នគរបាលបាញ់ទៅលើអ្នកតវ៉ា នៅម្តុំស្ពានអាកាសក្បាលថ្នល់យប់ថ្ងៃ១៥កញ្ញា។ រូបថត លីណា |
មុំ គន្ធា ភ្នំពេញប៉ុស្តិ៍ Friday, 18.10.13
ភ្នំពេញៈ យុវជនស្ម័គ្រចិត្តជាង ៣០០ នាក់នឹងដើរដង្ហែក្បួននៅថ្ងៃសុក្រនេះ ដើម្បីទាមទារឲ្យសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធធ្វើការស៊ើបអង្កេតរកខ្មាន់កាំភ្លើង ដែលបានបាញ់សម្លាប់បុរសម្នាក់នៅស្ពានអាកាសក្បាលថ្នល់ក្នុងយប់ ដំបូងនៃថ្ងៃធ្វើមហាបាតុកម្មរយៈពេល ៣ថ្ងៃ របស់គណបក្សប្រឆាំង កាលពីពាក់កណ្តាលខែ កញ្ញា។
លោក ម៉េង ហេង អាយុ ២៣ ឆ្នាំតំណាងឲ្យយុវជនខ្មែរកម្ពុជាក្រោម បានថ្លែងប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា យុវជនដែលនឹងមកចូលរួមដង្ហែក្បួន មាននិស្សិតសាកលវិទ្យាល័យ សិស្សវិទ្យាល័យ ក្លិបយុវជន សង្គមស៊ីវិល និងយុវជនមកពីតាមបណ្តាខេត្ត។ យុវជនទាំងនេះ ចាប់ប្រមូលផ្តុំគ្នាធ្វើការដង្ហែពី វត្តភ្នំ ទៅសាលារាជធានី និងតុលាការក្រុង។ យុវជនស្ម័គ្រចិត្តទាំងនេះ បានប្រមូលស្នាមមេដៃរបស់យុវជនដែលចូលរួមចំនួន ៣៥០ នាក់ ហើយដែលស្នាមមេដៃនេះនឹងដាក់ជាមួយលិខិតស្នើសុំធ្វើការហែក្បួន ទៅកាន់សាលារាជធានីនៅថ្ងៃនេះ។
យ៉ាងណាក៏ដោយ ការជួបជុំគ្នានៅព្រឹកនេះ ត្រូវបានកម្លាំងសមត្ថកិច្ចមកធ្វើការវាយបង្រ្កាប រារាំងធ្វើឲ្យធ្វើការដើរក្បួនដង្ហែញ្ញត្តិទេ។ ការវាយបង្រ្កាបនេះ បានធ្វើឲ្យយុវជន រួមមានព្រះស្ឃផងរងរបួសមួយចំនួន។
លោក ម៉េង ហេង បានបន្តថា យុវជនចង់ជំរុញឲ្យសមត្ថកិច្ច និងមន្រ្តីពាក់ព័ន្ធស្វែងរកជនល្មើសពិតប្រាកដ ដែលបានបាញ់សម្លាប់លោក ម៉ៅ សុខចាន់ ដើម្បីផ្តន្ទាទោសតាមច្បាប់។
លោក ម៉ៅ សុខចាន់ អាយុ ២៩ ឆ្នាំ ជាកម្មករសំណង់ និងជាឪពុកកូនបួននាក់ ត្រូវបានគេបាញ់ចំក្បាល បណ្តាលឲ្យស្លាប់ភ្លាមៗ ខណៈពេលកំពុងព្យាយាមវិលត្រឡប់ទៅផ្ទះវិញក្នុងអំឡុងពេលយប់ដែល បាតុកម្មបានក្លាយជាអំពើហិង្សានៅស្ពានអាកាសក្បាលថ្នល់ ហើយមនុស្សជាច្រើននាក់ផ្សេងទៀតបានរងរបួស។ លោក ឃឹម ផន អាយុ ២៨ ឆ្នាំ ត្រូវជាពូរបស់ម៉ៅ សុខចាន់ បាននិយាយកាលពីម្សិលមិញថា លោកនឹងមកចូលរួមក្នុងការដង្ហែក្បួននេះជាមួយនឹងក្រុមយុវជន។ លោក ឃឹម ផន បានថ្លែងថា៖ «ខ្ញុំនឹងចូលរួមដើម្បីជំរុញឲ្យអាជ្ញាធរខិតខំធ្វើការបន្ថែមទៀត ដើម្បីរកយុតិ្តធម៌ជូន ម៉ៅ សុខចាន់»។ លោកបន្ថែមថា លោកមិនបានឮដំណឹងអំពីលទ្ធផលនៃការស៊ើបអង្កេតក្នុងរឿងបាញ់ សម្លាប់ ម៉ៅ សុខចាន់ យ៉ាងណានៅឡើយទេ។
មនុស្ស ៦ នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីហេតុការណ៍ហិង្សានោះត្រូវបានបង្រ្កាប ហើយពួកគេត្រូវបានចោទប្រកាន់ពីបទប្រើអំពើហិង្សាដោយចេតនា និងការបង្កការខូចខាតដល់ទ្រព្យសម្បតិ្តសាធារណៈ ហើយត្រូវបានបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារ ព្រៃស។ បួននាក់ក្នុងចំណោមជន៦ នាក់នោះ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ហើយពីរនាក់ទៀតកំពុងជាប់ឃុំរង់ចាំការស៊ើបអង្កេតបន្ថែមទៀត។
No comments:
Post a Comment