ស្ត្រីចំណាស់ជាអ្នកលក់ដូរតាមចិញ្ចើមផ្លូវម្នាក់ ដែលអាចរកប្រាក់ចំណូលបានមួយថ្ងៃដើម្បីទ្រទ្រង់ជីវភាពត្រឹមមួយថ្ងៃ បែរជាសម្រេចចិត្តចូលរួមបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ។
លោកស្រី ណុប សូវី (កណ្ដាល) ជាអ្នកលក់ដូរតាមចិញ្ចើមផ្លូវ មុខរោងចក្រកាត់ដេរ ចូលរួមមហាបាតុកម្មអហិង្សា កាល ពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៣។ RFA/So Chivy |
ជាស្ត្រីមេម៉ាយ ដែលមានកូនពិការ និងចៅកំព្រាក្នុងបន្ទុក ស្ត្រីចំណាស់រូបនោះសុខចិត្តបោះបង់ការលក់ដូរប្រចាំថ្ងៃរបស់ខ្លួនមួយថ្ងៃ និងស៊ូទ្រាំការលំបាកមួយចំនួន នៅពេលទៅចូលរួមក្នុងមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ដែលគាត់ផ្ញើក្ដីសង្ឃឹមថា អាចជួយអោយគាត់បានរួចផុតពីទុក្ខលំបាកដូចសព្វថ្ងៃ។
នៅព្រឹកព្រលឹមថ្ងៃទី២៣ ខែតុលា ដែលជាថ្ងៃដំបូងនៃមហាបាតុកម្មជាលើកទី៣ របស់គណបក្សសង្គ្រោះជាតិ លោកស្រី ណុប សូវី បានពិភាក្សាជាមួយអ្នកជិតខាងពីបំណងដែលគាត់ចង់ចូលរួមគាំទ្រសកម្មភាពនេះ។
«សំឡេង»
ក្នុងវ័យជាង ៦០ឆ្នាំ ណុប សូវី ជាអ្នកលក់ផ្លែឈើ និងនំចំណីនៅខាងមុខរោងចក្រមួយ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ គាត់ជាអ្នករ៉ាប់រងចិញ្ចឹមគ្រួសារដែលមានសមាជិក ៥នាក់ ក្នុងនោះមានរូបគាត់ កូន ២នាក់ និងចៅពីរនាក់។ កូនប្រុសរបស់ លោកស្រី សូវី ដែលបច្ចុប្បន្នមានវ័យ ៣០ឆ្នាំ កំពុងមានជំងឺឈាមកកក្នុងខួរក្បាល គឺស្ថិតក្នុងពិការភាព ដែលពុំអាចបំពេញការងារបាន និងទាមទារការថែទាំការព្យាបាលជាប្រចាំ។
«សំឡេង»
ជីវភាពតោកយ៉ាកដែលពិបាកអោយស្ត្រីចំណាស់រូបនេះមានសង្ឃឹមថាមានអនាគតល្អ រួមនឹងការលំបាកក្នុងការប្រកបរបរប្រចាំថ្ងៃ បានជំរុញអោយគាត់ចូលរួមការតវ៉ា ដើម្បីអោយមានការផ្លាស់ប្ដូរ។
«សំឡេង»
លោកស្រី ណុប សូវី បានរៀបរាប់ថា ជារៀងរាល់ថ្ងៃគាត់អាចរកចំណូលបានពី ៥ ទៅ ៨ម៉ឺនរៀល ប៉ុន្តែក៏ត្រូវសងទៅអ្នកចងការប្រាក់ ៣ម៉ឺនរៀលដែរ។ ប្រាក់ដែលលោកស្រីបានខ្ចីពីអ្នកចងការប្រាក់ គឺដើម្បីដោះទាល់នៅពេលកូនចៅមានជំងឺ ឬនៅពេលមានបញ្ហាលក់មិនដាច់។
«សំឡេង»
នៅក្នុងផ្ទះជួលតូចមួយ កូនប្រុស និងចៅស្រីរបស់ លោកស្រី សូវី កំពុងហូបបាយពេលព្រឹកនៅមុនពេលដែលគាត់ចាកចេញទៅចូលរួមបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ។
ម៉ោងជាង ៨ លោកស្រី សូវី និងអ្នកជិតខាង បានទៅដល់ទីលានប្រជាធិបតេយ្យ។ លោកស្រីចូលទៅអង្គុយជួរមុខ ដែលអាចមើលឃើញវេទិការបស់គណបក្សសង្គ្រោះជាតិ យ៉ាងច្បាស់។ ដោយមិនសូវមានកម្លាំង គាត់បានត្រឹមគ្រវីដៃយូរៗម្ដង នៅពេលក្រុមបាតុករស្រែកហ៊ោកញ្ជ្រៀវ។
«សំឡេងហ៊ោកញ្ជ្រៀវ»
ពិតមែនថាបានស្ថិតក្នុងចំណោមបាតុករ លោកស្រី សូវី មិនភ្លេចទេថា គាត់មានបន្ទុកកូនចៅនៅផ្ទះ។ លោកស្រីនៅតែទន្ទេញជាប់មាត់ថា មិនបានទៅលក់ដូរ គឺពុំមានប្រាក់ដើម្បីទិញម្ហូបអាហារឡើយ៖ «រាល់ថ្ងៃហ្នឹងនៅលើយើងជាអ្នកចាត់ចែងម្ហូប កាលណាយើងមកអ៊ីចឹង យើងអត់ចាត់ចែងគ្នាបានអីហូប មានតែអង្ករហ្នឹង។ អ៊ីចឹងបានតេ (ទូរស័ព្ទ) ទៅប្រាប់អោយទៅជឿម្ហូបគេសិន។ ម្ហូបស្រាប់ សម្លស្រាប់ នៅខាងមុខរោងចក្រ»។
បើទោះជាបានចូលរួមគាំទ្រគណបក្សសង្គ្រោះជាតិ លោកស្រី ណុប សូវី បញ្ជាក់ថា ពុំចង់បានអ្វីក្រៅតែពីការគិតគូរដល់ពួកគាត់ជាអ្នកក្រីក្រ។
«សំឡេង»
ស្ត្រីចំណាស់រូបនេះរំលឹកដែរថា ទុក្ខលំបាករបស់គ្រួសារលោកស្រី ក៏ធ្លាប់មានអ្នកដឹងឮដែរ ហើយក៏ធ្លាប់មានអ្នកជួយយកអាសាដោះស្រាយការទារប្រាក់នៅកន្លែងលោកស្រីលក់ដូរដែរ ប៉ុន្តែលោកស្រីចង់អោយមានជាគោលការណ៍គិតគូរដល់អ្នកក្រីក្រដ៏ពិតប្រាកដមួយ។
«សំឡេង»
លោកស្រីសង្ឃឹមថា ថ្ងៃណាមួយនឹងអាចរកប្រាក់ចំណូលបានច្រើនជាងសព្វថ្ងៃនេះបន្តិច ដែលទំនងថាអាចអោយជីវភាពគ្រួសារបានគ្រាន់បើជាងមុន។
«សំឡេង»
លោកស្រី ណុប សូវី បានចាកចេញពីទីលានប្រជាធិបតេយ្យនៅពេលរសៀល ដើម្បីត្រឡប់ទៅទាន់ពេលកម្មករចេញពីរោងចក្រ ដែលអាចអោយលោកស្រីឆ្លៀតឱកាសបានបន្តការលក់ដូរមួយពេលទៀត៕
1 comment:
អាយួនសម រង្សី, អាយួនគឹម សុខា
កំពុងតែ ដាក់ទណ្ឌកម្មខ្មែរ អ្នកស្នេហាជាតិ
ឧ្យខាតបង់ពេលវេលា លក់មាន់-លក់ទា
ទៅដេកហាលវាល-ហាលខ្យល់
ដើម្បីជួយខ្លួនវា ទៅរកអំណាចផ្ទាល់ខ្លួន!!!
Post a Comment