ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាប្រធានសហភាពសហជីពកម្ពុជា អះអាងថា កម្មកររោងចក្រកាត់ដេរ និងមន្ត្រីរាជការស៊ីវិលជាង ១ម៉ឺននាក់ នឹងបង្ហាញវត្តមាននៅថ្ងៃមហាបាតុកម្មអហិង្សាជាមួយគណបក្សសង្គ្រោះ ជាតិ ជាលើកទីពីរ ប្រឆាំងលទ្ធផលឆ្នោតដែលប្រកាសដោយ គ.ជ.ប។
ដោយ ម៉ម មុនីរតន៍ 2013-09-09 RFA
លោក រ៉ុង ឈុន បញ្ជាក់ជំហរថា
នៅពេលនេះលោកកំពុងកៀរគរកម្មករនៅតាមរោងចក្រ គ្រូបង្រៀន
និងមន្ត្រីរាជការស៊ីវិលមួយផ្នែកទៀត មិនក្រោម ១ម៉ឺននាក់
ដើម្បីចូលរួមមហាបាតុកម្មជាថ្មីជាមួយគណបក្សសង្គ្រោះជាតិ។
លោក រ៉ុង ឈុន អះអាងថា ការចូលរួមបាតុកម្មម្ដងនេះ
គឺក្នុងន័យដើម្បីទាមទារយុត្តិធម៌
និងស្វែងរកការពិតអំពីលទ្ធផលឆ្នោត។ ជាងនេះទៀត
ប្រធានសហភាពសហជីពកម្ពុជា
និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន និយាយថា
លោកនឹងមិនបារម្ភសោះឡើយអំពីការរិះគន់ទាំងឡាយរបស់រដ្ឋាភិបាល
ប្រឆាំងនឹងការចូលរួមរបស់លោកជាមួយបក្សប្រឆាំង។ លោកគិតថា
ប្រសិនបើពុំមានយុត្តិធម៌សង្គមទេ
នោះសន្តិភាពនឹងមិនអាចកើតឡើងបានឡើយ។
លោក រ៉ុង ឈុន៖ «មានគម្រោងប្រមូលធ្វើយុទ្ធនាការហ្នឹង
គ្រាន់តែយើងយកចំនួនតិចក៏ ១ម៉ឺនដែរចំពោះកម្មករកម្មការិនី
អាហ្នឹងនិយាយផ្នែកតែសម្រាប់កម្មករ កម្មការិនីទេ
ហើយបើបានលើសពីហ្នឹង អាហ្នឹងកាន់តែប្រសើរ ហើយនៅក្រុមគ្រូបង្រៀន
មន្ត្រីរាជការផ្សេងទៀតនោះ»។
គណបក្សសង្គ្រោះជាតិ គ្រោងនឹងធ្វើមហាបាតុកម្មអហិង្សារយៈពេល
៣ថ្ងៃជាប់ៗ ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៧ កញ្ញា ខាងមុខនេះ។
ដោយឡែកមន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់
ថ្លែងថា ប្រសិនបើមានលិខិតជាផ្លូវរបស់បក្សសង្គ្រោះជាតិ
ស្នើសុំធ្វើបាតុកម្ម
លោកថានឹងបន្តនីតិវិធីបើកកិច្ចពិភាក្សាដូចដែលធ្លាប់អនុវត្តក្នុង
កន្លងទៅជាមួយគណបក្សសង្គ្រោះជាតិ។
លោក យឹម សុវណ្ណ ក៏អះអាងដែរថា មហាបាតុកម្មលើកទីពីរនេះ
អ្នកចូលរួមគេពិតជាពិបាកទាយទុកជាមុនណាស់ថានឹងមានទំហំប៉ុណ្ណា
នោះ។ លោកគ្រាន់តែបញ្ជាក់ថា សកម្មភាពទាមទារជាថ្មីម្ដងទៀតនេះ
នឹងមិនបន្ធូរដៃសោះឡើយ ហើយក៏មិនប្រាកដសោះថា
អាចនឹងត្រូវបញ្ចប់ត្រឹមរយៈ ៣ថ្ងៃ
ឬថាត្រូវអង្គុយស្ងៀមនៅទីលានប្រជាធិបតេយ្យ
ឬត្រូវធ្វើចលនានោះដែរ។
លោក យឹម សុវណ្ណ៖
«ចាប់ពីពេលនេះទៅខ្ញុំគឺមានតែទុកឲ្យប្រជាពលរដ្ឋជាអ្នកឆ្លើយ
ជំនួសគណបក្សសង្គ្រោះជាតិ ហើយឥឡូវនេះគឺថា បើសួរថា
តើឲ្យលំអិតយ៉ាងដូចម្ដេច ខ្ញុំក៏មិនអាចឆ្លើយបានដែរ?
ដូច្នេះគឺចាំដល់ថ្ងៃនោះ គឺធ្វើអ្វីខ្លះ គឺធ្វើអ៊ីចឹងទៅ»។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ
ចាត់ទុកយុទ្ធសាស្ត្ររបស់បក្សសង្គ្រោះជាតិនៅពេលនេះថា
ហាក់ធ្វើខ្លួនឲ្យនៅក្រៅសំណាញ់ច្បាប់ ហើយក៏មិនប្រាកដថា
អាចនឹងមានការបង្ក្រាបណាមួយប្រឆាំងនឹងបាតុកម្មអហិង្សានៅឡើយដែរ៖
«ខ្ញុំមានការសោកស្ដាយណាស់ចំពោះគណបក្សសង្គ្រោះជាតិហ្នឹងគាត់
ថា គាត់នឹងធ្វើមហាបាតុកម្មជាប់ៗគ្នា ដោយមិនបានសុំច្បាប់។
មានការសោកស្ដាយត្រង់ណាត្រង់ថា
បើគាត់ធ្វើបែបហ្នឹងហាក់បីដូចជាគាត់ដាក់ខ្លួនគាត់ឲ្យស្ថិតនៅ
ក្រៅច្បាប់រួចទៅហើយ»។
បើទោះជារដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានពង្រាយរថពាសដែក
និងចល័តកងទ័ពក្ដី
ក៏ប៉ុន្តែពលរដ្ឋដែលចូលរួមបាតុកម្មបញ្ជាក់ជំហរថា
នឹងមិនញញើតចំពោះការបង្ក្រាបដោយសព្វាវុធឡើយ៕
1 comment:
Rung Chun is a good model for Cambodian teachers, all Cambodian Teachers must learn a good model from Mr Rung Chun,
do not be coward must be courageous to liberate our country from the Editorship leader if you want to have a good future and have a good salary for your life must kick HUN SEN from his power now
Post a Comment