សពអ្នកបើកយន្តហោះកម្ពុជា ដែលបានស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះនៅប្រទេសឡាវ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ត្រូវបាននាំមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៣។ សពត្រូវបានគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានស្ថិតក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
សាកសពអាកាសយានិក យង់ សំ ត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន នាក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី១៩ តុលា ឆ្នាំ២០១៣។ RFA/Yang Socheametta |
ដោយ យាង សុជាមេត្តា 2013-10-19
សពលោក យង់ សំ អាយុ ៥៨ឆ្នាំ អ្នកបើកបរយន្តហោះអោយក្រុមហ៊ុនអាកាសចរណ៍ឡាវត្រូវបានដឹកជញ្ជូនតាមយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ឡាវ មកដល់កម្ពុជា នៅវេលាម៉ោងប្រហែល ១រសៀលនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៣។ សពរបស់លោកត្រូវបានដឹកចេញតាមច្រកមូលដ្ឋានទ័ពអាកាសដែលនៅក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយឡានពេទ្យ ឆ្ពោះទៅកាន់គេហដ្ឋានរបស់សពនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់ សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អ្នកយកព័ត៌មានមួយចំនួនមិនត្រូវបានអនុញ្ញាតអោយចូលរួមយកព័ត៌មាននៅក្នុងមូលដ្ឋានទ័ពអាកាសឡើយ លើកលែងតែអ្នកយកព័ត៌មានរបស់ទូរទស្សន៍បាយ័ន។ ទាហានដែលយាមទ្វារមូលដ្ឋានទ័ពអាកាសមិនបានបញ្ជាក់ពីមូលហេតុនៃការមិនអោយអ្នកសារព័ត៌មានចូលឡើយ គ្រាន់តែនិយាយថា មេបញ្ជាមិនអោយចូល។
អ្នកស្រី សុខ ចន្ធូ ភរិយាសពលោក យង់ សំ ដែលបានអមដំណើរសពស្វាមីអ្នកស្រីមកពីប្រទេសឡាវ បានអោយដឹងថា មន្ត្រីស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសឡាវ ក៏បានអមដំណើរនាំយកសពស្វាមីអ្នកស្រីមកកម្ពុជាដែរ ហើយមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មន្ត្រីស្ថានទូតឡាវ ប្រចាំនៅកម្ពុជា បានមកទទួលសពស្វាមីអ្នកស្រី។
អ្នកស្រី សុខ ចន្ធូ បានរៀបរាប់ថា ពេលស្វាមីអ្នកស្រីមានគ្រោះថ្នាក់ធ្លាក់យន្តហោះ អ្នកស្រីក៏កំពុងនៅក្នុងប្រទេសឡាវដែរ។ អ្នកស្រី ចន្ធូ បានរៀបរាប់បែបអបិយជំនឿថា នៅថ្ងៃស្វាមីអ្នកស្រីកំពុងមានគ្រោះថ្នាក់ វាហាក់ដូចជាមានអ្វីម្យ៉ាងមកធ្វើអោយដៃជើងរបស់អ្នកស្រី ប្រែជាត្រជាក់ខុសធម្មតា។ អ្នកស្រីថា មុននឹងចេញទៅធ្វើការអ្នកស្រីបានផ្ដែផ្ដាំស្វាមី អោយប្រុងប្រយ័ត្នខ្លួន ហើយស្វាមីអ្នកស្រីក៏បានឆ្លើយតបវិញថា គាត់ដឹងថា ត្រូវធ្វើយ៉ាងម៉េចហើយ និងកុំអោយអ្នកស្រីព្រួយបារម្ភខ្លាំងពេក។ អ្នកស្រីថា ស្វាមីអ្នកស្រីគឺជាបង្គោលដ៏រឹងមាំក្នុងគ្រួសារ ហើយការបាត់បង់រូបគាត់នៅពេលនេះ នឹងធ្វើអោយគ្រួសារអ្នកស្រីជួបផលលំបាក ព្រោះអ្នកស្រីត្រូវមានកូន ៣នាក់ ក្នុងបន្ទុកទៀតផង។
អ្នកស្រី សុខ ចន្ធូ៖ «គាត់តស៊ូក្នុងឆាកជីវិតណាស់ គាត់ធ្វើអ្វីមិនខ្លាចហត់នឿយទេចំពោះគ្រួសារ វាធម្មតាទេ រឿងបាត់បង់មេគ្រួសារវាមិនដូចគេទេ ជីវភាពរស់នៅវាមិនដូច មានស្វាមីទេ ខ្ញុំអត់រឹងមាំដូចគាត់ទេ ហើយស្វាមីខ្ញុំមិនអាចមានមនុស្សដូចគាត់ទេ គាត់មិនគិតខ្លាចហត់នឿយខ្លួនគាត់ទេ អោយតែក្រុមគ្រួសារ មានហូបចុកគ្រប់គ្រាន់ អ្វីក៏គាត់ធ្វើដែរ មិនមែនធ្វើតែ ភីឡត (Pilot) ទេ ស្អីក៏គាត់ធ្វើដែរ គាត់ដើររហូតមិនសូវនៅជុំប្រពន្ធកូនទេ ទៅសូវៀត ទៅបារាំង»។
នាយកចាត់ការទូទៅក្រុមហ៊ុនអាកាសចរណ៍ឡាវ ប្រចាំនៅកម្ពុជា អ្នកនាង វ៉ាន់ផាកន ខាន់ថាម៉ាឡា (Vanphakone Khanthamala) ដែលបានចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក យង់ សុំ ដែរនោះ បានអោយដឹងតាមរយៈអ្នកបកប្រែភាសាឡាវ ថា អ្នកនាងចូលរួមរំលែកទុកជាមួយគ្រួសារនិងសាច់ញាតិនៃសព។ អ្នកនាងសោកស្ដាយចំពោះការបាត់បង់រូបលោក យង់ សំ ហើយការបាត់បង់នេះ វាមិនមែនជាការសោកស្ដាយសម្រាប់តែប្រជាពលរដ្ឋកម្ពុជា នោះទេ តែវាសម្រាប់ប្រជាជនឡាវផងដែរ។
អ្នកនាង វ៉ាន់ផាកន ខាន់ថាម៉ាឡា៖ «ការបាត់បង់ភីឡត យង់ សំ ពេលនេះ ជាការបាត់ដ៏ធំមួយសម្រាប់ប្រទេសទាំងពីរ សូម្បីប្រជាជនឡាវ ក៏មានការសោកស្ដាយដែរ ហើយប្រជាជនឡាវ ទាំងអស់ក៏សូមចូលរួមមរណៈទុក្ខឡាវ សូម្បី ភីឡត ដែលដឹកសពមក មេកានិចដែលដឹកសពមក ក៏មានការសោកស្ដាយ ពេលដែលលើកសពចេញពីយន្តហោះ មានន័យថា ប្រជាជនឡាវ និងប្រជាជនកម្ពុជា មានការស្រឡាញ់គ្នាជាប្រទេសជិតខាង»។
គ្រោះថ្នាក់ធ្លាក់យន្តហោះនៅប្រទេសឡាវ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ បានសម្លាប់ជីវិតមនុស្សទាំងអស់ ៤៩នាក់ក្នុងយន្តហោះ ដែលបានចាកចេញពីរដ្ឋធានីវៀងចន្ទន៍ ឆ្ពោះទៅកាន់តំបន់ទេសចរណ៍ឈ្មោះ ប៉ាក់សេ ក្នុងប្រទេសឡាវ។ ក្នុងចំណោមអ្នកដែលស្លាប់នោះ មានជនជាតិឡាវ កម្ពុជា ថៃ ម៉ាឡេស៊ី វៀតណាម កូរ៉េ បារំាង អូស្រ្តាលី អាមេរិក កាណាដា ចិន និងតៃវ៉ាន់៕
No comments:
Post a Comment