Sunday, September 29, 2013

បក្ស​ប្រឆាំង ​នឹង​បង្សុកូល​ ឧទ្ទិស​កុសល ​ជូន​អ្នក​ស្លាប់​ ក្នុង​ព្រឹត្តិការណ៍​ វាយ​ប្រហារ​ ឆ្នាំ​៩៧

បក្ស​ប្រឆាំង ​នឹង​បង្សុកូល​ ឧទ្ទិស​កុសល ​ជូន​អ្នក​ស្លាប់​ ក្នុង​ព្រឹត្តិការណ៍​ វាយ​ប្រហារ​ ឆ្នាំ​៩៧

គណបក្ស​ សង្គ្រោះ​ជាតិ ត្រៀម​រៀប​ចំ​ ពិធី​បុណ្យ​បង្សុកូល ដើម្បី​ ឧទ្ទិស​កុសល​ ដល់​វិញ្ញាណក្ខន្ធ​ បាតុករ​ ដែល​បាន​ស្លាប់​ ដោយ​អំពើ​ ភេរវកម្ម​ វាយ​ប្រហារ ​ដោយ​គ្រាប់​បែក​ដៃ នៅ​ចេតិយ​មុខ​ អតីត​មន្ទីរ​ រដ្ឋសភា កាល​ពី​ឆ្នាំ​១៩៩៧។  ពិធី​នេះ លោក សម រង្ស៊ី ក៏​នឹង​មក​គោរព​ វិញ្ញាណក្ខន្ធ ដោយ​ផ្ទាល់​ ដល់​ជន​រងគ្រោះ ដែល​សមត្ថកិច្ច​ មិន​ទាន់​រក​យុត្តិធម៌​ ជូន​នៅ​ឡើយ​នោះ។
ដោយ ដែន អយុធ្យា | Radio Free Asia | 28 Sept. 2013
ព្រឹត្តិការណ៍​បោក​គ្រាប់​បែក ៣០៥
រូបថត ​របស់​ អ្នក​បាត់​បង់​ជីវិត​ ក្នុង​ព្រឹត្តិការណ៍ បោក​គ្រាប់​បែក កាល​ពី​ថៃ្ង​៣០ មីនា ឆ្នាំ​១៩៩៧។
Photo: RFA 
 
មន្ត្រី​គ ណបក្ស​ សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង ​ថា, នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី៣០ ខែ​កញ្ញា នា​ឱកាស ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ នឹង​និមន្ត​ព្រះសង្ឃ​ ចំនួន ២៧​អង្គ ដើម្បី ​រាប់បាត្រ​បង្សុកូល និង​ឧទ្ទិស​កុសល​ ជូន​អ្នក​ស្លាប់​ ក្នុង​ព្រឹត្តិការណ៍​ វាយ​ប្រហារ​ ដោយ​គ្រាប់​បែក​ដៃ មុខ​អតីត​ មន្ទីរ ​រដ្ឋសភា កាល​ពី​ថ្ងៃ​ ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧។

លោក ហូរ វ៉ាន់ មន្ត្រី​រៀប​ចំ​ កម្មវិធី​បុណ្យ និង​ជា​អ្នក​ តំណាង​រាស្ត្រ​ មណ្ឌល​ភ្នំពេញ គណបក្ស​ សង្គ្រោះ​ជាតិ។  លោក​ មាន​ប្រសាសន៍​ នៅ​ថ្ងៃ ​ទី២៨ ខែ​កញ្ញា ថា, ពិធី​បុណ្យ​ បង្សុកូល​ ឧទ្ទិស​កុសល​ ដល់​បាតុករ ​នៅ​ថ្ងៃ​ច័ន្ទ ដើម​សប្ដាហ៍​ ខាង​មុខ ​នឹង​មាន ​ពលរដ្ឋ, អ្នក​តំណាង​រាស្ត្រ, សមាជិក​ ព្រឹទ្ធសភា, និង​គ្រួសារ​ ជន​រងគ្រោះ​ ប្រមាណ ៥០០​នាក់ ​ចូល​រួម។  លោក ​ថា ពិធី​បុណ្យ​នេះ ​នឹង​ចាប់​ផ្ដើម​ ពី​ម៉ោង ៧ ដល់​ម៉ោង ១១​ព្រឹក ​ថ្ងៃ​ទី៣០ ខែ​កញ្ញា នៅ​ចេតិយ​ ពី​ខាង​ត្បូង ​របង​ ព្រះបរម រាជវាំង។


លោក ហូរ វ៉ាន់ បន្ត​ថា អំពើ​ភេរវកម្ម​នេះ សមត្ថកិច្ច​មិន​ទាន់​វែក​រក​មុខ​ជន​ដៃ​ដល់ ឬ​អ្នក​នៅ​ពី​ក្រោយ​យក​មក​ផ្ដន្ទាទោស​នៅ​ឡើយ​ទេ។ មន្ត្រី​រូប​នេះ បាន​រំឭក​ថា អំពើ​ភេរវកម្ម​បំផ្ទុះ​គ្រាប់​បែក​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា អាច​មាន​មនុស្ស​ស្លាប់​ចន្លោះ​ពី​ជិត ២០​នាក់ ទៅ ៣០​នាក់ និង​រង​របួស​ប្រមាណ ២០០​នាក់។ ប៉ុន្តែ លោក​ថា រយៈពេល ១៦​ឆ្នាំ​ទៅ​ហើយ ជន​រងគ្រោះ​ទាំង​នោះ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​ទេ។

លោក ហូរ វ៉ាន់ ឲ្យ​ដឹង​ថា លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក៏​នឹង​ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​ដល់​អ្នក​ស្លាប់ និង​មាន​ថ្លែង​សារ​នយោបាយ​ជុំវិញ​ព្រឹត្តិការណ៍​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ លើ​ហ្វូង​បាតុករ​អហិង្សា​ថែម​ទៀត។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​ក្រសួង​មហាផ្ទៃ តាម​ទូរស័ព្ទ ដើម្បី​បំភ្លឺ​លើ​សំណុំ​រឿង​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ដៃ ទៅ​លើ​ហ្វូង​បាតុករ​នៅ​មុខ​អតីត​មន្ទីរ​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ បាន​ទេ។

ករណី​នេះ​ដែរ លោក សម រង្ស៊ី ធ្លាប់​បាន​ដាក់​ពាក្យ​បណ្ដឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​កាន់​តុលាការ​សហរដ្ឋ​អាមេរិក ក្នុង​ឱកាស​ដែល លោក ហ៊ុន សែន បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ញីវយ៉ក (New York) ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ី និង​សហរដ្ឋ​អាមេរិក។ ប៉ុន្តែ​ក្រោយ​មក លោក សម រង្ស៊ី បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា លោក​សម្រេច​ព្យួរ​បណ្ដឹង​ប្រឆាំង លោក ហ៊ុន សែន ដោយសារ​លោក​គ្មាន​ភស្តុតាង​គ្រប់គ្រាន់ ហើយ​ថា លោក ហ៊ុន សែន បាន​សន្យា​ឈប់​បង្ក​បញ្ហា​ជាមួយ​លោក​ជា​បន្ត​ទៀត។

យ៉ាង​ណា​ក៏ដោយ លោក ផៃ ស៊ីផាន មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ធ្លាប់​បាន​បដិសេធ និង​ច្រាន​ចោល​រាល់​ការ​ចោទ​ប្រកាន់​របស់ លោក សម រង្ស៊ី ដែល​ចោទ​ថា លោក ហ៊ុន សែន មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បោក​គ្រាប់​បែក​ឆ្នាំ​១៩៩៧ ជា​រឿង​មិន​ពិត។

ទោះ​ជា​បែប​ណា លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​ករណី​វាយ​ប្រហារ​គ្រាប់​បែក​ដៃ​ឆ្នាំ​១៩៩៧ នៅ​មិន​ទាន់​បាន​បង្ហាញ​ជា​សាធារណៈ​ទេ ទោះ​បី​ការ​ស៊ើប​អង្កេត​របស់​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ អេហ្វ.ប៊ី.អាយ (FBI) របស់​សហរដ្ឋ​អាមេរិក ត្រូវ​បាន​បញ្ចប់​ជាច្រើន​ឆ្នាំ​មក​ហើយ​ក្តី។

អ្នក​តាម​ដាន​ការ​ស៊ើប​អង្កេត​ករណី​វាយ​ប្រហារ​គ្រាប់​បែក​ឆ្នាំ​១៩៩៧ បាន​អះអាង​ថា ការ​ស៊ើប​អង្កេត​ឯករាជ្យ​របស់ អេហ្វ.ប៊ី.អាយ ត្រូវ​បាន​រារាំង ហើយ​មន្ត្រី​របស់ អេហ្វ.ប៊ី.អាយ ក៏​ត្រូវ​បាន​គំរាម​កំហែង។

បញ្ហា​នេះ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វច្ឆ៍ (Human Rights Watch) ក៏​ធ្លាប់​បាន​ធ្វើ​ការ​រិះគន់​រដ្ឋាភិបាល​កម្ពុជា ថា​មិន​បាន​នាំ​ខ្លួន​ជន​សង្ស័យ​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​គ្រាប់​បែក​ដៃ យក​មក​ផ្ដន្ទាទោស ផ្តល់​យុត្តិធម៌​ជូន​ជន​រងគ្រោះ​នេះ​ដែរ។  អង្គការ យូមែន រ៉ៃត៍ វច្ឆ៍ ឲ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​វាយ​ប្រហារ​គ្រាប់​បែក​ដៃ គឺ​ថ្ងៃ​ទី៣០ ខែ​មីនា ឆ្នាំ​១៩៩៧ ក្រុម​អង្គរក្ស​របស់ លោក ហ៊ុន សែន ដែល​ពេល​នោះ​ជា​កង​ពល​តូច​លេខ​៧០ ត្រូវ​បាន​គេ​ដាក់​ពង្រាយ​នៅ​កន្លែង​ធ្វើ​បាតុកម្ម មុន​ពេល​ផ្ទុះ​គ្រាប់​បែក។ ហើយ​ថា ក្រោយ​គ្រាប់​បែក​បាន​ផ្ទុះ ក្រុម​អង្គរក្ស លោក ហ៊ុន សែន មិន​បាន​ជួយ​ចាប់​ជន​សង្ស័យ​ទេ ដោយ​បណ្តោយ​ឲ្យ​ជន​សង្ស័យ​រត់​គេច​ខ្លួន ហើយ​បាន​គំរាម​បាញ់​អ្នក​ដែល​ចង់​ចាប់​ជន​សង្ស័យ​បំផ្ទុះ​គ្រាប់​បែក​នោះ​ ថែម​ទៀត៕

1 comment:

Anonymous said...

តាមពិកខ្មែរយើងទាំងអស់គ្នា មិនចាំបាច់ស្ដាប់អ្នកណា ញុះញង់អ្វីទាំងអស់ ព្រោះយើងទាំងអស់គ្នា បានយល់ដឹងអំពីដំណើរជីវិត្តរបស់យើងកន្លងមក ហើយនឹង តទៅមុខដោយខ្លួនឯង យើងត្រូវតែបន្តរតស៊ូរធ្វើអ្វី ដែលប្រជាជាតិមួយ រស់នៅក្នុងប្រទេសប្រធិប្បតេយ្យអាចមានតែប៉ុណ្ណោះ យើងត្រូវតែទាមទាយកអ្វីៗ ដែលជារបស់យើងសម្រាប់បច្ចុប្បន្ន នឹង អនាគត របស់យើង ទើបជាមធ្យោបាយ!

អ្នកដែលពូកកែតែព្រុះ ហើយមិនបានជួយធ្វើអ្វីនោះទៅវិញទេ ដែលជាអ្នកញុះញង់ពិតប្រាកដ! ពួកអស់លោកពិតជាពុំធ្លាប់ឆ្លងកាត់ការរស់ក្នុងរបបប្រជាធិប្បតេយ្យ ក្លែងក្លាយ ដូចប្រទេសកម្ពុជាទេ!

យើងត្រូវតែយល់ថា៖​ ការកែប្រែរបប​ ដែលពោពេញទៅដោយ អំពើពុករលួយ ផ្ដាច់ការណ៍ ហ៊ឹង្សា ឃោឃៅ អោយទៅជារបប មួយមាន យុត្តិធម៌ សព្វបែបសព្វយ៉ាង មានតែយើងទាំងអស់គ្នាប្រកាន់យកអ្វីដែលយើងកំពុងធ្វើដើម្បីខ្លួនយើង កូនចៅយើង អោយជាប់ទើបអាចសម្រេចបានដូចបំណង!​ បងប្អូនប្រយ័ត្នចាញ់បោកពួកអស់ទាំងនោះ ហើយជម្រុញឲ្យអ្នកដែលខំតស៊ូរសម្រាប់ខ្មែរពិតប្រាកដឲ្យធ្វើខុស!