Tuesday, October 15, 2013

អ្នក​ឃ្លាំ​មើល៖ អ្នក​នយោបាយ​ព្រងើយ​កន្តើយ​ចំពោះ​ព្រះរាជ​បណ្ដាំ​របស់​សម្ដេចឪ


អតីត​ព្រះមហាក្សត្រ សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ បាន​យ៉ាង​ចូល​ទិវង្គត​អស់​រយៈពេល​មួយ​ឆ្នាំ​មក​ហើយ។ កាល​ពី​ព្រះអង្គ​នៅ​មាន​ព្រះជន្ម​នៅ​ឡើយ​នោះ ព្រះអង្គ​មាន​ព្រះរាជ​បណ្ដាំ​មួយ​ចំនួន ក្នុង​នោះ​មាន​ដូច​ជា សុំ​ឲ្យ​ខ្មែរ​ទាំងអស់​ចេះ​សាមគ្គី​គ្នា រួប​រួម​កសាង​ជាតិ​ជា​ធ្លុង​មួយ ជៀស​ឲ្យ​ផុត​ពី​ការ​បែក​បាក់។ ប៉ុន្តែ ព្រះរាជ​បណ្ដាំ​នោះ​ត្រូវ​បាន​សាធារណជន​មើល​ឃើញ​ថា ហាក់​មិន​មាន​អ្នក​នយោបាយ​មាន​ឆន្ទៈ​ពិត​ប្រាកដ ឬ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​តាម​នោះ​ទេ។ 


RFA/Sok Serey
ដោយ សេក បណ្ឌិត RFA 2013-10-15 

សែ​រាជវង្ស និង​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម បាន​សង្កេត​ឃើញ​ថា អ្នក​នយោបាយ ឬ​អ្នក​ដឹក​នាំ​ប្រទេស​មិន​ទាន់​ប្រកាន់​ជំហរ​រួប​រួម​ជាតិ ផ្សះផ្សា​ជាតិ ឬ​គិត​ប្រយោជន៍​ជាតិ​ដូច​ព្រះរាជ​បណ្ដាំ​របស់​អតីត​ព្រះមហាក្សត្រ សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ កាល​ពី​ព្រះអង្គ​នៅ​មាន​ព្រះជន្ម​នោះ​ទេ។

ការ​ជាប់​គាំង​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត រហូត​ដល់​ដំណាក់​កាល​ចុង​ក្រោយ គណបក្ស​ប្រជាជន សម្រេច​ចិត្ត​ដើរ​លើ​ផ្លូវ​មួយ​តែ​ម្នាក់​ឯង ក្នុង​ការ​បង្កើត​សភា និង​រដ្ឋាភិបាល​នោះ គឺ​ជា​ដើម​ចម​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​វិភាគ​បញ្ហា​សង្គម​វាយ​តម្លៃ​ថា អ្នក​នយោបាយ ឬ​អ្នក​ដឹក​នាំ​ប្រទេស​សព្វថ្ងៃ មិន​គោរព​តាម​ព្រះរាជ​បណ្ដាំ​នោះ។

ព្រះអង្គម្ចាស់ ធម្មិកោ ជា​អតីត​លេខា​ផ្ទាល់​អតីត​ព្រះមហាក្សត្រ សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ មាន​បន្ទូល​បញ្ជាក់​ថា ក្រោយ​ពី​អវត្តមាន​សម្ដេចឪ​ទៅ សង្គម​ខ្មែរ​កាន់​តែ​បែក​បាក់​ទៅៗ ហើយ​ពិបាក​នឹង​អាច​ផ្សះផ្សា​បាន។

ទាក់ទិន​ព្រះរាជ​បណ្ដាំ​នេះ​ដែរ អ្នក​វិភាគ​ឯករាជ្យ​ចាស់​ទុំ​ម្នាក់ គឺ​លោកស្រី ជា វណ្ណាត មាន​ប្រសាសន៍​ថា កាល​ពី​ព្រះអង្គ​នៅ​មាន​ព្រះជន្ម​នៅ​ឡើយ គ្រប់​គ្នា​ស្តាប់​ឮ​ព្រះរាជ​បណ្ដាំ​ហាក់​មិន​សូវ​ចាប់​អារម្មណ៍​នោះ​ទេ ដល់​ពេល​អត់​ពី​ព្រះអង្គ​ទៅ ហើយ​ឆ្លុះ​បញ្ចាំង​ពី​ស្ថានការណ៍​នយោបាយ​សព្វថ្ងៃ​នេះ ទើប​យល់​ឃើញ​ថា ព្រះរាជ​បណ្ដាំ​នោះ​មាន​តម្លៃ​សម្រាប់​សង្គម និង​ប្រជាពលរដ្ឋ។

ទាក់ទង​ដល់​ការ​គោរព​វិញ លោកស្រី​ក៏​មើល​ឃើញ​ពី​ការ​បែក​បាក់​ក្នុង​សង្គម​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​នេះ ដោយសារ​អ្នក​ដឹក​នាំ​នយោបាយ​ពុំ​បាន​អនុវត្ត​តាម​បណ្ដាំ​របស់​ព្រះ​បរម​រតន​កោដ្ឋ ឲ្យ​អស់​ពី​បេះដូង​នៃ​អ្នក​នយោបាយ​ពី​គ្រប់​ភាគី​នោះ​នៅ​ឡើយ បើ​សិន​ជា​អ្នក​នយោបាយ​ទាំង​ពីរ​គណបក្ស​ដែល​ជាប់​ឆ្នោត នៅ​តែ​ខ្វែង​គំនិត​គ្នា​មិន​អាច​ធ្វើ​ការ​រួម​គ្នា​បាន​នោះ។



លោកស្រី​បន្ត​ថា បើ​និយាយ​ពី​គន្លង​ប្រជាធិបតេយ្យ​វិញ ក៏​ពុំ​ទាន់​អនុវត្ត​តាម​បែប​ផែន​លទ្ធិប្រជាធិបតេយ្យ​នោះ​បាន​ពេញ​លេញ​ដែរ។

ចំណែក​អ្នក​នយោបាយ​វិញ តែង​តែ​បន្ទោស ឬ​ចង្អុល​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ចំពោះ​ការ​អនុវត្ត​តាម​លទ្ធិប្រជាធិបតេយ្យ​មិន​ពេញ​លេញ និង​ការ​ដែល​មិន​បាន​យក​ព្រះរាជ​បណ្ដាំ​មក​ពិចារណា និង​ឆ្លុះ​បញ្ចាំង​ពី​សកម្មភាព​របស់​ខ្លួន។ អ្នក​វិភាគ​បញ្ហា​សង្គម​រិះគន់​ថា អ្នក​នយោបាយ​មួយ​ចំនួន ពេល​នៅ​ចំពោះ​ប្រជាពលរដ្ឋ បាន​លើក​ពី​នយោបាយ​រាស្ត្រ​ជា​ធំ ប៉ុន្តែ​នៅ​ពី​ក្រោយ​ខ្នង​ពួក​គាត់ មិន​ទាន់​បាន​បោះ​បង់​ចោល​អំពី​ផែន​ការ​ស្វែង​រក​ការ​គ្រប់​គ្រង​អំណាច​សម្រាប់​ខ្លួន និង​បក្ខពួក​នោះ​ទេ។

អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​ក្នុង​សង្គម​ម្នាក់​ទៀត គឺ​លោក​បណ្ឌិត សុខ ទូច មើល​ឃើញ​ថា សារ ឬ​បណ្ដាំ​របស់​សម្ដេចឪ ព្រះ​បរម​រតន​កោដ្ឋ ភាគ​ច្រើន​មិន​សូវ​ឃើញ​អ្នក​នយោបាយ​ក្រោម​ឱវាទ​របស់​ព្រះអង្គ គោរព​តាំង​ពី​ព្រះអង្គ​នៅ​មាន​ព្រះជន្ម​មក​ម្ល៉េះ។

លោក​លើក​បង្ហាញ​ទៀត​ថា កាល​ពី​ព្រះអង្គ​នៅ​មាន​ព្រះជន្ម អ្នក​នយោបាយ​មិន​សូវ​លើក​ពី​ស្នាព្រះហស្ត​របស់​ព្រះអង្គ​នោះ​ទេ។

ទោះ​យ៉ាង​ណា​ក្តី ព្រះអង្គម្ចាស់ ធម្មិកោ សុំ​ឲ្យ​អ្នក​នយោបាយ​យក​ព្រះរាជ​បណ្ដាំ​សម្ដេចឪ ព្រះ​បរម​រតន​កោដ្ឋ មក​ពិចារណា ដើម្បី​រក​ដំណោះស្រាយ​ជម្លោះ​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៥ នេះ។

ព្រះអង្គម្ចាស់​បន្ត​ថា ដើរ​មក​ដល់​ត្រឹម​នេះ ទើប​ដឹង​ថា កម្ពុជា នៅ​ខ្វះ​ចាស់​ទុំ​ដែល​មាន​ភាព​វៃឆ្លាត​ក្នុង​ការ​ផ្សះផ្សា​ជាតិ បង្រួប​បង្រួម​ជាតិ ហើយ​ការ​បាត់​បង់​អង្គ​សម្ដេចឪ គឺ​ជា​ការ​បាត់​បង់​តួអង្គ​សំខាន់ ដែល​ជា​អាជ្ញា​កណ្ដាល​អាច​ធ្វើ​ឲ្យ​គ្រប់​ភាគី​ដែល​មាន​ជម្លោះ​ស្តាប់ និង​ជឿ​ទុក​ចិត្ត​បាន ពីព្រោះ​ព្រះអង្គ​មាន​ប្រជាប្រិយ​ភាព​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ព្រម​ទាំង​ធ្លាប់​ឆ្លង​កាត់​ច្រើន​នូវ​បទ​ពិសោធន៍​សម្រប​សម្រួល​ដោះស្រាយ​ក្នុង​រឿង​ជម្លោះ​នយោបាយ​នេះ៕

No comments: