Tuesday, September 10, 2013

សង្គ្រោះ​ជាតិ បដិសេធ​លទ្ធផល​បោះឆ្នោត​ ប្រកាស​ធ្វើ​មហា​បាតុកម្ម​ចំនួន ៣ ថ្ងៃ



លោក សម រង្ស៊ី​ ថ្លែង​នៅក្នុងសន្និសីទកាសែតបដិសេធ​លទ្ធផល​បោះ​ឆ្នោត​​​ កាល​ពីថ្ងៃ​អាទិត្យ​ម្សិលមិញ​។ រូបថត ម៉ៃ វីរៈ



មាស សុខជា និង ABBY SEIFF 09 SEPTEMBER 2013 ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ គណបក្ស​ប្រឆាំង​បាន​សន្យា​ធ្វើ​មហា​បាតុកម្ម និង​ធ្វើ​ពហិការ​ក្នុង​អង្គ​ប្រជុំ​បើក​រដ្ឋសភា កាល​ពី​ម្សិលមិញ គឺ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ ការ​បោះឆ្នោត បាន​ចេញ​ផ្សាយ​ពី​លទ្ធផល​បោះឆ្នោត​ចុង​ក្រោយ ដែល​បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា​គឺជា​គណបក្ស​ឈ្នះ​ឆ្នោត។

លទ្ធផល​បាន ឲ្យ​ដឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន ៦៨ អាសនៈ ចំណែក​ឯ​គណបក្ស​សង្គ្រោះ​ជាតិ​បាន ៥៥ អាសនៈ ជា​លទ្ធផល​ដូច​គ្នា​នឹង​លទ្ធផល​ដែល​បាន​ចេញ​ផ្សាយ​បន្ទាប់​ពី​ការ​បោះឆ្នោត​បាន​បិទ​កាល​ពី​ថ្ងៃ​ទី២៨ ខែ កក្កដា។

នៅ​ថ្ងៃ​ម្សិលមិញ ដូច​នៅ​យប់​ថ្ងៃ​បោះឆ្នោត គណបក្ស​ប្រឆាំង​បាន​សន្យា​ថា ខ្លួន​នឹង​មិន​ទទួល​យក​លទ្ធផល​នេះ​ទេ។

លោក សម រង្ស៊ី បាន​ព្រមាន​ថា៖ «ខ្ញុំ​គិត​ថា ពួក​គេ​កំពុង​ឆ្ពោះ​ទៅ​រក​បញ្ហា និង​អស្ថិរភាព លើក​លែង​តែ​រក​ឃើញ​ការ​ពិត»។

ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ដែល​បាន​ធ្វើ​ឡើង​នៅ​ទីស្នាក់ការ គណបក្ស នៅ​ខណ្ឌ មាន​ជ័យ លោក សម រង្ស៊ី និង​លោក កឹម សុខា អនុ​ប្រធាន​បាន​ប្រកាស​ថា មហា​បាតុកម្ម​ទូទាំង​ប្រទេស​នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី១៥ ១៦ និង ១៧ ខែ កញ្ញា។ បើ​ទោះ​បី​ជា​គណបក្ស​មិន​បាន​ផ្តល់​សេចក្តី​លម្អិត​អំពី​ទម្រង់​នៃ មហា​បាតុកម្ម​នោះ​ក៏​ដោយ លោក សម រង្ស៊ី បាន​ទទូច​ថា បាតុកម្ម​នៅ​តែ​ជា​បាតុកម្ម​អហិង្សា។



លោក សុខា បាន​ព្រមាន​ថា បាតុកម្ម​ក៏​នឹង​បន្ត​ធ្វើ​រហូត​ទាល់​តែ​ឈាន​ដល់​ដំណោះស្រាយ។

លោក​បាន​បញ្ជាក់​ថា៖ «ប្រសិន​បើ​គ្មាន​ដំណោះស្រាយ​ទេ​នោះ យើង​នឹង​បន្ត​ធ្វើ​បាតុកម្ម​នេះ​ជា​រៀង​រហូត»។

លទ្ធផល​បោះឆ្នោត​បាន​ប្រកាស ក្នុង​រយៈ​ពេល​តិច​ជាង ២៤ ម៉ោង បន្ទាប់​ពី​គណបក្ស​ប្រឆាំង​បាន​រៀបចំ​មហា​បាតុកម្ម​នៅ រាជធានី​ភ្នំពេញ ដែល​ស្នើ​ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​ហ្មត់ចត់​លើ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត។ គណបក្ស​បាន​អះអាង​ថា ខ្លួន​បាន​ឈ្នះ ៦៣ អាសនៈ ផ្អែក​លើ​តួលេខ​ដែល​បាន​បូក​សរុប​នៅ​មណ្ឌល​បោះឆ្នោត។

កាល​ពី​ម្សិលមិញ លោក សម រង្ស៊ី បាន​ហៅ​លទ្ធផល​នេះ​ថា​មិន​មែន​ជា​រឿង​ភ្ញាក់​ផ្អើល​ទេ ដោយ​លោក​បាន​ចោទ​ប្រកាន់​គណបក្ស​ប្រជាជន​ថា បាន​កំណត់​លទ្ធផល​នេះ​ជា​យូរ​មក​ហើយ។

លោក សម រង្ស៊ី បាន​ឲ្យ​ដឹង​ទៀត​ថា៖ «គណបក្ស​សង្គ្រោះ​ជាតិ​បដិសេធ​លទ្ធផល​បោះឆ្នោត។ តាម​ពិត គណបក្ស​ប្រជាជន​បាន​រៀបចំ​លទ្ធផល ហើយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ប្រថាប់​ត្រា ហើយ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​ប្រថាប់​ត្រា​រួច​ហើយ នោះ​ជា​មូលហេតុ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បដិសេធ»។



គណបក្ស​សង្គ្រោះជាតិ បាន​អំពាវនាវ​ម្តង​ហើយ​ម្តង​ទៀត​ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​ឯករាជ្យ លើ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត។ បើ​ទោះ​បី​ជា​គណបក្ស​ប្រជាជន​ហាក់​ដូច​ជា​ចង់​ចូល​រួម​បង្កើត​គណៈកម្មាធិការ​នោះ​ក៏​ដោយ (ដោយ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ថែម​ទាំង​ជំរុញ​ជា​សាធារណៈ​ឲ្យ​ជួប​ប្រជុំ) ប៉ុន្តែ​ការ​ចរចា​បាន​ជាប់​គាំង។

ទោះ​ជា​យ៉ាង​ណា​ទន្ទឹម​នឹង​នេះ គ.ជ.ប និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​បន្ត​ទៅ​មុខ ដោយ​ពិនិត្យ​លើ​ពាក្យ​បណ្តឹង​ដែល​បាន​ដាក់​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ផ្ទៀង​ផ្ទាត់​សន្លឹក​ឆ្នោត និង​បើក​សវនាការ។ ទោះ​ជា​យ៉ាង​ណា ផ្លូវ​ទាំង​អស់​រត់​ទៅ​រក​លទ្ធផល​តែ​មួយ ដោយ​ស្ថាប័ន​ទាំង​នេះ​បាន​កំណត់​ម្តង​ហើយ​ម្តង​ទៀត​ថា ភាព​មិន​ប្រក្រតី​ដែល​កើត​មាន​ជា​ទូទៅ​តាម​ការ​លើក​ឡើង​ដោយ​អង្គការ​ឃ្លាំ​មើល​សិទិ្ធ​មនុស្ស និង​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​នោះ​ពុំ​មាន​លក្ខណៈ​ធ្ងន់​ធ្ងរ​ដែល​អាច​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ទេ។

ចំពោះ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ព្រមាន​ម្តង​ហើយ​ម្តង​ទៀត​ថា ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ពហិការ គណបក្ស​ប្រជាជន​នឹង​យក​អាសនៈ​ទាំង​អស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ បើ​ទោះ​បី​ជា​លោក ហ៊ុន សែន និង​មេ​ដឹក​នាំ​ជាន់​ខ្ពស់​ដទៃ​ទៀត​បាន​ទទូច​ថា ពួកគេ​អាច​យក​បាន​ដោយ​ស្រប​ច្បាប់​ក៏​ដោយ ក៏​ប៉ុន្តែ​អ្នក​វិភាគ​បាន​ហៅ​ការ​អះអាង​នេះ​ជា​ការ​បក​ស្រាយ​ច្បាប់​ខុស ហើយ​បាន​ព្រមាន​ថា ទង្វើ​នេះ​អាច​ធ្វើ​ឲ្យ​មាន​កំហឹង​ថែម​ទៀត​ពី​ប្រជាជន។

នៅ​សន្និសីទ​កាសែត លោក សម រង្ស៊ី បាន​ចំអក​លើ​ការ​គំរាម​នោះ ដោយ​ថ្លែង​ថា ចំពោះ​គណបក្ស​ដែល​ធ្វើ​បែប​នេះ វា​នឹង​វិល​ត្រឡប់​ទៅ​រក​សម័យ​កុម្មុយនីស្ត។

លោក​ស្រី មូរ សុខហួរ បាន​ថ្លែង​នៅ​អម​នឹង​កិច្ច​ប្រជុំ​ថា៖ «វា​ស្រ័យ​លើ​ពួកគេ ប៉ុន្តែ​វា​នឹង​ខុស​រដ្ឋ​ធម្មនុញ្ញ»។

លោក សម រង្ស៊ី ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បរទេស​កុំ​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត។ ខណៈ​ដែល​ស្ថានទូត​ជាច្រើន​ជំរុញ​ឲ្យ​បើក​ការ​ស៊ើប​អង្កេត​ឯករាជ្យ ស្ថានទូត​ទាំង​នោះ​បាន​ផ្តល់​ជា​សញ្ញា​ដ៏​តិច​តួច​ថា ពួក​គេ​នឹង​មិន​គាំទ្រ​រដ្ឋាភិបាល​បង្កើត​ថ្មី​នោះ​ឡើយ។



ក្នុង អ៊ីមែល កាល​ពី​ម្សិលមិញ លោក Sean McIntosh អ្នក​នាំ​ពាក្យ​ស្ថានទូត បាន​ថ្លែង​ថា សហរដ្ឋ​អាមេរិក​នឹង​បន្ត​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​មាន​តម្លាភាព។ «ទី​បំផុត ប្រជាជន​កម្ពុជា​ជា​អ្នក​វិនិច្ឆយ​លើ​ដំណើរការ​បោះឆ្នោត និង​លទ្ធផល»។

លោក ឈាង វុន អ្នក​នាំ​ពាក្យ​រដ្ឋសភា បាន​ថ្លែង​ថា រដ្ឋាភិបាល​គណបក្ស​កាន់​អំណាច​ពុំ​ព្រួយ​បារម្ភ​អំពី​ការ​គំរាម​ធ្វើ​ពហិការ ឬ​បាតុកម្ម​ទេ ហើយ​ចង់​បន្ត​ធ្វើ​ការងារ​របស់​ខ្លួន។

លោក ឈាង វុន បាន​បញ្ជាក់​ថា៖ «អង្គុយ​នៅ​ទី​នោះ​ទៅ [នៅ​កន្លែង​ធ្វើ​បាតុកម្ម] សម្រាប់​រយៈ​ពេល​ជាង ៥ ឆ្នាំ វា​នៅ​តែ​មិន​អី​ទេ។ រដ្ឋាភិបាល​នៅ​តែ​បន្ត​ទៅ​មុខ​។ រដ្ឋាភិបាល​នៅ​តែ​បន្ត​ដឹក​នាំ ព្រោះ​គ្មាន​អ្វី​ជាប់​គាំង​ទេ»។

លោក​បាន​បន្ត​ថា ដោយ​ជំរុញ​ឲ្យ​ធ្វើ​បាតុកម្ម គណបក្ស​ប្រឆាំង​កំពុង​តែ​បំពាន​លើ​ព្រះ​រាជ​បំណង​របស់​ព្រះ​មហាក្សត្រ​ដែល កាល​ពី​ខែ​មុន ជំរុញ​ឲ្យ​ដោះស្រាយ​ភាព​ជាប់​គាំង​តាម​មធ្យោបាយ​ច្បាប់។

គណបក្ស​សង្គ្រោះ​ជាតិ​ហាក់​ដូចជា​បក​ស្រាយ​ព្រះ​រាជសារ​របស់​ព្រះ​មហាក្សត្រ​ក្នុង​អត្ថន័យ​ផ្សេង​ទៅ​វិញ ដោយ​លោក កឹម សុខា បាន​ថ្លែង​នៅ​សន្និសីទ​ថា៖ «យើង​ធ្វើ​តាម​ព្រះ​មហាក្សត្រ ក្នុង​ស្មារតី​ស្វែង​រក​យុតិ្តធម៌​ដល់​ប្រជាជន​ដែល​ជា​ម្ចាស់​ឆ្នោត»។

មនុស្ស​រាប់​សិប​នាក់​ដែល​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្រៅ​ទីស្នាក់ការ គណបក្ស ដោយ​ឈរ​មើល​សន្និសីទ​សារ​ព័ត៌មាន​តាម​វីដេអូ និង​សម្តែង​ការ​មិន​ពេញ​ចិត្ត​របស់​ខ្លួន។

លោក​ស្រី វាន់ ណេ អាជីវករ​ផ្សារ ស្ទឹង​មាន​ជ័យ បាន​ស្រែក​ថា៖ «ទ្រព្យ​ទាំង​អស់​បាន​លក់​អស់​ហើយ នៅ​តែ​ព្រះ​បរម​រាជវាំង និង​វត្ត​ភ្នំ​ទេ​ដែល​មិន​ទាន់​បាន​លក់ [ដោយ​គណបក្ស​ប្រជាជន]»។ «ខ្ញុំ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ខ្ញុំ​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ ព្រោះ​គេ​ដឹក​នាំ​មិន​ជឿន​លឿន​ទៅ​មុខ​ទេ»។

ទោះ​ជា​យ៉ាង​ណា បន្ទាប់​ពី​ជាប់​គាំង​រយៈ​ពេល ៦ សប្តាហ៍ អ្នក​ខ្លះ​ងឿង​ឆ្ងល់​ថា តើ​គណបក្ស​នេះ​អាច​រក្សា​ប្រភេទ​នៃ​ការ​គាំទ្រ​ជា​ទូទៅ​ចាំ​បាច់​ដើម្បី បន្ត​ធ្វើ​បាតុកម្ម​ឬ​យ៉ាង​ណា​ទេ។ មហា​បាតុកម្ម​កាល​ពី​ថ្ងៃ​សៅរ៍ ដែល​បាន​រៀបចំ​អស់​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍​នោះ បាន​ប្រមូល​អ្នក​គាំទ្រ​ក្នុង​ចំនួន​ដូច​សុន្ទរកថា​ដែល​បាន​ប្រកាស ប៉ុន្មាន​ថ្ងៃ ឬ​ម៉ោង​មុន។

ទោះ​ជា​យ៉ាង​ណា លោក សម រង្ស៊ី បាន​ច្រាន​ចោល​ការ​លើក​ឡើង​អំពី​ប្រជាជន​ភ័យ​ព្រួយ ដោយ​លោក​ទទូច​ថា ការ​គាំទ្រ​ពុំ​បាន​ធ្លាក់​ចុះ​ទេ។ លោក​បាន​បន្ត​ថា៖ «ប្រជាជន​ខក​ចិត្ត​ណាស់។ គេ​ចង់​បាន​ការ​ពិត​គេ​មិន​ចង់​ឲ្យ​មាន​ការ​លួច​សន្លឹក​ឆ្នោត​របស់​ខ្លួន​ទេ»៕ TK


5 comments:

Anonymous said...

you should protest since the day one then keep going 7/24 for 365 days until Ah Kwack gives up.

Don't listen to the dumbest King.

Just do it!

Anonymous said...

ចំពោះ នាងចិន្ដា នឹង អាបុរស សាកល,
ប្រាប់ទៅមេពួកអា​អ្ហែង សម រង្ស៊ី ជាមេដឹកនាំមហាបាតុកម្មបង្គ្រប់កិច្ច....

ការសង្ឃឹមអំពីជ័យជម្នៈរបស់គណបក្សសង្គ្រោះជាតិ
គឺជាការសង្ឃឹមខ្យល់លើមេឃតែប៉ុណ្ណោះ!
ពួកនេះសុទ្ធតែជាពួកកាន់មាត់បាវអោយចោរ
និងជាអ្នកជួយទប់ជើងគ្រែអោយអា ហ៊ុន សែន!
ហើយពួកប្រឆាំងផ្កាប់មុខទាំងនេះគឺគ្មានបំណងធ្វើការ
ផ្លាស់ប្តូរពិតប្រាកដទេ ក្រៅពីបង្គ្រប់កៅអី និងបង្គ្រប់ងារជាឯកឧត្ដមតែប៉ុណ្ណោះ។

Anonymous said...



To all CNRP members,
Please look around you and see that those who support your party demand changes for their future. They are willing to die for their freedom, so please listen to their voices and help bring the changes.They are ready to bring down Hun Sen and his party.
May the youth of Cambodia lead the way and the rest will follow to fight for our own freedom. We will do this by ourselves.



Anonymous said...

Don't give up Cambodian people!!

Anonymous said...

អាក្បាលផតទទេ(និយាយមិនបាន)

ចង់ហាមខ្មែរកុំឲ្យជេរ
បក្សពួក CNRP អាក្បាលយួនខ្លួនខ្មែរ?