......................................
ដោយ៖ ពៅ មេត្តា | ថ្ងៃព្រហស្បតិ៍ ទី10 ខែតុលា ឆ្នាំ2013 | 2 ម៉ោង មុន VOD
ស្នាមមេដៃពលរដ្ឋដែលបានថ្វាយព្រះមហាក្សត្រកាលពីថ្ងៃទី២១ខែកញ្ញា (រូបថត សេង ម៉ូលីនី)
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អះអាងថា ស្នាមមេដៃដែលមន្ត្រីគណបក្សសង្គ្រោះជាតិ ដាក់ថ្វាយព្រះមហាក្សត្រ កាលពីថ្ងៃទី២១ខែកញ្ញា ដើម្បីសុំពន្យារពេលប្រជុំសភានោះថា មានការបន្លំ គឺម្នាក់ផ្តិត៤ទៅ៥ដង។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានប្រកាសប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីពិធីចែកប័ណ្ណសរសើរ ដល់មន្ត្រីប៉ូលិស នៅថ្ងៃទី០៩ខែតុលាថា ក្រុមការងាររបស់លោក បានយកស្នាមមេដៃដែលគណបក្សសង្គ្រោះជាតិដាក់ថ្វាយព្រះមហាក្សត្រ នៅពេលកន្លងទៅ ពិនិត្យ ហើយឃើញថាមានអ្នកខ្លះបន្លំផ្តិត៤ទៅ៥ដងក្នុងម្នាក់។ ករណីនេះលោកចោទគណបក្សសង្គ្រោះជាតិថា ភូតភរព្រះមហាក្សត្រ ៖ "គេថាផ្តិតឲ្យបានបីលានបីសែននាក់ វាងាយទេ ចង់បាន១០លានក៏បានដែររឿងផ្តិត ប៉ុន្តែសំខាន់មេដៃអ្នកណាទទួលខុសត្រូវ អញ្ចឹងរឿងមិនសាមញ្ញទេ ផ្តិតទៅថ្វាយព្រះមហាក្សត្រ របៀបគេហៅថារបៀបអញ្ចឹង របៀបវាគ្មានបញ្ជាក់អត្តសញ្ញាណច្បាស់លាស់ យើងអាចប្រើពាក្យថា បើចឹងដូចជាភូតភរព្រះមហាក្សត្រក៏ថាបាន ពាក្យហ្នឹងវារៀងធ្ងន់តិច ប៉ុន្តែវាអាចក្នុងន័យអញ្ចឹង"។
កាលពីថ្ងៃទី២១ខែកញ្ញា មន្ត្រី និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិបានយកស្នាមមេដៃជិត៣០ម៉ឺន ទៅថ្វាយព្រះមហាក្សត្រ សុំពន្យារពេលប្រជុំសភាដំបូង ដើម្បីទុកពេលស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋម្ចាស់ឆ្នោត។
ជាការឆ្លើយតបមន្ត្រីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ច្រានចោលការចោទប្រកាន់នេះ ហើយអះអាងថា ក្រុមការងាររបស់គណបក្សសង្គ្រោះជាតិ ធ្វើការដោយយកចិត្តទុកដាក់។ លោកបន្តថា បើមានការសង្ស័យលើស្នាមមេដៃនោះ អាចបង្កើតគណៈកម្មការត្រួតពិនិត្យរួមគ្នាបាន ៖ "ហើយបើសិនជាមានការភ័ន្តច្រឡំមួយពីរអី វាជាកំហុសឆ្គងបច្ចេកទេសតែប៉ុណ្ណឹង ប៉ុន្តែភាគច្រើនគឺសុទ្ធតែជាការពិត បើយើងចង់ដឹងយើងបង្កើតគណៈកម្មការឯករាជ្យពិនិត្យមើលទៅ បើសិនជាទោះបីជាក្នុងចំណោម ២៦ម៉ឺននាក់ជាងហ្នឹង មានភ័ន្តច្រឡំមួយពីរ ឬក៏បីបួន ក៏វានៅតែមានន័យនិងមានខ្លឹមសារដែរ"។
គណបក្សសង្គ្រោះជាតិ ចាប់ផ្តើមប្រមូលស្នាមមេដៃជាថ្មីទៀត ចាប់ពីថ្ងៃទី៦ខែតុលាមក ហើយតាមគម្រោងគណបក្សនេះនឹងប្រមូលឲ្យបានជាង៣លានស្នាមមេដៃ នៅត្រឹមថ្ងៃទី២៣ ខែតុលា ដើម្បីដាក់ជូនអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិផ្សេងទៀត ឲ្យដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយ លោកហ៊ុន សែន។
នៅក្នុងលិខិតរបស់លោក ឃួង ស្រេង អភិបាលរងសាលារាជធានីភ្នំពេញ ផ្ញើជូនប្រធានគណៈកម្មាធិការប្រតិបត្តិរាជធានីភ្នំពេញនៃគណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី៨ខែតុលាឆ្នាំ២០១៣ បានលើកឡើងថា សកម្មជនគណបក្សសង្គ្រោះជាតិ បានដើរប្រមូលស្នាមមេដៃអ្នកគាំទ្រនៅតាមទីផ្សារ ទីសាធារណៈ និងគេហដ្ឋានប្រជាពលរដ្ឋនៅទូទាំងរាជធានី បង្កឲ្យប៉ះពាល់ដល់ការរស់នៅ ការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ បាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងពុំបានសុំការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។ ក្នុងលិខិតក៏បានស្នើឲ្យការប្រមូលស្នាមមេដៃធ្វើស្នាក់ការ គណបក្សនៅថ្នាក់សង្កាត់ ខណ្ឌ រាជធានី ឬ នៅស្នាក់ការកណ្តាលគណបក្សវិញ តែរហូតដល់ ថ្ងៃព្រហស្បតិ៍នេះ ក្រុមការងារគណបក្សសង្គ្រោះជាតិនៅតែបន្តប្រមូលស្នាមមេដៃនៅតាម ផ្ទះប្រជាពលរដ្ឋដដែល។ លោក យឹម សុវណ្ណ ហៅលិខិតរបស់សាលារាជធានីភ្នំពេញថា មានលក្ខណៈនយោបាយនិង បំបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋ៕
សរសេរមកកាន់លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com
2 comments:
មនុស្រឥឡូវមិនស្ដាប់តែសម្ដីទេ គេស្ដាប់រួមទាំងភាសារបស់ការសម្ដែងផងដែរ (Body language) ក៏អាចផ្ដល់តម្រុយឲ្យយើងយល់ជាមុនខ្លះបាន! ដូច្នេះភាពពិតប្រាកដរបស់មនុស្សម្នាក់ ចេញពីការអនុវត្តន៍របស់មនុស្ស! ភាសាអង្គគ្លេស គេតែងនិយាយថា៖ "Action louder than word" បើយើងស្វែងយល់ពីមនុស្សម្នាក់ទៅតាមលក្ខណៈនេះវាយូរបន្តិច តែពេលវេលា វានឹងបញ្ហាញការពិតរបស់វាយ៉ាយជាក់ច្បាស់!
ខ្មែរឈប់ខ្លាចទៀតហើយ! ជំហានធ្វើជាម្ចាស់ខ្មែរឯង បានដើរកាន់តែត្រូវផ្លូវហើយ!
នៅមានទៀត បើបងប្អូនប្រកាន់យក គោលនយោបាយរបស់បក្សមួយណា ហើយបានបោះឆ្នោតអោយគេ សូមកុំភ្លេចតាមដានថ្នាក់ដឹកនាំគណៈបក្សនោះ ហើយជួយតម្រង់គណៈបក្សនោះឲ្យដើរត្រង់ផ្លូវផងដែរទើបបាន! បើគេមិនព្រមត្រូវតែហ៊ានបន្ដរបោះឆ្នោតទម្លាក់ចោលឲ្យបាន!
ពីថ្ងៃនេះទៅគឹពលរដ្ឋជាអ្នកសម្រេចជោគវាសនាដោយខ្លួនឯង មិនត្រូវបណ្ដោយឲ្យនណា៎ម្នាក់ជិះសេះលែងដៃរទេ!
Post a Comment