud Than Word.it's enough talking let take action.