Friday, October 18, 2013

អ្នក​បើក​យន្តហោះ​ខ្មែរ​ម្នាក់​ស្លាប់​ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​នៅ​ឡាវ


RFA Lao
ដោយ សុ ជីវី 2013-10-17 

អ្នក​បើក​យន្តហោះ​ជនជាតិ​ខ្មែរ​ម្នាក់ ត្រូវ​រាយការណ៍​ថា បាន​ស្លាប់​នៅ​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​មួយ​គ្រឿង​នៅ​ប៉ាក់សេ (Pakse) ប្រទេស​ឡាវ។

មន្ត្រី​ខុទ្ទកាល័យ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​កម្ពុជា លោក ឡុង ឆេង មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែ​តុលា ថា លោក​បាន​ទទួល​ព័ត៌មាន​ក្រៅ​ផ្លូវ​ការ​ថា អាកាសយានិក​កម្ពុជា នោះ​មាន​ឈ្មោះ​ថា លោក យឿង សម។ លោក​បន្ត​ថា ក្រុម​មន្ត្រី​ជំនាញ​នឹង​ស្រាវជ្រាវ​ករណី​នេះ​បន្ថែម​ទៀត ដើម្បី​ស្វែង​រក​ព័ត៌មាន​ពិត​ប្រាកដ។

ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ បាន​បង្ហោះ​ព័ត៌មាន​តាម​គេហទំព័រ​ថា យន្តហោះ​ប្រភេទ អេ.ធី.អ ៧២-៦០០ (ATR 72-600) បាន​ធ្លាក់​នៅ​ពេល​រៀប​ចុះ​ចត​នៅ​ព្រលាន​យន្តហោះ​ក្នុង​ភាគ​ខាង​ត្បូង​ប្រទេស​ឡាវ នៅ​ពេល​មាន​មាន​ភ្លៀង​ធ្លាក់​ខ្លាំង។ ប្រភព​ដដែល​បញ្ជាក់​ថា យន្តហោះ​នោះ​បាន​ផ្ទុក​មនុស្ស​ចំនួន ៤៩​នាក់។ ក្នុង​ឧបទ្ទវហេតុ​នោះ គឺ​ពុំ​មាន​មនុស្ស​ណា​ម្នាក់​បាន​គេច​ផុត​ពី​ស្លាប់​ឡើយ៕

1 comment:

Anonymous said...

I wonder if Hun Sen is on board?