Monday, October 28, 2013

រដ្ឋបាល​ជលផល​ខេត្ត​ព្រៃវែង​រង​ការ​ចោទ​ថា​ឃុបឃិត​ជាមួយ​អ្នក​នេសាទ​ខុស​ច្បាប់


សកម្មភាព​នេសាទ​ត្រី​របស់​ជនជាតិ​វៀតណាម នៅ​ខាង​លិច​
វត្ត​ពោធិ៍ថ្មី ភូមិ​ពោធិ៍ថ្មី ឃុំ​កោះសំពៅ ស្រុក​ពាមជរ
 ខេត្ត​ព្រៃវែង កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៣។
RFA/Hum Chamroeun
ការ​ដាក់​ស្បៃ​មុង​នេសាទ​ចាប់​ត្រី​យ៉ាង​អនាធិបតេយ្យ​នៅ​ស្រុក​ពាមជរ ខេត្ត​ព្រៃវែង បាន​កក្រើក​ឡើង​ទៀត​ហើយ នៅ​ថ្ងៃ​ទី​២៦ តុលា។ ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ អះអាង​ថា ក្រុម​អ្នក​នេសាទ​អាច​ធ្វើ​សកម្មភាព​បាន ដោយសារ​គេ​ទិញ​អាជ្ញាប័ណ្ណ​ពី​អាជ្ញាធរ​ជលផល តម្លៃ​ប្រមាណ ៤​ពាន់​ដុល្លារ ដើម្បី​ទទួល​បាន​សិទ្ធិ​នេសាទ​ស្រប​ច្បាប់។

ដោយ ហ៊ុំ ចំរើន 2013-10-26

ក្រុម​អ្នក​នេសាទ​ប្រើ​ទូក កាណូត រួម​ទាំង​ឧបករណ៍​ចាប់​ត្រី​ប្រភេទ​ស្បៃ​មុង​ជាច្រើន​ផង​នោះ បាន​យក​ទៅ​ដាក់​ចាប់​ត្រី​នៅ​តាម​ដង​អូរ​មួយ​ចំនួន ស្ថិត​ក្នុង​ភូមិ​អូរតាំងលូ ឃុំ​កោះសំពៅ ស្រុក​ពាមជរ។

ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ លោក អុក ដារា រស់​នៅ​ភូមិ​អូរតាំងលូ ឃុំ​កោះសំពៅ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៦ តុលា ថា ប្រជាពលរដ្ឋ​បាន​ទៅ​ហាម​ឃាត់​សកម្មភាព​នេសាទ​នេះ​ច្រើន​លើក​ច្រើនសា​រួច​មក​ហើយ ប៉ុន្តែ​ក្រុម​ឈ្មួញ​នេសាទ​នៅ​តែ​ធ្វើ​សកម្មភាព​មិន​ស្ដាប់​ការ​រារាំង​របស់​អ្នក​ភូមិ​ឡើយ៖ «គេ​និយាយ​ថា គេ​មាន​ច្បាប់​ពី​ឯកឧត្ដម ចាន់ សារុន។ ហើយ​សួរ​ថា​ឡូ​នេសាទ​សហគមន៍​មាន​នណា​ស៊ីញេ​បង? ខ្ញុំ​គិត​ទៅ​ឈឺ​ចាប់​ណាស់។ បើ​និយាយ​ពី​ទ្រង់ទ្រាយ​វិញ​ច្រើន​ណាស់​បង ច្រើន​ពេក ហើយ​ដាក់​ដៃ​មាន​កាណូត​ដេក​ចាំ គេ​ដាក់​ភ្លើង​អី​ប្រជាពលរដ្ឋ​ចុះ​ឡើង។ និយាយ​ទៅ​ថា​គេ​ធ្វើ​ឡូ​ហ្នឹង​ណាស់ គេ​ថា​សុំ​ច្បាប់​ហើយ​អ៊ីចឹង​ណាស់»។

លោក​ថា ប្រជាពលរដ្ឋ​បាន​ទៅ​ប្ដឹង​អាជ្ញាធរ​មាន​សមត្ថកិច្ច ឲ្យ​ជួយ​រារាំង​ទប់ស្កាត់​ការ​នេសាទ​ចាប់​ត្រី​ខុស​ច្បាប់​នេះ​ដែរ ប៉ុន្តែ​អាជ្ញាធរ​មិន​អើពើ​ចំពោះ​សកម្មភាព​នេសាទ​នេះ​ឡើយ។


ឆ្លើយ​តប​នឹង​បញ្ហា​នេះ នាយ​សង្កាត់​រដ្ឋបាល​ជលផល ស្រុក​ពាមជរ លោក ផាត់ សេន ឲ្យ​ដឹង​ថា តំបន់​នេសាទ​នោះ​ជា​តំបន់​នេសាទ​របស់​សហគមន៍ ដែល​បាន​ស្នើ​សុំ​ច្បាប់​នេសាទ​មែន។ ប៉ុន្តែ រឿង​ការ​បង់​ប្រាក់ ដើម្បី​បាន​សិទ្ធិ​ធ្វើ​នេសាទ​នោះ លោក​ថា​លោក​ពុំ​បាន​ដឹង​ពី​បញ្ហា​នេះ​ឡើយ៖ «ដៃ​ហ្នឹង​ដូច​ជា​មាន​នៅ​ក្នុង​គម្រោង​គេ គម្រោង​បោះ​ការ​អភិវឌ្ឍ​សហគមន៍​តេជោ​ហ្នឹង តេជោ​មេគរ តេជោ​ពោ​ថ្មី​ហ្នឹង។ ប៉ុន្តែ ច្បាប់​ទម្លាប់​ដូច​ជា​មាន​ស៊ីញេ​ត្រឹម​ឯកឧត្ដម​រដ្ឋមន្ត្រី​ហើយ ប៉ុន្តែ​មិន​ទាន់​បញ្ជូន​ដល់​សម្ដេច។ ប៉ុន្តែ​ការ​ចុះ​ធ្វើ​ហ្នឹង ដូច​ជា​ការ​ធ្វើ​បន្តិច​បន្តួច ប៉ុន្តែ​មិន​ទាន់​មាន​លក្ខណៈ​អី​ជា​ដុំ​កំភួន​ទេ​បាទ»។

លោក​ថា កន្លង​មក​អាជ្ញាធរ​តែង​ធ្វើ​ការ​ទប់ស្កាត់​ហាមឃាត់​មិន​ឲ្យ​កើត​មាន​សកម្មភាព​នេសាទ​ខុស​ច្បាប់​នោះ​ឡើយ។

យ៉ាង​ណា​ក៏ដោយ ប្រជាពលរដ្ឋ​អះអាង​ថា ក្រុម​អ្នក​នេសាទ​គេ​អាច​ធ្វើ​ការ​នេសាទ​ចាប់​ត្រី​បាន ដោយសារ​គេ​បាន​បង់​ប្រាក់​ប្រមាណ ៤​ពាន់​ដុល្លារ ទៅ​ឲ្យ​សមត្ថកិច្ច​ជលផល​ខេត្ត​ព្រៃវែង។ ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​ធ្វើ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​នោះ ពួក​គេ​ពុំ​អាច​ទៅ​នេសាទ​ចាប់​ត្រី​នៅ​តំបន់​នោះ​បាន​ឡើយ។

អ្នក​ភូមិ​ទទូច​សុំ​ឲ្យ​លោក​រដ្ឋមន្ត្រី​ដែល​ទើប​ចូល​កាន់​តំណែង​ថ្មី ធ្វើ​យ៉ាង​ណា​ជួយ​ទប់ស្កាត់​សកម្មភាព​នេសាទ​នេះ​ឲ្យ​បាន ដើម្បី​ជៀសវាង​កុំ​ឲ្យ​បញ្ហា​នេះ​បន្ត​រីក​រាល​ដាល​ទៅ​ថ្ងៃ​ខាង​មុខ​ទៀត៕

No comments: