លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិអានសេចក្តីថ្លែងការណ៏របស់បក្សទៅកាន់អ្នកគាំទ្រ ក្នុងពិធីសមាជប្រជាជន នាពេលកន្លងទៅ។RFI/Siv Chana |
ដោយ គឹម យុទ្ធណា rfi អត្ថបទចុះផ្សាយនៅថ្ងៃ អាទិត្យ 13 តុលា 2013
ឆ្លើយតបទៅនឹងសេចក្តីប្រកាសរបស់មន្ត្រីខុទ្ទកាល័យក្រសួងមហាផ្ទៃ កាលពីថ្ងៃម្សិលមិញ ដែលបានប្រកាសពីភាពមិនចុះសម្រុងគ្នានៅក្នុងការទាមទារការបែងចែកអំណាចរបស់គណបក្សប្រឆាំងនៅក្នុងរដ្ឋសភា រួចមក នៅថ្ងៃអាទិត្យនេះ គណបក្សប្រឆាំងនៅតែអះអាងចង់បានអំណាចឲ្យមានតុល្យភាពគ្នាដដែលនៅក្នុងសភា ដើម្បីកំណែទម្រង់ស្ថាប័នជាតិសំខាន់។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិនៅតែអះអាងថា អ្វីដែលគណបក្សសង្គ្រោះជាតិចង់បានគឺចង់ឲ្យមានតុល្យភាពអំណាចនៅក្នុងរដ្ឋសភា ដើម្បីដំណើរការកំណែទម្រង់ស្ថាប័នជាតិសំខាន់ៗឲ្យមានប្រសិទ្ធិភាព។
លោក យ៉ែម បុញ្ញាឫទ្ធិ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិមិនចង់និយាយពីរឿងចង់បានតំណែងនោះទេ ប៉ុន្តែអ្វីដែលគណបក្សចង់និយាយគឺការកែទម្រង់ស្ថាប័នជាតិសំខាន់ៗពិតប្រាកដមួយ និងការស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ។
ការបញ្ជាក់ជំហររបស់គណបក្សសង្គ្រោះជាតិនៅពេលនេះបានធ្វើឡើង ក្រោយពីខុទ្ទកាល័យលោក ស ខេង សមាជិកអចិន្ត្រៃយ៍ នៃ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានទម្លាយព័ត៌មានជាសាធារណៈពីភាព មិនចុះសម្រុងគ្នារវាងថ្នាក់ដឹកនាំនៅក្នុងជួរគណបក្សប្រឆាំង អំពីការចង់បានអំណាចនៅក្នុងរដ្ឋសភា។
បើតាមលោក យ៉ែម បុញ្ញាឫទ្ធិ គណបក្សសង្គ្រោះជាតិ មិនចង់ឃើញកំណែទម្រង់ដែលមានតែនៅលើក្រដាស ដូចដែលគណបក្សកាន់អំណាចបានសន្យានោះទេ ខណៈដែលប្រជាពលរដ្ឋនៅតែទទួលរងនូវភាពអយុត្តិធម៌សង្គម និងអំពើពុករលួយនោះ។
មន្ត្រីបក្សប្រឆាំដដែល បានស្នើដល់មន្ត្រីគណបក្សប្រជាជនឲ្យត្រៀមរៀបចំខ្លួនជាមុនសិន មុននឹងបន្តការចចារណាមួយទៀតជាមួយនឹងគណបក្សសង្គ្រោះជាតិនៅពេលខាងមុខ។ លោក យ៉ែម បុញ្ញាឫទ្ធិ បានលើកឡើងថា ការចរចាណាមួយនៅពេលខាងមុខ គឺគណបក្សសង្គ្រោះជាតិស្នើឲ្យមានការ ចាក់ផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៏ជាសាធារណៈ នៃកិច្ចចរចារវាងថ្នាក់ដឹកនាំកំពូលគណបក្សទាំងពីរ ដើម្បីឲ្យប្រជាពលរដ្ឋបានដឹង ចៀសវាងការបំភ្លៃនិងបង្វែរការពិត។
គួរបញ្ជាក់ថា តាមរយៈសេចក្ដីប្រកាសព័ត៌មានមួយ កាលពីថ្ងៃសៅរ៍ទី១២តុលា ម្សិលមិញដែលចុះហត្ថលេខាដោយលោកខៀវ សុភ័គ នាយកខុទ្ទកាល័យរបស់លោក ស ខេង បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី៦តុលា មុននឹងចូលរួមកម្មវិធីដែលហៅថា «សមាជប្រជាជន» លោកសម រង្ស៊ី ប្រធានបក្សប្រឆាំង បានទូរស័ព្ទទាក់ទងជាមួយលោក ស ខេង និងបានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ ឈប់ទាមទារតំណែងប្រធានរដ្ឋសភា ប៉ុន្តែចង់ឲ្យមានការបែងចែកតំណែងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ទាំង១២នៅក្នុងរដ្ឋសភា ឲ្យស្មើគ្នា។
ផ្ទុយទៅវិញ លោកកឹម សុខា និងលោកយឹម សុវណ្ណ ជាអនុប្រធាន និងសមាជិកជាន់ខ្ពស់នៃបក្សប្រឆាំង បានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ នៅតែរក្សាជំហរទាមទារតំណែងប្រធានរដ្ឋសភាដដែល។
លោកខៀវ សុភ័គ បញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មាននោះទៀតថា ការលើកឡើងខុសៗគ្នានូវមតិរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ស្ដែងឲ្យឃើញនូវការខ្វែងគំនិតគ្នា និងមិនទទួលខុសត្រូវចំពោះឆន្ទៈប្រជាពលរដ្ឋម្ចាស់ឆ្នោត។ ហើយថា ការយកបញ្ហាជាតិមកធ្វើបែបនេះ តាមរយៈការបញ្ចេញជំហរខុសគ្នារបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានធ្វើឲ្យជះឥទ្ធិពលមិនល្អដល់ដំណើរការចរចារវាងគណបក្សទាំងពីរ។
យ៉ាងណាក៏ដោយ នាយកខុទ្ទកាល័យលោក ស ខេង ស្នើឲ្យថ្នាក់ដឹកនាំគណបក្សប្រឆាំង ពិភាក្សាឯកភាពផ្ទៃក្នុងជាមុនសិន មុននឹងចាប់ផ្តើមទាក់ទងផ្លាស់ប្ដូរយោបល់ជាមួយលោក ស ខេង សំដៅជម្រុញឲ្យដំណើរការចរចា នាពេលអនាគត មានភាពប្រាកដប្រជា និងសម្រេចបានលទ្ធផលផ្លែផ្កាល្អប្រសើរជូនប្រទេសជាតិ៕
No comments:
Post a Comment