Thursday, October 17, 2013

លោក​សម រង្ស៉ី​សរសើរ​ស.រ.អា.​និង​សហភាព​អឺរ៉ុប​ដែល​មិន​គាំទ្រ​រដ្ឋាភិបាល​ថ្មី​នៅ​កម្ពុជា


ដោយ សុខ ខេមរាVOA Khmer 17.10.2013

មេ​ដឹកនាំ​គណបក្ស​ជំទាស់​គឺ​លោក​សម រង្ស៉ី​កោត​សរសើរ​ជំហរ​ស.រ.អា.​និង​សហ​ភាព​អឺរ៉ុប​ដែល​មិន​គាំទ្រ​រដ្ឋាភិបាល​ថ្មី​នៅ​កម្ពុជា។​ លោក​ថ្លែង​ថា​ ជំហរ​នេះ​ជា​ការ​ លើក​ទឹកចិត្ត​ខ្លាំង​សម្រាប់​​អ្នក​តស៊ូ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា។​​

ថ្លែង​ទៅ​កាន់​ក្រុម​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ជា​ច្រើន​នាក់​ក្នុង​រដ្ឋ​វីជីនៀ​ កាល​ពី​យប់​ថ្ងៃ​អង្គារ ​មេដឹកនាំ​គណបក្ស​ជំទាស់​គឺ​លោក​សម រង្ស៉ី​បាន​អះអាង​ថា​ ស.រ.អា.​និង​សហ​ភាព​អឺរ៉ុប​បាន​ផ្តល់​កម្លាំង​ចិត្ត​យ៉ាង​ខ្លាំង​ដល់​ការ​តស៊ូ​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​លទ្ធផល​បោះឆ្នោត​យុត្តិធម៌​ ​ដោយ​មិនគាំទ្រ​រដ្ឋាភិបាល​របស់​​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​ដែល​លោក​អះអាង​ថា ​កើត​ចេញ​ពីការ​បន្លំ​សន្លឹក​ឆ្នោត​ពលរដ្ឋ។​

លោក​សម រង្ស៊ី​និយាយ​ថា៖​ «ដូច្នេះ​ជំហរ​នេះ​ធ្វើឲ្យ​ពួក​យើង​មាន​កម្លាំង​ចិត្ត​ដើម្បី​បន្ត​ការងារ​របស់​យើង​ ហើយ​ធ្វើ​ឲ្យ​យើង​មាន​ជំនឿ​ថា ​គ្មាន​នរណា​បិទបាំង​​ការណ៍​ពិត​​បាន​ទេ។​ គង់​តែ​ការណ៍​ពិត​​ត្រូវ​គេ​ដឹង​ឮ​ ហើយ​ទទួល​​ស្គាល់​ទាំងអស់​គ្នា ​ពេល​នោះ​គឺ​ប្រជារាស្ត្រ​ខ្មែរ​នឹង​ទទួល​បាន​យុត្តិធម៌​ហើយ​ ព្រោះ​ប្រជារាស្ត្រ​ខ្មែរ​បាន​បោះឆ្នោត​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ដើម្បី​សង្គ្រោះជាតិ​ ទោះ​ជា​គេ​បាន​ប្រកាស​លទ្ធផល​អ្វី​ដែល​ខុស​ស្រឡះ​ពី​ទឹកចិត្ត​របស់​រាស្ត្រ ​តែ​ប្រជារាស្ត្រ​គឺ​នៅ​តែ​ទាមទារ​ឲ្យ​មាន​ការ​លាត​ត្រដាង​ការណ៍​ពិត​​ដើម្បី​ឲ្យ​ពួក​គាត់​ទទួល​បាន​យុត្តិធម៌»។​


លោក​​សម រង្ស៉ី​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហភាព​អឺរ៉ុប​ និង​មក​​ស.រ.អា.​និង​ជួប​មន្ត្រី​អ.ស.ប.​​ដើម្បី​ស្នើ​សុំ​មិន​ឲ្យ​សហគមន៍​អន្តរជាតិ​ទទួល​ស្គាល់​រដ្ឋាភិបាល​ថ្មី​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ដែល​លោក​ចាត់​ទុក​ថា ​ខុស​ច្បាប់​ហើយ​ត្រូវ​ផ្អាក​កិច្ចសន្យា​ផ្តល់​ជំនួយ​សិន​ មុន​ពេល​បញ្ហា​ជាប់​គាំង​នយោបាយ​នេះ​ត្រូវ​បាន​ដោះស្រាយ។​ គណបក្ស​ជំទាស់​បាន​ពហិការ​មិន​ចូលរួម​ផ្តល់​សុពលភាព​ដើម្បី​ឲ្យ​សភា​ថ្មី​ និង​រដ្ឋាភិបាល​ថ្មី​មាន​ភាព​ស្រប​ច្បាប់​នៅ​ឡើយ​ទេ​ ក្រោយ​ពេល​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​មិន​ត្រូវ​គណបក្ស​ប្រជាជន​កម្ពុជា​អនុញ្ញាត​​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​តាមរយៈ​គណៈ​កម្មការ​ឯករាជ្យ​និង​ការ​បែងចែក​អំណាច​ក្នុង​ សភា​ឲ្យ​មាន​តុល្យភាព​ ដែល​អាច​ជួយ​ត្រួត​ពិនិត្យ​មិន​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​អ្វីៗ​ដោយ​សេរី​នោះ។​

លោក​និយាយថា៖​ «ក្នុង​រយៈ​ពេល​បណ្តោះ​អាសន្ន​ហ្នឹង​ យើង​មិន​ត្រូវ​បណ្តោយ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​អ្វី​បាន​តាម​ចិត្ត​ទេ។​ បើ​ធ្វើ​អ្វីបាន​តាម​ចិត្ត​ ស្រុក​យើង​កាន់​តែ​រលាយ​ឆាប់។​ អញ្ចឹង​ហើយ​បាន​បើ​យើង​ចែក​តួនាទី​គ្នា ​ចែក​ឲ្យ​មាន​តុល្យភាព។​ តុល្យភាព​គឺ​ដូច​ជញ្ជីង​អញ្ចឹង​ គឺ​អាច​ទប់ទល់គ្នា​បាន។​ បើ​គណបក្ស​ណា​មួយ​ទាញ​នយោបាយ​ប្រទេស​ជាតិ​ទៅ​បម្រើ​ផល​ប្រយោជន៍​របស់​គណបក្ស​ខ្លួន​ ធ្វើ​ផ្ទុយ​និង​បំផ្លាញ​ផល​ប្រយោជន៍​ជាតិ​ ត្រូវ​គណបក្ស​មួយ​ទៀត​ទប់។​​ យើង​ចង់​មាន​តួនាទី​ទប់​ មិន​ត្រូវឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​អី​បាន​តាម​ចិត្ត​ក្នុង​រយៈ​ពេល​បណ្តោះ​អាសន្ន​ហ្នឹង​ទេ»។​

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ដែល​គណបក្ស​លោក​កាន់កាប់​រដ្ឋាភិបាល​នោះ​ ធ្លាប់​បាន​អះអាង​ថា​ លោក​មិន​អាច​ផ្តល់​តំណែង​ប្រធាន​សភា​ឲ្យ​គណបក្ស​ជំទាស់​ ជា​គណបក្ស​ចាញ់​ឆ្នោត​បាន​ទេ​ ដោយសារ​បារម្ភ​ខ្លាច​ថា ​នឹង​ជាប់​គាំង​ដំណើរ​ រដ្ឋាភិបាល​លោក។​ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ជា​ច្រើន​ ដែល​គិត​គូរ​និង​ចង់​ឃើញ​ ប្រទេស​មាន​ការ​ផ្លាស់ប្តូរ​ជឿនលឿន​តាម​បែប​ប្រជាធិបតេយ្យ​ បាន​សួរ​សំណួរ​ផង ​និង​បរិហារ​រិះគន់​ការ​ដឹកនាំ​ប្រទេស​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ផង។​

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ម្នាក់​មក​ពី​រដ្ឋ​វីជីនៀ​គឺ​លោកស្រី​ម៉ារី ម៉ម ​បាន​អះអាង​ថា​ លោកស្រី​មក​ចូលរួម​ក្នុង​ការ​ពិភាក្សា​ជាមួយ​លោក​សម រង្ស៉ី​នេះ​គឺ​ចង់​ដឹង​​ ថា​តើ ​គណបក្ស​ជំទាស់​មាន​ជំហរ​ចុង​ក្រោយ​យ៉ាងណា​អំពី​រឿង​ប្រទេស។​

អ្នកស្រី​និយាយ​ថា៖​ «ខ្ញុំ​ចង់​ដឹង​ថា ​តើ​ស្ថានភាព​ស្រុក​ខ្មែរ​វា​ទៅ​មុខ​យ៉ាង​ម៉េច​ ​ទៅ​រួច​ឬ​ទៅ​មិន​រួច?​ ទាំងអស់​គ្នា​ ទាំង​ខ្ញុំ​ទាំង​អី​ហ្នឹង ​នៅ​មិន​សុខ​ ព្រោះ​ខ្វាយខ្វល់​ពី​រឿង​ស្រុក​គឺស្រុក​កំណើត​របស់​យើង។​ កន្លែង​ដែល​យើង​កើត ​គ្មាន​អី​សំខាន់​ជាង​ហ្នឹង​ទេ​គឺ​យើង​ចង់​ឲ្យ​ស្រុក​យើង​បាន​សុខ​សប្បាយ»។​

លោក​​​ថោង ប៊ុនរិទ្ធ​ មក​ពី​រដ្ឋ​វីជីនៀ​ដែរ​ បាន​អះអាង​ថា​ កម្ពុជា​មិន​អាច​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របៀប​ដូច្នេះ​ទេ។​

លោក​ថ្លែងថា៖​ «ខ្ញុំ​ចង់​ឃើញ​សហគមន៍​អន្តរជាតិ​ ជា​ពិសេស​ប្រទេស​អាមេរិកាំង​ហ្នឹង​គឺ​ថា​ នេះ​ជា​ពេល​ត្រឹមត្រូវ​មួយ​ហើយ ​ដែល​ត្រូវ​ឈរពេញ​ទំហឹង​ដើម្បី​ជួយ​ប្រទេស​ខ្មែរ ​ជួយ​ប្រជាជន​ខ្មែរ ​ព្រោះ​ជាច្រើន​រាប់សិប​ឆ្នាំ​មក​ហើយ​ដែល​ប្រទេស​អាមេរិក​បាន​ទាញ​ប្រទេស​កម្ពុជា​ឲ្យ​ចូល​ទៅ​ក្នុង​សង្គ្រាម​វៀតណាម»។​

ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក​សម​ រង្ស៉ី ​និង​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ លោក​ផៃ ស៊ីផាន​ ក្នុង​ពេល​សម្ភាស​តាម​ប្រព័ន្ធ​ Skype​ ជាមួយ​វីអូអេ​ បាន​ប្រតិកម្ម​ ថា​​ រដ្ឋាភិបាល​កម្ពុជា​ថ្មី​កើត​ចេញ​ពី​ឆន្ទៈ​ប្រជាជន​ ហើយ​ការ​សម្រេច​​ចិត្ត​គាំទ្រ​របស់​បរទេស​ ទាំង​នយោបាយ​ និង​សេដ្ឋកិច្ច​ គឺ​​ជា​សិទ្ធិ​របស់​បណ្តា​​ប្រទេស​ទាំង​នោះ ​តែ​រដ្ឋាភិបាល​មិន​មែន​កើត​ចេញ​ពី​រដ្ឋ​ប្រហារ​ទេ។​

លោក​ពន្យល់ថា៖​ «នេះ​មិនមែន​ជា​កំហុស​របស់​គណបក្ស​ប្រជាជន​ដែល​គេ​បាន​ទៅ​អង្គុយ​ហើយ​នោះ​ទេ ​ហើយក៏​មិនមែន​ជា​កំហុស​របស់​ព្រះ​មហាក្សត្រ​ដែរ​ហើយ​ក៏​មិន​មែន​ជា​កំហុស​របស់​រដ្ឋ​ធម្មនុញ្ញដែរ​ គឺ​ជា​កំហុស​របស់​អ្នក​ដែល​មិន​បាន​ចូល​ទៅ។​ រឿង​ហ្នឹង ​ហើយ​ដែល​គណបក្ស​ប្រជាជន​គេ​កំពុង​តែ​ត្រៀម​លក្ខណៈ​ក្នុង​ការ​អត់ធ្មត់​បំផុត»។​

លោក​ផៃ ស៊ីផាន​អះអាង​ដូច​គ្នា​នឹង​ការ​ប្រកាស​របស់​គណបក្ស​ប្រជាជន​ដែរ​ថា​​ គណបក្ស​នេះ​មាន​បំណង​កែប្រែ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​នៅ​ អាណតិ្ត​ខាង​មុខ។​

ទោះជា​យ៉ាងណា​ក៏ដោយ​ គណបក្ស​កាន់​អំណាច​ដែល​ត្រូវ​គណៈកម្មាធិការ​ជាតិ ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប.)​ ប្រកាស​ថា​ បាន​ឈ្នះ​៦៨​អាសនៈ​ក្នុង​ការ​បោះឆ្នោត​ ថ្ងៃ​ទី២៨​ ខែ​កក្កដា​នោះ​ បាន​បង្កើត​សភា​ និង​រដ្ឋាភិបាល​តែ​ម្នាក់ឯង​ ដោយ​មិន​ខ្វល់​នឹង​ការ​ទទួល​ស្គាល់​ ឬ​មិន​ទទួល​​ស្គាល់​ជា​អន្តរជាតិ​ទេ។​ មាន​ប្រទេស​ជា​ច្រើន​ដែរ ​ដែល​ទទួល​ស្គាល់​រដ្ឋាភិបាល​ថ្មី​ជា​បន្តបន្ទាប់​គឺ​លើក​លែង​តែ​ស.រ.អា.​និង​អឺរ៉ុប​ ដែល​ជា​អ្នក​ផ្តល់​ជំនួយ​ធំ​សម្រាប់​កម្ពុជា​ និង​ជា​អ្នក​ផ្តល់​ការ​អនុគ្រោះ​ផ្នែក​ការ​នាំចូល​សម្លៀក​បំពាក់​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​ក្នុង​១ឆ្នាំៗ​នោះ​ មិន​បាន​ទទួល​ស្គាល់​រដ្ឋាភិបាល​កម្ពុជា​ថ្មី​ទេ។​

លោក​​សម​ រង្ស៉ី​បាន​ស្តី​បន្ទោស​ដល់​ប្រទេស​បារាំង ​និង​អូស្រ្តាលី​ ដែល​បាន​ទទួល​ស្គាល់​ ឬ​អប​អរសាទរ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​ក្រោយ​ គេ​គឺ​ក្នុង​ពេល​យុទ្ធនាការ​របស់​លោក​សម រង្ស៉ី​នៅ​លើ​ឆាក​អន្តរជាតិ​មិន​ឲ្យ​មាន​ការ​ទទួល​ស្គាល់​កម្ពុជា។​

លោក​និយាយថា៖​ «ហើយ​អ្នក​ខ្លះ​យល់​ថា ​ទាល់តែ​ធ្វើការ​ជាមួយ​អ្នក​កាន់​អំណាច​ ទោះជា​អ្នក​កាន់​អំណាច​នោះ​ធ្វើខុស​ ធ្វើ​អាក្រក់​យ៉ាងណា​ តែ​គេ​កាន់​អំណាច​ ត្រូវការ​ជជែក​ជាមួយ ​គេត្រូវ​ការ​រក្សា​ទំនាក់​ទំនង​ជាមួយ​គេ។​ នេះ​ជា​ទស្សនៈ​មួយ​ តែ​ភាគ​ច្រើន​នៃ​ប្រទេស​នៃអង្គការ​ក្នុង​ពិភព​លោក​គឺគេ​នៅ​គោរព​គោល​ជំហរ​ប្រជា​ធិប​តេយ្យ។ ​បើ​រដ្ឋាភិបាល​មួយ​ប្លន់​អំណាច​ពី​ប្រជារាស្ត្រ​តាម​រយៈ​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត ​ពេល​នោះ​គឺគេ​ពិចារណា​ឡើង​វិញ​អំពី​ជំហរ​របស់​គេ​ក្នុង​ការ​ធ្វើ​ទំនាក់​ទំនង​ជា​មួយ​រដ្ឋាភិបាល​បែប​នេះ»។​

លោក​សម រង្ស៉ី​ត្រូវ​គេ​ដឹង​ថា​ បាន​ជួប​ជាមួយ​សមាជិក​សភា ​និង​មន្ត្រី​អាមេរិកាំង​ ជា​ច្រើន​រូប​ រួមទាំង​សមាជិក​សភា​ដែលធ្លាប់​ជំរុញ​​​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ចុះ​ចេញ​ពីមុខ​តំណែង ​និង​គាំទ្រ​ការកាត់​ជំនួយ​កម្ពុជា​ផង​ដែរ​ បើ​ដំណើរ​ការ​បោះឆ្នោត​នៅ​កម្ពុជា​មិន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ និង​យុត្តិធម៌។​ សមាជិក​សភា​ ទាំង​នោះ ​ដែល​ភាគ​ច្រើន​ខាង​គណបក្ស​សាធារណៈរដ្ឋ​​គឺ​មាន​លោក​ ​Ed Royce​ លោក​​ ​Dana Rohrabacher​ និង​លោក Steve Chabot ​ជាដើម​ ​បាន​ស្នើ​សុំ​ឲ្យ​ស្ថាប័ន​ផ្តល់​ជំនួយ​នានា​មិន​ឲ្យ​ធ្វើកិច្ចការ​

5 comments:

Anonymous said...

ឮបក្សសង្គ្រោះជាតិចង់កែគជប បក្សប្រជាជនក៏សុខចិត្តកែដែរ... តែកែនៅ
ក្រោយការបោះឆ្នោត ។ ការចង់កែគជបនេះមានន័យថា បក្សសង្គ្រោះជាតិ សុខចិត្តទទួលយកលទ្ធផលឆ្នោតកន្លងមក ។ បក្សសង្គ្រោះជាតិមិនមែនចង់
កែតែ១ហ្នឹងទេ គាត់ចង់កែដល់ទៅ១០ឯណោះ ។ ចំណែកខាងប្រជាពលរដ្ធ
ពួកអ្នកគាំទ្រវិញចង់បានតែ១ទេ គឺការបង្កេីតគណ៖កម្មាធិការឯករជ្យដេីម្បី
ពិនិត្យលទ្ធផលឆ្នោត តេីចំណុចមួយនេះបាត់ទៅណាហេីយ ? ។ ឮសូរថា
បារាំង អាមេរិកាំង និងប្រទេសផ្សេងៗទៀត គេចង់ឲបានការសំរុះសំរួលគ្នា
េដីម្បីជៀសវាងខូចប្រយោជន៍របស់គេ ! តេីបក្សសង្គ្រោះជាតិមានដឹងខ្លួន
ថាកំពុងធ្វេីអ្វីទេ ?

Anonymous said...

ពេលពួកមេបក្សសង្គ្រោះជាតិចូលទេចរចាសំុបែងចែកអំណាចជាមួយ
ហ៊ុនសែន ពំុមែនបរទេសគេមិនដឹងនោះទេ ។ នេះជាចំណុចខ្សោយ
របស់ពួកមេបក្សសង្គ្រោះជាតិ ដែលក្បត់ការចង់បានរបស់រាស្ត្រ និងពួក
អ្នកគាំទ្រ ។ ម្ល៉ោះហេីយពួកបរទេសទាំងនោះ ត្រូវជ្រេីសរេីសយកផ្លូវ
កណ្តាល១គឺ សំុឲសំរុះសំរួលគ្នា ! ។

Anonymous said...

តេីបានការអី ចង់កែគជបក្រោយពេលបោះឆ្នោត ?
ការចូលចរចាគ្នាមិនខុសទេ តែបេីមិនចំចំណុចតវា៉របស់បាតុករ
ត្រូវនាំគ្នាងេីបចេញពីតុចរចាភ្លាម ។ តែដល់ទៅបែកគំនិតចង់បែង
ចែកអំណាចជាមួយហ៊ុនសែន គឺអាហ្នឹងហេីយដែលខុសនោះ !!

Anonymous said...

បង្រ្គប់កិច្ច នៅតែ បង្រ្គប់កិច្ច!

គណបក្សសង្រ្គោះជាតិខ្មែរក្លែងក្លាយ
(សម រង្ស៊ី + កឹម សុខា )...និង
គណបក្សប្រជាជនកម្ពុជា គឺជា :

បក្សកុម្មុយនិស្តក្រុមហាណូយតែមួយជាបិសាចប្រែរូប
ជញ្ជក់ឈាមខ្មែរ បំផ្លិចបំផ្លាញពូជសាសន៍ខ្មែរ
ឱ្យរលាយ រលត់ដូចប្រទេសចំប៉ា!

ឈ្នៈ-ឈ្នៈ ជា(Password Secret)របស់
ពួកបង្រ្គប់កិច្ច និង CPP

បើខ្មែរមិននាំគ្នារើបំរះទេ ខ្មែររង់ចាំតែថ្ងៃងាប់ប៉ុណ្ណោះ….!។

Anonymous said...

Save angkor:
https://www.youtube.com/watch?v=Vsroj24kMC4