Friday, October 18, 2013

សកម្មជន​បក្ស​ប្រឆាំង​ចោទ​អាជ្ញាធរ​ខេត្ត​បាត់ដំបង​ថា​រារាំង​ការ​ប្រមូល​ស្នាម​មេដៃ


អាជ្ញាធរ​មូលដ្ឋាន​ឃុំ​មួយ​ចំនួន​ក្នុង​ខេត្ត​បាត់ដំបង ហាម​ឃាត់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​ធ្វើ​សកម្មភាព​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន។ ពួក​គេ​បាន​តម្រូវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ បង្កើត​ទីស្នាក់ការ​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ផ្ដិត​មេដៃ​គាំទ្រ​ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

ប្រជាពលរដ្ឋ​ចូល​រួម​ក្នុង​សមាជ​បក្ស​សង្គ្រោះ​ជាតិ ផ្ដិត​មេដៃ​គាំទ្រ​ញត្តិ​ទាមទារ​តវ៉ា​របស់​បក្ស​សង្គ្រោះ​ជាតិ នា​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៦ ខែ​តុលា ឆ្នាំ​២០១៣។ Photo: RFA

ដោយ សួន សុផលមុន្នី 2013-10-18

ការ​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​គាំទ្រ​ញត្តិ​ដាក់​ទៅ​អង្គការ​សហប្រជាជាតិ អោយ​ជួយ​រក​យុត្តិធម៌​ទាក់ទិន​ទៅ​នឹង​ភាព​មិន​ប្រក្រតី​នៃ​លទ្ធផល​បោះ​ឆ្នោត កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៣ ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​នៅ​តាម​ខេត្ត​ក្រុង​ជា​ច្រើន ហាម​ឃាត់ ហើយ​ការ​រារាំង​នេះ​កំពុង​កើត​មាន​បន្ត​នៅ​ក្នុង​ខេត្ត​បាត់ដំបង។

កាល​ពី​ថ្ងៃ​ទី​១៦ និង​ថ្ងៃ​ទី​១៧ ខែ​តុលា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចុះ​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​មុខរាហុ៍ ស្រុក​រុក្ខគិរី និង​ឃុំ​សាស្ត្រា ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង ប៉ុន្តែ​ការ​ស្វែង​រក​ស្នាម​មេដៃ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​នោះ ត្រូវ​អាជ្ញាធរ​មូលដ្ឋាន​ហាម​ឃាត់។



សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​រុក្ខគិរី មក​ពី​គណបក្ស​ប្រឆាំង លោក សែន ពីរោះ ថ្លែង​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​១៣ ខែ​តុលា គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​បាត់ដំបង បាន​ចុះ​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ ដើម្បី​គាំទ្រ​ញត្តិ​ដាក់​ទៅ​អង្គការ​សហប្រជាជាតិ។ មក​ដល់​ថ្ងៃ​ទី​១៦ ខែ​តុលា សមត្ថកិច្ច​ប៉ូលិស និង​អាជ្ញាធរ​មូលដ្ឋាន​ឃុំ បាន​ហាម​ឃាត់៖ «ពី​ព្រឹកមិញ ត្រូវ​បាន​មេ​ភូមិ និង​ប៉ូលិស​ពីរ​នាក់ ដែល​មក​រារាំង​សកម្មជន​របស់​ខ្ញុំ។ ក្រោយ​មក​ទៀត លោក​មេ​ឃុំ​មុខរាហុ៍ ហ្នឹង គាត់​ទូរស័ព្ទ​ទៅ​លោក​ជំទប់​ថា អោយ​ពួក​ខ្ញុំ​ហ្នឹង​បញ្ឈប់​សកម្មភាព​ដើរ​ផ្ដិត​មេដៃ​ហ្នឹង។ បើ​មិន​បញ្ឈប់​ទេ គេ​នឹង​ធ្វើ​ការ​រារាំង ទង្វើ​នេះ​វា​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​នេះ​ជា​ទង្វើ​បិទ​សិទ្ធិ​សេរី​របស់​ពួក​ខ្ញុំ»។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​សំពៅលូន លោក សាវ៉ាត់ លៀម បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចុះ​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​សាស្ត្រា ប៉ុន្តែ​សកម្មភាព​នោះ​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​គំរាម​កំហែង ហាម​ឃាត់​មិន​ឲ្យ​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ។ ពួក​គេ​បាន​តម្រូវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​នៅ​ទីស្នាក់ការ​គណបក្ស៖ «លោក ឌឺ អែល ជា​មេ​ឃុំ​សាស្ត្រា ហ្នឹង គាត់​បាន​រាយការណ៍​មក​ប្រាប់​ពួក​ខ្ញុំ​ថា អត់​មាន​សិទ្ធិ​ដើរ​ផ្ដិត​មេដៃ​តាម​ផ្ទះ​ទេ តែ​បើ​ចង់​ធ្វើ យើង​ធ្វើ​នៅ​តាម​ការិយាល័យ​របស់​យើង​ទៅ ប៉ុន្តែ​គាត់​យល់​ថា ប្រជាជន​ឥឡូវ ទី​១ គាត់​រវល់ ទី​២ គាត់​អត់​មក​កើត»។

ការ​ស្វែង​រក​ស្នាម​មេដៃ​គាំទ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​រយៈពេល​ជា​បន្តបន្ទាប់​មក​នេះ គេ​សង្កេត​ឃើញ​ថា បាន​ជួប​ឧបសគ្គ​នៅ​តាម​ខេត្ត​ក្រុង​ជា​ច្រើន។ អាជ្ញាធរ​មូលដ្ឋាន ពួក​គេ​បាន​ហាម​ឃាត់ គំរាម​កំហែង និង​ចាប់​ដក​ហូត​យក​ឯកសារ​ស្នាម​មេដៃ​ទៅ​រក្សា​ទុក​ជា​ដើម។

យ៉ាង​ណា​ក៏ដោយ វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​ក្រុម​អាជ្ញាធរ​មូលដ្ឋាន​ទាំង​នោះ ដើម្បី​បញ្ជាក់​ជុំវិញ​បញ្ហា​នេះ​បាន​ទេ។

អ្នក​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​បាត់ដំបង លោក យិន ម៉េងលី គូស​បញ្ជាក់​ថា សកម្មភាព​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ ពុំ​មាន​អ្វី​ខុស​ច្បាប់ និង​ពុំ​មាន​អ្វី​បង្ក​ការ​ប៉ះពាល់​ដល់​សណ្ដាប់​ធ្នាប់​សាធារណៈ​នោះ​ដែរ។ ការ​អះអាង​របស់​អាជ្ញាធរ​មូលដ្ឋាន ដែល​ថា សកម្មភាព​ចុះ​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ បង្កើត​ឲ្យ​មាន​អំពើ​អស្ថិរភាព ឬ​អសន្តិសុខ​សង្គម​នោះ ពុំ​មែន​ជា​ការ​ពិត​នោះ​ឡើយ៖ «បើ​យើង​ធ្វើ​អ៊ីចឹង វា​ប៉ះពាល់​ខ្លាំង​ណាស់​ទៅ​ដល់​សេរីភាព​ប្រជាពលរដ្ឋ​ចង់​ចូល​រួម ចង់​ផ្ដិត​ស្រេច​តែ​គាត់ កុំ​ឲ្យ​ខាង​គណបក្ស​នយោបាយ​ទៅ​បង្ខិត​បង្ខំ​ប្រជាពលរដ្ឋ​ឲ្យ​ផ្ដិត។ ហើយ​ទី​២ ឲ្យ​គណបក្ស​នយោបាយ​រៀប​ចំ​កន្លែង​ផ្ដិត​នៅ​កន្លែង​ទីស្នាក់ការ​នោះ ស្មើ​នឹង​ហាម​ឃាត់ ព្រោះ​បង្ក​ការ​លំបាក​ដល់​ប្រជាពលរដ្ឋ​ចំណាយ​ថវិកា​ជិះ​ឡាន ជិះ​ម៉ូតូ​ទៅ​កាន់​ទីស្នាក់ការ។ អ៊ីចឹង វា​អត់​ខុស​អី​ទេ អ្វី​ដែល​ខុស គឺ​អ្នក​ទៅ​ហាម»។

យោង​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រជាពលរដ្ឋ​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​សកម្មភាព​ប្រមូល​ស្នាម​មេដៃ ដើម្បី​គាំទ្រ​ញត្តិ​ប្រឆាំង​ទៅ​អ្វី​មួយ​ដែល​ពួក​គាត់​យល់​ថា ជា​រឿង​អយុត្តិធម៌។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា ទោះ​ជា​មាន​ការ​រារាំង និង​គំរាម​កំហែង​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​ដូច្នេះ​ក៏ដោយ ពួក​គេ​នៅ​តែ​បន្ត​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​គាំទ្រ​ញត្តិ ដាក់​ជូន​ទៅ​អង្គការ​សហប្រជាជាតិ ដើម្បី​ទាមទារ​រក​យុត្តិធម៌​ទាក់ទិន​ទៅ​នឹង​លទ្ធផល​បោះ​ឆ្នោត កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៣៕

No comments: