Wednesday, October 30, 2013

អ្នក​​​តវ៉ា​បញ្ហា​ដី​ប៉ះ​ទង្គិច​ជាមួយ​សមត្ថកិច្ច


ក្រុម​អ្នក​តវ៉ា​បញ្ហា​ដីធ្លី​ប៉ះទង្គិច​ជាមួយ​ក្រុម​មាន​សមត្ថកិច្ច​នៅ​ខាង​មុខ​
សាលា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ តុលា ឆ្នាំ​២០១៣។ RFA/Mom Sophon
ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​មក​ពី​តំបន់ បុរី​កីឡា បឹង​កក់ និង​សហគមន៍​ថ្ម​គោល បាន​នាំ​គ្នា​ហែ​ក្បួន​ក្នុង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​តុលា ដោយ​ចេញ​ពី​តំបន់​បុរី​កីឡា ឆ្ពោះ​ទៅ​សាលា​រាជធានី​ភ្នំពេញ។ ពួក​គេ​ទាម​ទារ​អោយ​មាន​ដំណោះ​ស្រាយ​សម្រាប់​អ្នក​បុរី​កីឡា ដែល​កំពុង​ជួប​ការ​លំបាក​ដោយ​សារ​គ្មាន​ជម្រក។

ដោយ សុ ជីវី RFA 2013-10-30

ក្រុម​អ្នក​តវ៉ា​បាន​ប៉ះទង្គិច​ជា​មួយ​សមត្ថកិច្ច​ជា​ច្រើន​លើក​ច្រើន​សា គឺ​ម្ដង​នៅ​ខាង​មុខ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ច្រើន​ដង​ទៀត​នៅ​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ។

អំពើ​ហិង្សា​បាន​កើត​ឡើង​រវាង​ក្រុម​អ្នក​តវ៉ា និង​សមត្ថកិច្ច​ចម្រុះ​នៅ​ពេល​ដែល​ក្រុម​អ្នក​តវ៉ា ដែល​មាន​គ្នា​ប្រមាណ ១០០​នាក់ បាន​ស្រែក​ទាមទារ​នៅ​ខាង​មុខ​ច្រក​ចូល​វិមាន​សន្តិភាព​នៃ​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី និង​ការ​បិទ​ផ្លូវ​ព្រះមុនីវង្ស ត្រង់​ចំណុច​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ។

អ្នក​ភូមិ​ជា​ច្រើន​នាក់​ដែល​សុទ្ធ​សឹង​តែ​ជា​ស្ត្រី ត្រូវ​កម្លាំង​សមត្ថកិច្ច​ដែល​ប្រដាប់​ដោយ​ខែល និង​ដំបង​ឆក់ បាន​វាយ​និង​ទាត់ ប៉ុន្តែ​ពុំ​មាន​អ្នក​របួស​ធ្ងន់​ឡើយ។ (សំឡេង​ប៉ះ​ទង្គិច)

ក្រុម​អ្នក​តវ៉ា​បាន​ដើរ​ចេញ​ពី​តំបន់​បុរីកីឡា ក្នុង​ខណ្ឌ​៧មករា ដោយ​មាន​កាន់​បដា និង​រូប​ថត​ដែល​បង្ហាញ​ពី​ការ​លំបាក​របស់​ពួក​គេ ដែល​កំពុង​រស់​នៅ​តាម​សំយាប ក្រោម​ជណ្ដើរ​អាគារ និង​តាម​គំនរ​សំរាម។ ស្រប​គ្នា​នេះ​ក៏​មាន​អ្នក​ទូល​មាន់​ស្ងោរ ចេក​ទុំ ទៀន ធូប និង​គ្រឿង​សក្ការបូជា មួយ​ចំនួន​ទៀត។


ទៅ​ដល់​ខាង​មុខ​វិមាន​សន្តិភាព ពួក​គេ​បាន​ឈរ​ស្រែក​ទាមទារ​រក​អន្តរាគមន៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែ​បាន​ប៉ះទង្គិច​នឹង​សមត្ថកិច្ច​មួយ​ប្រាវ ទើប​បន្ត​ដំណើរ​ទៅ​តវ៉ា ដោយ​បិទ​ផ្លូវ​ព្រះមុនីវង្ស នៅ​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ។ ក្នុង​ពេល​សមត្ថកិច្ច​ព្យាយាម​រុញ​ច្រាន​ពួក​គាត់​អោយ​ចេញ​ពី​ផ្លូវ ស្ត្រី​ជា​ច្រើន​នាក់​បាន​ដេក​ដួល​នៅ​កណ្ដាល​ផ្លូវ ហើយ​ពួក​គេ​ជា​ច្រើន​នាក់​ត្រូវ​អាជ្ញាធរ​ទាត់​ធាក់និង​វាយ។ (សំឡេង​ប៉ះ​ទង្គិច)

តំណាង​អ្នក​បុរី​កីឡា អ្នកស្រី ជុំ ង៉ាន់ មាន​ប្រសាសន៍​ថា ពួក​គាត់​មាន​បំណង​សាកសួរ​អភិបាល​ក្រុង​ថ្មី​ចំពោះ​ដំណោះស្រាយ​ដែល​បាន​សន្យា​ផ្ដល់​អោយ​ពួក​គាត់​ជុំវិញ​សំណើ​សាង​សង់​អោយ​គ្រប់ ១០​អាគារ​របស់​ពួក​គាត់​ដែល​បាន​ដាក់​ទៅ​សាលា​ក្រុង​កាល​ពី​សប្ដាហ៍​មុន៖ «ឯកឧត្ដម ប៉ា សុជាតិវង្ស ថា ដោះ​ស្រាយ​អោយ​ពួក​ខ្ញុំ​ក្នុង​អាទិត្យ​ហ្នឹង។ ហេតុ​ដូច្នេះ ពួក​ខ្ញុំ​មិន​បោះបង់​ការ​សន្យា​ជាមួយ​ពួក​ខ្ញុំ​ឡើយ។ គាត់​គឺ​សន្យា​ខ្យល់​តែ​រហូត​ហ្នឹង។ តាំង​ពី​ចុង​ខែ​៥ មក​ដល់​ខែ​នេះ មិន​ទាន់​ដោះ​ស្រាយ​អី​តិច​ទេ»។

ការ​បិទ​ផ្លូវ​របស់​អ្នក​ភូមិ​បាន​រំសាយ​នៅ​ពេល​ដែល​មាន​ករណី​អំពើ​ហិង្សា​មួយ​កើត​ឡើង​រវាង​សមត្ថកិច្ច និង​យុវជន​ម្នាក់​ដែល​ចូល​ក្នុង​ហ្វូង​អ្នក​តវ៉ា ដោយ​ពុំ​មែន​ជា​ក្រុម​អ្នក​តវ៉ា​ឡើយ បន្ទាប់​មក​បាន​រត់​ចូល​ក្នុង​របង​សាលា​រាជធានី​ភ្នំពេញ។

មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ មាន​ប្រសាសន៍​ថា សាលាក្រុង​កំពុង​ដោះស្រាយ​ជា​ដំណាក់​កាលៗ។

លោក​បាន​សំណូមពរ​ដល់​ពលរដ្ឋ​អោយ​ជួយ​សហការ ជៀសវាង​បង្ក​ភាព​អនាធិបតេយ្យ​តាម​ដង​ផ្លូវ៖ «គោលការណ៍​របស់​រដ្ឋាភិបាល និង​សាលា​រាជធានី​ភ្នំពេញ គឺ​ប្រគល់​អោយ​ពលរដ្ឋ​នូវ​ទីតាំង​ណា​ដែល​ពួក​គាត់​រស់​នៅ​ទៅ​អោយ​ពួក​គាត់​វិញ។ ប៉ុន្តែ​វា​ទាម​ទារ​ពេល​វេលា​ដើម្បី​ធ្វើ​នីតិវិធី​សុរិយោដី​ផង ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ផង»។

លោក ឌីម៉ង់ អោយ​ដឹង​ដែរ​ថា យុវជន​ដែល​បាន​ប្រើ​ហិង្សា​លើ​សមត្ថកិច្ច​នោះ ត្រូវ​អនុញ្ញាត​អោយ​ទៅ​វិញ បន្ទាប់​ពី​បាន​សាកសួរ។

អ្នក​គ្រប់​គ្រង​បច្ចេកទេស​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា អាជ្ញាធរ​គួរ​ពិចារណា​ពី​ការ​លំបាក​ដែល​អ្នក​បុរីកីឡា កំពុង​ជួប​ប្រទះ៖ «ត្រូវ​តែ​អនុវត្ត​កិច្ចសន្យា​របស់​ខ្លួន​សង់​អោយ​គ្រប់ ១០​អាគារ ខ្ញុំ​ជឿ​ថា គ្មាន​បញ្ហា​អី​កើត​ឡើង​ទៀត​ទេ ហើយ​មិន​អ៊ីចឹង​ទេ យើង​ធ្វើ​ការ​គាប​សង្កត់​លើ​ប្រជាពលរដ្ឋ ប្រជាពលរដ្ឋ​ក៏​កាន់​តែ​រង​ទុក្ខ​ទៅ​ដែរ។ មាន​ការ​ប៉ះពាល់​ទៅ​ដល់​មុខ​មាត់​របស់​សាលា​រាជធានី ក៏​ដូច​រដ្ឋាភិបាល ដោយ​គេ​ចោទ​ថា យើង​មិន​គោរព​សិទ្ធិ​មនុស្ស យើង​ប្រើ​ប្រាស់​ហិង្សា ហើយ​អ្វី​ដែល​ខ្ញុំ​កត់​សម្គាល់​ព្រឹកមិញ គឺ​យើង​អត់​ដឹង​បុរស​ម្នាក់​ហ្នឹង​ជា​អ្នក​ណា​ទេ ប៉ុន្តែ​នៅ​ពេល​គាត់​បង្ក​បញ្ហា​ទាំង​អាជ្ញាធរ​ទាំង​ប្រជាពលរដ្ឋ​សម្រុក​ដេញ​បុរស​នោះ ហើយ​ផ្លូវ​ក៏​បើក​ដោយ​ស្វ័យប្រវត្តិ»។

បើ​ទោះ​ជា​មាន​ការ​សន្យា​ពី​អាជ្ញាធរ​ថា នឹង​ដោះ​ស្រាយ ក៏​អ្នក​បុរីកីឡា​នៅ​តែ​មិន​អស់​ចិត្ត​ឡើយ ពួក​គាត់​ព្រមាន​ថា នឹង​នាំ​គ្នា​ចូល​ទៅ​រស់​នៅ​ក្នុង​អាគារ​សង់​ថ្មី​របស់​ក្រុមហ៊ុន​ផានអ៊ីម៉ិច (Pham-imex) ក្នុង​តំបន់​ដែល​ពួក​គាត់​កំពុង​រស់​នៅ​ប្រសិន​បើ​ពុំ​ឃើញ​មាន​ដំណោះ​ស្រាយ​ពិត​ប្រាកដ៕

2 comments:

Anonymous said...

៥៥ យកមិនយក?៥៥ យកមិនយក?៥៥ យកមិនយក?

ទោះជាពួកអាអស់ឯងខំប្រឹងស្រែក ធ្វើមហាតបាតុកម្ម ឬ មហាតបាតុកម្មសូត្រធម៌,,,,, មហាតបាតុកម្មស្មូត្រ, មហាតបាតុកម្មភាវនា, មហាតបាតុកម្មសមាធិ, លុតជង្គុង ក្រាបទូល
ក្រោមល្អងធូលីព្រះបាទ, ប្តឹងទៅតុលាការ ឬ ចង់ប្តឹងទៅអង្គការសហប្រជាជាតិជាមួយការ ដង្ហែស្នាមមេដៃ ឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!

សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!


បរាជ័យ! ពួកអាខ្មែរក្បត់ជាតិរត់ចោលស្រុក!

បរាជ័យពួកអាសត្វឆ្កែបរទេស (!!)

បរាជ័យពួកអាកាកសំណល់បាតសង្គម (!!)

ពីអញ

ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា និងជា
បេក្ខជន ស្ថានកុងស៊ុលខ្មែរប្រចាំឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា

Anonymous said...

ខ្ញុំជូនចំពោះអស់លោក មេដឹកនាំខ្មែរជាទីគោរព!

សូមមេតាក្រឡេកមើល ប្រជាពលរដ្ឋខ្មែរផង បើមុននឹងធ្វើការអភិវឍ្ឍន៍អ្វីៗ៖
លោកឃើញទេ ពេលលោកធ្វើផ្លូវ គ្រប់គ្រងដោយបរទេស បំណុលមិនទាន់សង ផ្លូវក៏ត្រូវរលាយខូចអស់!
ពេលលោកបង្កើតឲ្យមានរោងចក្រ ពលករខ្មែរពុំមានការបច្ចេកទេស ដែលអាចទទួលយកការងារទាំងនោះបាន!
ពេលលោកកាប់ឈើ លោកលក់ទៅឲ្យបរទេស ពុំមានការឆ្នៃប្រឌិត ដែលអាចឲ្យមានការងារ សម្រាប់ពលរដ្ឋខ្មែរ!
ឡោនិសាទ ឧទ្យានជាតិ ដីរ៉ែ ដីសមទាន សម្បត្តិជាតិ ដូចអង្គវត្ត។ល។ សុទ្ធតែគ្រប់គ្រងដោយបរទេស។
អស់លោក គួរតែបណ្ដុះបណ្ដាលពលរដ្ឋរបស់ខ្លួន ហើយអភិវឍ្ឍន៍អ្វីៗដោយប្រើប្រាស់ធនធានមនុស្សខ្មែរទៅតាមសម្រួល មិនមែនធ្វើអ្វីឲ្យខាងតែបានទាំងកំហ៊ុក ហើយអាងដោះសារថា៖ "យកអ្នកបច្ចេកទេសមក ព្រោះមនុស្សខ្មែរពុំមានតាមតម្រូវការ"
សូមមេតាបញ្ឈប់ធ្វើអ្វីៗទាំងបង្ខំ ផលប្រយោជន៍បានទៅបរទេស បំណុលកូនខ្មែរជាអ្នកសងយ៉ាងនេះទៀតទៅ!