Thursday, October 17, 2013

អ្នក​តវ៉ា​បញ្ហា​ដី​៦​នាក់​របួស​និង​សន្លប់​ក្នុង​ពេល​ប៉ះទង្គិច​ជាមួយ​សមត្ថកិច្ច



ពលរដ្ឋ​សហគមន៍​ដែល​មាន​ទំនាស់​ដីធ្លី​ជាង ១០០​នាក់ មក​ពី​សហគមន៍​បុរី​កីឡា បឹងកក់ និង​ថ្មគោល បាន​ទៅ​ជួបជុំ​គ្នា​នៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ជំរុញ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ដីធ្លី និង​ផ្ទះ​សម្បែង​របស់​របស់​ពួកគាត់។ ការ​ជួបជុំ​គ្នា​នេះ នាំ​ឲ្យ​មាន​ការ​ប៉ះទង្គិច​គ្នា​រវាង​ពលរដ្ឋ​និង​សមត្ថកិច្ច។

អ្នក​តវ៉ា​បញ្ហា​ដី​មក​ពី​សហគមន៍ ៣ ប៉ះទង្គិច​ជាមួយ​សមត្ថកិច្ច ​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ តុលា ឆ្នាំ​២០១៣។ RFA/Uon Chhin
ដោយ ខែ សុណង RFA 2013-10-17

អ្នក​តវ៉ា ៦​នាក់​ក្នុង​ចំណោម​អ្នក​តវ៉ា​ជាង ១០០​នាក់ បាន​រង​របួស​និង​សន្លប់ ខណៈ​ដែល​កង​កម្លាំង​ប៉ូលិស​បំបែក​ពួកគាត់​ដែល​ព្យាយាម​បិទ​ផ្លូវ​ខាង​មុខ​សាលា​រាជធានី នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​តុលា។ កង​កម្លាំង​សមត្ថកិច្ច​ដែល​មាន​គ្នា​ច្រើន​ជាង​អ្នក​តវ៉ា បាន​ប៉ះទង្គិច​គ្នា ១​ប្រាវ​ជាមួយ​ពលរដ្ឋ​ដែល​ភាគ​ច្រើន​ជា​ស្ត្រី។

ពលរដ្ឋ​មក​ពី​សហគមន៍​បុរី​កីឡា អ្នកស្រី ខែម ស្រី ដែល​កំពុង​កោសខ្យល់​ក្បែរ​របង​សាលា​រាជធានី ថ្លែង​ថា អ្នកស្រី​ត្រូវ​កម្លាំង​សមត្ថកិច្ច​ប្រើ​អំពើ​ហិង្សា​លើ​រូប​គាត់ ក្នុង​គ្រា​ដែល​ពួក​គាត់​គ្រាន់​តែ​ចង់​ឲ្យ​អាជ្ញាធរ​ជួយ​សម្របសម្រួល​ឲ្យ​ក្រុមហ៊ុន​ផានអ៊ីម៉ិច របស់​អ្នកស្រី ស៊ុយ សុផាន សង់​ឲ្យ​បាន ១០​អាគារ តាម​កិច្ចសន្យា​ដែល​ក្រុមហ៊ុន​នេះ​សង់​តែ ៨​អាគារ។

អភិបាល​រង​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង បាន​ចេញ​មក​ទទួល​ញត្តិ​ពី​តំណាង​សហគមន៍​បុរីកីឡា នៅ​សាលា​រាជធានី​ភ្នំពេញ។



អ្នក​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត បាន​ចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ​ថា បាន​ប្រើប្រាស់​ហិង្សា​មក​ដោះស្រាយ​បញ្ហា​ជាមួយ​ពលរដ្ឋ​គឺ​ការ​រំលោភ​សិទ្ធិ​មនុស្ស។

ពលរដ្ឋ​ក្នុង​សហគមន៍​បុរី​កីឡា បាន​តវ៉ា​ជា​ច្រើន​លើក​ច្រើន​សា​ទៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ឲ្យ​មាន​ការ​ដំណោះស្រាយ​ដោយ​សង់​អាគារ​បន្ថែម​ដល់​ពួកគេ ខណៈ​ដែល​ពួកគាត់​កំពុង​រស់នៅ​ក្រោម​តង់ ក្រោម​ជណ្ដើរ​ផ្ទះ​គេ និង​នៅ​ក្បែរ​គំនរ​សំរាម​ដែល​ក្មេងៗ​កំពុង​ប្រឈម​នឹង​បញ្ហា​សុខភាព៕

1 comment:

Anonymous said...

VERY GOOD JOBS'S POLICEMAN.