Sunday, October 20, 2013

បទ​វិភាគ៖ តើ​កិច្ច​ព្រមព្រៀង​​ទីក្រុង​ប៉ារីស​នៅ​មាន​សុពលភាព​ឬ​ទេ?


ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​នេះ គឺ​ជា​ខួប​លើក​ទី​២២ នៃ​សន្ធិ​សញ្ញា​ទីក្រុង​ប៉ារីស។ នៅ​ក្នុង​ថ្ងៃ​ខួប​នេះ​ដែរ ប្រជាពលរដ្ឋ​ខ្មែរ ជា​ពិសេស​អ្នក​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​គ្រោង​នឹង​ធ្វើ​មហា​បាតុកម្ម​មួយ​ស្វែង​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត ទាមទារ​ឲ្យ​រដ្ឋាភិបាល​គោរព​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស និង​ទាមទារ​ឲ្យ​គោរព​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស នេះ​តែម្ដង។

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត នា​មុខ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី២២ ខែ​ឧសភា ឆ្នាំ​២០១៣។ RFA/Leng Maly

ដោយ ជុន ច័ន្ទបុត្រ 2013-10-20

ការ​មិន​ទាន់​គោរព​បាន​នូវ​លក្ខខណ្ឌ​ទាំង​ឡាយ​នៃ​សន្ធិសញ្ញា​នេះ លេច​ឡើង​នូវ​ចំណោទ​ថា តើ​សន្ធិ​សញ្ញា​នេះ​នៅ​មាន​សុពលភាព​ឬ​ទេ? ហើយ​តើ​សហគមន៍​អន្តរជាតិ នៅ​មាន​តួនាទី​ជួយ​ធានា​ឲ្យ​មាន​ការ​អនុវត្ត​នូវ​សន្ធិសញ្ញា​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ដែរ​ឬ​យ៉ាង​ណា?

កម្ពុជា​ដែល​ជា​ប្រទេស​តូច​មួយ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នេះ តែងតែ​មាន​ការវិវត្តន៍​នានា ដោយ​មាន​ទំនាក់ទំនង​ផង ឬ​ជួន​កាល​ទទួល​ឥទ្ធិពល​ដោយ​ផ្ទាល់​ផង​ ពី​ការវិវត្តន៍​នៃ​ចរន្ត​នយោបាយ​ក្នុង​តំបន់ និង​ពី​ពិភពលោក​ទាំង​មូល។ កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស នេះ ជា​ឧទាហរណ៍​ស្រាប់​មួយ​ផ្នែក​ធំ អាច​ទទួល​ឥទ្ធិពល​ពី​ការ​ប្រែប្រួល​នៃ​ឆាក​នយោបាយ​អន្តរជាតិ​តែម្ដង។

នៅ​ចុង​ទសវត្ស​ឆ្នាំ​១៩៨០ សង្គ្រាម​ត្រជាក់​ដែល​ជា​សង្គ្រាម​ដណ្ដើម​ឥទ្ធិពល​មនោគមវិជ្ជា​នយោបាយ​រវាង​ប្លុក​កុម្មុយនិស្ត និង​ប្លុក​សេរី ចាប់​ឈាន​ចូល​ដល់​ផ្លូវ​បំបែក​មួយ។ កំផែង​ក្រុង​ប៊ែរឡាំង ដែល​ខ័ណ្ឌ​ចែក​ប្រទេស​អាល្លឺម៉ង់​ខាង​កើត និយម​កុម្មុយនិស្ត និង​អាល្លឺម៉ង់​ខាង​លិច និយម​របប​សេរី​ពហុ​បក្ស ត្រូវ​បាន​ប្រជាពលរដ្ឋ​អាល្លឺម៉ង់​វាយ​កម្ទេច​ចោល ហើយ​ប្រទេស​អាល្លឺម៉ង់ ដែល​ធ្លាប់​តែ​ចែក​ជា​ពីរ ក៏​ត្រូវ​បាន​ក្លាយ​ជា​ប្រទេស​តែមួយ​វិញ។

ការ​នាំ​ឲ្យ​មាន​ដល់​ទី​បញ្ចប់​នៃ​សង្គ្រាម​ត្រជាក់​ដែល​ផ្ដល់​លទ្ធភាព​ឲ្យ​ប្រជាជាតិ​ដែល​បែកបាក់​ដោយសារ​ការ​ប្រកាន់​និន្នាការ​នយោបាយ​ខុស​គ្នា ងាក​មក​បង្រួប​បង្រួម​គ្នា​វិញ​នេះ គឺ​កើត​ចេញ​ពី​ផែនការ​កែ​ទម្រង់​ក្នុង​ទិសដៅ​ធ្វើ​សេរីភាវូបនីយកម្ម​នៃ​ប្រទេស​កុម្មុយនិស្ត​ដ៏​ធំ​ជាង​គេ​បំផុត​មួយ​នៅ​លើ​លោក​យើង​នេះ។

ដោយ​នៅ​ពេល​នោះ ប្លុក​កុម្មុយនិស្ត​ជួប​ប្រទះ​នឹង​វិបត្តិ​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់ធ្ងរ អតីត​ប្រធានាធិបតី​សហភាព​សូវៀត លោក មីខាអ៊ីល ហ្គោរបាឆេវ (Michail Gorbachev) បាន​ដាក់​ចេញ​នូវ​ផែនការ​កែ​ទម្រង់​ដ៏​ធំ​មួយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា ប៉េរ៉េស្រ្តយកា (Perestroika)។ គឺ​ការ​កែ​ទម្រង់​របស់​លោក​ប្រធានាធិបតី ហ្គោរបាឆេវ នេះ​ហើយ ដែល​បាន​ជំរុញ​ឲ្យ​ប្រទេស​អឺរ៉ុប​ខាង​កើត​ទាំង​ឡាយ មាន​អាល្លឺម៉ង់ ប៉ូឡូញ ហុងគ្រី ជាដើម បាន​រំដោះ​ខ្លួន​ពី​ប្រព័ន្ធ​គ្រប់គ្រង​បែប​កុម្មុយនិស្ត​ផ្ដាច់ការ ឲ្យ​ទៅ​​ជា​បែប​សេរី​ពហុ​បក្ស​តាម​លោក​ខាង​លិច​វិញ។

ស្ថិត​ក្នុង​ចរន្ត​នយោបាយ​ថ្មី​នេះ សហភាព​សូវៀត ក៏​គ្មាន​ហេតុផល​អ្វី​នឹង​បន្ត​ផ្ដល់​ជំនួយ​ថវិកា និង​គ្រឿង​សព្វាវុធ​របស់​ខ្លួន​ដល់​កងទ័ព​វៀតណាម ក្នុង​បេសកកម្ម​ជួយ​ប្រទេស​កម្ពុជា «ជា​បង​ប្អូន» រួម​ត្រកូល​កុម្មុយនិស្ត​នឹង​គ្នា​នោះ​ទៀត​ដែរ។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ដែល​ប្រឈម​មុខ​នឹង​ការ​ដាក់​គំនាប​សេដ្ឋកិច្ច​ពី​លោក​ខាង​លិច​ស្រាប់ ហើយ​ត្រូវ​ទទួល​រង​នូវ​ការ​បោះបង់​ចោល​ពី​ប្រទេស​រៀម​ច្បង​ប្លុក​កុម្មុយនិស្ត​ទៀត ក៏​ចាប់​ផ្ដើម​ស្រវេស្រវា​រក​យន្តការ​ថ្មី​ដើម្បី​ទ្រទ្រង់​វត្តមាន​របស់​ខ្លួន​នៅ​កម្ពុជា ជា​បន្ត​ទៅ​ទៀត។

រី​ឯ​ក្រុម​អ្នក​តស៊ូ​ខ្មែរ​ម្ខាង​ទៀត​នៅ​ជាយ​ដែន​ខ្មែរ-​ថៃ មាន​ក្រុម​ស្មោះស្ម័គ្រ​នឹង​សម្ដេច​ព្រះ នរោត្តម សីហនុ នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ក្រុម​ស្មោះស្ម័គ្រ​នឹង​លោក​តា សឺន សាន នៃ​រណសិ្ស​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ (KPNLF) និង​ក្រុម​ខ្មែរ​ក្រហម​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ក៏​ត្រូវ​បាន​ប្រទេស​អ្នក​គាំទ្រ​ខ្លួន មាន​ប្រទេស​លោក​ខាង​លិច និង​ប្រទេស​ចិន​ជាដើម ងាក​មក​ជំរុញ​ឲ្យ​មាន​ការ​ចរចា​រក​សន្តិភាព​​រវាង​ក្រុម​បដិបក្ខ​ខ្មែរ​ដែរ។

ទី​បំផុត នៅ​ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​១៩៩១ ​កិច្ច​ព្រមព្រៀង​ដោះស្រាយ​បញ្ហា​នយោបាយ និង​ជម្លោះ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​គេ​ហៅ​ថា សន្ធិសញ្ញា ឬ​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​ភាគី​ខ្មែរ​ទាំង​បួន និង​ប្រទេស​ចំនួន ១៨​ទៀត ក្រោម​វត្តមាន​របស់​អគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិ​ និង​ក្រោម​អធិបតីភាព​នៃ​សហប្រធាន​ទាំង​ពីរ​នៃ​សន្និសីទ​អន្តរជាតិ​នេះ តំណាង​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៃ​ប្រទេស​បារាំង និង​ឥណ្ឌូនេស៊ី។

ក្រោម​ល័ក្ខខណ្ឌ​នៃ​កិច្ច​ព្រមព្រៀង​នេះ អង្គការ​សហប្រជាជាតិ​បាន​បញ្ជូន​បេសកកម្មអ៊ុនតាក់ (UNTAC) មក​ប្រទេស​កម្ពុជា ដើម្បី​គ្រប់គ្រង​កម្ពុជា ជា​បណ្តោះ​អាសន្ន។ ភារកិច្ច​ជា​ចម្បង​របស់​អ៊ុនតាក់ រួម​មាន​ការ​ដក​កង​កម្លាំង​បរទេស​ចេញ​ពី​កម្ពុជា ការ​រំសាយ​កង​ទ័ព ការ​ត្រួត​ពិនិត្យ​បទ​ឈប់​បាញ់​គ្នា និង​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​ជាដើម។ កិច្ច​ព្រមព្រៀង​នោះ​មិន​​ត្រឹម​តែ​បញ្ចប់​សង្គ្រាម និង​បង្កើត​នូវ​រដ្ឋាភិបាល​មួយ​តាម​ការ​បោះ​ឆ្នោត​ដោយ​សេរី​នោះ​ទេ ​ថែម​ទាំង​មាន​ទិស​ដៅ​ជួយ​ជ្រោមជ្រែង​ឲ្យ​កម្ពុជា មាន​អធិបតេយ្យ​ភាព​ពេញ​លេញ មាន​នីតិរដ្ឋ គោរព​លទ្ធិប្រជាធិបតេយ្យ​ សិទ្ធិ​មនុស្ស និង​យុត្តិធម៌​ផង។

ទោះ​ជា​កម្ពុជា សម្រេច​បាន​នូវ​សមិទ្ធផល​មួយ​ចំនួន​ក្ដី តាំង​ពី​ការ​ចុះ​សន្ធិ​សញ្ញា​ក្រុង​ប៉ារីស​នោះ​មក នៅ​មាន​គោលការណ៍​គ្រឹះ​មួយ​ចំនួន​ធំ​នៃ​សន្ធិ​សញ្ញា​នេះ ត្រូវ​បាន​អ្នក​តាម​ដាន​សភាពការណ៍​កម្ពុជា សន្និដ្ឋាន​ថា ​នៅ​មិន​ទាន់​​បាន​បំពេញ​នៅ​ឡើយ។

ដោយសារ​មូលហេតុ​នេះ​ហើយ បាន​ជា​អ្នក​រាយការណ៍​​ពិសេស​របស់​​អង្គការ​សហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី (Surya Subedi)  នៅ​ក្នុង​ឱកាស​ខួប​លើក​ទី​២០ ឆ្នាំ​នៃ​សន្ធិសញ្ញា​នេះ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា៖ "សន្ធិសញ្ញា​ក្រុង​ប៉ារីស​នេះ នៅ​តែ​មាន​សុពលភាព រហូត​ដល់​ពេល​ណា​ដែល​គោលការណ៍​គ្រឹះ​ទាំង​ឡាយ​នៃ​សន្ធិសញ្ញា​នេះ ក្លាយ​ជា​ការ​ពិត​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា"។

រាជរដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្ន​ដែល​មាន​សមាជិក​ជាន់​ខ្ពស់​មួយ​ចំនួន​ធ្លាប់​ស្រវេស្រវា​រក​សហគមន៍​អន្តរជាតិ ដើម្បី​បំពេញ​ភាព​ស្រប​ច្បាប់​ផង និង​ដើម្បី​បន្ត​វត្តមាន​គ្រប់គ្រង​កម្ពុជា បន្ត​ទៀត​ផង​នោះ ពេល​បាន​ដល់​ត្រើយ​បែរ​ជា​សើយ​គូទ​ដាក់​សហគមន៍​អន្តរជាតិ​វិញ​ថា សន្ធិសញ្ញា​ក្រុង​ប៉ារីស​នេះ លែង​ស៊ី​សង្វាក់​ទៅ​នឹង​ស្ថានការណ៍​នៃ​ប្រទេស​កម្ពុជា ទៀត​ហើយ ក្រោយ​ពី​កម្ពុជា បង្កើត​រដ្ឋធម្មនុញ្ញ និង​រដ្ឋាភិបាល​ស្រប​ច្បាប់​បាន​រួច​ហើយ​នោះ។

តែ​ទោះ​ជា​យ៉ាង​ណា បណ្ឌិត សុរិយា ស៊ូប៊ែឌី ដែល​​បេសកកម្ម​នៅ​កម្ពុជា​របស់​លោក កើត​ចេញ​ផ្ទាល់​ពី​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​ដែរ​នោះ បាន​អះអាង​ថា វា​ប្រាកដ​ណាស់​ថា រដ្ឋាភិបាល​កម្ពុជា មាន​ភារកិច្ច​ជា​ចម្បង​មុន​គេ​បង្អស់​ក្នុង​ការ​ដោះ​ស្រាយ​​បញ្ហា​នានា​នៅ​កម្ពុជា មាន​ដូច​ជា​ការ​ធានា​​ឲ្យ​មាន​ឯករាជភាព​នៃ​តុលាការ ការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស ការ​បំបាត់​និទណ្ឌភាព ឬ​ភាព​រំលោភ​បំពាន​ច្បាប់​ដោយ​គ្មាន​ការ​ដាក់​ទោស​ជាដើម។ ក៏​ប៉ុន្តែ​លោក​ក៏​នៅ​តែ​បញ្ជាក់​ថា សមាជិក​ហត្ថលេខី​នៃ​សន្ធិសញ្ញា​នេះ​ទាំង ១៨​ប្រទេស​ទៀត រួម​ទាំង​អង្គការ​សហប្រជាជាតិ​ផង ក៏​នៅ​តែ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ជួយ​អនុវត្ត​ឲ្យ​បាន​ពេញលេញ​នូវ​សន្ធិសញ្ញា​នេះ។

អ្នក​ច្បាប់​និង​អ្នក​វិភាគ​ឯករាជ្យ​នានា​នៅ​កម្ពុជា​វិញ ក៏​មាន​ទស្សនៈ​ស្រដៀង​គ្នា​នេះ​ដែរ។ បណ្ឌិត ឡៅ ម៉ុងហៃ អះអាង​ថា គ្មាន​មាត្រា​ណា​មួយ​នៅ​ក្នុង​សន្ធិសញ្ញា​នោះ​បញ្ជាក់​ថា ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​នេះ នឹង​ត្រូវ​បញ្ចប់​នៅ​ពេល​ណា​នោះ​ទេ។ ម៉្យាង​ទៀត លោក​បញ្ជាក់​ថា មក​ទល់​នឹង​ពេល​នេះ នៅ​មិន​ទាន់​ឃើញ​មាន​ប្រទេស​ហត្ថលេខី​ណា​មួយ​បាន​សរសេរ​ជា​លាយលក្ខណ៍អក្សរ​ទៅ​សហ​ប្រធាន​នៃ​សន្និសីទ​ក្រុង​ប៉ារីស ទាំង​ពីរ ថា​ឈប់​គោរព​សន្ធិសញ្ញា​នេះ​នៅ​ឡើយ​ដែរ។

ចំពោះ​ការ​ដែល​លើក​ឡើង​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា​ អាច​ជំនួស​សន្ធិសញ្ញា​ក្រុង​ប៉ារីស បាន​នោះ លោក​មេធាវី សុក សំអឿន មាន​ប្រសាសន៍​ថា ថ្វី​ត្បិត​តែ​កម្ពុជា​ តាក់តែង​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ក្រោម​ខ្លឹមសារ​នៃ​សន្ធិសញ្ញា​ក្រុង​ប៉ារីស​នេះ​ក្ដី ប្រទេស​ជា​ហត្ថលេខី​ទាំង​អស់​ក៏​នៅ​តែ​មាន​ភារៈ​ជួយ​ជំរុញ​ឲ្យ​កម្ពុជា គោរព​តាមរដ្ឋ​ធម្មនុញ្ញ​​របស់​​ខ្លួន​នោះ​ឲ្យ​បាន​ពិតប្រាកដ មិន​មែន​ត្រឹម​តែ​មាន​ចែង​នៅ​លើ​ក្រដាស​​នោះ​​​ទេ៕

No comments: