Wednesday, September 11, 2013

លោក​​ហ៊ុន​ សែន​ និង​​លោក​ សម​ រង្ស៊ី​ មិន​បាន​​ជួប​គ្នា​​ទេ​​ពេល​​ទទួល​​​ព្រះ​មហាក្សត្រ




ប្រតិភូ​​​គណបក្ស​​សង្គ្រោះ​ជាតិ​ នៅ​ពេល​​ទៅ​​ទទួល​​ព្រះ​មហាក្សត្រ​​ សម្តេច​​ព្រះ​បាទ​​បរម​នាថ​ នរោត្តម​​ សីហមុនី​ ថ្ងៃទី​​១១ កញ្ញា ឆ្នាំ​២០១៣។ :@Siv Channa




ដោយ ប៉ែន បូណាrfi អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ពុធ 11 កញ្ញា 2013

ដូច​ការគ្រោងទុក ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បាន​យាង​ត្រឡប់​មក​ដល់​ភ្នំពេញ​វិញ​ហើយ ​នៅវេលា​ម៉ោង៤រសៀល​ថ្ងៃ​ពុធ​នេះ។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ និង​លោក សម រង្ស៊ី ដែល​បាន​ទៅ​ទទួល​ព្រះមហាក្សត្រ នៅ​ព្រលានយន្តហោះ​ មិនបាន​ជួប​​និយាយ​រកគ្នា​ទេ។ យ៉ាងណាក៏ដោយ លោក​សម រង្ស៊ី បាន​អះអាងថា លោក​នៅ​រង់ចាំ​ចម្លើយ​ពី​ព្រះមហាក្សត្រ​ ដើម្បី​ជួយ​អន្តរាគមន៍​រក​ដំណោះស្រាយ​បញ្ហានយោបាយ។

ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បាន​យាង​ត្រឡប់​មកដល់​ភ្នំពេញ​វិញ​ហើយ ​នៅវេលា​ម៉ោង៤រសៀល ​ថ្ងៃ​ពុធ​ទី ១១សីហា​នេះ បន្ទាប់ពី​បានទទួល​ការពិនិត្យ​ព្រះរាជសុខភាព​​ពី​សំណាក់​គ្រូពេទ្យ​ចិន។

នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ មាន​វត្តមាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក ហេង សំរិន ប្រធានរដ្ឋសភា រួមទាំង​មន្ត្រី​អ្នកមុខអ្នកការ និង​គ្រួសារ​រាជវង្ស​មួយចំនួនទៀត។ លោក សម រង្ស៊ី និង​លោក កឹម សុខា មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ព្រមទាំង​មន្ត្រី​បក្ស​ប្រឆាំង​​ជាច្រើន​ទៀត ​ក៏បាន​ទៅ​ទទួល​ព្រះរាជដំណើរ​យាង​ត្រឡប់​របស់​ព្រះមហាក្សត្រ​ដែរ។

ប៉ុន្តែ មេដឹកនាំ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​មិនបាន​ជួបពិភាក្សា​គ្នា ​ឬ​សូម្បីតែ​និយាយ​រកគ្នា​នោះឡើយ។ មុនពេល​ព្រះមហាក្សត្រ​យាង​មកដល់ អ្នកនយោបាយ​ទាំងអស់​បាន​ចូលក្នុង​បន្ទប់​រង់ចាំ VIP ជាមួយគ្នា​ ដែល​ធ្វើ​ឲ្យ​មានការ​សង្ស័យថា ពួកគេ​អាច​នឹង​ជួប​ជជែក​គ្នា។ ប៉ុន្តែ ពេលចេញ​មកវិញ លោក សម រង្ស៊ី បាន​អះអាងថា លោក​មិនបាន​ជួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ទេ។

មេដឹកនាំ​បក្សប្រឆាំង​បញ្ជាក់ថា គោលបំណង​របស់លោក​ដែល​មក​ព្រលានយន្តហោះ​នៅ​ថ្ងៃ​នេះ​​ គឺ​ដើម្បី​ទទួល​ព្រះរាជដំណើរ​យាង​និវត្តន៍​របស់​ព្រះមហាក្សត្រ​តែប៉ុណ្ណោះ។ ទាក់ទង​ទៅ​នឹង​​ដំណោះស្រាយ​បញ្ហានយោបាយ លោក សម រង្ស៊ី បាន​អះអាងថា លោក​នៅ​រង់ចាំ​ចម្លើយ​ពី​​ព្រះមហាក្សត្រ ​បន្ទាប់ពី​លោក​បាន​សុំ​ឲ្យ​ព្រះអង្គ​អន្តរាគម​​ជួយ​រក​ដំណោះស្រាយ។ ទាំង​លោក​កឹម សុខា និង​លោក​សម រង្ស៊ី នៅតែ​អះអាងថា បាតុកម្ម​ជា​ជម្រើស​មិនអាច​ចៀសវាង​បាន ​​ប្រសិនបើ​គ្មាន​ដំណោះ ស្រាយ។

ការយាងត្រឡប់​របស់​ព្រះមហាក្សត្រ​នៅពេលនេះ​ ចំ​ពេលដែល​ស្ថានការណ៍​នយោបាយ​កំពុង​តានតឹង​នៅក្រោយ​ការបោះឆ្នោត។ ព្រះមហាក្សត្រ​ គ្រោង​កោះអញ្ជើញ​អ្នក​តំណាង​រាស្ត្រ​​ជាប់ឆ្នោត​ទាំង ១២៣ នាក់​ ឲ្យ​ចូលរួម​ប្រជុំ​សភា​ដំបូង​នៅ​ថ្ងៃទី ២៣ កញ្ញា​ខាងមុខនេះ។

ប៉ុន្តែ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បដិសេធ​មិន​ទទួលយក​លទ្ធផល​នៃ​ការបោះឆ្នោត​បាន​ប្រកាស​​ម្តងហើយ ម្តងទៀតថា នឹងធ្វើពហិការ​មិន​ចូលប្រជុំ​សភា​ទេ។ គណបក្សប្រឆាំង​ក៏បាន​ប្រកាស​ធ្វើ​មហា​បាតុកម្ម​ជា​​លើក​ទី២ទៀត​ ចាប់ពី​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះ​តទៅ។

គេ​នៅ​មិនទាន់​ដឹងថា ព្រះរាជ​វត្តមាន​របស់​ព្រះមហាក្សត្រ​អាច​នឹង​ជួយ​បន្ធូរបន្ថយ​ភាព​តានតឹង​នយោបាយ ​ដែល​ឲ្យ​គណបក្ស​ទាំង​ពីរបាន​ចូលប្រជុំ​រដ្ឋសភា​ដំបូង​ដោយ​ស្រុះស្រួល​គ្នា ឬក៏​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​ម្នាក់ឯង​ ចូលរួម​ប្រជុំ រីឯ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ធ្វើ​បាតុកម្ម​​ក្រៅ​រដ្ឋសភា​នោះឡើយ៕


1 comment:

Anonymous said...

ខ្មែរមានជីវភាពនយោបាយ ស្ថិតក្នុងសភាព ត្រូវតែបន្តររួបរួមគ្នា បង្ហាញស្នាដៃរ ក្នុងការទាមទារកយុត្តិធ៌មឲ្យខ្លួនឯង ឲ្យពិភពលោកឃើញ! សូមបញ្ជាក់ថា បើត្រូវការឲ្យអន្ដរជាតិជួយ មិនត្រូវ ប្ដូរជំហររបស់ខ្លួនជាដាច់ខាត!

ធ្វើអ្វីៗដើម្បីជាតិមិនមែនស្រួលដូចបកចេកទេ! សូមកុំធ្វើអ្វីដូចបរទេសធ្លាប់ដៀលយើងថា៖
"ខ្មែរធ្វើអ្វីឆេះតែមួយឆាវដូចភ្លើងចម្បើង រួចរលត់បាត់យើងចាំតែទទួលផលទៅ"

យើងមិននិយាយ តម្រង់លើបុគ្គលណាទេ! គឺយើងតម្រង់ទាមទា៖

យកអ្វីជារបស់ខ្មែរ!
ខ្មែរត្រូវរស់សមជាមនុស្សក្នុងប្រទេស មានលទ្ធិប្រជាធិប្បតេយ្យពិតប្រាកដ!
មាន រដ្ឋធម្មនុញ្ញ ត្រូវបដិបត្តិ!
បញ្ឈប់ ការហូរចូលនឹងផ្ទុក ជនបរទេសខុសច្បាប់ អោយជិះជាន់ខ្មែរ!
ខ្មែរត្រូវរស់ជាប្រជាជាតិមួយ ដែលមាន សុវឌ្ឍិកម្មនឹងសុវត្ថិភាព​ ក្នុងបច្ចុប្បន្ននឹងអនាគត របស់ខ្លួន!