លទ្ធផលកិច្ចប្រជុំកំពូលគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ព្រមព្រៀង ៣ ចំណុច ក្នុងនោះ មានការកែ ទម្រង់ការបោះឆ្នោត
(ថ្ងៃទី 16 កញ្ញា 2013, ម៉ោង 02:18:PM) | ដោយ: មុនីរាជ CEN
ភ្នំពេញ: កិច្ចប្រជុំកំពូលរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ជាង ៤ ម៉ោង បានបិទបញ្ចប់ កាលពីម៉ោងប្រមាណ ១ និង ៣០ នាទី ដោយព្រមព្រៀងគ្នា ចំនួន ៣ ចំណុច។ ក្នុងនោះ រួមមាន ការឯកភាពគោរពតាមព្រះរាជសាររបស់ព្រះមហាក្សត្រ ការកែទម្រង់ការបោះឆ្នោត និងការព្រមព្រៀងជួបប្រជុំដោះស្រាយបន្ត តាមគ្រប់កំរិត។
បន្ទាប់ពីកិច្ចប្រជុំ គណបក្សទាំងពីរ បានចេញសេចក្តីប្រកាសរួម។ សេចក្តីប្រកាសរួម នៃលទ្ធផលកិច្ចប្រជុំ ត្រូវបានប្រកាសដោយលោក ប្រាក់ សុខុន តំណាងគណបក្សប្រជាជនកម្ពុជា និងលោក យឹម សុវណ្ណ តំណាងគណបក្សសង្គ្រោះជាតិ ក្នុងសន្និសីទកាសែត នៅរដ្ឋសភា នាម៉ោងជិត ២ រសៀលនេះ។
សេចក្តីប្រកាសរួម នៃកិច្ចប្រជុំកំពូលរបស់គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេច ហ៊ុន សែន និងគណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោកសមរង្ស៊ី បានលើកឡើងថា កិច្ចប្រជុំរកដំណោះស្រាយលើបញ្ហាប្រទេសជាតិ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ ស្របតាមព្រះរាជតំរិះរបស់ព្រះមហាក្សត្រ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៣។
កិច្ចប្រជុំកំពូល បានឯកភាពគ្នា ៣ ចំណុច៖
១-ឯកភាព គោរព និងអនុវត្តយ៉ាងម៉ឹងម៉ាត់ ចំពោះព្រះរាជសាររបស់ព្រះមហាក្សត្រ កាលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ ដើម្បីកុំឲ្យមានអំពើហិង្សារវាងក្រុមបាតុករ និងក្រុមសមត្ថកិច្ច
២-ឯកភាព ធ្វើការកែទម្រង់សម្រាប់ការបោះឆ្នោតខាងមុខ
៣-ថ្នាក់ដឹកនាំគណបក្សទាំងពីរ បានឯកភាពគ្នាថា នឹងមានការជួបប្រជុំគ្នាតទៅទៀត តាមគ្រប់កំរិត។
សេចក្តីប្រកាសរួមពីលទ្ធផលនៃកិច្ចប្រជុំកំពូលរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ត្រូវបានចុះហត្ថលេខាដោយសម្តេចហ៊ុនសែន លោកសខេង លោកសាយឈុំ នៅខាងគណបក្សប្រជាជនកម្ពុជា និងខាងគណបក្សសង្គ្រោះជាតិ ចុះហត្ថលេខាដោយលោក សមរង្ស៊ី លោកកឹមសុខា និងលោក ប៉ុល ហំម៕
1 comment:
បើគេមិនទាន់ច្បាស់អំពី នយោបាយភ្លៀងរលិម
ឬនយោបាយច្រេះស៊ីដែកនោះ ការឯកភាពបីចំ
ណុចខាងលើនេះជាភស្តុតាង។ ច្រេះហ៊ុន សែន
ចាប់ផ្តើមតោងនឹងស៊ីដែកសម រង្ស៊ីហើយ។ បើ
មើលមិនឃើញទេ ទៅរកទិញវ៉ែនតាពាក់ទៅ៕
ស៊ី អេងគ្រុយ
Post a Comment