Monday, October 28, 2013

គ្រូបង្រៀន​នៅ​ព្រះវិហារ​ធ្វើ​កូដកម្ម​ទាមទារ​បើក​ប្រាក់​បន្ថែម​ម៉ោង



ក្រុម​គ្រូបង្រៀន​នៅ​សាលា​វិទ្យាល័យ​មួយ នា​ទី​រួម​ខេត្ត​ព្រះវិហារ នាំ​គ្នា​ធ្វើ​កូដកម្ម​មិន​ចូល​បង្រៀន​សិស្ស ដើម្បី​ទាមទារ​ឲ្យ​មន្ទីរ​អប់រំ​បើក​ប្រាក់​​បង្រៀន​បន្ថែម​ម៉ោង​របស់​ពួកគាត់ ដែល​មាន​ការ​យឺតយ៉ាវ​រយៈពេល​ជាង ១​ឆ្នាំ​មក​ហើយ​នោះ។

ដោយ ហង្ស សាវយុត 2013-10-28

សិស្ស​សាលា​វិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ ប្រមាណ ២.០០០​នាក់ បាន​ខកខាន​រៀន​សូត្រ​ពេញ​មួយ​ថ្ងៃ​ច័ន្ទ ទី​២៨ តុលា ដោយសារ​តែ​លោកគ្រូ​អ្នកគ្រូ​នាំ​គ្នា​ធ្វើ​កូដកម្ម​ទាមទារ​ឱ្យ​បើក​ប្រាក់​បន្ថែម​ម៉ោង​ដែល​យឺតយ៉ាវ​ចំនួន ៣​ឆមាស​មក​ហើយ។

ក្រុម​គ្រូ​​បង្រៀន​ខ្លះ​បាន​ស្ដី​បន្ទោស​ថា ប្រាក់​បន្ថែម​ម៉ោង​របស់​ពួក​គាត់​សម្រាប់​ឆ្នាំ​២០១២-​២០១៣ មិន​ទាន់​បាន​បើក​មួយ​រៀល​ទេ រហូត​ដល់​ជិត​ដាច់​ឆ្នាំ​ទៅ​ហើយ។

បុរស​ម្នាក់​ក្នុង​ចំណោម​គ្រូ​បង្រៀន​ជា​ច្រើន​ទៀត នៅ​វិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ នៃ​ទី​រួម​ខេត្ត​ព្រះវិហារ បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ ថា រូប​គាត់ ព្រម​ទាំង​​គ្រូបង្រៀន ទាំង​ពេល​​ព្រឹក​និង​ល្ងាច ​បាន​ស្រុះ​ស្រួល​គ្នា​មិន​បង្រៀន​សិស្ស​ទេ។

បុរស​ដដែល​បាន​បញ្ជាក់​ថា សាលា​វិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ ​បាន​បិទ​ទ្វារ​បន្ទប់​ពេញ​មួយ​ថ្ងៃ​ច័ន្ទ​នេះ៖ «ថ្ងៃ​នេះ​គេ​អត់​បង្រៀន​ទាំង​អស់​គ្នា​តែម្ដង ទាមទារ​ឱ្យ​មន្ទីរ​អប់រំ​បើក​ប្រាក់​បន្ថែម​ម៉ោង​ឱ្យ​បាន បើ​មិន​អ៊ីចឹង​ទេ គ្រូ​មិន​បាន​ចូល​បង្ហាត់​បង្រៀន វា​ធ្វើ​ឱ្យ​សកម្មភាព​សាលា​វា​អត់​ល្អ​មើល»។

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​នាយក​វិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ ដើម្បី​សុំ​ការ​ពន្យល់​ជុំវិញ​បញ្ហា​គ្រូ​នាំ​គ្នា​ធ្វើ​កូដកម្ម​​មិន​ចូល​បង្រៀន​នោះ ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ​ទេ។

ចំណែក​ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា ខេត្ត​ព្រះវិហារ លោក ហន ឆន បាន​បដិសេធ​ថា ​មិន​មាន​គ្រូបង្រៀន​នៅ​សាលា​វិទ្យាល័យ ជា ស៊ីម ណា​ម្នាក់ នាំ​គ្នា​ធ្វើ​កូដកម្ម​មិន​ចូល​បង្រៀន​នោះ​ទេ។

លោក ហន ឆន បាន​ទទួល​ស្គាល់​ថា ជា​ការ​ពិត ប្រាក់​បង្រៀន​បន្ថែម​ម៉ោង គឺ​មាន​ការ​យឺតយ៉ាវ​មែន ដោយសារ​តែ​នៅ​តាម​សាលា​ជា​ច្រើន​បាន​បំពេញ​ឯកសារ​ខុស ហើយ​មន្ទីរ​អប់រំ​ត្រូវ​ចំណាយ​ពេល​ មួយ​រយៈ ដើម្បី​កែ​ឯកសារ​ទាំង​នោះ​ឡើង​វិញ។

មន្ត្រី​មន្ទីរ​អប់រំ​ដដែល​បាន​អះអាង​ថា លោក​កំពុង​តែ​ពន្លឿន​ទៅ​រតនាគារ​ខេត្ត ដើម្បី​ឱ្យ​បើក​ប្រាក់​បង្រៀន​បន្ថែម​ម៉ោង​នេះ​ឲ្យ​បាន​ឆាប់​រហ័ស៖ «គ្រូ​បង្រៀន​គាត់​ទូរស័ព្ទ​មក​ខ្ញុំ​ព្រឹក​មិញ ហើយ​ខ្ញុំ​ថា បង្រៀន​ទៅ ព្រោះ​អី​យើង​តស៊ូ​ទៅ​ដល់​រតនាគារ គេ​សន្យា​ថា នឹង​បើក​ឱ្យ​ស្អែក។ គេ​ថា បើក​ឱ្យ​ថ្ងៃ​ច័ន្ទ ហើយ​ថ្ងៃ​នេះ​ថ្ងៃ​ច័ន្ទ»។

ប្រធាន​សាខា​សមាគម​​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ប្រចាំ​ខេត្ត​ព្រះវិហារ លោក ធួន ពុត បាន​ឱ្យ​ដឹង​ថា ពេញ​មួយ​ថ្ងៃ​ច័ន្ទ គឺ​ក្រុម​គ្រូបង្រៀន​នៅ​វិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ ពិត​ជា​នាំ​គ្នា​ធ្វើ​កូដកម្ម​មិន​ចូល​បង្រៀន​មែន ដោយសារ​តែ​មិន​បាន​បើក​ប្រាក់​បន្ថែម​ម៉ោង​ចំនួន ៣​ឆមាស​មក​ហើយ។

ប្រាក់​បន្ថែម​ម៉ោង​នោះ គឺ​សម្រាប់​គ្រូបង្រៀន​ម្នាក់​នៅ​​វិទ្យាល័យ ត្រូវ​ទទួល​បាន ៥.២០០​រៀល និង​គ្រូ​អនុវិទ្យាល័យ​អាច​ទទួល​បាន ២.៦០០​រៀល​ក្នុង ​​១​ម៉ោង។

លោក ធួន ពុត បាន​ជំរុញ​ឱ្យ​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា ដែល​ទើប​តែ​ឡើង​កាន់​ដំណែង​ថ្មី​ត្រូវ​យក​ចិត្ត​ទុក​ដាក់ ពន្លឿន​ការ​បើក​ប្រាក់​បន្ថែម​ម៉ោង​នេះ​ឱ្យ​បាន​ឆាប់​រហ័ស​ ដើម្បី​កុំ​ទុក​​ឱ្យ​បញ្ហា​​យឺតយ៉ាវ ក្លាយ​ទៅ​ជា​ទម្លាប់​មួយ​ដែល​មិន​ល្អ៕

2 comments:

Anonymous said...

CPP (Controlling People Party)

NAMBODIA (problem solved)

NAMLAO (problem solved)

NAMBOLAO (population 120M)

Anonymous said...

សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!