Thursday, October 17, 2013

អ្នក​ស្រាវជ្រាវ៖ ជំនួយ​របស់​ចិន​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា


ក្រុម​អ្នក​ស្រាវជ្រាវ​អំពី​ប្រសិទ្ធភាព​នៃ​ជំនួយ​បរទេស​សម្រាប់​កម្ពុជា បាន​អះអាង​ថា ជំនួយ​របស់​ចិន រាប់​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​បំផ្លាញ​ដំណើរ​ការ​
អភិវឌ្ឍ​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រទេស។

Caption: ២៦-ឧសភា-២០១១៖ មន្ត្រី​យោធា​ខ្មែរ និង​ចិន ពិនិត្យ​មើល​សម្លៀក​បំពាក់​យោធា​ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន នៅ​រាជធានី​ភ្នំពេញ។ Photo: RFA

ដោយ តាំង សារ៉ាដា RFA 2013-10-17 

តាម​រយៈ​សៀវភៅ​មួយ​ដែល​មាន​ចំណង​ជើង​ថា "ការ​ពឹង​ផ្អែក​លើ​ជំនួយ​បរទេស បាន​ធ្វើ​ឲ្យ​អន្តរាយ​ដល់​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា" អ្នក​និពន្ធ លោក​បណ្ឌិត អៀ សុផល បាន​ស្រាវជ្រាវ​រក​ឃើញ​ថា ជំនួយ​របស់​ប្រទេស​ចិន រាប់​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក សម្រាប់​កម្ពុជា ភាគ​ច្រើន​មិន​បាន​ធ្លាក់​ដល់​ដៃ​ពលរដ្ឋ​ក្រីក្រ​នោះ​ទេ។

លោក អៀ សុផល ថ្លែង​ថា ជំនួយ​របស់​ប្រទេស​ចិន ជា​ជំនួយ​ដែល​គ្មាន​លក្ខខណ្ឌ មិន​បាន​តម្រូវ​ឲ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិ​មនុស្ស គោរព​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ កែលំអ​ប្រព័ន្ធ​តុលាការ និង​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​ផ្សេងៗ​ទេ។ ហេតុ​ដូច្នេះ​ហើយ រដ្ឋាភិបាល​កម្ពុជា ហាក់​កំពុង​ជិះ​សេះ​លែង​ដៃ​មិន​ខ្វល់​អំពី​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​ដោយ​ក្រុមហ៊ុន​ចិន មិន​ខ្វល់​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស មិន​ខ្វល់​អំពី​សម្ពាធ​អន្តរជាតិ​ណា​ទាំងអស់។



លោក អៀ សុផល៖ «និយាយ​ទៅ ដូច​អ្នក​ឃើញ​ស្រាប់​ហើយ​ថា នៅ​ពេល​ដែល​កម្ពុជា ទទួល​បាន​លុយ​ជំនួយ​ពី​ប្រទេស​ចិន ១​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដែល​គ្មាន​ការ​ទាមទារ​អោយ​គោរព​លទ្ធិប្រជាធិបតេយ្យ គោរព​សិទ្ធិ​មនុស្ស និង​គ្មាន​ការ​ទាមទារ​អោយ​លើក​កម្ពស់​អភិបាល​កិច្ច​ល្អ​ទេ​នោះ វា​នឹង​មិន​បាន​ជួយ​ដល់​ដំណើរ​ការ​រីក​ចម្រើន​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ នៅ​ក្នុង​ប្រទេស​កម្ពុជា ឡើយ។ ដូច្នេះ ប្រាកដ​ណាស់ ជំនួយ​របស់​ប្រទេស​ចិន នឹង​ប៉ះពាល់​ដល់​ការ​វិវឌ្ឍន៍​នៃ​លទ្ធិប្រជាធិបតេយ្យ បើ​ទោះ​ជា​អាច​ថា​វា​មិន​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​ក្តី»។

ការ​ថ្លែង​របស់ លោក អៀ សុផល ធ្វើ​ឡើង​នៅ​ក្នុង​បទ​បង្ហាញ​សៀវភៅ​របស់​លោក ក្នុង​មជ្ឈមណ្ឌល East West ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន (Washington) កាល​ពី​ថ្ងៃ​ទី​៩ ខែ​តុលា។

របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ផែន​ការ បង្ហាញ​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​២០១១ កម្ពុជា បាន​ទទួល​ជំនួយ​បរទេស​រហូត​ដល់​ទៅ​ជិត ១២​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ក្នុង​ចំណោម​ជំនួយ​ទាំង​នោះ​មាន ២២% ពី​សហគមន៍​អឺរ៉ុប ជប៉ុន មាន​ប្រមាណ​ជាង ១៥% បន្ទាប់​មក សហរដ្ឋ​អាមេរិក មាន​ជាង ៦% ហើយ​បន្ទាប់​មក​ទៀត ចិន មាន​ជាង ៥%។ ប៉ុន្តែ ជំនួយ​របស់​សហគមន៍​អឺរ៉ុប ជប៉ុន និង​អាមេរិក សុទ្ធតែ​ភ្ជាប់​ទៅ​ដោយ​លក្ខខណ្ឌ។

សៀវភៅ​របស់ លោក អៀ សុផល សរសេរ​ថា ដោយសារ​តែ​ជំនួយ​បរទេស​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ​ហើយ បាន​នាំ​ឲ្យ​រដ្ឋាភិបាល​ជិះ​សេះ​លែង​ដៃ ចាយ​វាយ​ខ្ជះខ្ជាយ​ប្រាក់​ចំណូល​ក្នុង​ស្រុក​របស់​ខ្លួន ហើយ​នាំ​គ្នា​ពឹង​ផ្អែក​តែ​ទៅ​លើ​ជំនួយ​បរទេស​ប៉ុណ្ណោះ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ រដ្ឋាភិបាល​កម្ពុជា នៅ​មិន​ទាន់​ពេញ​ចិត្ត​ជំនួយ​បរទេស​ទាំង​នេះ ១០០% ទេ ដោយសារ​តែ​មាន​ភាព​ស្មុគស្មាញ​ក្នុង​ការ​ចាយ​វាយ។

ដោយ​ឃើញ​ការ​លំបាក​របស់​កម្ពុជា ដែល​ត្រូវ​ធ្វើ​ឲ្យ​មាន​តម្លាភាព ក្នុង​ការ​ចាត់​ចែង​ប្រាក់​ជំនួយ​ដូច្នេះ ប្រទេស​ចិន បាន​ឆក់​ឱកាស​ហក់​ចូល​ជួយ​កម្ពុជា ដោយ​មិន​គិត​អំពី​លក្ខខណ្ឌ​អ្វី​ឡើយ ដើម្បី​មាន​ឥទ្ធិពល​មក​លើ​ប្រទេស​កម្ពុជា និង​អ្នក​នយោបាយ។

នៅ​ដើម​ឆ្នាំ​២០០៩ ចំណង​មិត្តភាព​រវាង​កម្ពុជា និង​ចិន កាន់​តែ​ខិត​ចូល​ជិត​យ៉ាង​ស៊ី​ជម្រៅ។ ពេល​នោះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បោះ​នុយ​ដ៏​ធំ​មួយ ដើម្បី​ស្ទូច​យក​ត្រី​ធំ គឺ​កញ្ចប់​ជំនួយ​ដែល​គ្មាន​លក្ខខណ្ឌ​របស់​ចិន។ នុយ​ដ៏​ធំ​នោះ គឺ​ជន​ភៀស​ខ្លួន​ជនជាតិ អ៊ុយហ្គរ៍ (Uyghurs) ចំនួន ២០​នាក់ ដែល​មក​សម្ងំ​លាក់​ខ្លួន​នៅ​កម្ពុជា គេច​ខ្លួន​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​ចិន។ ភ្លាមៗ​ក្រោយ​ពី លោក ហ៊ុន សែន ចាប់​បញ្ជូន​ជន​ភៀស​ខ្លួន អ៊ុយហ្គរ៍ ទាំង​នោះ​ទៅ​កាន់​ប្រទេស​ចិន ដោយ​បំពាន​លើ​សន្ធិសញ្ញា​ការពារ​ជន​ភៀស​ខ្លួន ដែល​កម្ពុជា ជា​ហត្ថលេខី​រួច​មក អនុ​ប្រធានាធិបតី​ចិន លោក ស៊ី ជីងពីង (Xi Jinping) បាន​សម្រេច​ផ្តល់​ជំនួយ និង​ប្រាក់​កម្ចី ដែល​មាន​ការ​ប្រាក់​ទាប​ចំនួន ១,២​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដល់​កម្ពុជា។

សៀវភៅ​របស់ លោក អៀ សុផល សរសេរ​ថា ដោយសារ​ការ​បញ្ជូន​ជន​ភៀស​ខ្លួន អ៊ុយហ្គរ៍ ពី​ភ្នំពេញ ទៅ​កាន់​ប្រទេស​ចិន វិញ​នេះ​ហើយ ទើប​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​លុប​ចោល​គម្រោង​ជំនួយ​រថយន្ត​យោធា​ជាង ២០០​គ្រឿង ដល់​កម្ពុជា។

ជា​ការ​ដឺដង​ដល់​អាមេរិក រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ផ្តល់​ជំនួយ​រថយន្ត​យោធា​ដល់​កម្ពុជា ចំនួន ២៥៧​គ្រឿង និង​សម្លៀកបំពាក់​យោធា​ចំនួន ៥​ម៉ឺន​កំប្លេ​ថែម​ទៀត។ ងាក​មក​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន វិញ ក៏​មិន​សប្បាយ​ចិត្ត​សោះ​ឡើយ​ចំពោះ​កញ្ចប់​ជំនួយ​របស់​ចិន។ ជា​ការ​ឆ្លើយ​តប អាមេរិក បាន​បដិសេធ​ការ​លុប​ចោល​កញ្ចប់​បំណុល​ដែល​កម្ពុជា ជំពាក់​ជាង ៣០០​លាន​ដុល្លារ ដើម្បី​ជា​មេ​រៀន​ដល់​កម្ពុជា។ ប៉ុន្តែ ការ​មិន​លុប​ចោល​ចំពោះ​កញ្ចប់​បំណុល​នេះ បាន​ទុក​ឱកាស​ឲ្យ​ចិន លុប​បំណុល​ដែល​កម្ពុជា បាន​ជំពាក់​ចំនួន​ពីរ​បី​លាន​ដុល្លារ កាល​ពី​សម័យ​ខ្មែរ​ក្រហម។

ក្រុម​អ្នក​វិភាគ​និយាយ​ថា ចិន បាន​ធ្វើ​ការ​បណ្ដាក់​ទុន​ផ្នែក​នយោបាយ​លើ​កម្ពុជា បាន​យ៉ាង​ល្អ ខណៈ​រដ្ឋាភិបាល​របស់ លោក ហ៊ុន សែន កំពុង​ត្រូវ​ការ​លុយ និង​សម្ភារៈ​យោធា ដើម្បី​ពង្រឹង​អំណាច។ ដោយសារ​ការ​បញ្ចុក​ជំនួយ​ដ៏​ច្រើន​របស់​ចិន នេះ​ហើយ បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ លុង​ក្នុង​សំណាញ់​ទឹក​ប្រាក់ ហើយ​ពើង​ទ្រូង​ចំពោះ​ជំនួយ​បរទេស​ណា ដែល​មាន​ភ្ជាប់​ទៅ​ដោយ​លក្ខខណ្ឌ​ស្មុគស្មាញ​សម្រាប់​កម្ពុជា។

លក្ខខណ្ឌ​នានា​ដែល​ភ្ជាប់​ជាមួយ​ជំនួយ ដែល​រដ្ឋបាល​របស់ លោក ហ៊ុន សែន តែង​ចាត់​ទុក​ថា ជា​ឧបសគ្គ​នោះ​រួម​មាន ការ​ចាយ​វាយ ត្រូវ​អោយ​មាន​តម្លាភាព​ខ្ពស់ រាល់​ការ​ចាយ​វាយ​ទាំងអស់ ត្រូវ​មាន​គម្រោង​ច្បាស់​លាស់ និង​ត្រួត​ពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់​អំពី​ចំណាយ​ឲ្យ​បាន​ត្រឹមត្រូវ។ លើស​ពី​នេះ​ទៅ​ទៀត ក៏​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ចាយ​វាយ​ជំនួយ​ទាំង​នោះ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ ក្នុង​ការ​ចាត់​ចែង​ដោយ​ខ្លួន​ឯង ធ្វើ​ការ​សម្រប​សម្រួល​ឲ្យ​បាន​ល្អ រវាង​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល។

ក្រុម​អ្នក​វិភាគ និយាយ​ថា ដោយសារ​តែ​ឥទ្ធិពល​ទឹក​ប្រាក់​របស់​ចិន ដែល​គ្មាន​លក្ខខណ្ឌ​នេះ​ហើយ បាន​ធ្វើ​ឲ្យ​កម្ពុជា បង្កើន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ តាម​រយៈ​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ដោយ​បង្ខំ ដើម្បី​យក​ដី​ឲ្យ​ក្រុម​វិនិយោគទុន​ចិន ការ​ចាប់​សកម្មជន​ដីធ្លី សកម្មជន​បក្ស​ប្រឆាំង ការ​បំផ្លាញ​ធនធាន​ធម្មជាតិ ការ​កើន​ឡើង​នូវ​អំពី​ពុក​រលួយ និង​ការ​ធ្វើ​ចំណាក​ស្រុក​របស់​អ្នក​ក្រ​ជាដើម។

អ្នក​វិភាគ​ឯករាជ្យ លោក កែម ឡី មាន​ប្រសាសន៍​ថា ប្រសិន​បើ​កម្ពុជា នៅ​តែ​បន្ត​កៀក​ស្មា​ជិតស្និទ្ធ​ជាមួយ​ចិន ហើយ​ដោះ​ដៃ​ចេញ​ពី​បណ្ដា​ប្រទេស​លោក​សេរី​នោះ កម្ពុជា នឹង​អាច​ជួយ​វិបត្តិ​នយោបាយ​ជា​លើក​ទី​ពីរ​នៅ​ថ្ងៃ​ណា​មួយ​ជា​មិន​ខាន៖ «នៅ​ពេល​ដែល​ចិន ជា​បង្អែក ធ្វើ​ឲ្យ​រដ្ឋាភិបាល​ព្រងើយ​កន្តើយ ហើយ​ធ្វើ​ឲ្យ​ខ្មែរ​យើង​សព្វថ្ងៃ​ជិះ​លើ​គែម​ទូក។ ជើង​ម្ខាង​ជិះ​លើ​គែម​ទូក ម្ខាង​គឺ​គែម​ខាង​ចិន មិន​ជិះ​ទៅ​ខាង​អាមេរិក ឬ​សហគមន៍​អឺរ៉ុប ដែល​មាន​លទ្ធិប្រជាធិបតេយ្យ​អ្វី​ទេ ហើយ​ក៏​មិន​បាន​ជិះ​ទៅ​ក្នុង​ទូក​ហ្នឹង​ទៀត។ អ៊ីចឹង​ហើយ ខ្មែរ​យើង​ដូច​ជិះ​ទូក​នៅ​កណ្ដាល​សមុទ្រ​ដោយ​គែម​ទូក​ម្ខាង ហើយ​ថ្ងៃ​ណា​មួយ​លិច​ជា​មិន​ខាន»។

គេ​សង្កេត​ឃើញ​សឹង​គ្រប់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ទាំងអស់ ចាប់​តាំង​ពី​ថ្នាក់​នាយក​រដ្ឋមន្ត្រី រហូត​ដល់​ថ្នាក់​មន្ត្រី​តូចតាច តាំង​ពី​ថ្នាក់​ក្រសួង មន្ទីរ ឬ​ការិយាល័យ តែង​និយាយ​ភាសា​តែ​មួយ ទទួល​ស្គាល់​ថា ជំនួយ​របស់​ចិន ជា​ជំនួយ​ដែល​គ្មាន​លក្ខខណ្ឌ​ស្មុគស្មាញ ដែល​ធ្វើ​អោយ​រដ្ឋាភិបាល​តែង​ចង់​បាន។

កាល​ពី​ឆ្នាំ​២០១១ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​និយាយ​ជា​សាធារណៈ​ថា ចិន ជា​ដៃគូ​អភិវឌ្ឍន៍​ពិសេស​របស់​កម្ពុជា ហើយ​ថា ចិន បាន​ជួយ​កម្ពុជា ទាន់​ពេល​វេលា ឆ្លើយ​តប​ឆាប់​រហ័ស​ទៅ​នឹង​សំណើ​របស់​កម្ពុជា ដោយ​គ្មាន​លក្ខខណ្ឌ​ស្មុគស្មាញ។

កាល​ពី​ដើម​ខែ​តុលា កន្លង​ទៅ​នេះ លោក ជាម យៀប តំណាង​រាស្ត្រ​ចាស់​ទុំ​ម្នាក់​របស់​បក្ស​កាន់​អំណាច បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា ជំនួយ​របស់​ចិន ជា​ជំនួយ​មួយ​ប្រកប​ដោយ​សុឆន្ទៈ ហើយ​អះអាង​ថា ឥទ្ធិពល​នៃ​ជំនួយ​ទាំង​នោះ​មិន​អាច​បញ្ជា​ដល់​ការ​ដឹក​នាំ​របស់​កម្ពុជា អោយ​ងាក​រេ​ចេញ​ពី​លទ្ធិប្រជាធិបតេយ្យ​បាន​ឡើយ៖ «យើង​ដឹង​គុណ អគុណ​ទាំង​ចិន និង​អាមេរិក ទាំង​សង​ខាង ប៉ុន្តែ​គ្រាន់​តែ​ថា ចិន ពេល​ឲ្យ​ជំនួយ​ទៅ​អត់​សូវ​គិត​អំពី​លក្ខខណ្ឌ។ ទី​មួយ គឺ​ថា​ចិន គេ​សល់​លុយ​ច្រើន ហើយ​យើង​ក៏​អត់​មាន​បង្ខំ​ឲ្យ​អាមេរិក ត្រូវ​ផ្តល់​ជំនួយ​ឲ្យ​យើង​ទេ នេះ​ស៊ី​សង​លើ​រដ្ឋាភិបាល លោក បារ៉ាក់ អូបាម៉ា (Barack Obama) និង​ប្រជាជន​អាមេរិក ទេ។ ប៉ុន្តែ ជំនួយ​របស់​ចិន មិន​មាន​ការ​ជាប់​ពាក់ព័ន្ធ​ដល់​ដំណើរ​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ទេ»។

ក្រុម​អ្នក​ឃ្លាំ​មើល​និយាយ​ថា ដើម្បី​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​ជំនួយ ឬ​កម្ចី​ពី​បរទេស កម្ពុជា ត្រូវ​កែ​ទម្រង់​ប្រព័ន្ធ​ពន្ធដារ​ដីធ្លី គឺ​ត្រូវ​ប្រមូល​ពន្ធ​លើ​អចលនទ្រព្យ​របស់​ក្រុម​អ្នក​វិនិយោគ អ្នក​ដែល​មាន​ដីធ្លី អគារ និង​ផ្ទះ​សម្បែង​ច្រើន។ ម្យ៉ាង​ទៀត កម្ពុជា ត្រូវ​ពង្រឹង​ធនធាន​មនុស្ស​ឲ្យ​មាន​គុណភាព បង្កើត​សក្ដានុពល​លើ​វិស័យ​កសិកម្ម ទេសចរណ៍ ឧស្សាហកម្ម និង​កសិឧស្សាហកម្ម។ លើស​ពី​នេះ​ទៅ​ទៀត ត្រូវ​បង្កើន​ផលិតផល​ក្នុង​ស្រុក និង​គោរព​ក្រម​សីលធម៌​ពាណិជ្ជកម្ម​ជាដើម៕

2 comments:

Anonymous said...

កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​ជំនួយ ឬ​កម្ចី​ពី​បរទេស កម្ពុជា:

កែ​ទម្រង់​ប្រព័ន្ធ​ពន្ធដារ​ដីធ្លី គឺ​ត្រូវ​ប្រមូល​ពន្ធ​លើ​អចលនទ្រព្យ​របស់​ក្រុម​អ្នក​វិនិយោគ អ្នក​ដែល​មាន​ដីធ្លី អគារ និង​ផ្ទះ​សម្បែង​ច្រើន។

​ពង្រឹង​ធនធាន​មនុស្ស​ឲ្យ​មាន​គុណភាព

បង្កើត​សក្ដានុពល​លើ​វិស័យ​កសិកម្ម ទេសចរណ៍ ឧស្សាហកម្ម និង​កសិឧស្សាហកម្ម

​បង្កើន​ផលិតផល​ក្នុង​ស្រុក

និង​គោរព​ក្រម​សីលធម៌​ពាណិជ្ជកម្ម​

Anonymous said...

និយាយភាសាថាៈ ជំនួយឥតចំណង ឬ ឥតសំ
ណងគឺជាភាសាពួកលក់ជាតិ ព្រោះគ្មានអ្វីដែល
បានមកដោយទទេនោះទេ នៅក្នុងលោកយើង
នេះ ។ ដូចភាសាអង្គ្លេស​និយាយថាៈ "Nothing
free in this world" មានតែពួកលោភលន់
ទើបជឿថាមានគេឲទទេ ។ អ្នកឲណាក៍តែងមាន
ចិត្តចង់បានអ្វីំមួយដែរ គ្រាន់តែតូច ឬ ធំ ទៅតាម
ចំណង់របស់គេ ។ សូម្បីតែអ្នកដែលយកចង្ហាន់
ទៅប្រគេនលោក យកបច្ច័យទៅថ្វាយដល់វត្តអា
រាម ក៍ចង់បានអ្វីមួយដែរ គឺចង់បានបុណ្យមកវិញ
នោះអី ។

ដូច្នេះ កុម្មុយនិស្តចិន​ យួន​ក៍ដូចគ្នាដែរ គ្រាន់តែអ្វី
ដែលពួកវាចង់បានវាធំពេក មិនអាចនិយាយល័ក្ខ
ខ័ណ្ឌចេញមកជាសាធរណៈបាន ។ ពួកវាលាក់
លៀមរហូតដល់ថ្ងៃចុងក្រោយបង្អស់ ពួកវាយកប្រ
ទេសខ្មែរទាំងមូលដូចកាលពី​ឆ្នាំ​ ១៩៧៥ អញ្ចឹង។
ពួកលោភលន់អំណាច ដូច ស្តេចសីហនុ គាត
ឈុន និង ពួកអាហ៊ុនសែន លក់ជាតិតាមវិធីហ្នឹង
ដើម្បីប្តូរយកអំណាចតាមមហិច្ឆិតារបស់ពួកវា ។

បើពុំដូច្នោះទេ មិនមែនពួកវាសុខចិត្តធ្វើតាមបទ
បញ្ជាររបស់ពួកកុម្មុយនិស្តដោយប្រព្រឹត្តល្មើសលើ
កិច្ចព្រមព្រៀងទីក្រុងប៉ារិស​ដោយអនុវត្តតាមតែរបប
កុម្មុយនិស្តផ្តាច់ការ ក្បត់នឹងលទ្ធិប្រជាធិបតិយ្យពិត
ប្រកដនោះទេ ។ មានន័យថា ពួកវាកំពុងស្ថិតនៅ
ក្រោមអំណាចត្រួតត្រារបស់ពួកកុម្មុយនិស្តទាំងស្រុងពួកវាធ្វើតាមតែបញ្ជាររបស់ពួកកុម្មុយនិស្តតែ
ប៉ុណ្ណោះ ។ មើលចុះ អ្វីៗ ដែលពួកវាធ្វើសុទ្ធតែ
ផ្ទុយពីឆ័ន្ទៈប្រជាពលរដ្ឋខ្មែរទាំងអស់ពួកវាត្រូវតែធ្វើតាមបញ្ជារគេ ព្រោះវាបានលក់ស្រុកខ្មែរឲទៅគេ
ទៅហើយ ។ ប្រាកើដែលពួកវាបានមកមិនមែនជំ
នួយអីទេ គឺប្រាក់លក់ជាតិឲទៅគេ ។ តាមពិត
បរទេសជាច្រើន ក៍បានយល់ពីបញ្ហាហ្នឹងច្បាស់ដែរ
តែមិនដឹងថា ដោយសារបុព្វហេតុអ្វីដែលពួកគេទុក
បណ្តោយឲពួកអាលក់ជាតិទាំងហ្នឹងវាធ្វើដូច្នេះបាន។