[ Hmmmm..... What is going on with CPP? Desperate for attention from Khmers? ]
អាជ្ញាធរសាលារាជធានីភ្នំពេញ បានសម្រេចផ្ដល់កម្មសិទ្ធិដីដល់អ្នកភូមិបឹងកក់ បន្ទាប់ពីអ្នកភូមិបានតវ៉ាទាមទារអស់រយៈពេលជាង ៥ឆ្នាំ។ ដំណឹងនេះ ត្រូវបានអ្នកភូមិបឹងកក់ ដែលបានតវ៉ាយ៉ាងក្រាញននៀល និងប្រឈមគ្រោះថ្នាក់យ៉ាងខ្លាំងបំផុតកន្លងមក សាទរ។ ក៏ប៉ុន្តែ មន្ត្រីអង្គការមិនមែនរដ្ឋាភិបាល និងអ្នកតវ៉ាខ្លះ នៅសង្ស័យខ្លាចក្រែងអាជ្ញាធររាជធានីភ្នំពេញ ផ្ដល់ឲ្យតែក្រុមដែលមិនប្រឆាំងរដ្ឋាភិបាល។
សកម្មភាពបូមខ្សាច់របស់ក្រុមហ៊ុនស៊ូកាគូ នៅឯតំបន់បឹងកក់ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១០ RFA/Den Ayuthyea |
មន្ត្រីសាលារាជធានីភ្នំពេញ នឹងចាប់ផ្ដើមចុះវាស់វែងដីក្នុងទីតាំងបឹងកក់ ទំហំ ១២,៤៤ហិកតារ ជូនអ្នកភូមិបឹងកក់ គ្រប់គ្នាចំនួន ៧៦គ្រួសារ ចាប់តាំងពីថ្ងៃទី២៣ តុលា នេះតទៅហើយ ហើយបានសន្យាថានឹងផ្ដល់ប័ណ្ណកាន់កាប់ដីស្របច្បាប់ជូនពួកគាត់គ្រប់ៗគ្នាទៀតផង។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មានប្រសាសន៍នៅថ្ងៃទី២២ តុលា ថា លោកអភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស បានសម្រេចដូច្នេះក្នុងពេលលោកអភិបាលក្រុងបានកោះអញ្ជើញអ្នកភូមិបឹងកក់ ចំនួន ៣២គ្រួសារ ក្នុងចំណោម ៧៦គ្រួសារ មកពីភូមិ៦ ភូមិ២២ និងភូមិ២៤ ចូលប្រជុំនៅសាលារាជធានីភ្នំពេញ នៅថ្ងៃទី២២ តុលា៖ «សាលាក្រុងបានអញ្ជើញបងប្អូនប្រជាពលរដ្ឋប៉ុន្មានគ្រួសារហ្នឹង មកចូលរួមទាំងអស់គ្នា ហើយក្នុងពេលនោះ ឯកឧត្តមអភិបាល លោកបានជម្រាបអំពីដំណើរការនៃការផ្ដល់ជូន ហើយបានជម្រាបអំពី ក្រោយពីបានសុំគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ នាយករដ្ឋមន្ត្រីមក គឺសាលារាជធានីភ្នំពេញ បានសម្រេចផ្ដល់ជាគោលការណ៍ឲ្យដីប្រជាពលរដ្ឋ បានន័យថា គាត់រស់នៅកន្លែងណាប្រគល់ជូនគាត់កន្លែងហ្នឹងដដែល»។
ការប្រកាសនេះ បានធ្វើឲ្យអ្នកភូមិបឹងកក់ ដែលព្យាយាមតវ៉ាប្រឆាំងយ៉ាងស្វិតស្វាញចំពោះការរឹបអូសដីរបស់ខ្លួនពីក្រុមហ៊ុនអភិវឌ្ឍន៍ ស៊ូកាគូ (Shukaku) តាំងពីឆ្នាំ២០០៧ មក មានសង្ឃឹមឡើងវិញផង និងនៅមិនទាន់ទុកចិត្តអាជ្ញាធរផង។
តំណាងអ្នកតវ៉ាភូមិបឹងកក់ អ្នកស្រី ទេព វន្នី បានហៅការសម្រេចនេះថា ជាសញ្ញាវិជ្ជមានមួយ ក៏ប៉ុន្តែ អ្នកស្រីព្រួយខ្លាចសាលារាជធានីមិនព្រមវាស់ដីឲ្យអ្នកភូមិផ្សេងទៀត ដែលរស់នៅភូមិ១ និងអ្នកនៅក្បែររ៉ារទេះភ្លើង ដែលគេបូមខ្សាច់ពន្លិច ហើយកំពុងរស់នៅវេទនាជាងគេ៖ «ប៉ុន្តែ អ្វីសំខាន់នៅពេលនេះ គឺពួកខ្ញុំគិតថា ការប្រជុំហ្នឹង បើសិនគាត់គោរពកិច្ចសន្យា ពួកគាត់និយាយព្រឹកមិញ គឺយ៉ាងណាពួកខ្ញុំគិតថា វាជាពន្លឺក្នុងការដោះស្រាយមួយចំនួន ហើយដែលពួកខ្ញុំគិតថាជាលទ្ធផល។ ក្នុងនោះដែរ ពួកខ្ញុំនឹងបន្តការទាមទាររកយុត្តិធម៌ផងដែរឲ្យមានការដោះស្រាយជូនអ្នកដែលនៅភូមិ១ ទាំងអ្នកដែលគេបូមខ្សាច់ពន្លិច និងអ្នកដែលនៅក្បែររ៉ារទេះភ្លើង»។
អ្នកភូមិបឹងកក់ កាលដើមឡើយ បានតវ៉ាយ៉ាងប្ដូរផ្ដាច់ប្រឆាំងរដ្ឋាភិបាល ពីការរឹបអូសយកដីពួកគាត់ឲ្យក្រុមហ៊ុន ស៊ូកាគូ វិនិយោគ។ ក៏ប៉ុន្តែ ក្រោយមក អ្នកភូមិបឹងកក់ បានបែកចេញជាពីរក្រុម គឺក្រុមគាំទ្ររដ្ឋាភិបាល និងក្រុមនៅបន្តប្រឆាំងរដ្ឋាភិបាលនឹងការរឹបអូសដីនេះ។
ត្រង់ចំណុចនេះ នាយកលេខាធិការដ្ឋាននៃអង្គការក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ ព្រួយខ្លាចអាជ្ញាធរផ្ដល់ដីឲ្យតែអ្នកគាំទ្ររដ្ឋាភិបាលតែម្ខាង។
ចំពោះការសង្ស័យនេះ លោក ឡុង ឌីម៉ង់ បានឆ្លើយបំភ្លឺថា អាជ្ញាធររាជធានីភ្នំពេញ មិនប្រកាន់បក្ខពួកទេ ហើយនឹងវាស់ដីជូនអ្នកភូមិបឹងកក់ គ្រប់គ្នាជាបន្តបន្ទាប់។
អ្នកភូមិបឹងកក់ បានតវ៉ាប្រឆាំងការរឹបអូសយកដីពីក្រុមហ៊ុន ស៊ូកាគូ ចាប់តាំងពីឆ្នាំ២០០៧ មកម្ល៉េះ ដែលកាលនោះ មានអ្នកភូមិប្រហែល ៤ពាន់គ្រួសាររស់នៅ ដោយសាររដ្ឋាភិបាលបានចុះកិច្ចសន្យាប្រគល់ដីនៅតំបន់បឹងកក់ ឲ្យក្រុមហ៊ុននេះអភិវឌ្ឍន៍៕
No comments:
Post a Comment