Friday, October 11, 2013

ប៉ះ​ទង្គិច​គ្នា​រវាង​សមត្ថកិច្ច​និង​ពលរដ្ឋ​ក្នុង​ទិវា​សិទ្ធិ​លំនៅឋាន


ព្រះ​សង្ឃនិង​ប្រជាពលរដ្ឋ​ ពេលប៉ះ​ទង្គិច​ជា​មួយ​សមត្ថ​កិច្​ច​កាលពីថ្ងៃ​ម្សិល​មិញ​​​។ រូបថត ស្រេង ម៉េង​ស្រ៊ុន

ម៉ៃ ទិត្យថារ៉ា ភ្នំពេញ ប៉ុស្តិ៍ Friday, 11 October 2013

ភ្នំពេញៈ ប្រជា​ពលរដ្ឋ និង​ព្រះសង្ឃ​ប្រមាណ​ជា ៣០០ អង្គ​និង​នាក់ តំណាង​ឲ្យ​ប្រជា​ពលរដ្ឋ ៥៥ ម៉ឺន​នាក់ ដែល​ជា​អតីត​ជន​រងគ្រោះ​ដោយ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ពី​សំណាក់​រដ្ឋាភិបាល​អាណត្តិ ទី៤ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​បរិវេណ​រូប​សំណាក់​លោក​យាយ ពេញ ដើម្បី ប្រារព្ធ​ធ្វើ​ពិធី​ទិវា​សិទ្ធិ​លំនៅឋាន​ពិភពលោក បើ​ទោះ​បី​ជា​ពុំ​មាន​ការ​អនុញ្ញាត​ពី​សាលា​រាជធានី ភ្នំពេញ បាន​ប៉ះទង្គិច​គ្នា​ជាមួយ​កង​កម្លាំង​សមត្ថកិច្ច​ដែល​ព្យាយាម​រារាំង​ពុំ​អនុញ្ញាត​ឲ្យ​ដង្ហែ​យក​ញត្តិ​ទៅ​ដាក់​នៅ​សាលា​ក្រុង។

ក្រុម​ប្រជា​ពលរដ្ឋ​មក​ពី ៥០ សហគមន៍​នៅ​ក្នុង​រាជធានី ភ្នំពេញ បាន​មក​ជួប​ជុំ​គ្នា​នៅ​ក្នុង​បរិវេណ​រូប​សំណាក់​លោក​យាយ ពេញ នៅ​ក្បែរ​រមណីយដ្ឋាន វត្ត​ភ្នំ ដោយ​ពាក់​អាវ​យឺត​ពណ៌​ស និង​រំលេច​ទៅ​ដោយ​អក្សរ​ថា សហគមន៍​អ្នក​ក្រីក្រ​ជា​តំបន់​ស្រប​ច្បាប់ ហើយ​សំឡេង​ឧគ្ឃោសនសព្ទ​បាន​ឮ​កង​រំពង​ឆ្លង​ឆ្លើយ​គ្នា​នៅ​ខាង​ត្បូង រមណីយដ្ឋាន វត្ត​ភ្នំ ពី​សំណាក់​អាជ្ញាធរ​ខណ្ឌ ដូនពេញ និង​ប្រជា​សហគមន៍ ដែល​ជា​ការ​រំខាន​មិន​ឲ្យ​ប្រជា​សហគមន៍​ប្រារព្ធ​ពិធី​បាន​ទៅ​ដោយ​រលូន។

អ្នក​ស្រី ឌុល ចន្ថា អតីត ប្រជា​ពលរដ្ឋ​ដី​ក្រហម ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​កាល​ពី​ចុង​ខែ មករា ២០០៩ បាន​ថ្លែង​ឲ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​ក្លាយ​ជា​ខ្លួន​គ្មាន​ការងារ​ធ្វើ​គ្មាន​ផ្ទះ​សម្បែង​រស់​នៅ​កូន​បាត់​បង់​សាលារៀន​ដោយ​សារ​តែ​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល អាណត្តិ ទី៤ ហើយ​ពលរដ្ឋ​ក្រីក្រ​ទាំង​នោះ​ធ្វើ​អ្វី​ក៏​មិន​ដែល​ចេះ​ត្រូវ​ដែរ។



អ្នក​ស្រី បាន​ថ្លែង​ទៀត​ថា៖ «វា​អយុត្តិធម៌​ណាស់​សម្រាប់​ពួក​យើង ដូច្នេះ​ថ្ងៃ​នេះ យើង​គ្រាន់​តែ​មក​បញ្ចេញ​មតិ​សោះ បែរ​ជា​យក​កម្លាំង​មក​រារាំង​ដោយ​ប្រើ​ពាក្យ​ថា ការពារ ការពារ ស្អី​គឺ​យក​មក​គ្រាន់​បាញ់​ផ្សែង​បង្ហូរ​ទឹក​ភ្នែក និង​បាញ់​យើង​តែ​ប៉ុណ្ណោះ ដូច​ដែល​ខ្ញុំ​បាន​ជួប​កាល​ពី​ពួក​គេ​មក​ឈូស​ផ្ទះ​របស់​ប្រជា​ពលរដ្ឋ​ពួក ខ្ញុំ»។

អ្នក​ស្រី ជា ណារ៉េត តំណាង​ប្រជា​ពលរដ្ឋ បឹងកក់ ដែល ត្រូវ​បាន​ជម្លៀស​ទៅ​រស់​នៅ​ឯ​ឃុំ ភ្នំបាត បាន​ថ្លែង​ឲ្យ​ដឹង​ថា បើ​ទោះ​បី​ជា​អ្នក​ស្រី​ជា​សហគមន៍​ក្រីក្រ​ក៏​ដោយ​ប៉ុន្តែ​អ្នក​ស្រី​ក៏ មាន​សិទ្ធិ​សេរីភាព​ដូច​ប្រជា​ពលរដ្ឋ​ដទៃ​ដែរ ដូច្នេះ​ប្រសិន​បើ​មាន​ការ​អភិវឌ្ឍ​សុំ​គិត​ដល់​ពលរដ្ឋ​ផង​។

អ្នក​ស្រី​បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា៖ «បើ​រដ្ឋាភិបាល អភិវឌ្ឍ​យ៉ាង​ណា​សូម​ឲ្យ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ប្រជា​ពលរដ្ឋ​បាន​រស់​នៅ​ក្នុង ជីវភាព​ប្រសើរ​ខ្លះ​ផង​កុំ​អភិវឌ្ឍ​ឲ្យ​តែ​ប្រជា​ពលរដ្ឋ​ជួប​ប្រទះ​ទឹក​ភ្នែក និង​ឲ្យ​ប្រជា​ពលរដ្ឋ​ដាក់​បណ្តាសា​នោះ»។

ចំណែក ឯ លោក ផល វណ្ណៈ តំណាង​ប្រជា​ពលរដ្ឋ​មក​ពី​ខេត្ត កំពង់ស្ពឺ ដែល​ត្រូវ​បាន​ក្រុមហ៊ុន ភ្នំពេញ ស៊ូហ្គើរ របស់​លោក ឧកញ៉ា លី យ៉ុងផាត់ រំលោភ​បំពាន​យក​ដី​ចាប់​តាំង​ពី​ឆ្នាំ ២០១០ នោះ​បាន​ថ្លែង​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​លោក​មក​ចូល​រួម​ប្រារព្ធ​ពិធី​នេះ​គឺ​លោក​ជា​ជន​រងគ្រោះ​ដោយ​សារ​តែ​ការ​បាត់​ដី និង​បាត់​ផ្ទះ។

លោក​បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា៖ «សូម​មេត្តា​បញ្ឈប់​យក​ដី​ប្រជា​ពលរដ្ឋ​ទៅ​ហើយ​សុំ​ឲ្យ​ទទួល​ស្គាល់​ថា​សហគមន៍​ក្រីក្រ​ជា​តំបន់​ស្រប​ច្បាប់»។

នៅ​ម៉ោង​ជាង ១០ ព្រឹក ផ្លូវ ព្រះមុនីវង្ស ខាង​មុខ​សាលា​រាជធានី ភ្នំពេញ ត្រូវ​បាន​បិទ​បន្ទាប់​ពី​ប្រជា​ពលរដ្ឋ​សម្រុក​ចូល​ដើម្បី​យក​ញត្តិ​ទៅ​ដាក់ ប៉ុន្តែ​ត្រូវ​បាន​ប្រឈម​ជាមួយ​កម្លាំង​សមត្ថកិច្ច​រាប់​រយ​នាក់​ប្រដាប់ ដោយ​ខែល ហើយ​ក៏​បាន​វាយ​កម្ទេច​ផ្ទះ​គំរូ​តំណាង​ឲ្យ​ផ្ទះ​ពលរដ្ឋ​ទៀត​ផង។

នៅ ក្នុង​ញត្តិ​ដែល​ប្រជា​ពលរដ្ឋ​ដាក់​ជូន​ទៅ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នោះ​បាន​បង្ហាញ​ថា​មាន​ប្រជាជន​រស់​នៅ​ទីក្រុង ភ្នំពេញ ច្រើន​ជាង ១០ ភាគរយ ត្រូវ​បាន​ជម្លៀស​ចេញ​ពី​លំនៅឋាន​របស់​ពួក​គេ​ក្នុង​រយៈ​ពេល​ពីរ ទសវត្សរ៍ ចុង​ក្រោយ​នេះ ហើយ​ប្រជា​ពលរដ្ឋ​នៅ​តាម​ទីជនបទ​ច្រើន​ជាង ៤០ ម៉ឺន​នាក់​បាន​រង​នូវ​វិវាទ​ដោយសារ​ទំនាស់​ដី​ធ្លី​ចាប់​តាំង​ពី​ឆ្នាំ ២០០៣ មក ហើយ​ប្រជាជន​ចំនួន ១៥ ម៉ឺន​នាក់​នៅ​រាជធានី ភ្នំពេញ គ្មាន​ទី​ជម្រក។

នៅ​ក្នុង​ញត្តិ​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «យើង​សូម​ធ្វើ​ការ​អំពាវនាវ​ឲ្យ​មាន​ការ​អភិវឌ្ឍ​បែប​សមធម៌​មួយ​នៅ​ប្រទេស កម្ពុជា គិត​គូរ​ពី​ប្រយោជន៍​ជាតិ​មុន​ប្រយោជន៍​ផ្សេង»។

សំឡេង ចេញ​ឧគ្ឃោសនសព្ទ​របស់​មន្ត្រី​ខណ្ឌ ដូនពេញ បាន​បន្លឺ​ឡើង​តាម​រយៈ​ការ​ចង​មេក្រូ​នៅ​លើ​រថយន្ត​កូរ៉េ ដែល​បដិសេធ​ពុំ​ព្រម​បញ្ចេញ​អត្តសញ្ញាណ(ក្រុមព្រាយបីសាច)​ថា សាលា​រាជធានី​ភ្នំពេញ​ពុំ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​នៅ​បរិវេណ​រូប​សំណាក​លោក យាយ ពេញ នោះ​ទេ​គឺ​អនុញ្ញាត​ឲ្យ​ធ្វើ​នៅ​ស្នាក់ការ​របស់​អង្គការ​នៅ​ឯ បឹងទំពុន ឯ​ណោះ។

ការ​ធ្វើ​បែប​នេះ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​ដែល​កំពុង​តែ​ទទួល​រង​នូវ​ទឹក​ជំនន់​ពីព្រោះ​អាជ្ញាធរ​ត្រូវ​ការ​ជួយ​ប្រជា​ពលរដ្ឋ​រងគ្រោះ​ទាំង​នោះ។

សំឡេងនោះ​បន្លឺ​ឲ្យ​ដឹង​ទៀត​ថា៖ «ពលរដ្ឋ​ទាំង​អស់ និង​អង្គការ​ដែល​ចូល​រួម​ធ្វើ​នៅ​ទី​នេះ​ទេ ដែល​មិន​គោរព​ច្បាប់ និង​បង្ក​ភាព​អនាធិបតេយ្យ ពួក​យើង​ត្រូវ​តែ​ការពារ​និង​ទប់ស្កាត់​ភាព​អនាធិបតេយ្យ​ទាំង​នេះ»។

រដ្ឋាភិបាល​ពុំ​បាន​បំបិទ​សិទ្ធិ​របស់​អស់​លោក​នោះ​ទេ សព្វ​ថ្ងៃ​នេះ​សិទ្ធិ​របស់​លោក​វា​មាន​ច្រើន​ហួស​ពេក​ទៅ​ហើយ។ រដ្ឋាភិបាល​តែងតែ​បង្ក​នូវ​ភាព​សុខសាន្ត និង​សន្តិសុខ អ្វី​ដែល​អស់​លោក​និយាយ​ថា រដ្ឋាភិបាល​បំបិទ​សិទ្ធិ​គឺ​ជា​ពាក្យ​ញុះ​ញង់​ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ ផ្សេង​ទៀត​ស្អប់​រដ្ឋាភិបាល។

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​សូម​បដិសេធ​សម្តី​នេះ​ជា​សម្តី​ដ៏​ល្ងង់​ខ្លៅ​។ បង​ប្អូន​មួយ​ក្រុម​នេះ​គឺ​ឧស្សាហ៍​ណាស់​រាល់​បញ្ហា​នានា​ដែល​មាន​នៅ​ក្នុង​សង្គម គឺ​តែង​តែ​មាន​បង​ប្អូន​មួយ​ក្រុម​ហ្នឹង​ជា​អ្នក​អុង​អាត់»។

លោក​បាន​ថា ពលរដ្ឋ​ដែល​មក​ធ្វើ​ពិធី​នៅ​ទីនេះ​គឺ​ពុំ​មែន​ប្រារព្ធ​ពិធី សិទ្ធិ​លំនៅឋាន​ពិភពលោក​ទេ គឺ​មក​បង្ក​ភាព​អនាធិបតេយ្យ។

មិន​អាច​ធ្វើ​ការ​ទាក់​ទង​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី ភ្នំពេញ ដើម្បី​ធ្វើ​ការ​អត្ថាធិប្បាយ​បាន​ទេ កាល​ពី​ថ្ងៃ​ម្សិលមិញ។ ចំណែក​ឯ លោក ឡុង ឌីម៉ង់ មន្ត្រី​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​ក៏​ពុំ​អាច​ទាក់​ទង​ដើម្បី ធ្វើ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ដែរ។

លោក អំ សំអាត មន្ត្រី ស៊ើប​អង្កេត​ជាន់​ខ្ពស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស លីកាដូ បាន​ថ្លែង ឲ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​នៅ​ទូទាំង​ពិភពលោក​បាន​រំឭក​ទិវា​លំនៅឋាន​ពិភពលោក​ដើម្បី ជា​ការ​ផ្ញើ​សារ​មួយ​ទៅ​រដ្ឋាភិបាល​នូវ​បញ្ហា​ដែល​គេ​ត្រូវ​បាន​រំលោភ​អំពី សិទ្ធិ​មាន​ទីជម្រក​របស់​ពួក​គេ។ លោក​បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា៖ «អ្វី​ដែល​អាជ្ញាធរ​បាន​ព្យាយាម​រារាំង​នោះ គឺ​បង្ហាញ​ឲ្យ​ប្រជាជនកាន់តែ​មិន​ទុក​ចិត្ត​អំពី​ការ​កែ​ទម្រង់​ស៊ី​ជម្រៅ​របស់ រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ»៕

1 comment:

midwestmile said...


I am very enjoyed for this blog. I feel strongly about it and love learning more on this topic. If possible, as you gain expertise, would you mind updating your blog with more information? It is extremely helpful for me


I have appreciate with getting lot of good and reliable information with your post.......
Thanks for sharing such kind of nice and wonderful collection......again, beautiful :) I love reading your posts. They make me happy .