ដោយ ទេព សុរ៉ាវី 2013-09-16 RFA
អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក សួស សំអាត
សម្រេចឃុំខ្លួនមនុស្ស ៦នាក់ បណ្ដោះអាសន្ននៅក្នុងពន្ធនាគារ
នៅថ្ងៃច័ន្ទ ទី១៦ ខែកញ្ញា
ក្រោមបទប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស
និងបទធ្វើឲ្យខូចខាតសម្បត្តិសាធារណៈដោយចេតនាមានស្ថានទម្ងន់ទោស
ក្នុងព្រឹត្តិការណ៍ប៉ះទង្គិចហិង្សារវាងសមត្ថកិច្ច
និងកងកម្លាំងរាជអាវុធហត្ថនៅលើស្ពានអាកាសក្បាលថ្នល់។
ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតរបស់អង្គការលីកាដូ (Licadho) លោក
អំ សំអាត មានប្រសាសន៍នៅថ្ងៃទី១៦ ខែកញ្ញា ថា លោក សួស សំអាត
បានចេញដីកាឃុំខ្លួនមនុស្សទាំង ៦នាក់ ក្នុងពន្ធនាគារ តាមមាត្រា ២១៨
និងមាត្រា ៤១០ និង ៤១១ នៃក្រមព្រហ្មទណ្ឌ។
ជនជាប់ចោទទាំង ៦នាក់នោះរួមមាន ឈ្មោះ ង្វៀន ធីដុក ជនជាតិវៀតណាម
ឈ្មោះ ឯក ចាន់នឿន ឈ្មោះ តាំង ជុងសែ ឈ្មោះ សុង និស្ស័យ ឈ្មោះ ឡុង សាមឿន
និងឈ្មោះ វ៉ាន់ និន។ ប្រសិនបើតុលាការរកឃើញពិរុទ្ធនោះ
ពួកគេអាចជាប់ពន្ធនាគារចន្លោះពី ២ឆ្នាំ ទៅ ៥ឆ្នាំ
និងពិន័យប្រាក់ពី ៤លាន ទៅ ១០លានរៀល។
មន្ត្រីអង្គការសង្គមស៊ីវិល រិះគន់ថា ការរាយបន្លាលួស
និងបិទរបាំងផ្លូវ មិនឲ្យអ្នកដំណើរឆ្លងកាត់
ជាមូលហេតុនៃហិង្សារវាងពលរដ្ឋ និងកម្លាំងប្រដាប់អាវុធ។
ក្រុមសមត្ថកិច្ចចម្រុះរបស់រដ្ឋាភិបាល បានបាញ់រះសំដៅទៅក្រុមបាតុករ
និងប្រើប្រាស់គ្រាប់បែកផ្សែងជាច្រើនគ្រាប់ កាលពីយប់ថ្ងៃទី១៥
ខែកញ្ញា។
បុរសម្នាក់ឈ្មោះ ម៉ៅ សុខចន្ទ អាយុ ២៩ឆ្នាំ សង្ស័យជាក្រុមបាតុករ
បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយត្រូវគ្រាប់ចំក្បាល
និងមនុស្ស ១៥នាក់ រងរបួស ក្នុងនោះមាន ៥ ឬ ៦នាក់របួសធ្ងន់
ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ
និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬហៅថា មន្ទីរពេទ្យរុស្ស៊ី។
បុរសម្នាក់ដែលត្រូវគ្រាប់ត្រង់ភ្លៅខាងស្តាំ
កំពុងសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត្រ ឈ្មោះ អ៊ុន សុឃាង អាយុ ២៧ឆ្នាំ
បញ្ជាក់ថា លោកស្ថិតនៅក្នុងក្រុមបាតុករជាច្រើនទៀត
ដែលទាមទារឲ្យសមត្ថកិច្ចរើរបងលួសបន្លា
រាំងទទឹងថ្នល់ចេញពីស្ពានអាកាសនោះ
ក្នុងបំណងឲ្យពលរដ្ឋអាចធ្វើដំណើរបានស្រួល
បន្ទាប់ពីកកស្ទះផ្លូវជាច្រើនម៉ោង។
លោករៀបរាប់ព្រឹត្តិការណ៍ដែលនាំឲ្យមានផ្ទុះហិង្សាថា ដំបូងឡើង
ក្រុមបាតុករមួយក្រុមបានទាមទារឲ្យសមត្ថកិច្ចរុះរើរបងលួស
និងរនាំងចេញពីផ្លូវ។ ដោយឃើញសន្ទុះមហាជនទាមទារច្រើនពេក
សមត្ថកិច្ចបានបាញ់គ្រាប់បែកផ្សែងជាច្រើនគ្រាប់មកលើក្រុមបាតុករ
ហើយក្រុមបាតុករបានតបតវិញ ដោយយកដុំថ្មគប់ទៅលើក្រុមសមត្ថកិច្ច
បង្កឲ្យផ្ទុះកំហឹង។ បុរសដដែលបញ្ជាក់ថា
មានបុរសម្នាក់មានឯកសណ្ឋានប៉ូលិស
បានបន្លំបាញ់សំដៅទៅលើក្រុមបាតុករ ដោយកាំភ្លើងខ្លី
នៅចន្លោះក្រុមសមត្ថកិច្ចជាច្រើនដែលកំពុងយាមបារ៉ាស់ផ្លូវ
និងនាំឲ្យមានការឆោឡោ ហើយក្រោយមក
សមត្ថកិច្ចបានដេញបាញ់ទៅលើក្រុមបាតុករយ៉ាងចាស់ដៃ។
មិនខុសគ្នាដែរ យុវជនម្នាក់ទៀតដែលរងរបួស ឈ្មោះ រ៉ា រាជ អាយុ
២៥ឆ្នាំ ដែលទើបតែចេញពីបន្ទប់វះកាត់យកគ្រាប់ចេញពីដើមដៃស្តាំ
បញ្ជាក់ថា លោកមិនស្ថិតនៅក្នុងក្រុមបាតុករទេ ប៉ុន្តែ
បានទៅឈរមើលហេតុការណ៍នៅចំណុចស្ពានព្រះមុនីវង្សត្រើយខាងកើត។
មូលហេតុដែលនាំឲ្យលោកត្រូវរបួសដៃ
ដោយសារតែព្យាយាមជួយក្មេងម្នាក់អាយុជាង ១០ឆ្នាំ
នៅពេលដែលក្មេងនោះភាំង និងស្លន់ស្លោរត់មិនកើត
ពេលឃើញសមត្ថកិច្ចជាច្រើនដេញបាញ់ប្រសាចសម្លុតទៅលើហ្វូងបាតុករ។
លោក រ៉ា រាជ ចាត់ទុកការដេញបាញ់ក្រុមបាតុកររបស់សមត្ថកិច្ច
ជាទង្វើខុសច្បាប់
ហើយថាសមត្ថកិច្ចមិនត្រូវបាញ់ពលរដ្ឋដែលគ្មានអាវុធនៅក្នុងដៃនោះ
ឡើយ។
អ្នកស្រី ស៊ឹម ចាន់ធី ជាប្រពន្ធរបស់ជនរងគ្រោះមួយរូបទៀត ឈ្មោះ នាង
រតនា បញ្ជាក់ថា ប្ដីរបស់គាត់ត្រូវ ២គ្រាប់ចំកញ្ចឹងក និងស្មា
ហើយទើបតែវះកាត់យកគ្រាប់រួច ប៉ុន្តែមិនមានសង្ឃឹមថារស់នោះទេ។
អ្នកស្រីបញ្ជាក់ថា ប្ដីរបស់អ្នកស្រីទើបតែហូបបាយល្ងាចរួច
និងចេញមកមើលខាងក្រៅផ្ទះ នៅពេលមានសំឡេងអ៊ូអរច្រើននៅខាងមុខ
ហើយស្រាប់តែត្រូវគ្រាប់កាំភ្លើងតែម្តង។
មន្ត្រីអង្គការសង្គមស៊ីវិល ដែលតាមដានរឿងនេះ បញ្ជាក់ថា
មានអ្នករបួសធ្ងន់មួយទៀតកំពុងសម្រាកនៅមន្ទីរពេទ្យរុស្ស៊ី
ត្រូវគ្រាប់ត្រង់ជើង ដោយគ្រាប់នោះបានផ្ទុះនៅខាងក្នុង
និងធ្វើឲ្យជើងម្ខាងត្រូវខ្ទេច ហើយកំពុងសង្គ្រោះបន្ទាន់។
ជុំវិញការបង្ក្រាបនេះ
អ្នកនាំពាក្យមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ខេង ទីតូ
បញ្ជាក់ថា ការបង្ក្រាបក្រុមបាតុករនៅស្ពានអាកាសក្បាលថ្នល់
ជាវិធានការទប់ទល់ធម្មតារបស់សមត្ថកិច្ច
នៅពេលដែលក្រុមបាតុករជ្រុលនិយមមួយក្រុមបានព្យាយាមបំពានការហាម
ឃាត់វិធានការការពាររបស់សមត្ថកិច្ច។
លោក ខេង ទីតូ បញ្ជាក់ថា មានសមត្ថកិច្ចជាច្រើនត្រូវរបួសដែរ ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។
អង្គការសង្គមស៊ីវិល ដែលឃ្លាំមើលបញ្ហាសិទ្ធិមនុស្ស
ចាត់ទុកការប្រើអំពើហិង្សារបស់សមត្ថកិច្ចទៅលើក្រុមបាតុករ
ថាជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
ហើយបានទម្លាក់កំហុសចំពោះការបិទផ្លូវរបស់សមត្ថកិច្ច
ដែលនាំឲ្យមានអំពើហិង្សាកើតឡើង។ មន្ត្រីអង្គការសង្គមស៊ីវិល
ស្នើសុំឲ្យបង្កើតគណៈកម្មការឯករាជ្យមួយ
ដើម្បីធ្វើការស៊ើបអង្កេតស្វែងរកជនដៃដល់
ដើម្បីយកទៅផ្ដន្ទាទោសតាមច្បាប់
ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ៕
មជ្ឈដ្ឋាននានាមានការងឿងឆ្ងល់ចំពោះការប្រញាប់ប្រញាល់បូជាសពយុវជន ម៉ៅ សុខចន្ទ
ដោយ សេក បណ្ឌិត
ក្រុមគ្រួសារសពយុវជន ម៉ៅ សុខចន្ទ អាយុ ២៩ឆ្នាំ
ដែលត្រូវសមត្ថកិច្ចបាញ់សម្លាប់កាលពីយប់ថ្ងៃទី១៥ កញ្ញា
បានសម្រេចបូជាហើយនៅរសៀលថ្ងៃច័ន្ទ ទី១៦ កញ្ញា នេះ
នៅវត្តចាក់អង្រែក្រោម រាជធានីភ្នំពេញ។
យុវជន ម៉ៅ សុខចន្ទ បានរងគ្រោះថ្នាក់ដល់ជីវិតនៅនឹងកន្លែង
ជិតស្ពានអាកាសក្បាលថ្នល់ កាលពីយប់ថ្ងៃទី១៥ កញ្ញា
នៅក្នុងព្រឹត្តិការណ៍ផ្ទុះអាវុធប៉ះទង្គិចគ្នារវាងប្រជាពលរដ្ឋ
និងសមត្ថកិច្ចនៅពេលគេធ្វើដំណើរត្រឡប់មកផ្ទះវិញ។
ពិធីបូជាសពពុំមានអ្នកចូលរួមច្រើនកុះករនោះទេ
ក្រៅពីក្រុមគ្រួសារតិចតួច មន្ត្រីអាជ្ញាធរមូលដ្ឋាន
និងអ្នកសារព័ត៌មានមួយចំនួន។
មជ្ឈដ្ឋាននានាមានការងឿងឆ្ងល់ថា
ការបូជាសពនោះមានភាពប្រញាប់ប្រញាល់ និងមានមន្ទិលថា
ក្រុមគ្រួសារសពអាចមានគំនាបពីស្ថាប័នណាមួយ។ ប៉ុន្តែ
ក្រុមគ្រួសារសពពន្យល់ថា ការប្រញាប់ប្រញាល់នោះ
គឺបណ្ដាលមកពីបញ្ហាថវិកាក្នុងការរៀបចំទុកដាក់សពឲ្យបានយូរ
ថ្ងៃតាមដែលអាចធ្វើទៅបាន។
ព្រះមហាក្សត្រ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី
ព្រះអង្គបានចេញព្រះរាជសារ នៅថ្ងៃទី១៦ កញ្ញា
ដោយបានសម្ដែងព្រះរាជហឫទ័យក្រៀមក្រំ
និងសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព
និងក្មួយៗដែលរងរបួសក្នុងហេតុការណ៍ប៉ះទង្គិចគ្នានោះផងដែរ៕
No comments:
Post a Comment